សេចក្តីថ្លែងអំណរគុណដ៏ស្មោះស្ម័គ្រជូនចំពោះប្អូនៗដែលជាអ្នកស្រាវជ្រាវវ័យក្មេង

តាងនាមឲ្យមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានសហការជាមួយខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន    ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសាលាច្បាប់ប៊ីសលី នៃសកលវិទ្យាល័យថេមផល សហរដ្ឋអាមេរិក ខ្ញុំសូមសម្តែងនូវការដឹងគុណចំពោះការចូលរួមរបស់ប្អូនៗដែលជាអ្នកស្រាវជ្រាវវ័យក្មេង នៅក្នុងសន្និសីទលើកទី១ស្តីពី «អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍» ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២០ ដល់ ២២ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ។

ការចូលរួមរបស់ប្អូនៗនៅក្នុងសន្និសីទនេះគឺពិតជាមានសារសំខាន់ ដែលឈានដល់ការសម្រេចបាននូវភាពជោគជ័យ។ សន្និសីទនេះទៀតសោត គឺជាជោគជ័យដ៏អស្ចារ្យមួយ ដោយសារមានការចូលរួមប្រកបដោយយុទ្ធសាស្រ្តពីភាគីដែលពាក់ព័ន្ធគ្រប់កម្រិត ចាប់តាំងពីការរៀបចំផែនការ និងការអនុវត្តក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅនៅក្នុងប្រទេសកម្ពុជា តំបន់អាស៊ីអាគ្នេយ៍ និងនៅក្នុងពិភពលោក។

ខណៈពេលដែលអ្នករៀបចំសន្និសីទកំពុងធ្វើការបូកសរុបរបាយការណ៍ ដោយរៀបរាប់ពីចំណុចគន្លឹះសំខាន់ៗ សេចក្តីថ្លែងពីគោលនយោបាយ និងជំហានជាយុទ្ធសាស្រ្តបន្ទាប់នោះ ខ្ញុំសូមបង្ហាញប្អូនៗនូវចំណុចជាក់លាក់មួយចំនួន ដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់នៅក្នុងសុន្ទរកថាបើក។ សម្តេចមហាបវរធិបតី បានបញ្ជាក់យ៉ាងច្បាស់នូវតួនាទីដ៏សំខាន់របស់ពលរដ្ឋកម្ពុជា រួមទាំងយុវជននៅក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅ។

អនាគតកម្ពុជាទាមទារឲ្យយើងមានការប្តេជ្ញាចិត្តខ្ពស់ ដើម្បីការពារនិងសិក្សាអំពីអតីតកាល។ បន្ថែមលើសនេះទៀត អនាគតកម្ពុជាទាមទារឲ្យមានការឧទ្ទិសដល់ការរៀនសូត្រពីអតីតកាល ដើម្បីធានាថា អំពើប្រល័យពូជសាសន៍មិនកើតឡើងជាថ្មីទៀតនៅក្នុងប្រទេសកម្ពុជា នៅក្នុងតំបន់ និងនៅក្នុងពិភពលោក។ ការបង្ការឧក្រិដ្ឋកម្មឃោរឃៅកុំឲ្យកើតមានក្នុងពេលអនាគត ចាប់ផ្តើមជាមួយនឹងការឈ្វេងយល់អំពីថាតើ ឧក្រិដ្ឋកម្មឃោរឃៅនេះបានកើតឡើងយ៉ាងដូចម្តេចនៅក្នុងពេលអតីតកាល ដូច្នេះការចូលរួមរបស់ប្អូនៗនៅក្នុងសន្និសីទនេះ គឺជាជំហានដ៏សំខាន់ឆ្ពោះទៅសម្រេចបាននូវកិច្ចខិតខំប្រឹងប្រែងនេះ។

ជាទីបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណប្អូនៗសារជាថ្មី ចំពោះការចូលរួមនៅក្នុងសន្និសីទនេះ ដែលញុំាងឲ្យសន្និសីទសម្រេចបាននូវភាពជោគជ័យ។ យើងទាំងអស់គ្នាមានសេចក្តីរំភើបចំពោះភាពជោគជ័យនៃសនិ្នសីទនេះ ហើយ ទន្ទឹងរង់ចាំឱកាសនាពេលខាងមុខ ក្នុងការអប់រំអំពីការទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅ ដែលឈានចេញពីភាពជោគជ័យនេះ។ ខ្ញុំសូមជូនពរប្អូនៗនិងក្រុមគ្រួសារ ឲ្យមានសុខភាពល្អ និងទទួលបានពរជ័យគ្រប់ប្រការ។សូមប្អូនៗទទួលយកនូវសេចក្តីគោរពរាប់អានពីខ្ញុំ។

សូ ហ្វារីណា នាយិការងមជ្ឈមណ្ឌលឯកសារកម្ពុជា

 

អត្ថបទផ្សេងទៀត៖

ការិយាល័យទីប្រឹក្សាពិសេសទប់ស្កាត់អំពើប្រល័យពូជសាសន៍នៃអង្គការប្រជាជាតិ និងមជ្ឈមណ្ឌលឯកសារកម្ពុជាចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហការ រំលេចអំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ការអនុវត្តកិច្ចខិតខំប្រឹងប្រែងនានាក្នុងការទប់ស្កាត់ និងការអប់រំពីអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍, អាស៊ីខាងត្បូង និងទូទាំងសកលលោក