ម៉ី កុប ៖ ចែករំលែកចំណេះដឹងពីការថែទាំសុខភាព និងរឿងរ៉ាវឆ្លងកាត់របបខ្មែរក្រហម ទៅកាន់កូនៗ និងចៅៗ

ខ្ញុំឈ្មោះ ម៉ី កុប ភេទប្រុស អាយុ៨៦ឆ្នាំ ជនជាតិខ្មែរ សព្វថ្ងៃរស់នៅភូមិវាល ឃុំក្ដាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ខ្ញុំមានជីវភាពរស់នៅមធ្យម ដោយសារមានកូនប្រុសស្រីគឺជាអ្នកចិញ្ចឹមខ្ញុំ។ សព្វថ្ងៃ ខ្ញុំមានសុខភាពមិនសូវល្អទេ និងមានជំងឺលើសឈាម។

ខ្ញុំធ្លាប់បានចូលរួមកម្មវិធីដែលរៀបចំដោយមជ្ឈមណ្ឌលឯកសារកម្ពុជាចំនួនពីរដង។ លើកទីមួយ ខ្ញុំបានជួបជាមួយចៅស្រីម្នាក់មកសួរនាំខ្ញុំអំពីប្រវត្តិឆ្លងកាត់ពីរបបខ្មែរក្រហម និងអំពីសុខភាពរបស់ខ្ញុំនាពេលបច្ចុប្បន្ន។ ក្នុងពេល​សម្ភា​ស​ន៍ ខ្ញុំបានរៀបរាប់ពីរឿងរ៉ាវដែលខ្ញុំធ្លាប់បានឆ្លងកាត់របបខ្មែរក្រហម។ ខ្ញុំបានប្រាប់ពីការធ្វើការងារ ដែលខ្មែរក្រហមបានប្រើខ្ញុំឲ្យធ្វើមិនមានពេលឈប់សម្រាក។ ខ្ញុំបានទៅកាត់ស្មៅនៅអង្គរបូរីអស់រយៈពេលមួយខែ ហើយបានបន្តជីកព្រែកចាប់ពីទំនប់អង្គរបូរី រហូតដល់ព្រែកត្នោត។ មួយវិញទៀត ខ្មែរក្រហមមិនឲ្យខ្ញុំហូបបាយឆ្អែតទេ។ ខ្ញុំពេញចិត្តចំពោះការផ្ដល់កិច្ចសម្ភាសន៍ដល់ចៅស្រីនោះ ព្រោះក្មេងៗគួរតែឈ្វេងយល់អំពីប្រវត្តិសាស្ត្រខ្មែរក្រហម។

ចំពោះការជួបលើកទីពីរ គឺតាមរយៈមេឃុំក្តាញ់។ មេឃុំបានមកកាន់ផ្ទះខ្ញុំ ហើយប្រាប់ព័ត៌មានថា ខ្ញុំត្រូវទៅចូលរួមក្នុងកម្មវិធីវេទិកាអប់រំសុខភាព ពិនិត្យសុខភាព និងពិគ្រោះយោបល់អំពីបញ្ហាសុខភាព នៅក្នុងភូមិសម្តេចពាន់។ មិនមានកូនចៅខ្ញុំណាម្នាក់ហាមឃាត់ខ្ញុំមិនឲ្យទៅចូលរួមទេ។ កូនចៅរបស់ខ្ញុំថែមទាំងប្រាប់ខ្ញុំថា ពួកគាត់សប្បាយចិត្តជំនួសខ្ញុំ ព្រោះខ្ញុំបានទៅពិនិត្យសុខភាពដោយមិនអស់ប្រាក់។ ខ្ញុំពេញចិត្តនឹងចូលរួមកម្មវិធីនេះណាស់ ព្រោះកម្មវិធីនេះបានធ្វើឲ្យខ្ញុំបានដឹងអំពីជំងឺផ្ទាល់ខ្លួន និងបានដឹងពីរបៀបថែទាំសុខភាព។ មុនពេលចូលរួមក្នុងកម្មវិធី ខ្ញុំសង្ឃឹមថា ខ្ញុំនឹងទទួលបានថ្នាំពេទ្យមកព្យាបាលជំងឺ ទទួលបានសេវាពិនិត្យសុខភាពដោយមិនអស់ប្រាក់ និងទទួលបានការអប់រំពីបញ្ហាសុខភាព។ មេឃុំបានប្រាប់ខ្ញុំថា ខ្ញុំនឹងទទួលបានសេវាពិនិត្យសុខភាព ប៉ុន្តែខ្ញុំគិតថា បើមានការពិនិត្យសុខភាព គឺប្រាកដជាទទួលបានថ្នាំព្យាបាលដែរ។

នៅថ្ងៃដែលត្រូវទៅទទួលសេវាពិនិត្យសុខភាព គឺខ្ញុំទទួលបានការឧបត្ថម្ភលើការធ្វើដំណើរថែមទៀត។ ខ្ញុំមិនមានអារម្មណ៍ថាធុញទ្រាន់ចំពោះការមកទទួលសេវាពិនិត្យសុខភាពនេះទេ។ ខ្ញុំមានតែការសប្បាយចិត្ត។ ចំពោះការចូលរួមកម្មវិធី ខ្ញុំបានយល់ដឹងពីការថែទាំសុខភាព ជាពិសេសថែទាំជំងឺប្រចាំកាយដែលកំពុងកើតមានរាល់ថ្ងៃដោយខ្លួនឯង។ ខ្ញុំបានដឹងថា តើម្ហូបអាហារអ្វីដែលខ្ញុំត្រូវហូប និងត្រូវតម។ ខ្ញុំបានយល់ដឹងពីទីកន្លែង ឬមន្ទីរពេទ្យដែលខ្ញុំត្រូវទៅទទួលសេវាពិនិត្យសុខភាព ឬព្យាបាលជំងឺ។ ពេលចូលរួមកម្មវិធីខ្ញុំទទួលបានការពិនិត្យសុខភាពដោយមិនអស់ប្រាក់ ស្តាប់ការអប់រំអំពីការថែទាំសុខភាព និងទទួលបានសោហ៊ុយធ្វើដំណើរទៅចូលរួមកម្មវិធី។

បន្ទាប់ពីបានចូលរួមក្នុងកម្មវិធីនេះ ខ្ញុំបានចែករំលែកទៅកាន់កូនចៅទាំងអស់គ្នាឲ្យចេះថែទាំសុខភាពកុំឲ្យមានជំងឺ និងយល់ដឹងពីរបៀបប្រើប្រាស់ថ្នាំពេទ្យ និងថែរក្សាខ្លួនឲ្យចៀសឆ្ងាយពីជំងឺ។ ខ្ញុំចាស់ណាស់ទៅហើយ អារម្មណ៍ចងចាំ ក៏មិនមានការចងចាំបានយូរដែរ។ ដូច្នេះ ពេលដែលកូនៗចៅៗខ្ញុំយល់ដឹងពីវិធីថែទាំសុខភាព កូនៗនិងចៅៗនឹងរំឭកខ្ញុំគ្រប់ពេល ទាំងពេលហូបចុក និងថែទាំជំងឺ។ ឥឡូវ ខ្ញុំមានសុខភាពធូរស្រាលជាងមុន។ ជំងឺលើសឈាមរបស់ខ្ញុំលែងសូវធ្វើទុក្ខដូចមុនទៀតហើយ។ ខ្ញុំនៅតែចង់បន្តឲ្យមានកម្មវិធីនេះទៀត ព្រោះដើម្បីឲ្យមនុស្សគ្រប់គ្នាបានដឹងពីរបៀបថែទាំសុខភាព។

រឿងរ៉ាវឆ្លងកាត់របបខ្មែរក្រហម

ខ្ញុំមានបងប្អូនបង្កើត៨នាក់ ប៉ុន្តែស្លាប់អស់ហើយ នៅតែខ្ញុំម្នាក់ប៉ុណ្ណោះ។ ខ្ញុំគឺជាកូនទី៧ ក្នុងគ្រួសារ។ ក្នុងរបបខ្មែរក្រហមខ្ញុំបានធ្វើការក្នុងកងភ្ជួរក្នុងភូមិ។ ខ្មែរក្រហមប្រើខ្ញុំឲ្យធ្វើការមិនដែលមានពេលឈប់សម្រាកឡើយ។ នៅវេលាម៉ោង១២យប់ ក៏ខ្ញុំត្រូវឡើងទៅភ្ជួរស្រែដែរ។ ចំពោះការហូបចុកវិញ ខ្ញុំមិនដែលទទួលបានការហូបចុកគ្រប់គ្រាន់ឡើយ គឺមានតែបបរបីវែកតែប៉ុណ្ណោះ។ បន្ទាប់មកទៀត ខ្មែរក្រហមបានប្រើខ្ញុំឲ្យរែកដី ឃ្វាលគោ និងដកសំណាប។ ក្រោយមក ខ្ញុំត្រូវបានខ្មែរក្រហមជម្លៀសឲ្យមកធ្វើការងារនៅអង្គរបូរី។ នៅទីនោះ ខ្ញុំជីកប្រឡាយ០៩ កាត់ស្មៅ និងជីកព្រែកនៅព្រៃផ្គាំ។ ខ្ញុំធ្លាប់បានឃើញប្រជាជនដួលស្លាប់ក្នុងពេលធ្វើការ និងឃើញខ្មែរក្រហមធ្វើទារុណកម្មប្រជាជនដែលលួចរបស់របរអង្គការ។ ក្រោយមក ខ្មែរក្រហមបានផ្លាស់ប្តូរខ្ញុំឲ្យមកធ្វើការងារខាងសង្គមកិច្ចវិញ។ ខ្ញុំស្វែងរកថ្នាំបូរាណនៅលើភ្នំកំចាយក្នុងខេត្តកំពត អស់រយៈពេលកន្លះខែ។ បន្ទាប់ពីរកថ្នាំបូរាណ ខ្មែរក្រហមបានប្រើខ្ញុំឲ្យទៅដឹកអំបិលនៅខេត្តកំពតបន្តទៀត។ ក្នុងរបបខ្មែរក្រហមប្រជាជនបានស្លាប់ច្រើន ដោយភាគច្រើនស្លាប់ដោយសារអត់បាយ។

អត្ថបទ និង រូបថត ៖ ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម

អត្ថបទផ្សេងទៀត៖