ផ្លូវរថភ្លើងខ្មែរក្រហម

មជ្ឈមណ្ឌលឯកសារកម្ពុជារៀបចំដំណើរទស្សនកិច្ចសិក្សាអំពី «ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងលទ្ធប្រជាធិបតេយ្យ» រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ដោយផ្តោត​សំខាន់​ទៅលើ «ការជម្លៀសប្រជាជនដោយបង្ខំនៅក្នុងរបបខ្មែរក្រហម (១៩៧៥-១៩៧៩)» ដល់និស្សិត​ស្ម័គ្រ​ចំនួនចំនួន៦៨នាក់ មកពីតាមបណ្តាខេត្តនានានៅទូទាំងប្រទេសកម្ពុជា។

ទិដ្ឋភាពទូទៅ និងគោលបំណង៖

នៅថ្ងៃទី២១ ខែកញ្ញ ឆ្នាំ២០២៣ រដ្ឋាភិបាលសហរដ្ឋអាមេរិកបាន​រំលឹកខួបអនុស្សាវរីយ៍លើកទី​៣០ នៃអ្នកស្ម័គ្រចិត្តសហរដ្ឋអាមេរិក (AmeriCorps) ដែលជាទីភ្នាក់ងារសម្រាប់​សេវាជាតិ​ និងការងារស្ម័គ្រចិត្ត។ទីភ្នាក់ងារនេះបង្កើតឡើងដោយប្រធានាធិបតី គ្លីនតុន នៅឆ្នាំ១៩៩៣ ដើម្បីផ្តល់ការងារដល់ប្រជាជនសហរដ្ឋអាមេរិកនៅទូទាំងប្រទេស ​អា​ចបម្រើសហគមន៍របស់ខ្លួន មានដូចជាការផ្តោតទៅលើបញ្ហាបម្រែ​​បម្រួល​អាកាសធាតុ ការអប់រំ ការអភិរក្សភាសាកំណើត ការគាំទ្រដល់ទាហានចូលនិវត្តន៍ នៅពេលដែលគាត់ផ្លាស់ប្តូរពីភារកិច្ចយោធាទៅជាប្រជាជនស៊ីវិល និងជួយលើវិស័យយុត្តិ​ធម៌​សម្រាប់​ប្រជាពលរដ្ឋពេញវ័យឲ្យរស់នៅក្នុងសង្គមឡើងវិញ។

ការផុសគំនិត និងឥទ្ធិពលនៃអ្នកស្ម័គ្រចិត្តសហរដ្ឋអាមេរិកនេះ បានកើតឡើង​មកលើមជ្ឈមណ្ឌលឯកសារកម្ពុជា ដោយបានជ្រើសរើសអ្នកស្ម័គ្រចិត្តកម្ពុជា (CamboCorps) ដើម្បីបង្កើតនូវស្មារតីដូចគ្នានឹងសេវាកម្មជាតិ និង​ការងារស្ម័គ្រចិត្តសម្រាប់យុវជនកម្ពុជា។ នៅឆ្នាំ២០២១ មជ្ឈមណ្ឌលឯកសារកម្ពុជាបានជ្រើសរើស​អ្នកស្ម័គ្រចិត្តកម្ពុជា​ ដើម្បីផ្សារភ្ជាប់យុវជនកម្ពុជាជាមួយ​នឹងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ក្នុង​​​​​​គោលបំណងឲ្យអ្នកស្ម័គ្រចិត្តកម្ពុជារៀនសូត្រពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម គាំទ្រគាត់ក្នុងការទទួលបានការថែទំា​​​​ និងពិនិត្យសុខភាព ព្រមទាំងបង្កើតកិច្ចសន្ទនាអន្តរជំនាន់ដែលរួមចំណែកក្នុងការថែរក្សាប្រវត្តិសាស្រ្តកម្ពុជា។

សម្រាប់អ្នកជំនាន់មុន ដែលបានឆ្លងកាត់សង្គ្រាមលោកលើកទីពីរនៅអឺរ៉ុប ឬរបបខ្មែរក្រហមនៅប្រទេសកម្ពុជាពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ផ្លូវរថភ្លើងគឺជាមធ្យោបាយមួយដែលត្រូវបានប្រើប្រាស់សម្រាប់ឧក្រិដ្ឋកម្មជាប្រព័ន្ធប្រឆាំងនឹងមនុស្សជាតិ ឬអំពើប្រល័យពូជសាសន៍ តាមរយៈការជម្លៀសប្រជាជន​ជាច្រើនដោយ​បង្ខំ។

ប្រជាជន​​ប្រហែល​ប្រាំមួយ​លាន​នាក់​នៅ​អឺរ៉ុប និង​ពីរ​លាន​នាក់​នៅ​កម្ពុជា​ត្រូវបាន​បាត់បង់​ជីវិត។ ស្ថានីយនីមួយៗប្រែក្លាយជាទីកន្លែងកំណត់ជោគវាសនារបស់ប្រជាជន ហើយប្រជាជនទាំងអស់ត្រូវបានអស់ជីវិតនៅជុំរុំនៃរបបណាស៊ី ឬវាលពិឃាដនៃរបប​ខ្មែរក្រហម​។

ព្រឹត្តិការណ៍ទាំងនេះ បានរម្លឹកយើងពីការចងចាំរបស់អ្នកជំនាន់មុនអំពីរបៀប ដែលផ្លូវរថភ្លើងបានប្រើប្រាស់​សម្រាប់​ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍នៅពេលនោះ។ នេះគឺជាព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដែល​មនុស្ស​ជំនាន់​ក្រោយ​មិនអាច​បំភ្លេចបាន។

តាមរយៈការវិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធថ្មីៗកាន់តែកើនឡើង និងសម្រាប់អំឡុងពេលប៉ុន្មានទសវត្សរ៍ខាងមុខ ទីតាំងប្រវត្តិសាស្ត្រទាំងនេះអាចនឹងត្រូវបាត់បង់ ហើយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមក៏មិនអាចបន្តប្រាប់រឿងរ៉ាវទាំងនោះបានទៀតដែរ។

ពេលនេះអាចជាឱកាសដ៏ល្អបំផុតសម្រាប់យុវជន ដើម្បីធ្វើទស្សនកិច្ចសិក្សាកន្លែងប្រវត្តិសាស្ត្រដែលអំពើប្រល័យពូជសាសន៍បានកើតឡើង តាម​រយៈកម្មវិធី​មានឈ្មោះថា “ផ្លូវរថភ្លើងខ្មែរក្រហម៖ ទស្សនកិច្ចសិក្សាអំពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងលទ្ធិប្រជាធិបតេយ្យសម្រាប់យុវជន ការជម្លៀសដោយបង្ខំ នៅក្នុងរបបខ្មែរក្រហម (១៩៧៥-១៩៧៩)” ដែលអ្នកស្ម័គ្រចិត្តកម្ពុជា នឹងជួបជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដើម្បីស្តាប់ការ​ពិត។ ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ​មាន​គោលបំណង​ស្នូល​ចំនួន​បី៖

១- ស្វែងយល់ពីបទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលត្រូវបានជម្លៀសដោយបង្ខំតាមរថភ្លើង

នៅពេលដែលខ្មែរក្រហមកាន់អំណាចគ្រប់គ្រងទីក្រុង ខ្មែរក្រហមបានប្រព្រឹត្តិឧក្រិដ្ឋកម្មដ៏ឃោរឃៅមួយ ដោយបានបណ្តេញប្រជាជនចេញពីលំនៅដ្ឋានដោយបង្ខំ។ ការជម្លៀសនេះ បានផ្តល់ផលវិបាកដល់ផ្លូវកាយ និងផ្លូវចិត្ត និងបានបំផ្លាញសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ។ ជនរងគ្រោះ​នៃ​ការ​ជម្លៀស​ដោយ​បង្ខំក្នុង​របបខ្មែរក្រហមត្រូវ​បាន​បង្ខំឲ្យ​ចាក​ចេញ​ពី​ផ្ទះ​ដោយ​គ្មាន​ហេតុផលតាម​ច្បាប់​ជាតិ និង​អន្តរជាតិ។ ដោយ​សារ​តែឧក្រិដ្ឋកម្មនេះមានភាពជាក់ស្តែង ហើយស្ទើរតែគ្រប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមបានឃើញ​​ ឬជួបប្រទះដោយផ្ទាល់ ធ្វើឲ្យអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ងាយស្រួលក្នុងការកាត់ទោសមេដឹកនាំខ្មែរក្រហមទាំងពីររូបគឺ នួន ជា និងខៀវ សំផន ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីការជម្លៀសដំណាក់កាលទីមួយ និងទីពីរនៅក្នុង​សំណុំរឿង​០០២/០១។

ខ្មែរក្រហម​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្មជម្លៀសប្រជាជន​ដោយ​បង្ខំ​ជា​បី​ដំណាក់កាល៖

ដំណាក់កាលទីមួយ៖ គឺភ្លាមៗនៃការចូលកាន់កាប់​ទីក្រុងនានា នៅថ្ងៃទី១៧ ខែមេសា ដល់ ខែកញ្ញា ឆ្នាំ១៩៧៥។ ទាហានខ្មែរក្រហមតែងតែប្រាប់ប្រជាជនតាមរយៈកាណុងកាំភ្លើងថា ចាកចេញតែបីថ្ងៃប៉ុណ្ណោះ ដើម្បីគេចពីការទម្លាក់គ្រាប់បែក បេ៥២ របស់សហរដ្ឋអាមេរិក។

ដំណាក់កាលទីពីរ៖ គឺចាប់ពីក្រោយខែកញ្ញា ឆ្នាំ១៩៧៥ ដល់ចុងឆ្នាំ១៩៧៧។ ប្រជាជនមកពីភូមិភាគ     ​កណ្តាល ភូមិភាគនិរតី និងភូមិភាគបូព៌ា ត្រូវបានជម្លៀសឆ្ពោះទៅកាន់ខេត្តសៀមរាប ព្រះវិហារ និងភូមិភាគពាយ័ព្យ រួមមានខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ។ ប្រជាជន​ត្រូវ​បាន​គេ​ប្រាប់ថា​ផ្លាស់ទីលំនៅ​ដើម្បីទៅ​តំបន់​ដែល​មាន​អាហារ​ច្រើន​ និង​ដី​មាន​ជីវជាតិ​សម្រាប់​ការ​ដាំដុះ។

ដំណាក់កាលទីបី៖ គឺចាប់ពីចុងឆ្នាំ១៩៧៧ ដល់ចុងឆ្នាំ១៩៧៨។ ការជម្លៀសនេះធ្វើឡើងសម្រាប់ប្រជាជនមកពីភូមិភាគបូព៌ា នៅពេលមានសង្រ្គាមកាន់តែខ្លាំងជាមួយវៀតណាម និងការបោសសម្អាតកម្មាភិបាល​ភូមិភាគបូព៌ា។ អ្នកជម្លៀសទាំងនោះគឺជាកម្មាភិបាល និងទាហានខ្មែរក្រហម ត្រូវបានចោទប្រកាន់ថា ជាជនក្បត់ និងមានទំនាក់ទំនងជាមួយវៀតណាម ឬ សោ ភឹម ដែលជាលេខាភូមិភាគបូព៌ា និង​ប្រជាជន​ថ្មីដែលជម្លៀសមកពីទីក្រុងភ្នំពេញ និងទីប្រជុំជនផ្សេងៗ។ ប្រជាជនភាគ​ច្រើន​គឺ​មក​ពី​ខេត្ត​ព្រៃវែង និង​ស្វាយរៀង ត្រូវ​បញ្ជូន​ទៅ​ខេត្ត​ពោធិ៍សាត់ ឬខេត្ត​បាត់ដំបង។

អ្នកជម្លៀសត្រូវបានដឹកជញ្ជូនទៅកាន់គោលដៅចុងក្រោយ តាមរយៈមធ្យោបាយ ឡានដឹកទំនិញ រទេះគោ ទូក រថភ្លើង ឬដោយថ្មើរជើង។ ​រថភ្លើង​ហាក់​ដូចជា​មធ្យោបាយ​អំណោយផល​របស់​ខ្មែរក្រហម​ប្រើ​សម្រាប់​ការ​ជម្លៀសដោយបង្ខំនៅដំណាក់កាលទី២ ​និងដំណាក់កាលទី៣ ​ទៅកាន់​ខេត្ត​ពោធិ៍សាត់ បាត់ដំបង និង​បន្ទាយមានជ័យ។ ក្នុងទូររថភ្លើង​មួយមានប្រជាជន​ប្រហែល​១០០​នាក់ ​ឈរ​ចង្អៀតគ្នា ហើយ​សំខាន់ទៀត​នោះគឺ​គ្មាន​អាហារ និង​ទឹក​គ្រប់គ្រាន់សម្រាប់បរិភោគ។ ដោយសារស្ថានភាពធ្វើដំណើរមានភាពអាក្រក់ ធ្វើឲ្យប្រជាជនជាច្រើនបានស្លាប់ក្នុងពេលជម្លៀសដោយបង្ខំនោះ។

២-បង្កើនការយល់ដឹងអំពីរឿងរ៉ាវ ដែលមិន​បាន​ចងក្រង/បោះពុម្ភផ្សាយ នៃប្រវត្តិសាស្រ្តផ្ទាល់មាត់របស់​អ្នក​រស់​រាន​មានជីវិតពីរបបខ្មែរក្រហម

ដំណើរទស្សនកិច្ចសិក្សានេះមានការចូលរួមរបស់​អ្នកស័្មគ្រចិត្តកម្ពុជា តាមរយៈបទពិសោធន៍របស់មជ្ឈ​    ម​ណ្ឌ​លឯកសារកម្ពុជា ក្នុងការ​ចងក្រង និងផ្សព្វផ្សាយប្រវត្តិសាស្រ្តផ្ទាល់មាត់ពិតរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម​។​ មាន​ប្រជាជន​ពីរ​លាន​នាក់​បាន​ស្លាប់​ក្នុង​របប​ខ្មែរ​ក្រហម ប៉ុន្តែ​មាន​អ្នករស់រានមានជីវិតប្រមាណប្រាំ​លាន​នាក់ ​ដើម្បី​ប្រាប់​ពី​អ្វី​ដែលគាត់​បាន​ជួបប្រទះ។ ក្នុងចំណោមប្រជាជនប្រាំលាននាក់នោះ ដែលស្មើនឹង ៣៣.១៦% នៃចំនួនប្រជាជនសរុប ប្រជាជនជាច្រើនបានស្លាប់ តែនៅមាន​ប្រជាជនមួយចំនួននៅមានជីវិត ដែលរឿងរ៉ាវរបស់គាត់នៅតែមិនទាន់បានស្តាប់ និងមិនទាន់ដឹងឮនៅឡើយ​។

៣-ផ្តល់ឱកាសដល់យុវជនដើម្បីស្វែងយល់ពីផ្លូវរថភ្លើង និងការធ្វើដំណើរតាមរថភ្លើង​ដើម្បី​លើក​កម្ពស់​ការ​ចូល​រួម​ពី​លទ្ធិ​ប្រជាធិបតេយ្យ។

នៅក្នុងសម័យបច្ចុប្បន្ន រថភ្លើងត្រូវបានប្រើប្រាស់ជាមធ្យោបាយមួយសម្រាប់ការធ្វើដំណើរប្រចំាថ្ងៃ និងរួមចំណែកដល់ការអភិវឌ្ឍសង្គមប្រកបដោយប្រសិទ្ធភាព និងមានតម្លៃទាប និង​បញ្ចៀសផលប៉ះពាល់ដល់​  បរិស្ថាន ដែលនាំមកនូវនិរន្តរភាព។

នៅប្រទេសឥណ្ឌាវិញ មានទស្សនៈមួយលើកឡើង​អំពីផ្លូវរថភ្លើង ដែលបានឆ្លុះបញ្ចាំងពីចលនាដើម្បីសេរីភាពដឹកនាំដោយ មហាត្មៈ គន្ធី (Mahatma Gandhi) ។ គោលការណ៍អហិង្សារបស់លោក មហាត្មៈ គន្ធី បាននាំឲ្យប្រទេសឥណ្ឌាទទួលបានឯករាជ្យពីចក្រភព​អង់គ្លេស និង បានក្លាយជាប្រទេសប្រជាធិបតេយ្យនៅលើពិភព​លោក ដែលមានប្រជាជនសរុបចំនួន ១.៤ ពាន់​លាននាក់​។

ទស្សនៈសំខាន់ពីរអំពីប្រវត្តិសាស្ត្រទាក់ទងនឹងផ្លូវរថភ្លើងគឺ ១).ផ្លូវរថភ្លើងនៃភាពអស់សង្ឃឹម ដែលធ្លាប់ប្រព្រឹត្តបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និង ២).ផ្លូវរថភ្លើងជាសេចក្តីសង្ឃឹម សម្រាប់ការលើកកម្ពស់លទ្ធិប្រជាធិប​តេ​យ្យតាមរយៈអត្ថប្រយោជន៍នៃផ្លូវរថភ្លើង។

ទិសដៅ៖

សិរីសោភ័ណ, ព្រះនេត្រព្រះ, ថ្មពួក, សិរីសោភ័ណ, និងភ្នំស្រុក ស្ថិតក្នុងផ្នែកទី៥ ភូមិភាគពាយ័ព្យ ដែលគ្រប់គ្រងដោយ រស់ ញឹម ជាលេខាភូមិភាគ ដែលមាន តា កឺ និងតាប៉ែត ជាអនុលេខា។

ទីតាំងដែលបានកំណត់គឺ (១) តំបន់៥ ស្ថិតនៅស្ថានីយ៍រថភ្លើងក្រុងសិរីសោភ័ណ ដឹកនាំដោយ ម៉ែន ជុន​ ហៅ ហ៊ឹង និង អនុលេខាតំបន់ ឈ្មោះ ឆ្នាំង ហៅ ជាល ដែលជាកូនប្រុសរបស់ រស់ ញឹម។ (២) ប្រាសាទបន្ទាយឆ្មារត្រូវ​បាន​រងគ្រោះដោយសង្រ្គាមស៊ីវិលនៅឆ្នាំ១៩៧០ ដល់ឆ្នាំ ១៩៧៥ និង​ត្រូ​វបាន​បោះបង់ចោលនៅក្នុង​របបខ្មែរក្រហម​ ហើយក៏នៅតែ​ស្ថិតនៅក្នុង​តំបន់​សមរភូមិ​នៅបន្ទាប់ពី​របបខ្មែរក្រហម​ដួលរលំ ​ (៣) ស្រុកព្រះនេត្រព្រះ ដែលជាកន្លែងធ្វើការក្នុងលក្ខខណ្ឌការងារដ៏ឃោរឃៅ និងដឹកនាំដោយ អាន ម៉ោង ដែលត្រូវបានសម្លាប់​នៅឆ្នាំ១៩៧៧ និងបន្ទាប់មកដឹកនាំដោយ អ៊ឹម ចែម ដែលជាជនសង្ស័យក្នុងសំណុំរឿង០០៤ របស់ អ.វ.ត.ក. ដែលត្រូវបានចោទប្រកាន់ពីការទទួល​ខុសត្រូវ​លើ​ឧក្រិដ្ឋកម្មនៅទំនប់ត្រពាំងថ្ម។ កន្លែង​ចុង​ក្រោយ​គឺ​វត្ត​រំលេច ស្ថិតក្នុង​តំបន់​២ ស្ថិត​ក្នុងស្រុក​បាកាន ខេត្ត​ពោធិ៍សាត់។ វត្តរំលេច គឺជាកន្លែងសម្លាប់មនុស្សក្នុងរបបខ្មែរក្រហម។ វត្តរំលេច មាន​ប្រជាជនខ្មែរ​ក្រោម​ជាច្រើន​នាក់​ត្រូវ​បាន​​សម្លាប់ ហើយ​ក៏​មាន​ប្រជាជន​ជាច្រើន​នាក់​ដែលត្រូវបានជម្លៀស​ដោយ​បង្ខំ​ពី​ខេត្ត​ស្វាយរៀង និងខេត្ត​ព្រៃវែង ​ក៏​ត្រូវ​បាន​សម្លាប់​ក្នុង​បរិវេណ​វត្តនេះ។

អត្ថបទផ្សេងទៀត៖