នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានរៀបចំវេទិកាថ្នាក់រៀនចុងសប្ដាហ៍ស្តីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដែលផ្ដោតទៅលើប្រធានបទ «ការបង្ខំឲ្យធ្វើការជាទម្ងន់ក្នុងរបបខ្មែរក្រហម» ដោយមានការចូលរួមពីសិស្សានុសិស្សថ្នាក់ទី១២ មកពីវិទ្យាល័ ហេង សំរិន ឫស្សីស្រុក សរុបចំនួន៥០នាក់។ វេទិកាថ្នាក់រៀនចុងសប្ដាហ៍នេះ រៀបចំឡើងដើម្បីផ្តល់ចំណេះដឹងដល់សិស្សានុសិស្សអំពីប្រវត្តិសាស្រ្តខ្មែរក្រហម និងវិធីសាស្រ្ដទប់ស្កាត់អំពើប្រល័យពូជសាសន៍នាពេលអនាគត។
លោក ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ទទួលស្វាគមន៍គណៈគ្រប់គ្រងសាលា និងសិស្សានុសិស្សថ្នាក់ទី១២នៃវិទ្យាល័យ ហេង សំរិនឫស្សីស្រុក និងដឹកនាំអ្នកចូលរួមវេទិកាថ្នាក់រៀនទាំងអស់ទស្សនាពិព័រណ៍រូបថត។ លោក ទូច វណ្ណេត ពន្យល់អំពីផ្ទាំងពិព័រណ៍រូបថតនីមួយៗទៅកាន់គណៈគ្រប់គ្រងសាលា និងសិស្សានុសិស្ស រួមមាន ៖ ការកាត់ទោសមេដឹកនាំខ្មែរក្រហម និងអ្នកដែលទទួលខុសត្រូវខ្ពស់បំផុតចំពោះឧក្រិដ្ឋកម្មធ្ងន់ធ្ងរនៅសាលាក្ដីខ្មែរក្រហម, ប្រវត្តិមេដឹកនាំខ្មែរក្រហម, ការជម្លៀសប្រជាជនដោយបង្ខំ, ការបង្ខំប្រជាជនឲ្យធ្វើការហួសកម្លាំង, និងការវិលត្រឡប់មកវិញរបស់ប្រជាជនកម្ពុជា បន្ទាប់ពីរបបខ្មែរក្រហមដួលរលំនៅដើមឆ្នាំ១៩៧៩។ បន្ទាប់មក គណៈគ្រប់គ្រងសាលា និងសិស្សានុសិស្ស បន្តចូលទស្សនាពិព័រណ៍ «ក្តីសុបិនកម្ពុជា» របស់ព្រះរាជបណ្ណាល័យហ្លួងម៉ែ, បណ្ណាល័យខ្មែរក្រហមដែលមានតម្កល់សៀវភៅទាក់ទងប្រវត្តិសាស្រ្តខ្មែរក្រហម និងបន្ទប់តម្កល់ឯកសារ។
ជាកិច្ចបន្ត លោក ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានធ្វើបទបង្ហាញអំពី ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។ លោក ស៊ាង ចិន្ដា បង្ហាញអំពីបរិបទ និងព្រឹតិ្តការណ៍ប្រវត្តិសាស្រ្ត រួមមាន រដ្ឋប្រហារ លន់ នល់ នៅឆ្នាំ១៩៧០, ការផ្ទុះឡើងនូវសង្រ្គាមជិត៥ឆ្នាំរវាង កងទ័ព លន់ នល់ និងកងទ័ពខ្មែរក្រហម, ការឡើងកាន់អំណាចរបស់ខ្មែរក្រហម, ការជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញ, ការបង្ខំប្រជាជនឲ្យធ្វើការងារហួសកម្លាំងនៅតាមការដ្ឋានទំនប់ និងការកាប់សម្លាប់ទៅលើប្រជាជន។ លោក ស៊ាង ចិន្ដា លើកឡើងអំពីការពិភាក្សាស្ដីពីការបង្ខំឲ្យប្រជាជនធ្វើការជាទម្ងន់ក្នុងរបបខ្មែរក្រហម។ ប្រជាជនទទួលរងការបង្ខំធ្វើការងារហួសកម្លាំងនៅតាមការដ្ឋានទំនប់ដែលបណ្ដាលឲ្យមានបញ្ហាសុខភាពទ្រុឌទ្រោម។ បន្ទាប់ពីមេដឹកនាំខ្មែរក្រហមបានដាក់ចេញ និងអនុវត្តផែនការ៤ឆ្នាំ (១៩៧៧-១៩៨០)។ ផែនការ៤ឆ្នាំផ្ដោតសំខាន់ទៅលើការបង្កើនទិន្នផលស្រូវ។ ខ្មែរក្រហមបានប្រមូលផ្ដុំប្រជាជនដើម្បីលើកទំនប់ ដែលជាផ្នែកសំខាន់មួយក្នុងការកសាងប្រព័ន្ធធារាសាស្រ្ត។ នៅតាមការដ្ឋានទំនប់ ប្រជាជនទទួលរងការបង្ខំឲ្យធ្វើការងារគ្មានពេលសម្រាក, របបអាហារមិនទទួលបានគ្រប់គ្រាន់, ការធ្លាក់ខ្លួនឈឺដោយគ្នានថ្នាំព្យាបាល និងការចាប់យកទៅសម្លាប់ ដែលបណ្ដាលឲ្យមានមនុស្សជាច្រើនបានស្លាប់បាត់បង់ជីវិត។ ដើម្បីឈ្វេងយល់ជាក់ស្ដែងបន្ថែមអំពីប្រធានបទពិភាក្សាខាងលើ គណៈគ្រប់គ្រង និងសិស្សានុសិស្សទាំងអស់បានចុះទស្សនកិច្ចផ្ទាល់ទៅកាន់ទំនប់ដែលត្រូវបានកសាងនៅក្នុងរបបខ្មែរក្រហម គឺទំនប់ក្បាលទឹក ស្ថិតនៅក្នុងឃុំក្រូច ស្រុកព្រៃឈរ។ ការចុះទៅកាន់ទីតាំងទំនប់ក្បាលទឹកមិនត្រឹមតែអនុញ្ញាតឲ្យសិស្សានុសិស្សឃើញផ្ទាល់អំពីស្ថានភាពទំនប់ជាក់ស្ដែង និងស្រមៃគិតអំពីគ្រាដែលប្រជាជនត្រូវបានបង្ខំធ្វើការលើកទំនប់គ្មានពេលសម្រាក, អាហារហូបចុកមិនគ្រប់គ្រាន់ និងក្រោមកម្ដៅថ្ងៃ។ ការចុះទៅកាន់ទីតាំងដែលប្រជាជនទទួលរងទុក្ខលំបាកក៏បានបណ្ដុះចិត្តអាណិតអាសូររបស់សិស្សានុសិស្សដែលជាក្មេងជំនាន់ក្រោយទៅកាន់ជនរងគ្រោះ និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។
ខ្ញុំឈ្មោះ ចាន់ធន សុខលាង ថ្នាក់ទី១២ ផ្នែកវិទ្យាសាស្រ្តសង្គមនៃវិទ្យាល័យ ហេង សំរិន ឫស្សីស្រុក។ ក្រោយពីពេលដែលខ្ញុំបានចូលវេទិកាថ្នាក់រៀនស្តីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ ខ្ញុំទទួលបានមេរៀនជាក់ស្ដែង និងចំណេះដឹងជាច្រើនសម្រាប់ខ្ញុំ។ ខ្ញុំបន្តយកអ្វីដែលខ្ញុំទទួលបាននាពេលនេះទៅធ្វើការស្រាវជ្រាវបន្ថែមនៅផ្ទះដោយការសាកសួរលោកតាលោកយាយរបស់ខ្ញុំបន្ថែម និងសួរអ្នកគ្រូប្រវត្តិសាស្រ្តនៅសាលា។
ខ្ញុំឈ្មោះ លីម សេដ្ឋវិសាល ថ្នាក់ទី១២ ផ្នែកវិទ្យាសាស្រ្តសង្គមនៃវិទ្យាល័យហេង សំរិន ឫស្សីស្រុក។ ខ្ញុំមានអារម្មណ៍សប្បាយចិត្តចំពោះការចំណាយពេលវេលាចុងសប្ដាហ៍មករៀនពីប្រវត្តិសាស្រ្តខ្មែរក្រហម។ ខ្ញុំយល់ច្រើនពីប្រវត្តិសាស្រ្តខ្មែរដែលប្រជាជនទទួលរងទុក្ខវេទនាយ៉ាងខ្លាំង ទាំងការរស់នៅ និងការហូបចុក។ ដូចទៅនឹងសាច់រឿងរបស់លោកតារបស់ខ្ញុំ គាត់តែងតែប្រាប់ខ្ញុំអំពីភាពលំបាកក្នុងការហូបចុកយ៉ាងខ្លាំងសូម្បីតែដំណាំដែលខ្លួនឯងដាំក៏មិនអាចហូបបានដែរ។ ខ្ញុំនឹងយកចំណេះដឹង និងបទពិសោធន៍ដែលខ្ញុំទទួលបាននាពេលនេះ ទៅចែករំលែកទៅកាន់មិត្តភក្កិ និងសិស្សប្អូនឲ្យបានដឹង និងចូលរួមការពារសន្តិភាពកុំឲ្យរបបនេះវិលត្រឡប់មកវិញជាថ្មីម្តងទៀត។
ខ្ញុំឈ្មោះ លីម សុភ័ក្រ្តា ថ្នាក់ទី១២ ផ្នែកវិទ្យាសាស្រ្តសង្គមនៃវិទ្យាល័យហេង សំរិន ឫស្សីស្រុក។ នៅពេលដែលខ្ញុំបានចូលរួមវេទិកាថ្នាក់រៀនជាមួយមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ខ្ញុំមានអារម្មណ៍រំភើបរីករាយជាខ្លាំពីព្រោះខ្ញុំបានចំណាយពេលវេលាសម្រាកចុងសប្ដាហ៍ដើម្បីទទួលបានចំណេះដឹងអំពីប្រវត្តិសាស្រ្តខ្មែរក្រហម និងការចុះទៅកាន់ទីតាំងទំនប់កសាងក្នុងរបបខ្មែរក្រហម។ ចំណេះដឹងដែលខ្ញុំទទួលបានថ្មីគឺ ព្រឹត្តិការណ៍ការជម្លៀសប្រជាជនដោយបង្ខំ និងការបង្ខំធ្វើការហួសកម្លាំងដែលធ្វើឲ្យប្រជាជនស្លាប់ និងមានភាពទ្រុឌទ្រោម។ កាលពីមុន យាយរបស់ខ្ញុំធ្លាប់បាននិយាយប្រាប់ខ្ញុំអំពីរឿងរ៉ាវដែលគាត់ឆ្លងកាត់នៅក្នុងរបបខ្មែរក្រហមដែរ។ គាត់បាននិយាយថា នៅរបបខ្មែរក្រហម ប្រជាជនហូបអាហារបានតែបន្តិចបន្តួចតែប៉ុណ្ណោះ ប៉ុន្តែប្រើប្រជាជនឲ្យធ្វើការងារគ្មានពេលសម្រាកនោះឡើយ។ នៅពេលដែលលោកយាយនិយាយប្រាប់ខ្ញុំម្ដងៗខ្ញុំមានចិត្តអាណិតលោកយាយណាស់។
អត្ថបទ ៖ សាំង ចាន់ធូ បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា