ង៉ែត តឿ ៖ កងចល័ត

ខ្ញុំឈ្មោះ ង៉ែត តឿ អាយុ៦១ឆ្នាំ សព្វថ្ងៃរស់នៅភូមិគ្រាំងគរ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានឪពុកឈ្មោះ ង៉ែត ទួន និងម្ដាយឈ្មោះ ជ័យ យ៉ិន។ ខ្ញុំមានបងប្អូនចំនួន៩នាក់គឺស្រី៤នាក់និងប្រុស៥នាក់។ ឪពុករបស់ខ្ញុំមានមុខរបរគឺជាអ្នកធាក់ស៊ីក្លូ។

កាលពីក្មេងខ្ញុំមិនបានចូលរៀនទេ។ ក្នុងរបប លន់ នល់ បងប្អូនខ្ញុំបានស្លាប់ម្នាក់ឈ្មោះ ង៉ែត ម៉ៅ ដោយសារការទម្លាក់គ្រាប់បែក។ ក្នុងឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសខ្ញុំ និងក្រុមគ្រួសារពីទីក្រុងភ្នំពេញឲ្យមករស់នៅទីជនបទ ដោយបានលើកហេតុផលថា បើយើងមានស្រុកកំណើតនៅស្រុកណាទៅស្រុកនោះវិញទៅ។ ខ្មែរក្រហមបានកំណត់ឲ្យចាកចេញពីទីក្រុងភ្នំពេញរយៈពេល៣ថ្ងៃ។ ប៉ុន្តែខុសពីការគិត៣ថ្ងៃ ក្លាយទៅ៣ឆ្នាំទៅវិញ។ អំឡុងពេលជម្លៀសចេ​ញពីភ្នំពេញខ្ញុំបានធ្វើដំណើរដោយថ្មើរជើងអស់រយៈពេល២៨ថ្ងៃ។ ខ្ញុំនិងក្រុមគ្រួសារអស់កម្លាំង ហេវហត់ ហើយបានឈប់សម្រាកនៅភូមិវះពោះ (ឈ្មោះភូមិពីមុន ប៉ុន្តែបច្ចុប្បន្នមិនមានទៀតទេ) ស្ថិតនៅខាងកើតស័ង្កសី រយៈពេល២យប់ ទើបមកដល់ភូមិត្រពាំងឈូក។

ចន្លោះពីឆ្នាំ១៩៧៦ ដល់ ឆ្នាំ១៩៧៧ ខ្ញុំត្រូវបានខ្មែរក្រហមប្រើឲ្យធ្វើការនៅក្នុងកងកុមារ។ ពេលនោះកងកុមារមានចំនួន២០នាក់។ ខ្ញុំបានទៅរែកអាចម៍គោនៅត្រពាំងឈូក។ បន្ទាប់មកខ្មែរក្រហមបានប្រើខ្ញុំឲ្យទៅកាប់ដើមទន្ទ្រានខែត្រដើម្បីធ្វើជីដាក់ស្រែ។ កន្លែងធ្វើការងារគឺនៅក្បែរកន្លែងខ្ញុំស្នាក់នៅ។ ឪពុកខ្ញុំបានធ្វើខ្ទមតូចមួយនៅភូមិត្រពាំងឈូកសម្រាប់យើងស្នាក់នៅជុំគ្នា។ ក្រោយមកខ្មែរក្រហមបានប្រើខ្ញុំឲ្យទៅរែកដី ដោយកំណត់ក្នុងមួយថ្ងៃត្រូវរែកដីឲ្យបានមួយម៉ែត្រការ៉េ។ ខ្ញុំធ្វើការងារមិនមានពេលឈប់សម្រាកឡើយ គឺបានសម្រាកតែពេលហូបបាយនៅពេលយប់មួយភ្លែតៗតែប៉ុណ្ណោះ។ ខ្ញុំហូបចុកមិនបានគ្រប់គ្រាន់ឡើយ គឺមានតែសម្លព្រលិតជាមួយនឹងទឹកត្រី។ ពេលនោះ ប្រជាជនត្រូវហូបនៅរោងសហករណ៍ នៅផ្សារត្រាំកក់។

នៅសម័យនោះខ្ញុំបានចូលរៀនអក្ខរកម្មបន្តិចបន្តួចនៅចន្លោះម៉ោងសម្រាកពីធ្វើការងារ។ ខ្ញុំនៅចាំឈ្មោះគ្រូបង្រៀនគឺមានគ្រូឈ្មោះ អែម និងគ្រូឈ្មោះ រ៉ន។ គ្រូបង្រៀនទាំងពីរនាក់កាចណាស់។ នៅក្នុងរបបខ្មែរក្រហមមិនមានសាសនាទេ ព្រោះខ្មែរក្រហមបំផ្លាញចោលអស់ហើយ។ រីឯសម្លៀកបំពាក់ក៏មិនមានគ្រាប់គ្រាន់ដែរ គឺក្នុងមួយឆ្នាំខ្មែរក្រហមបើកឲ្យប្រជាជនតែ២សម្រាប់ប៉ុណ្ណោះ។ យើងស្លៀកពាក់ទាល់តែមើលទៅរហែកអស់ និងប្រើការលែងបាន ទើបខ្មែរក្រហមចែកឲ្យ។ ខ្ញុំសម្គាល់បានថា ខ្មែរក្រហមណាស្លៀកពាក់ពណ៌ខៀវ ឬពណ៌ខ្មៅ ហើយមានកន្សែងបង់កក្រមា គឺជាប្រធានកង។

នៅក្នុងរបបខ្មែរក្រហមខ្ញុំមិនមានជំងឺធ្ងន់ធ្ងរទេ គឺមានតែវិលមុខតិចតួចប៉ុណ្ណោះ។ ប៉ុន្តែទោះបី ខ្ញុំឈឺក៏មិនឈប់សម្រាកដែរ គឺត្រូវបន្តធ្វើការងារទាំងឈឺ។ មួយវិញទៀត ចំពោះដំណាំ និងសត្វដែលយើងដាំ និងចិញ្ចឹម ក៏មិនបានហូបដែរ គឺខ្មែរក្រហមប្រមូលយកទាំងអស់។ នៅសម័យនោះការរៀបការ គឺខ្មែរក្រហមរៀបចំស្ដ្រីមួយជួរ និងបុរសមួយជួរ ហើយឲ្យអង្គុយទល់មុខគ្នា។ បន្ទាប់មកស្រ្តីនិងបុរសដែលខ្មែរក្រហមផ្សំផ្គុំឲ្យត្រូវឡើងប្ដេជ្ញាចិត្តយកគ្នាជាប្ដីប្រពន្ធអស់មួយជីវិត ហើយក្នុងការឡើងប្ដេជ្ញាមួយលើកៗ គឺមាន៦គូ មានទាំងប្រជាជនមូលដ្ឋាន និងប្រជាជនថ្មី ឬហៅម្យ៉ាងទៀតប្រជាជន១៧។ ការប្ដេជ្ញាចិត្តនេះធ្វើឡើងនៅពេលព្រឹកនៅសាលារៀនត្រាំកក់។ ដោយឡែកខ្ញុំបានចូលរួមការប្រជុំដោយនិយាយអំពីការបង្កបង្កើនផល និងធ្វើស្រែឲ្យបាន៣តោនក្នុងមួយហិកតា។

ខ្ញុំមានប្អូនស្រីម្នាក់បានស្លាប់ក្នុងរបបខ្មែរក្រហម ឈ្មោះ ង៉ែត ពៅ ដោយសារជំងឺ និងមិនមានអាហារហូបគ្រប់គ្រាន់។ ពេលនោះប្អូនស្រីខ្ញុំទើបតែមានអាយុ១២ឆ្នាំប៉ុណ្ណោះ។ រីឯបងប្រុសឈ្មោះ ង៉ែត ត្រី  ស្លាប់នៅភ្នំខៀវ ពេលចូលធ្វើជាទាហាន នាសម័យក្រោយមក។ ក្រោយរបបខ្មែរក្រហមដួលរលំ ឆ្នាំ១៩៧៩ ខ្ញុំបានទៅរស់នៅទីក្រុងភ្នំពេញ ដោយដើររយៈពេល៣យប់៤ថ្ងៃ។ ខ្ញុំបានប្រកបរបររកស៊ីដឹកទឹកលក់ និងបេះត្រកួនលក់។ ពេលនោះ ទីក្រុងភ្នំពេញ មានសភាពស្ងប់ស្ងាត់ និងព្រៃដុះស៊ុបទ្រុប។ នៅឆ្នាំ១៩៨៩ ខ្ញុំបានរៀបការជាមួយឈ្មោះ ភិន ពេជ្រ និងមានកូនចំនួន២នាក់។ នៅឆ្នាំ១៩៩៥ ខ្ញុំនិងគ្រួសារបានត្រឡប់មករស់នៅភូមិកំណើតវិញ រហូតមកដល់សព្វថ្ងៃ។

អត្ថបទ និង រូបថត ៖ ជីម សុខគា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ

 

អត្ថបទផ្សេងទៀត៖