ខ្ញុំឈ្មោះ នាង ហួត អាយុ៧៥ឆ្នាំ គឺជាកូនកាត់ជនជាតិភាគតិចមិល។ ឪពុករបស់ខ្ញុំគឺជាជនភាគតិចមិលរស់នៅភូមិចង្ហប ឃុំក្បាលដំរី ស្រុកអូរគៀងសែនជ័យ ខេត្តក្រចេះ ចំណែកម្តាយខ្ញុំគឺជាជនជាតិខ្មែរ រស់នៅស្រុកសំបូរ ខេត្តក្រចេះ។ ខ្ញុំនៅចងចាំភាសាជនជាតិមិលបានខ្លះដែរ ដូចជា «សូវហាន់ណា» ដែលមានន័យជាភាសាខ្មែរថា «ចៅមកពីណា» និងសូវហាន់វេន «មានន័យថាចៅមកលេង»។ សព្វថ្ងៃខ្ញុំគឺជាស្រ្តីមេម៉ាយរស់នៅជាមួយកូនក្នុងភូមិចង្ហប ឃុំក្បាលដំរី ស្រុកអូរគៀងសែនជ័យ ខេត្តក្រចេះ។
កាលនៅសម័យសង្គមរាស្រ្តនិយមដឹកនាំដោយសម្តេចព្រះ នរោត្តម សីហនុ ការរៀនសូត្រ គឺខុសពីសម័យបច្ចុប្បន្នត្រង់ថា ថ្នាក់រៀនត្រូវបានរាប់ពីធំទៅតូចគឺ ថ្នាក់ទី១២ ថ្នាក់ទី១១ ថ្នាក់ទី១០ ចុះក្រោម ប៉ុន្តែសម័យបច្ចុប្បន្នថ្នាក់រៀនត្រូវរាប់ពីតូចទៅធំ គឺថ្នាក់ទី១ ថ្នាក់ទី២ ឡើងទៅលើ។ ខ្ញុំរៀនបានត្រឹមថ្នាក់ទី៣ក៏ឈប់រៀន។
បន្ទាប់មកទើបមានរដ្ឋប្រហារដឹកនាំដោយលោក លន់ នល់ ទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នៅឆ្នាំ១៩៧០។ នៅក្នុងឆ្នាំ១៩៧០ ដដែល ខ្ញុំបានរៀបការ ហើយកម្មវិធីរបស់ខ្ញុំពេលនោះគឺមានភ្លេងប្រពៃណីខ្មែរបុរាណ សម្លៀកបំពាក់ និងផាត់មុខតិចតួច ព្រោះមិនសូវមានសម្អាងការ។ ការរស់នៅសម័យនោះមិនសូវលំបាកដូចសម័យខ្មែរក្រហមឡើយ។ ប្រជាជននៅក្នុងភូមិអាចរស់នៅតាមផ្ទះ និងធ្វើស្រែចម្ការបាន ប៉ុន្តែមានការទម្លាក់គ្រាប់បែកលើផ្លូវធ្វើដំណើរ និងបាញ់ប្រហារលើកងទ័ពវៀតណាម (ខាងជើង) ដែលចូលមកលាក់ខ្លួនក្នុងទឹកដីខ្មែរ។ ប្រជាជនមួយចំនួនគេចទៅរស់នៅតាមវាលស្រែ និងជីករណ្តៅត្រង់សេឬលេណដ្ឋានដើម្បីលាក់ខ្លួន។ ទោះបីយ៉ាងណា នៅពេលនោះសម្បូរត្រី សាច់ណាស់ ហើយការរស់នៅរបស់ប្រជាជនក្នុងភូមិក៏មិនទាន់មានការគៀបសង្កត់ដែរ។ ប្រជាជននៅចាយលុយ ហើយក្រដាសប្រាក់ធំបំផុតត្រឹមប្រាំម៉ឺនរៀល ដែលមានរូបមនុស្សធ្វើស្រែ និងស្រ្តីទូលក្អម, ក្រដាសប្រាក់ពីរម៉ឺនរៀល, មួយម៉ឺនរៀល, ប្រាំពាន់រៀល, ពីរពាន់រៀល, មួយពាន់រៀល និងមួយរៀល។ ខ្ញុំនៅចាំថា សម័យនោះម្តាយរបស់ខ្ញុំឲ្យប្រាក់ខ្ញុំប្រាំរៀល ហើយខ្ញុំយកទៅចាយរយៈពេល៣ថ្ងៃទើបអស់។ ខ្ញុំទិញក្រូចបួនផ្លែតម្លៃ១រៀល និងនំអាកោរបួន តម្លៃ១រៀលប៉ុណ្ណោះ។
នៅក្នុងរបបខ្មែរក្រហម ខ្ញុំមានកូនចំនួន៣នាក់ គឺប្រុស២នាក់ និងស្រី១នាក់។ កូនខ្ញុំ២នាក់កើតនៅក្នុង១៩៧៥ និង កូនម្នាក់ទៀតកើតនៅចុងឆ្នាំ១៩៧៨។ ខ្មែរក្រហមបានចាត់តាំងឲ្យប្រជាជនរស់នៅក្នុងភូមិចង្ហបធ្វើស្រែរួមគ្នា លើកទំនប់រួមគ្នា ដូចជា ទំនប់ភ្នំស្រួច ដោយប្រធានកងបែងចែកការងារឲ្យប្រជាជនទៅតាមអាយុ និងវ័យ។ ខ្មែរក្រហមបានបែងចែកប្រជាជនជា២ក្រុម គឺក្រុមទី១) ជាក្រុមកងចល័តដែលមានប្រជាជន ១៧ មេសា ជម្លៀសមកពីភ្នំពេញ កំពង់ចាម និងប្រជាជនរស់នៅភូមិផ្សេងទៀតគឺធ្វើការងារមិនស្ថិតនៅភូមិចង្ហបទេ។ ក្រុមទី២) ជាក្រុមប្រជាជនក្នុងសហករណ៍ដែលធ្វើការនៅក្នុងភូមិចង្ហបនេះផ្ទាល់ ហើយនៅក្នុងភូមិចង្ហបខ្មែរក្រហមបែងចែកជា៤ក្រុមតូចៗទៀត ដើម្បីធ្វើការ ដូចជា ស្ទូងដក ច្រូតកាត់ ឬទៅបោចវល្លិ៍ និងផ្តៅ ទៅតាមវ័យ។ រហូតដល់ពេលលើកទំនប់ចង្ហប ទើបប្រធានកងប្រមូលប្រជាជនទាំងអស់ រួមទាំងប្រជាជន ១៧ មេសា មកធ្វើការងារលើកទំនប់រួមគ្នា។ ប្រជាជន ១៧ មេសា ទាំងនោះរួមមានជនជាតិខ្មែរ ជនជាតិភាគតិចចិន និងចាម ត្រូវបានដឹកជញ្ជូនតាមរថយន្ត និងត្រូវបានបែងចែកឲ្យ រស់នៅជាមួយប្រជាជនក្នុងសហករណ៍ភូមិចង្ហបទាំង៤ក្រុមខាងលើ។
ពេលនោះមានគ្រួសារជាជនជាតិភាគតិចចិនមួយគ្រួសារបានរស់នៅជាមួយខ្ញុំ។ ខ្ញុំនៅចាំគ្រួសារជនជាតិភាគតិចចិនឈ្មោះ ឥដ្ឋ ហួង គឺជាបុរសពោះម៉ាយ និងនិយាយភាសាខ្មែរមិនសូវច្បាស់ទេ។ ចំណែកឯកូន៧នាក់របស់គាត់និយាយភាសាខ្មែរបានច្បាស់ណាស់។ គ្រួសាររបស់ ឥដ្ឋ ហួង គឺជាគ្រួសារស្លូតបូត គួរឲ្យស្រឡាញ់រាប់អាន និងមានទំនាក់ទំនងល្អ។ នៅពេលប្រធានកងបញ្ជូនខ្ញុំ និងគាត់ទៅធ្វើការនៅស្រែ និងលើកទំនប់ចង្ហប ឥដ្ឋ ហួង ស្ទូងស្រូវបានស្អាតណាស់។ ការងារដែលប្រធានកងដាក់មកឲ្យ ឥដ្ឋ ហួង ធ្វើគឺគាត់មិនដែលរអ៊ូរទាំឡើយ។ ពេលត្រឡប់មកពីធ្វើស្រែវិញ ឥដ្ឋ ហួង បានពន្យល់ណែនាំខ្ញុំថា «ការធ្វើបដិវត្តន៍គឺយើងរស់នៅលំបាកខ្លាំងណាស់»។ ឥដ្ឋ ហួង ប្រាប់ខ្ញុំឲ្យចាំមើលមិនយូរទេ ការធ្វើបដិវត្តន៍នៅកម្ពុជានេះក៏លំបាកដែរ។ ការនិយាយរបស់ ឥដ្ឋ ហួង ពិតជាត្រឹមត្រូវណាស់ព្រោះមានប្រជាជនស្លាប់ច្រើន ហើយភាគច្រើនជាប្រជាជន ១៧ មេសា។ កាល ឥដ្ឋ ហួង រស់នៅប្រទេសចិន គឺគាត់ធ្លាប់ឆ្លងកាត់បដិវត្តន៍ដូចនៅប្រទេសកម្ពុជាដែរ។ គាត់ត្រូវរស់នៅជាមួយភាពលំបាកវេទនា ហូបចុកមិនគ្រាប់គ្រាន់ ទើបគាត់សម្រេចចិត្តភៀសខ្លួនមករស់នៅខេត្តកំពង់ចាម ប្រទេសកម្ពុជា ប៉ុន្តែគាត់មកជួបបដិវត្តន៍ម្តងទៀតនៅពេលកងទ័ពខ្មែរក្រហមឡើងគ្រប់គ្រងប្រទេស។
នៅចុងឆ្នាំ១៩៧៨ ខ្ញុំសម្រាលកូន១នាក់ ហើយប្រធានកងឲ្យខ្ញុំឈប់សម្រាករយៈពេល១ខែ ដើម្បីមើលថែទាំខ្លួននិងកូន។ បន្ទាប់មក ប្រធានកងបានចាត់តាំងខ្ញុំឲ្យទៅជាន់អង្ករដែលត្រូវបានចាត់ទុកជាការងារស្រាលនៅជំនាន់នោះ និងសម្រាប់ស្រ្តីដែលទើបសម្រាលកូនរួច។
ក្រោយពីរបបខ្មែរក្រហមដួលរលំ នៅឆ្នាំ១៩៧៩ គ្រួសាររបស់ជនជាតិភាគតិចចិនបានត្រឡប់ទៅស្រុកកំណើតវិញ ប៉ុន្តែខ្ញុំមិនដឹងគ្រួសាររបស់ ឥដ្ឋ ហួង ស្លាប់ ឬនៅរស់នោះទេពេលត្រឡប់ទៅវិញ ហើយក៏មិនដែលឃើញគ្រួសាររបស់គាត់ត្រឡប់មកលេងភូមិរបស់ខ្ញុំដែរ។
អត្ថបទ និង រូបថត ៖ ជីន សុខណេង អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តក្រចេះ