តឿ ឃ្លីម ៖ ជនជាតិដើមភាគតិចមិល នៅភូមិចង្ហប

ខ្ញុំឈ្មោះ តឿ ឃ្លីម ភេទប្រុស មានអាយុ ៦៣ឆ្នាំ គឹជាជនជាតិភាគតិចមិល ​​សព្វថ្ងៃរស់នៅភូមិចង្ហប ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។ ខ្ញុំមានបងប្អូន៥នាក់ គឺស្រី៣នាក់ និងប្រុស២នាក់។

ពេលខ្មែរក្រហមចូលមកដល់ភូមិចង្ហប ខ្ញុំទើបមានអាយុ១៤ឆ្នាំប៉ុណ្ណោះ។ ខ្មែរក្រហមបានបែងចែកប្រជាជនក្នុងភូមិឲ្យរស់នៅជាសហករណ៍ ដោយក្នុងមួយសហករណ៍មានប្រមាន១០ ទៅ២០គ្រួសារ។ ខ្ញុំត្រូវបានខ្មែរក្រហមចាត់តាំងឲ្យរើសអាចម៍គោ កាប់ឆ្ការព្រៃតាមវាលស្រែចម្ការ និងលើកទំនប់នៅស្រែចង្ហប។ ទំនប់ស្រែចង្ហបមានប្រវែងប្រមាណ៥០០ម៉ែត្រ ហើយសំបូរត្រីណាស់ និងមិនខ្វះទឹកបញ្ចូលស្រែនោះទេ។ មានប្រជាជនច្រើនណាស់មកលើកទំនប់នៅស្រែចង្ហបកាលជំនាន់នោះ ហើយមិនមែនមានតែប្រជាជនដែលរស់នៅភូមិចង្ហបនោះទេ គឺមានប្រជាជន ១៧ មេសា មកពីស្រុកតាម៉ុង, មកពីភ្នំពេញ រួមមាន ជនជាតិដើមភាគតិចចិន ជនជាតិដើមភាគតិចចាម ឬបងប្អូនខ្មែរអ៊ីស្លាម និងប្រជាជនដែលមកពីតំបន់ផ្សេងៗទៀត។ ពេលនោះប្រធានកងខ្មែរក្រហមបានប្រើខ្ញុំឲ្យលើកទំនប់ទាំងយប់ទាំងថ្ងៃ ដោយគ្មានពេលសម្រាកគ្រប់គ្រាន់នោះទេ គឺខ្ញុំចូលធ្វើការតាំងពីព្រឹកព្រលឹម រហូតដល់ម៉ោង១១ ទើបសម្រាកហូប បាយថ្ងៃត្រង់ ហើយម៉ោង១ថ្ងៃរសៀល ខ្ញុំចាប់ផ្តើមចូលធ្វើការងារបន្តរហូតដល់ម៉ោង១០ ទៅ ១១យប់ ទើបបានសម្រាកហូបបាយ។​ ខ្ញុំនិងកងចល័តលើកទំនប់ទាំងអស់មិនហ៊ានប្រកែកតវ៉ាជាមួយមេកងខ្មែរក្រហមឡើយ ព្រោះខ្លាចមេកងយកទៅរៀនសូត្រ។ ប្រជាជនណាដែលខ្មែរក្រហមយកទៅសូត្រហើយ ពិសេសអ្នកដែលមានសប្បុរស ដូចជា ជនជាតិភាគតិចចិន ដឹងតែបាត់ខ្លួន​ និងមិនដែលឃើញត្រឡប់មកវិញទេ គឺមានន័យថាខ្មែរក្រហមយកទៅសម្លាប់ចោលហើយ។ ដោយសារខ្ញុំ និងកងចល័តទាំងអស់ខិតខំប្រឹងប្រែងធ្វើការតាមការបង្គាប់បញ្ជាពីមេកងខ្មែរក្រហម ទើបបណ្តាលឲ្យមានអ្នកស្លាប់ច្រើន ភាគច្រើននៃអ្នកស្លាប់ គឺជាប្រជាជន ១៧មេសា។

បន្ទាប់មកទៀត ខ្ញុំត្រូវបានបញ្ជូនទៅបម្រើកងទ័ពខ្មែរក្រហម និងឈរជើងនៅសមរភូមិផ្សេងៗ ទើបខ្ញុំបានហូបគ្រប់គ្រាន់ មានបាយ និងសម្លម្ជូរត្រី ហើយពេលខ្លះក៏មានសាច់ដែរ។ ខ្ញុំត្រូវឡើងទៅវាយនៅសមរភូមិជួរមុខ ហើយត្រូវគ្រាប់កាំភ្លើងចំម្រាមដៃនាងខាងស្តាំ និងចំលើជើង និងខ្លួនប្រាណរបស់ខ្ញុំជាច្រើនកន្លែងទៀត ដោយសារអំបែងគ្រាប់ខ្ទាតមកចំ។ អំបែងគ្រាប់ទាំងនេះ មិនត្រូវបានយកចេញទេ គឺនៅក្នុងជើង និងខ្លួនប្រាណរបស់ខ្ញុំ។

ថ្វីបើរបបខ្មែរក្រហមត្រូវបានបញ្ចប់ទៅពិតមែន ប៉ុន្តែរបបមួយនេះបានធ្វើបាបប្រជាជន និងបន្សល់ទុករឿងរ៉ាវឈឺចាប់ ស្លាកស្នាម និងរបួសនៅលើខ្លួនប្រាណមកទល់សព្វថ្ងៃ។

អត្ថបទ និង រូបថត ៖ វង្ស ស្រីឃីម អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តក្រចេះ

អត្ថបទផ្សេងទៀត៖