ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម បានរៀបចំវេទិកាអប់រំសហគមន៍ស្តីពី «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន២០នាក់ និង សិស្សចំនួន១៥នាក់នៅភូមិស្រែតានងលិច ឃុំចាន់មូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ វេទិកានេះមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីអាជ្ញាធរភូមិ ឃុំ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និង យុវជន។
ជាកិច្ចចាប់ផ្តើមលោក ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម បានឡើងថ្លែងអំណរគុណ និងណែនាំខ្លួន រួមជាមួយក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាទៅកាន់អាជ្ញាធរភូមិឃុំ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងសិស្ស។ លោក ឡុង ដានី ក៏បានជម្រាបជាសង្ខេបនៃការបើកដំណើរការជាសាធារណៈនៃមជ្ឈមណ្ឌលឯកសារកោះថ្ម និងគោលបំណងដូចជា ៖ ១) បង្ហាញព្រឹត្តិការណ៍ប្រវត្តិសាស្ត្រប្រទេសកម្ពុជាចាប់ផ្តើមពីទសវត្សរ៍ ឆ្នាំ១៩៦០ ដល់ ឆ្នាំ១៩៩០។ ២) ពង្រឹងការកសាងសន្តិភាព និងការការពារជម្លោះតាមរយៈកម្មវិធីអប់រំ ដែលនឹងផ្តល់ឱកាសសម្រាប់យុវជននៅតំបន់ជនបទ និងតំបន់ដាច់ស្រយាលបានចូលរួមរៀនសូត្រ។ ៣) លើកទឹកចិត្តឲ្យអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឲ្យចែករំលែកពីបទពិសោធន៍របស់ខ្លួនក្នុងរបបខ្មែរក្រហមទៅកាន់យុវជនជំនាន់ក្រោយ។ និង ៤) ប្រមូលរឿងរ៉ាវ បទពិសោធន៍ពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងទីតាំងឧក្រិដ្ឋកម្មដែលបានកើតឡើងក្នុងរបបខ្មែរក្រហម។
បន្ទាប់មក អ្នករស់រានមានជីវិតពីសម័យខ្មែរក្រហមបានឡើងចែករំលែករឿងរ៉ាវដែលធ្លាប់បានជួបប្រទះក្នុងរបបខ្មែរក្រហមដល់អ្នកចូលរួម ក៏ដូចជាសិស្សានុសិស្សឲ្យបានដឹងដូចខាងក្រោម ៖
ខ្ញុំឈ្មោះ ម៉ី សារុំ គឺជាមេឃុំចាន់មូល សូមអរគុណដល់ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម ដែលបានប្រារព្ធវេទិកាអប់រំសហគមន៍ស្តីអំពី «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) នេះឡើងនៅក្នុងឃុំរចាន់មូល។ ខ្ញុំពិតជាមានការត្រេកអរណាស់ដែលបានចូលរួមវេទិកានេះ និងបានជួបជាមួយក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម លោកតា លោកយាយ អ៊ំ ពូ មីង និងក្មួយទាំងអស់ដែលមានវត្តមាននៅទីនេះ។ ខ្ញុំផ្ទាល់ធ្លាប់បានឆ្លងកាត់ក្នុងរបបខ្មែរក្រហម។ កាលពីសម័យនោះ តំបន់ខ្លះប្រជាជនរស់នៅពិបាកខ្លាំងណាស់ ហើយ តំបន់ខ្លះទៀតការរស់នៅរបស់ប្រជាជនមិនសូវតឹងតែងឡើយ។
កាលពីក្មេងខ្ញុំរស់នៅក្នុងភូមិខ្លូត ឃុំចាន់មូល បន្ទាប់មកខ្ញុំទៅរស់នៅជាមួយអ៊ំរបស់ខ្ញុំឈ្មោះ ឡុង ក្នុងទីក្រុងភ្នំពេញ។ នៅអំឡុងឆ្នាំ១៩៧០ ឪពុកម្ដាយរបស់ខ្ញុំទៅប្រទេសវៀតណាម។ ខ្ញុំបានសម្រេចចិត្តឈប់រៀនដោយសារតែជីវភាពគ្រួសារខ្វះខាត។ ខ្ញុំបានចូលធ្វើជាទាហាន លន់ នល់ នៅទីក្រុងភ្នំពេញ។ បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាចនៅឆ្នាំ១៩៧៥ ខ្ញុំ និងប្រជាជនដទៃទៀតត្រូវខ្មែរក្រហមជម្លៀសដោយបង្ខំចេញពីទីក្រុងភ្នំពេញ។ ខ្ញុំបានធ្វើដំណើរមកដល់ភូមិផ្អាវ ក្នុងស្រុកតំបែរ ខេត្តកំពង់ចាម ហើយខ្មែរក្រហមឲ្យរស់នៅក្នុងភូមិនេះ។ ខ្ញុំបានលាក់ប្រវត្តិរូបមិនហ៊ាននិយាយប្រាប់ខ្មែរក្រហមថាធ្លាប់ធ្វើទាហាន លន់ នល់ ឡើយ។ ខ្មែរក្រហមចាត់តាំងខ្ញុំឲ្យរស់នៅផ្សេងពីប្រជាជនមូលដ្ឋាន ហើយអង្គការចែករបបឲ្យក្នុងមួយគ្រួសារអង្ករ៥កំប៉ុង។ ខ្ញុំមិនហ៊ានងូតទឹកឲ្យសើមខោអាវទេ ព្រោះខ្លាចឆាប់រហែក។ ពេលនោះមានមនុស្ស២នាក់បានដណ្ដើមបបរដែលនៅជាប់បាតខ្ទះស៊ី ក៏ផ្គាប់មុខចូលខ្ទះ។ លុះពេលប្រជុំអង្គការបានហៅអ្នកទាំងពីរនោះមក និងវាយសម្លាប់នឹងគល់ឫស្សីដែលមានខ្នែងបែកក្បាលប្រកាច់ រហូតដល់ស្លាប់។ ការវាយសម្លាប់នេះ គឺគំរាមកុំឲ្យសមមិត្តផ្សេងៗយកគំរូតាម។ បន្ទាប់មក អង្គការហៅខ្ញុំឲ្យទៅច្រៀង ហើយនៅពេលទំនេរពីច្រៀងខ្ញុំធ្វើការងារសង្គម ដូចជាដកស្ទូងតាំងពីព្រឹកដល់ថ្ងៃត្រង់សម្រាកហូបអាហារ រួចហើយចូលធ្វើការងារបន្តរហូតដល់យប់ទើបឡើងសម្រាកហូបបាយ។ អំឡុងពេលបិទភ្លឺស្រែ ពេលខ្ញុំឃើញក្ដាមក៏មិនហ៊ានចាប់ដែរ។ ថ្ងៃមួយពេលកំពុងតែបិទភ្លឺស្រែ កូនក្រុមរបស់ខ្ញុំបានលួចស្បែកគោយកទៅស្ងោរ ហើយហៅខ្ញុំទៅហូប ទាំងស្បែកគោមិនទាន់ផុយផង។ កាលនោះសមាជិកក្នុងក្រុមរបស់ខ្ញុំ៩ទៅ១០នាក់។ ពេលខ្ញុំហូបស្បែកគោហើយធ្វើឲ្យរីកពេញពោះ ហើយខ្ញុំដេកននៀលដីព្រោះហល់។ ខ្ញុំសូមផ្ដាំផ្ញើដល់ប្អូនៗឲ្យខិតខំសិក្សារៀនសូត្រ និងជួយផ្សព្វផ្សាយអំពីប្រវត្តិសាស្រ្តក្នុងរបបខ្មែរក្រហមឲ្យមិត្តភក្តិបានដឹងថាវាជារឿងពិត។ ក្មួយៗក៏អាចស្ដាប់ការចែករំលែករឿងរ៉ាវរបស់តា យាយ អ៊ំពូមីង ដោយការយកចិត្តទុកដាក់ និងសួរសំណួរបានដែរ។
ខ្ញុំឈ្មោះ យឹម ផាត់ ភេទស្រី អាយុ៨២ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិខួច (ខេត្តតៃនិញប្រទេសវៀតណាម)។ បច្ចុប្បន្ន ខ្ញុំរស់នៅក្នុងភូមិស្រែតានងលិច ឃុំចាន់មូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំមានឪពុកឈ្មោះ យឹម និងម្ដាយឈ្មោះ អឹម។ ឪពុកម្តាយខ្ញុំបានស្លាប់ដោយសារជំងឺនៅក្នុងសម័យខ្មែរក្រហម។ ខ្ញុំមានបងប្អូនចំនួន៤នាក់ ក្នុងនោះមានស្រី២នាក់និងប្រុស២នាក់។ ខ្ញុំមានប្តីឈ្មោះ ម៉ម ថន ស្លាប់ដោយសារជំងឺ និងគ្មានព្យាបាលក្នុងរបបខ្មែរក្រហម។ ខ្ញុំមានកូនស្រីចំនួន៤នាក់។
ដំបូងអង្គការប្រមូលរបស់របរដាក់ជាសម្បត្តិរួម និងចាប់ផ្ដើមប្រមូលប្រជាជនឲ្យហូបបាយរួម។ រហូតដល់ចុងឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសគ្រួសារខ្ញុំចេញពីភូមិស្រែតានងកើត។ ខ្ញុំធ្វើដំណើរចេញពីស្រែតានងកើត រហូតដល់តារាងយន្តហោះនៅខ្នងក្រពើ ស្រុកមេមត់ទើបឈប់សម្រាកនៅទីនោះមួយយប់។ ខ្ញុំបន្តដំណើរទៅភូមិឈើទាលជ្រុំ ហើយឈប់សម្រាកនៅទីនោះមួយយប់ទៀត។ លុះពេលព្រឹកឡើងទើប ខ្ញុំធ្វើដំណើរទៅដល់ស្រុកតំបែរ និងឆ្លងទន្លេទៅភូមិដងក្តោង។ ទៅដល់ដំបូង ខ្មែរក្រហមប្រើខ្ញុំទៅកាប់គាស់រានដីដែលមានចម្ងាយ ប្រហែលជាង១០គីឡូម៉ែត្រពីភូមិ។ ខ្ញុំត្រូវងើបទៅធ្វើការងារតាំងពីព្រឹកព្រឹលឹម ហើយត្រឡប់មកវិញនៅពេលរសៀល។
នៅឆ្នាំ១៩៧៧ ខ្មែរក្រហមចាត់តាំងខ្ញុំឲ្យដាំបាយឲ្យប្រជាជនក្នុងសហករណ៍។ នៅក្នុងក្រុមដាំបាយនោះមានមនុស្សប្រហែលជា១០នាក់ គឹអ្នកខ្លះលាងចាន អ្នកខ្លះរកបន្លែ និងអ្នកខ្លះទៀត ដឹកស្រូវមកកិនយកអង្ករដាំបាយ។ ក្នុងមួយថ្ងៃខ្ញុំដាំបាយពីរពេល គឺព្រឹកម៉ោង៩ និងម៉ោង៥ល្ងាច។ ចំពោះការហូបចុកមិនបានគ្រប់គ្រាន់ទេ គឺខ្ញុំហូបដូចប្រជាជនទូទៅដែរ។
នៅចុងបញ្ចប់កម្មវិធីលោក ឡុង ដានី ថ្លែងអំណរអរគុណដល់អាជ្ញាធរភូមិឃុំ យាយ តា អ៊ំ ពូ មីង និងសិស្សានុសិស្សទាំងអស់ដែលបានចូលរួមវេទិកា និងបានចែករំលែកបទពិសោធន៍ទៅកាន់ប្អូនៗដែកជាយុវជនជំនាន់ក្រោយឲ្យបានយល់ដឹងអំពីប្រវត្តិសាស្ត្រខ្មែរក្រហម។ លោក ឡុង ដានី បានផ្តាំផ្ញើប្អូនៗខិតខំប្រឹងប្រែងរៀនសូត្រ និងសិក្សាអំពីប្រវត្តិសាស្ត្រឲ្យបានច្រើន ហើយចូលរួមថែរក្សាសន្តិភាពឲ្យបានគង់វង្ស។
អត្ថបទ ៖ វី ស៊ីថា វន បុប្ផា និង ឈុំ រ៉ា បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា