ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារកម្ពុជា បានជួបពិគ្រោះនិងពិនិត្យសុខភាពជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមកពីខេត្តព្រៃវែង និងខេត្តស្វាយរៀង ចំនួន២៣០នាក់។ បញ្ជីឈ្មោះដែលបញ្ជូនមកពីមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង ដែលជាសាខាមួយក្នុងចំណោមសាខាទាំង៧របស់មជ្ឈមណ្ឌលឯកសារកម្ពុជាបានបង្ហាញថាឈ្មោះទាំង២៣០នាក់នៅក្នុងបញ្ជីគឺជាអ្នករស់រានមានជីវិត មានអាយុចាប់ពី៥៥ឆ្នាំឡើងទៅដែលក្រុមអ្នកស្ម័គ្រចិត្តកម្ពុជានៃមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង ធ្លាប់បានចុះជួបនិងសម្ភាសន៍ក្នុងអំឡុងខែធ្នូ ឆ្នាំ២០២៣ និងខែមករា ឆ្នាំ២០២៤នេះ។ សូមបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅមជ្ឈមណ្ឌលឯកសារកម្ពុជា ក៏ធ្លាប់បានជួបពិគ្រោះនិងពិនិត្យសុខភាពជូនអ្នករស់រានមានជីវិតចំនួន១២៤នាក់មកពីស្រុកកំចាយមារ ខេត្តព្រៃវែង ម្តងរួចហើយ។ គម្រោងដែលបានអនុវត្តក្នុងរយៈពេលបីថ្ងៃនេះគឺដើម្បីបម្រើដល់សេចក្តីត្រូវការរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ក្នុងការថែទាំសុខភាពដែលមានសភាពទ្រុឌទ្រោមដោយសារជំងឺ និងផលប៉ះពាល់ដោយសាររបបខ្មែរក្រហម។
គោលបំណងដ៏មានសារសំខាន់មួយទៀតរបស់គម្រោង គឺដើម្បីបំពេញបន្ថែមនូវការបាត់បង់ភាពយុត្តិធម៌របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ៗដែលបង្កដោយរបបខ្មែរក្រហម។ ហេតុនេះមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានបញ្ជូនអ្នកស្ម័គ្រចិត្តរបស់ខ្លួនឲ្យចុះទៅជួប និងសួរសុខទុក្ខពីបញ្ហាសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដល់គេហដ្ឋានផ្ទាល់ ដើម្បីឈ្វេងយល់ថា តើបញ្ហាសុខភាពរបស់ពួកគាត់មានសភាពយ៉ាងដូចម្តេច? ការជួបជជែកគ្នារវាងអ្នករស់រានមានជីវិត និងក្មេងៗជំនាន់ក្រោយដែលជាចៅៗរបស់ខ្លួនគឺជាយន្តការនៃការបណ្តុះការចងចាំ ការសន្ទនាអន្តរជំនាន់ ការចែករំលែក និងការផ្សះផ្សាផ្លូវចិត្ត។ អត្ថបទនេះនឹងបង្ហាញអំពីសកម្មភាពប្រចាំថ្ងៃនីមួយៗនៃការពិគ្រោះ និងពិនិត្យសុខភាពជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលអញ្ជើញមកកាន់ទីតាំងគោលដៅដែលបានកំណត់ដោយក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង ដោយមានការសហការពីអាជ្ញាធរ ឃុំ ស្រុក និងអាជ្ញាធរខេត្តព្រៃវែង។ សកម្មភាពពិគ្រោះ និងពិនិត្យសុខភាពជូនអ្នករស់រានមានជីវិតទាំង២៣០នាក់ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ នៅទីតាំងចំនួន២គឺ ក្នុងឃុំជីផុច ស្រុកមេសាង និងក្នុងឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង។ កិច្ចការងារទាំងពីរទីតាំងនេះបានដំណើរការទៅតាមការគ្រោងទុកនិងរបៀបវារៈដូចៗគ្នា គឺនៅរសៀលថ្ងៃទី១៣ និងព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែងបានជួបពិគ្រោះ និងពិនិត្យសុខភាពជូនអ្នករស់រានមានជីវិតចំនួន១១៩នាក់ មកពីឃុំព្រៃឃ្នេស ឃុំជីផុច និងឃុំច្រេស ក្នុងស្រុកមេសាង។ នៅរសៀលថ្ងៃទី១៤ និងពេញមួយថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានបន្តជួបជាមួយអ្នករស់រានមានជីវិតចំនួន១១១នាក់ទៀត មកពីឃុំក្រញូង ឃុំក្របៅ ឃុំជាច ឃុំស្មោងខាងជើង និងឃុំស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង ព្រមទាំងអ្នករស់រានមានជីវិតមកពីឃុំក្រសាំង និងឃុំអណ្តូងត្របែក ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង។ នៅថ្ងៃដំបូងនៃការចាប់ផ្តើមអនុវត្តសកម្មភាពការងារ តំណាងអាជ្ញាធរឃុំទាំងពីរគឺឃុំជីផុច ស្រុកមេសាង និងឃុំក្រញូង ស្រុកកំចាយមារ មានមតិស្វាគមន៍ចំពោះអ្នកចូលរួមទាំងអស់ និងបានប្រកាសបើកកម្មវិធីពិនិត្យ និងពិគ្រោះពីបញ្ហាសុខភាពរបស់អ្នករស់រានមានជីវិតទាំងអស់។
លោក ព្រុំ សារឿន គឺជាជំទប់ទី១ឃុំជីផុច បានរៀបរាប់ពីប្រវត្តិរបស់គាត់ឆ្លងកាត់របបខ្មែរក្រហម ជីវិតរស់នៅក្រោមរបបខ្មែរក្រហម ការអភិវឌ្ឍន៍ភូមិឃុំនាពេលបច្ចុប្បន្ន និងផ្តាំផ្ញើដល់អ្នកចូលរួមឲ្យចែករំលែកបទពិសោធន៍របស់ខ្លួន ដល់ក្មេងៗជំនាន់ដើម្បីបន្តការចងចាំពីប្រវត្តិសាស្ត្រ។ ចំណែកលោកមេឃុំក្រញូង បានសម្តែងការត្រេកអរចំពោះវត្តមានរបស់បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង ក្នុងការផ្តល់ចំណេះដឹងថ្មីៗទាក់ទងនឹងការថែទាំសុខភាពដល់អ្នកភូមិរបស់គាត់ ក៏ដូចជាអ្នកឯទៀតដែលបានចូលរួមនៅក្នុងកម្មវិធីនេះ។ លោក ព្រំ សារឿន ក៏បានលើកឡើងអំពីជីវិតរបស់គាត់ឆ្លងកាត់របបខ្មែរក្រហម ដែលជួបប្រទះទុក្ខលំបាក និងជំងឺរហូតមកដល់ពេលបច្ចុប្បន្ននេះ។ បន្ទាប់មកអ្នកស្ម័គ្រចិត្តកម្ពុជា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង និងក្រុមគ្រូពេទ្យ បានចាប់ផ្តើមដំណើរការពិគ្រោះនិងពិនិត្យសុខភាពជូនអ្នករស់រានមានជីវិត តាមតារាងបែងចែកភារកិច្ច និងតួនាទីរៀងៗខ្លួនដូចខាងក្រោម៖
អ្នកស្ម័គ្រចិត្តកម្ពុជាម្នាក់ គឺជាអ្នកហៅឈ្មោះអ្នករស់រានមានជីវិតដែលមានឈ្មោះនៅក្នុងបញ្ជី ម្នាក់ម្តងៗឲ្យមកទទួលការពិគ្រោះ និងពិនិត្យសុខភាពនិងផ្ទៀងផ្ទាត់ឈ្មោះក្នុងបញ្ជីជាមួយនឹងអត្តសញ្ញាណបណ្ណដែលបាននាំយកមកតាមខ្លួន។ ការផ្ទៀងផ្ទាត់នេះគឺដើម្បីចៀសវាងការច្រឡំឈ្មោះ។ ក្នុងចំណោមឈ្មោះទាំង២៣០នាក់ មានប្រហែល១០នាក់ប៉ុណ្ណោះដែលមានខុសនាមខ្លួន និងនាមត្រកូល។ មូលហេតុដែលបណ្តាលឲ្យខុសឈ្មោះដូច្នេះគឺដោយសារតែអ្នករស់រានមានជីវិតបានប្រាប់ឈ្មោះហៅក្រៅរបស់ខ្លួន ទៅកាន់អ្នកសម្ភាសន៍ដែលជាអ្នកស្ម័គ្រចិត្តកម្ពុជានាពេលកន្លងមក។ ឈ្មោះដែលខុសទាំងប៉ុន្មាន ត្រូវបានដោះស្រាយភ្លាមៗ បន្ទាប់ពីមានការធានាអះអាងពីមេភូមិ និងអ្នកចូលរួមដែលមកពីភូមិតែមួយជាមួយនឹងអ្នកខុសឈ្មោះនោះ។ អ្នកស្ម័គ្រចិត្តកម្ពុជាម្នាក់ទៀត គឺជាអ្នកសម្របសម្រួលដល់អ្នករស់រានមានជីវិតណាម្នាក់ដែលមានបញ្ហាសុខភាព ពិបាកនឹងធ្វើដំណើរពីកៅអីមកកាន់តុពិគ្រោះ និងពិនិត្យសុខភាព។ ចំណែកអ្នកស្ម័គ្រចិត្តពីរនាក់ទៀត គឺជាជំនួយការគ្រូពេទ្យក្នុងការពិនិត្យសុខភាព និងជាអ្នកកត់ត្រាចូលក្នុងបញ្ជីអំពីប្រភេទជំងឺដែលអ្នករស់រានមានជីវិតកំពុងតែជួបប្រទះ។
អ្នកជំនាញសុខភាពរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាម្នាក់ និងគ្រូពេទ្យម្នាក់ ទទួលភារកិច្ចវាស់សម្ពាធឈាម និងរកជាតិស្ករក្នុងឈាមរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម តាមរយៈឧបករណ៍វិទ្យាសាស្ត្រ។ ចំណែកវេជ្ជបណ្ឌិតពីររូបគឺ វេជ្ជបណ្ឌិត ឡាវ ហាវ៉ាន់ និង ឡុង ម៉ារ៉ាដែន គឺជាអ្នកពិគ្រោះពីបញ្ហាសុខភាពរបស់អ្នករស់រានមានជីវិតដែលកំពុងជួបប្រទះបញ្ហាប្រឈម។ វេជ្ជបណ្ឌិតទាំងពីររូប បានផ្តល់ដំបូន្មានល្អៗទាក់ទងនឹងការថែទាំសុខភាព ជាជាងការផ្តល់វេជ្ជបញ្ជាសម្រាប់អ្នករស់រានមានជីវិតយកទៅទិញថ្នាំលេបព្យាបាលជំងឺ។ លទ្ធផលនៃការពិនិត្យសុខភាពបឋមដែលស្រង់ចេញពីការពិនិត្យសម្ពាធឈាម និងការធ្វើតេស្តរកជាតិស្ករក្នុងឈាម គឺជាការកត់ត្រាចេញពីវេជ្ជបញ្ជាដែលវេជ្ជបណ្ឌិតបានសរសេរប្រគល់ឲ្យអ្នករស់រានមានជីវិតតែប៉ុណ្ណោះ។ អ្នកស្ម័គ្រចិត្តកម្ពុជាម្នាក់ ដែលស្ថិតនៅជាជំនួយការរបស់វេជ្ជបណ្ឌិត បានកត់ត្រាជាប្រចាំនូវកំណត់ត្រាប្រភេទជំងឺដែលអ្នករស់រានមានជីវិតម្នាក់ៗកំពុងជួបប្រទះ។ សូមពិនិត្យមើលពីកំណត់ត្រានេះខាងក្រោម ៖ ១) ជំងឺលើសសម្ពាធឈាម មានចំនួន៧៤នាក់, ២) ជំងឺក្រពះពោះវៀន មានចំនួន៥៧នាក់, ៣) ជំងឺសន្លាក់ មានចំនួន៥៥នាក់, ៤) ជំងឺផ្លូវចិត្ត មានចំនួន១៧នាក់, ៥) ជំងឺទឹកនោមផ្អែម មានចំនួន៩នាក់, ៦) ជំងឺហឺតរ៉ាំរ៉ៃ មានចំនួន៤នាក់, ៧) ជំងឺរបេង មានចំនួន២នាក់, ៨) ជំងឺផ្សេងៗក្រៅពីប្រភេទជំងឺរ៉ាំរ៉ៃ (ប្រភេទជំងឺធម្មតា ដូចជាជំងឺផ្តាសាយ និងគ្រុនក្តៅ) មានចំនួនច្រើនជាង២០នាក់។
អត្ថបទ ៖ ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា