មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង រៀបចំវេទិកាផ្សព្វផ្សាយអប់រំពីការថែទាំសុខភាពឲ្យប្រសើរឡើងជាងមុនដល់ប្រជាជនពិការស្រុកអន្លង់វែង

នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង រួមទាំងនិស្សិតស្ម័គ្រចិត្តផ្នែកវេជ្ជបណ្ឌិតទូទៅ បានរៀបចំវេទិកាផ្សព្វផ្សាយ និងអប់រំពីការថែទាំសុខភាពឲ្យប្រសើរឡើងជាងមុនដល់​​ប្រជាជនពិការ ចំនួន៦២នាក់ ក្នុងនោះមានស្រីចំនួន២២នាក់ នៅភូមិអូរក្រញូង ភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្ថរមានជ័យ។ អន្លង់វែងគឺជាតំបន់ចុងក្រោយនៃការបញ្ចប់សង្រ្គាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា។ អន្លង់វែងបានបន្សល់ទុកនូវជនពិការភាពជាច្រើនរួមមាន ពិការជើង ពិការដៃ ពិការភ្នែក ពិការចង្កេះ និងស្វិតដៃជើងដោយសារប្រតិកម្មថ្នាំនៅអំឡុងពេលសង្រ្គាម។

ការរៀបចំវេទិកាផ្សព្វផ្សាយ និង អប់រំពីការថែទាំសុខភាពឲ្យប្រសើរឡើងជាងមុនដល់​​ប្រជាជនពិការនេះ គឺជាលើកទីពីរក្នុងតំបន់អន្លង់វែង បន្ទាប់ពីយុវជនស្ម័គ្រចិត្តកម្ពុជា បានចុះសួរសំណួរស្ទាប់ស្ទង់មតិអំពីបញ្ហាសុខភាព រួមទាំងបញ្ហាប្រឈមផ្សេងៗដែលអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមបានជួបប្រទះកន្លងមក។ វេទិកានេះត្រូវបានធ្វើឡើងនៅក្នុងបរិវេណវត្តស្រះឈូក ដែលជាទីតាំងចេតិយ តាម៉ុក មេដឹកនាំដ៏មានឥទ្ធិពលនៅក្នុងតំបន់អន្លង់វែង។ តាម៉ុកបានស្លាប់ដោយសារជំងឺរបេងកាលពីឆ្នាំ២០០៦ បន្ទាប់ពីបញ្ជូនទៅកាន់មន្ទីរពេទ្យកេតុ​មា​លា​ ក្នុងទីក្រុងភ្នំពេញ។ កាលនៅរស់ តាម៉ុក បានដឹកនាំចលនាខ្មែរក្រហមរហូតដល់ឆ្នាំ១៩៩៨ ខណៈដែលកងកម្លាំងខ្មែរក្រហមនៅសេសសល់ទាំងអស់បានផ្ដាច់ខ្លួនចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ជាកិច្ចចាប់ផ្តើមដំបូងនៃវេទិកា អ្នកស្រី គឺម សុវណ្ណដានី អ្នកសម្របសម្រួលគម្រោង«ការលើកកម្ពស់សិទ្ធ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» ចាប់ផ្ដើមប្រកាសបើកកម្មវិធីដោយការណែនាំខ្លួន និងក្រុមការងារដល់អ្នកចូលរួម។ អ្នកស្រី គឺម សុវណ្ណដានី ក៏បានលើកយករឿងរ៉ាវប្រវត្តិសាស្រ្តនៅជំនាន់ខ្មែរក្រហមមកពិភាក្សាមុននឹងចូលដល់ការពិភាក្សាអំពីសុខភាព។ ជាការពិតណាស់ប្រជាជនដែលធ្លាប់ជាអតីតកងទ័ពខ្មែរក្រហម ក៏ត្រូវបានចាត់ទុកថាជាជនរងគ្រោះដែលបានរស់រានមានជីវិតពីសម័យខ្មែរក្រហមដែរ។

បន្ទាប់មកវាគ្មិនចំនួន៣នាក់ គឺជានិស្សិតស្ម័គ្រចិត្តផ្នែកវេជ្ជបណ្ឌិតទូទៅ ឡើងធ្វើបទបង្ហាញ និងផ្លាស់ប្ដូរមតិយោបល់ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមអំពីរបៀបរស់នៅ និងការថែទាំសុខភាពប្រចាំថ្ងៃឲ្យកាន់តែប្រសើរឡើង។ ការពិភាក្សាមានបីដំណាក់កាល គឺ៖

១) កញ្ញា ចន្ថា សិលារត្ន គឺជានិស្សិតស្ម័គ្រចិត្តផ្នែកវេជ្ជបណ្ឌិតទូទៅ បានលើកអំពីជំងឺសម្ពាធឈាមមកពិភាក្សា។ ជំងឺសម្ភាធឈាម មិនមែនមានន័យថាឈាមលើសនោះទេ គឺមានន័យថាវាមានការស្ទះនៅត្រង់កន្លែងណាមួយនៅក្នុងរាង្គកាយមនុស្ស ដើម្បីធ្វើឲ្យប្រសើរឡើងវិញចំពោះបញ្ហានេះគឺត្រូវតបរបបអាហារមួយចំនួន ដូចជា ឈប់ហូបអាហារមានជាតិហឹរ របស់ផ្អាប់ អាហារប្រៃ ជាពិសេសត្រូវកាត់បន្ថយការផឹក​ស្រា និងជក់បារី។ បន្ថែមពីនេះទៀត ត្រូវសម្រាកឲ្យបានគ្រប់គ្រាន់ និង​ហូប​ផ្លែឈើ អាហារ​បៃតង ខ្ទឹមស ចេក និងសាច់ត្រី ឲ្យ​បាន​ច្រើន។

២) កញ្ញា គឹម សុខសុធី គឺជានិស្សិតស្ម័គ្រចិត្តផ្នែកវេជ្ជបណ្ឌិតទូទៅ បាននិយាយអំពីការឆ្លងមេរោគផ្លូវបង្ហូរនោម និងជំងឺក្រពេញប្រូស្តាត។ ជំងឺទាំងពីរនេះបណ្តាលឲ្យពិបាកនោម និងឈឺចាប់ ដែលជាបញ្ហាប្រឈមសម្រាប់ជនពិការមួយចំនួន លំបាកក្នុងការចូលបង្គន់អនាម័យ ដូច្នេះហើយបាន​ជា​ងាយឆ្លងមេរោគ និងបង្កជាការឆ្លងមេរោគលើផ្លូវទឹកនោម។ ចំពោះជំងឺក្រពេញប្រូស្តាតកើតឡើងតែចំពោះបុរសវ័យចំណាស់។ ជំងឺទាំងពីរនេះអាចព្យាបាលបាន តាម​រយៈ​វិធីសាស្រ្ត ដូច​ជា​ ការធ្វើលំហាត់ប្រាណ ឈប់ជក់បារី កាត់បន្ថយការសេពគ្រឿងស្រវឹង ផឹកទឹកឲ្យបានគ្រប់​គ្រាន់​ ហូប​អាហារដែលមានវីតាមីន និងមាន​អនាម័យ​​។

៣) កញ្ញា ម៉ាន់ សុឃីម គឺជានិស្សិតស្ម័គ្រចិត្តផ្នែកវេជ្ជបណ្ឌិតទូទៅបានលើកយកជំងឺសន្លាក់ និងជំងឺទឹកនោមផ្អែមប្រភេទទី២។ ជំងឺនេះភាគច្រើនកើតលើមនុស្សស្រី ហើយជំងឺនេះប៉ះ​ពាល់ដល់បេះដូង ក្រពះ ខួរក្បាល ភ្នែក ដែរ។ ចំណែកជំងឺរលាកសន្លាក់ គឺជាចំណុចប្រសព្វគ្នារវាងឆ្អឹង ដែលនៅក្នុងឆ្អឹងនោះមានទឹកសន្លាក់ដែលបង្កឡើងលើមនុស្សចាស់ ព្រោះនៅពេលមនុស្សចូលដល់វ័យចាស់ទឹកសន្លាក់បានបាត់បង់បន្តិចម្ដងៗ ដែលបង្កឲ្យឈឺចុកចាប់ក្នុងរាង្គកាយ។ ចំពោះ​វិធីសាស្រ្តកាត់បន្ថយការឈឺសន្លាក់ ត្រូវធ្វើលំហាត់ប្រាណ បរិភោគប្រេងសណ្ដែង​ ប្រេង​ល្ងរ ដែល​មាន​សារធាតុ​ជួយ​សម្រួល​ដល់​ការ​ឈឺ​សន្លាក់​ និងការបរិភោគអាហារដែលមានអនាម័យល្អ​។

ចុងបញ្ចប់នៃវេទិកាអ្នកស្រី គឹម សុវណ្ណដានី បាននិយាយណែនាំដល់ប្រជាជនដែលបានចូលរូមក្នុងវេទិកា ដូចជា ត្រូវ​ឧស្សាហ៍ធ្វើលំហាត់ប្រាណ ពិសាអាហារឲ្យបានត្រឹមត្រូវ រស់នៅស្អាត និងត្រូវមានអនាម័យល្អ​ក្នុង​ការ​រស់​នៅប្រចាំ​ថ្ងៃ​ ព្រមទាំងសម្រាន្តឲ្យបានគ្រប់គ្រាន់ ជាពិសេសត្រូវទៅពិនិត្យសុខភាពឲ្យបានមួយដងក្នុងមួយឆ្នាំ។ បន្ទាប់ពី វាគ្មិនធ្វើការណែនាំពីរបៀបការថែនាំសុខភាពរួចមក អ៊ំពូមីងដែលបានចូលរួមបានបង្ហាញចំណាប់អារម្មណ៍ដូចខាងក្រោម ៖

ខ្ញុំឈ្មោះ សូរ មុំ ភេទប្រុស អាយុ៧៦ឆ្នាំ រស់នៅភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង រៀបរាប់ថា វេទិកានេះ​ល្អណាស់​ដើម្បី​ការពារ និង​ថែ​ទាំ​​សុខភាពរបស់ខ្ញុំឲ្យ​បាន​ប្រសើរ​ឡើង​ជាង​មុន​។ លើសពីនេះ​ទៅ​ទៀត​ ខ្ញុំទទួលបាននូវចំណេះដឹងក្នុងការការពារសុខភាពបានកាន់តែច្រើន​ឡើង។ ថ្ងៃនេះខ្ញុំទទួលបានចំណេះដឹងអំពី​វិធី​សាស្រ្ត​ទប់​ស្កាត់​កុំ​ឲ្យ​សុខ​ភាព​ទ្រុឌ​ទ្រោម​។ បច្ចុប្បន្នខ្ញុំមានបញ្ហាព្រិលភ្នែកព្រិល ចុករោយសន្លាក់ ស្ពឹកស្រពន់ រាង្គ​កាយ​ជា​ប្រចាំ​។ ​រោគសញ្ញាជំងឺប្រចាំ​កាយ​របស់ខ្ញុំពាក់ព័ន្ធទម្លាប់មិនល្អ។ ខ្ញុំសប្បាយចិត្តពេលបានដឹងអំពីដំណោះស្រាយការពារ និងប្រុងប្រយ័ត្ន កែប្រែទម្លាប់មិនល្អទាំង​នេះ​ចោល​។ បន្ទាប់​ពី​បាន​ចូលរួមក្នុង​កម្ម​វិធី​នេះ ​ ខ្ញុំនឹង​ពន្យល់ណែ​នាំ​ទៅ​ដល់បងប្អូនកូនចៅរបស់ខ្ញុំ រួម​ទាំង​អ្នកជិតខាងរបស់ខ្ញុំឲ្យ​ដឹង​អំពី​វិធី​សាស្រ្ត​ក៏​ដូច​ជា​របៀប​របប​ការ​ហូប​អាហារ​ឲ្យ​មាន​សុខ​ភាព​ល្អ​។ ជាចុងក្រោយ ខ្ញុំ​សូម​ធ្វើ​ការសំណូមពរទៅ​ដល់​ក្រុមការ​ងារ​មជ្ឈ​មណ្ឌល​សន្តិ​ភាព​អន្លង់​វែង និង​អង្គភាពផ្សេងៗទៀតសូម​ឲ្យ​ជួយ​ផ្ដល់​សេ​វា​កម្មពិនិត្យ​សុខ​ភាព​ដល់​ខ្ញុំ​ និង​ប្រជាជនដែល​រស់​​នៅ​ក្នុង​ភូមិ​ជើង​ភ្នំបន្តទៀត​​។

ខ្ញុំឈ្មោះ ទូច នីម ភេទប្រុស អាយុ៧៣ឆ្នាំ រស់នៅភូមិជើងភ្នំ មានប្រសាសន៍​ថា ការអប់រំអំ​ពីការថែរក្សាសុខភាពជូន​ដល់​ប្រជាជន​នៅ​តាម​ទី​ជន​បទ​ជា​ការ​ល្អ​ខ្លាំងណាស់​។ ជាក់​ស្ដែង​ ខ្ញុំ​បាន​ចូល​រួម​ក្នុង​កម្ម​វិធី​នេះ​ ធ្វើឲ្យ​ខ្ញុំយល់​ដឹងពីរបៀបរបបក្នុងការថែរក្សាសុខភាព ធ្វើ​ឲ្យ​ខ្ញុំ​យល់​ដឹង​ពី​​វិធី​សាស្រ្ត​ការពារខ្លួនឯងពីជំងឺប្រចាំ​កាយ​ និងទទួល​បាន​នូវ​ចំណេះដឹងថ្មីៗដើម្បីថែ​ទាំ​សុខ​ភាពរបស់​ខ្ញុំ​។ ខ្ញុំក៏មានទម្លាប់មិនល្អ មិនចេះថែ​រក្សាអនាម័យ ហើយការរស់នៅតាមបែបបុរាណ បណ្តាលឲ្យខ្ញុំមានបញ្ហាសុខភាពជាច្រើន ដូចជា រលាកថ្លើម រលាកតម្រងនោម លើសឈាម និងឈឺក្រពះពោះវៀន។ ប៉ុន្តែបន្ទាប់ពីខ្ញុំបាន​ចូលរួមស្ដាប់ការអប់រំណែ​នាំ​ពី​របៀប​ថែ​ទាំ​សុខភាពនៅថ្ងៃនេះរួច​មក​ ខ្ញុំគិតថាខ្ញុំអាចកែប្រែ​ទម្លាប់អា​ក្រក់​មួយចំនួនរបស់​ខ្ញុំ ប្តូររបៀបរបបរស់នៅដែលមានអនាម័យ ផឹកទឹក​ស្អាត​ និងហូបអាហារ​ល្អ​មាន​អនាម័យ​។ ជាចុងក្រោយ ខ្ញុំ​ពិត​ជា​មានភាពសប្បាយរីករាយ និងមានអារម្មណ៍ជ្រះថ្លាជា​ខ្លាំង​។

ខ្ញុំឈ្មោះ សយ សាយ ភេទប្រុស អាយុ៧០ឆ្នាំ រស់នៅភូមិជើងភ្នំ លើកឡើងថា ខ្ញុំពិត​ជា​មានសេចក្ដីត្រេកអរជា​ខ្លាំង​ដែលបានគ្រូពេទ្យមកជួយពន្យល់ណែ​នាំ​ពី​វិធី​សាស្រ្ត​ធ្វើ​លំហាត់​ប្រាណ​ដើម្បី​សុខ​ភាព។ ការ​ធ្វើ​បែប​នេះ ធ្វើឲ្យ​ខ្ញុំយល់​ដឹងបាន​មួយកម្រិតទៀត​ទាក់ទងទៅនឹងរោគសញ្ញាផ្សេងៗ និងប្រភេទជំងឺនីមួយៗ ដែលងាយស្រួលក្នុងការទៅរកពេទ្យពិនិត្យសុខភាពឲ្យបានត្រឹមត្រូវ។ ខ្ញុំមានទម្លាប់មិនល្អមួយចំនួនដែលធ្វើឲ្យ​ប៉ះពាល់ដល់សុខភាពដូចជា ការផឹកស្រា ជក់បារី និងការសម្រាន្តមិនគ្រប់គ្រាន់។ បន្ទាប់ពីស្ដាប់ការណែនាំរបស់គ្រូពេទ្យរួចហើយ ខ្ញុំនឹងអនុវត្តតាមគ្រូពេទ្យ ដូចជា កាត់បន្ថយការជក់បារី និងការផឹកស្រាជាដើម។ ចំណែករបបអាហារផ្សេងៗខ្ញុំត្រូវកាត់បន្ថយការ​ហូប​អាហារប្រៃ​។ ខ្ញុំនឹងចែករំលែកការយល់ដឹងរបស់ខ្ញុំទៅអ្នកដ៏ទៃទាក់ទងទៅរបបអាហារថា​តើអាហារមួយ​ណាដែលត្រូវហូប ​និងអាហារមួយ​ណាមិនត្រូវ​ហូប​ និង​ប្រាប់​ឲ្យ​ពួកគេកាត់បន្ថយនូវការពិសារគ្រឿងកំប៉ុងជាដើម។ ជាចុងក្រោយខ្ញុំចង់បានការពិនិត្យសុខភាពដល់ប្រជាជនក្នុងមូលដ្ឋាន​ស្រុកអន្លង់​វែង​នេះជាបន្តទៀត។

ខ្ញុំឈ្មោះ នាង មាន ភេទស្រី អាយុ៦៨ឆ្នាំ រស់នៅភូមិជើងភ្នំ រៀបរាប់ថា ជំងឺដែលប្រជាជនប្រឈមនៅពេលបច្ចុប្បន្នគឺ ជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម។ ចំពោះសុខភាពខ្ញុំនាពេលនេះគឺមិនមានបញ្ហាប្រឈមអ្វីឡើយ ដោយសារខ្ញុំធ្វើពលកម្មច្រើន រួមជាមួយនឹងការហូបចុកមានរបៀបរបប​ ហើយខ្ញុំមិនហូបរបបអាហារណាតាមតែចិត្តខ្ញុំឃ្លានឡើយ។ ទោះ​បីជាសុខភាពខ្ញុំល្អប្រសើរយ៉ាងណាក៏ដោយ ខ្ញុំក៏នៅ​មានទម្លាប់មិនល្អមួយចំនួនដែលអាចធ្វើ​ឲ្យ​ប៉ះពាល់ដល់សុខភាពរបស់ខ្ញុំ​ដែរ​ គឺ​ការធ្វើ​ការងារ​ហួសកម្លាំង។ ក្រោយស្ដាប់ការពន្យល់ពីក្រុមគ្រូពេទ្យរួច​ ខ្ញុំអាចការពារខ្លួនឯងបានច្រើនជាងមុន និងអាចធ្វើលំហាត់ប្រាណនៅផ្ទះបាន។  ការដែលបង្កើត​ក្រុមគ្រូពេទ្យចុះមកពិនិត្យសុខភាពផ្ទាល់បែបនេះ ខ្ញុំគិតថាជាការល្អប្រសើរ​ ពីព្រោះប្រជាជននៅក្នុងភូមិភាគ​ច្រើន​មិនសូវបាន​យល់ដឹងពីបញ្ហាសុខភាពនោះទេ។ ជាចុងក្រោយនេះ​ ខ្ញុំសូម​សំណូមពរដល់​ក្រុមការងារចុះមកធ្វើការអប់រំអំពីសុខភាពឲ្យ​បានច្រើនជាងនេះ ពីព្រោះចាស់ៗមានបញ្ហាសុខភាពច្រើន។

អត្ថបទ៖ ​​ មេក វិន អ្នក​ស្រាវ​ជ្រាវ​នៃមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖