សិស្សានុសិស្សស្វែងយល់ពីពាក្យ «ការបង្កើតក្រុមប្រវាស់ដៃ» នៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង

នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បុគ្គលិកប្រចាំការនៅមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បានទទួលស្វាគមន៍សិស្សានុសិស្សចំនួន៥នាក់ មកទស្សនាពិព័រណ៍រូបថត ឯកសារ និងសិក្សាស្វែងយល់អំពីប្រវត្តិសាស្ត្រខ្មែរក្រហមដោយផ្តោតលើប្រធានបទពាក្យ «ការបង្កើតក្រុមប្រវាស់ដៃ» នៅតាមតំបន់រំដោះរបស់ខ្មែរក្រហម។ មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង គឺជាការិយាល័យផ្ដល់នូវចំណេះដឹង ដល់សិស្សានុសិស្ស និស្សិត អ្នកស្រាវជ្រាវ យុវជនយុវនារី ដែលមានបំណងស្វែងយល់អំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យឆ្នាំ (១៩៧៥-១៩៧៩) រួមទាំងឯកសារស្រាវជ្រាវជាច្រើនទៀត។

ក្នុងអំឡុងពេលមានសង្រ្គាមស៊ីវិលពីឆ្នាំ១៩៧០-១៩៧៥ ប្រជាជនភាគច្រើនដែលរស់នៅតាមតំបន់រំដោះគ្រប់គ្រងដោយខ្មែរក្រហមត្រូវបានអង្គការរៀបចំឱ្យទៅជា «ក្រុមប្រវាស់ដៃ» ដែលមានសមាជិកចាប់ពី១០ទៅ៣០គ្រួសារក្នុងមួយក្រុម។ ទោះជាយ៉ាងនេះក៏ដោយ ចាប់ពីឆ្នាំ១៩៧៣ និងជាពិសេសបន្ទាប់ពីជ័យជម្នះឆ្នាំ១៩៧៥ ក្រុមប្រវាស់ដៃត្រូវបានរៀបចំឱ្យទៅជា «សហករណ៍កម្រិតទាប » ដែលមានសមាជិក៣០០ទៅ៤០០នាក់ ឬបញ្ចូលភូមិមួយទាំងមូល។ រហូតដល់ឆ្នាំ១៩៧៧ សហករណ៍កម្រិតទាប ត្រូវបានរៀបចំឱ្យក្លាយទៅជា «សហករណ៍កម្រិតខ្ពស់» ដែលរួមមាន១ពាន់គ្រួសារក្នុងសហករណ៍នីមួយៗ ឬក៏ឃុំមួយទាំងមូល។

មេដឹកនាំបក្សកុម្មុយនីស្តកម្ពុជា បានបង្កើតសហករណ៍ទាំងនេះឡើង ដែលជាផ្នែកមួយនៃដំណើររបស់ខ្លួនឆ្ពោះទៅលុបបំបាត់ចោលកម្មសិទ្ធិឯកជន និងរបបមូលធននិយម និងដើម្បីពង្រឹងវណ្ណៈកម្មករ និងកសិករ។ សម្រាប់ខ្មែរក្រហម សហករណ៍មានន័យថា ប្រជាជនរស់នៅជាមួយគ្នា ធ្វើការជាមួយគ្នា ហូបចុកជាមួយគ្នា និងចែករំលែកការកម្សាន្តជាសមូហភាព។ គោលការណ៍នេះ ធ្វើឱ្យមានការដាក់កំហិតយ៉ាងតឹងរ៉ឹងទៅលើជីវិតជាគ្រួសារ។ គ្រួសារខ្មែរធ្លាប់រស់នៅហូបចុកជាមួយគ្នាអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ ដូច្នេះការបង្ខំប្រជាជនឱ្យហូបរួមគ្នានៅក្នុងសហករណ៍ ជាពិសេសនៅពេលដែលមានការខ្វះខាតស្បៀងអាហារយ៉ាងខ្លាំងបែបនេះគឺជាទង្វើឃោរឃៅខ្លាំងណាស់។ ជាងនេះទៅទៀត ប្រជាជនត្រូវប្រគល់ទ្រព្យសម្បត្តិរបស់ខ្លួនទាំងអស់ ដែលជាមធ្យោបាយផលិតកម្មសំខាន់ៗដាក់ជាសម្បត្តិរួមរបស់សហករណ៍ដែលមានដូចជា៖ ឧបករណ៍ប្រើប្រាស់ គោក្របី នង្គ័ល រនាស់ គ្រាប់ពូជ និងដីស្រែជាដើម។

នៅក្នុងខែវិច្ឆិកា នារដូវរំហើយប្រជាកសិករនៅគ្រប់តំបន់ទាំងអស់កំពុងតែមមាញឹកក្នុងការប្រមូលផលស្រូវទុកដាក់នៅតាមផ្ទះរៀងៗខ្លួន។ នៅតាមតំបន់ខ្លះ ប្រជាជននៅតែបន្តធ្វើតាមទំនៀមទម្លាប់បុរាណតាំងពីយូរលង់ណាស់មកហើយ ដោយធ្វើការប្រវាស់ដៃគ្នាម្នាក់ម្ដងក្នុងការច្រូតកាត់ប្រមូលផលស្រូវ ដើម្បីឱ្យបានទាន់ពេលវេលា។ ការប្រមូលផលស្រូវដោយវិធីប្រវាស់ដៃគ្នា ភាគច្រើនប្រជាជនដែលគ្មានថវិកាសម្រាប់ជួលកម្លាំងមនុស្ស ឬ ជួលម៉ាស៊ីនច្រូតកាត់។ ការធ្វើបែបនេះ គឺបង្កឱ្យប្រជាកសិករខ្លះប្រមូលផលមិនទាន់ពេលវេលាស្រូវត្រូវស្កករុះរោយទៅតាមខ្យល់ ដែលធ្វើប្រជាជនខាតបង់ធ្ងន់ធ្ងរ។ ម្យ៉ាងវិញទៀត ប្រជាកសិករត្រូវប្រើប្រាស់កម្លាំងពលកម្មច្រើនរាប់តាំងពីភ្ជួរដី ព្រោះស្រូវ ដាក់ជី រហូតដល់ស្រូវទុំ ពីមួយរដូវទៅមួយរដូវគ្មានពេលឈប់សម្រាក។

ទន្ទឹមនឹងនេះ ប្រជាជនដែលមានធនធានគ្រប់គ្រាន់ក្នុងការប្រើប្រាស់គ្រឿងម៉ាស៊ីនច្រូតកាត់ ដែលជំរុញឱ្យការប្រមូលផលស្រូវបានលឿន និងទាន់ពេលវេលា។ ជាពិសេសជួយសម្រួលក្នុងការប្រើប្រាស់កម្លាំងពលកម្មបានច្រើនមិនសូវហត់នឿយ។ ប្រជាកសិករ មានពេលវេលាធ្វើកិច្ចការងារផ្សេងៗក្រៅពីស្រែចម្ការ។ ប៉ុន្តែទោះជាយ៉ាងណាក្ដី ប្រជាកសិករដែលប្រមូលផលស្រូវបាននៅតាមតំបន់នីមួយៗក៏ជួបនូវវិបត្តិការលក់ស្រូវមិនចេញ ដោយសារទីផ្សារតម្លៃស្រូវមានការធ្លាក់ចុះខ្លាំង ជាហេតុធ្វើឱ្យប្រជាជនមានការបាត់បង់ទំនុកចិត្តក្នុងការធ្វើស្រែ។ បញ្ហាសេដ្ឋកិច្ចនេះ គឺជាកិច្ចការរបស់រាជរដ្ឋាភិបាលក្នុងការរកដំណោះស្រាយជូនដល់ប្រជាពលរដ្ឋឱ្យមានកម្លាំងចិត្តក្នុងការបន្តធ្វើរបរកសិកម្ម។

បច្ចុប្បន្នជាយុគសម័យទំនើបថ្មី ការធ្វើកសិកម្មបែបទំនើបគឺពេញនិយមខ្លាំងចំពោះប្រជាជនកម្ពុជា។ កសិកម្មនៅប្រទេសកម្ពុជាគឺផលស្រូវជាកត្តាសំខាន់ សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ។ កសិកម្មនៅកម្ពុជាគឺមានការរីកចម្រើន ប្រជាជនធ្វើស្រែដោយប្រើប្រាស់គ្រឿងចក្រទំនើបៗ ប្រព័ន្ធធារាសាស្រ្ត និងវិធីសាស្រ្តកម្ចាត់សត្វល្អិតចង្រៃបំផ្លាញ់ដំណាំបានត្រឹមត្រូវ ជាហេតុធ្វើឱ្យប្រទេសមានការរីកចម្រើនខាងវិស័យនេះបានលឿនរហ័ស។

នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចេញទុនបន្ថែមចំនួន៤០លានដុល្លារ ក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល សម្រាប់ជួយដល់ការប្រមូលទិញស្រូវក្នុងរដូវច្រូតកាត់ចុងឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦ ដើម្បីដោះស្រាយបញ្ហាធ្លាក់តម្លៃស្រូវ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)។

ចុងបញ្ចប់សិស្សានុសិស្សបានសម្ដែងនូវការយល់ឃើញផ្សេងៗគ្នាបន្ទាប់ពីបានចូលរួមដូចតទៅ៖

លី ហ្សា ភេទស្រី អាយុ១៤ឆ្នាំ យល់ឃើញថា៖ «បន្ទាប់ពីខ្ញុំបានស្ដាប់បទបង្ហាញបងៗក្រុមការងាររួចមក ខ្ញុំបានយល់អំពីតំបន់រំដោះនៅឆ្នាំ១៩៧០-១៩៧៥ ច្រើនជាងមុន ដោយបានស្វែងយល់ពីទុក្ខលំបាកប្រជាជននាសម័យនោះ។ ជាពិសេសបានដឹងបន្ថែមអំពីការបង្កើតក្រុមប្រវាស់ដៃ។ ខ្ញុំពិតជាមានអារម្មណ៍អាណិតទៅដល់ប្រជាជនខ្មែរក្នុងសម័យខ្មែរក្រហម ដែលបានជួបនូវការអត់ឃ្លាន និងការធ្វើការមិនបានឈប់សម្រាក។ បើប្រៀបធៀបសម័យមុនមកបច្ចុប្បន្ននេះ គឺមានភាពខុសគ្នាឆ្ងាយ ដោយប្រជាជនរស់នៅដោយឯកជន ការធ្វើស្រែចម្ការ ប្រមូលផលស្រូវក៏មិនលំបាកដូចពីមុនដែរ ពីព្រោះប្រជាជននាសម័យនេះមានឧបករណ៍ទំនើបៗប្រើប្រាស់លែងបង្កើតក្រុមប្រវាស់ដៃទៀតហើយ»។

រី មនូ ភេទស្រី អាយុ១៣ឆ្នាំ រៀបរាប់ថា៖ «បន្ទាប់ពីខ្ញុំបានស្ដាប់ការពន្យល់របស់ក្រុមការងារ និងអានសៀវភៅរួចមក ខ្ញុំចាប់អារម្មណ៍ថាកាលពីសម័យមុនប្រជាជនធ្វើស្រែរួបរួមសាមគ្គី ដោយបង្កើតក្រុមប្រវាស់ដៃគ្នា និងមិនបានទទួលអាហារហូបចុកគ្រប់គ្រាន់ឡើយ។ ប៉ុន្តែបច្ចុប្បន្ននេះ ខ្ញុំឃើញថាប្រជាជននៅតាមភូមិនីមួយៗធ្វើការបង្កបង្កើនផល និងប្រមូលផលស្រូវ ច្រូតកាត់ទៅតាមក្រុមគ្រួសាររៀងៗខ្លួន មិនចាំបាច់ប្រវាស់ដៃគ្នាដូចកាលពីមុននោះទេ។ ការហូបចុក ប្រជាជននាពេលបច្ចុប្បន្ន ទទួលបានគ្រប់គ្រាន់ មិនមានការខ្វះខាតអ្វីឡើយ»។

ឡា ស្រីណា ភេទស្រី អាយុ១៤ឆ្នាំ ឱ្យដឹងថា៖ «បន្ទាប់ពីខ្ញុំបានមកអានសៀវភៅ និងចូលរួមសិក្សានៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ខ្ញុំមានអារម្មណ៍សប្បាយចិត្តរីករាយ និងប្លែកអារម្មណ៍ខុសពីសិក្សានៅក្នុងថ្នាក់រៀន។ លើសពីនេះ ខ្ញុំបានយល់ដឹងពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ និងប្រវត្តិ សាស្រ្តតំបន់អន្លង់វែង ដែលជាស្រុកកំណើតរបស់ខ្ញុំផ្ទាល់។ ចំពោះការបង្កបង្កើតផលស្រូវនៅសម័យខ្មែរក្រហម និងសម័យបច្ចុប្បន្ន គឺមានភាពខុសដាច់ពីគ្នា ព្រោះនៅសម័យមុនត្រូវធ្វើការប្រវាស់ដៃគ្នាត្រូវចំណាយពេលវេលាយូរក្នុងការធ្វើស្រែប្រមូលផល។ ចំណែកបច្ចុប្បន្ននេះ ការធ្វើស្រែចម្ការប្រមូលផលស្រូវទុកដាក់ គឺធ្វើទៅតាមក្រុមគ្រួសារ ឬសមាជិករៀងៗខ្លួន»។

ហាន ម៉ូនីន ភេទស្រី អាយុ១៤ឆ្នាំ លើកឡើងថា៖ «ខ្ញុំពិតជាមានការអាណិតអាសូរទៅដល់ក្មេងៗ រួមទាំងមនុស្សចាស់នៅក្នុងរបបខ្មែរក្រហមខ្លាំងណាស់ ដែលគាត់បានស្ថិតនៅក្នុងគ្រាលំបាកនាសម័យខ្មែរក្រហម។ ការបង្កបង្កើនផលស្រូវនៅសម័យខ្មែរក្រហម និងសម័យបច្ចុប្បន្ន មានភាពខុសគ្នា ដោយសារការបង្កបង្កើនផលសម័យមុនត្រូវសាមគ្គីកម្លាំងបង្កើតជាក្រុមប្រវាស់ដៃ ចាប់ពី១០ ទៅ៣០គ្រួសារ ទើបអាចធ្វើបាន។ ប៉ុន្តែបច្ចុប្បន្ននេះ ការប្រមូលផលស្រូវ មិនចាំបាច់ត្រូវការមនុស្សច្រើនដូចពីមុនទៀតទេ ព្រោះពេលនេះមានម៉ាស៊ីនច្រូត ម៉ាស៊ីនបោកស្រូវ ជំនួសកម្លាំងមនុស្សរាប់រយនាក់ទៅហើយ។ ប្រជាជនមានភាពងាយស្រួល និងបានធូរកម្លាំងជាងមុន»។

អត្ថបទ៖ មេក វិន បុគ្គលិកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖