មជ្ឈមណ្ឌលផ្សះផ្សាវាលវែងចុះពិនិត្យសុខភាពបឋមជូន ព្រះសង្ឃ ជនពិការ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម (១៩៧៥-១៩៧៩) ចំនួន២២០នាក់ នៅស្រុកវាលវែង និងស្រុកភ្នំក្រវ៉ាញ

ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង និងមជ្ឈមណ្ឌលឯកសារកម្ពុជា រួមមាន៖ លោក ឡុង ដានី, អ្នកស្រី គឹម សុវណ្ណដានី, លោក សុខ វណ្ណៈ, លោក ធី គឹមហុង, លោក ចាន់ ណារិទ្ធ, កញ្ញា មឿង ស្រីណុច,កញ្ញា ឡាំ ស្រីនីត និង​ក្រុមវេជ្ជបណ្ឌិតបម្រើការងារនៅមន្ទីរពេទ្យ ខេវី  បានរៀបចំពិនិត្យសុខភាពបឋមជូនព្រះសង្ឃ ជនពិការ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ចំនួន២២០នាក់ នៅភូមិចំនួន៣ គឺភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ភូមិក្រពើពីរ​ក្រោម ឃុំក្រពើពីរ ស្រុកវាលវែង និងភូមិសំរោងទី២ ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ អ្នករស់រានមានជីវិតទាំងអស់ធ្លាប់ផ្ដល់បទសម្ភាសន៍ អំពីបញ្ហាផ្នែកសុខភាព និងរឿងរ៉ាវដែលធ្លាប់​បានឆ្លងកាត់ក្នុងរបបខ្មែរក្រហម (១៩៧៥-១៩៧៩) មកកាន់អ្នកស្ម័គ្រចិត្តនៃមជ្ឈមណ្ឌលផ្សះផ្សាវាលវែង។ ដំណើរការនៃការពិនិត្យសុខភាពជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម គឺមានរយៈពេលពីរថ្ងៃ គឺថ្ងៃទី១៦ ដល់ ថ្ងៃទី១៧​ ខែមករា ឆ្នាំ២០២៤។

សម្រាប់ថ្ងៃទី១៦ ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង និងក្រុមវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យ ខេវី បានរៀបចំពិនិត្យសុខភាពជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន១១៨ នាក់ ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ បន្ទាប់ពីពិនិត្យសុខភាពរួចរាល់ ក្រុមវេជ្ជបណ្ឌិតបានរកឃើញថា អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅក្នុង   ភូមិដីក្រហម ប្រមាណជា៩៥ភាគរយ មានជំងឺប្រចាំកាយ ដូចជា ជំងឺលើសសម្ពាធឈាម ជំងឺទឹក​នោមផ្អែម ជំងឺក្រពះពោះវៀន ជំងឺលើសជាតិអាស៊ីត ជំងឺសន្លាក់ និងជំងឺផ្លូវចិត្តជាដើម។ លោកវេជ្ជបណ្ឌិត ឡាវ ហាវ៉ាន មានប្រសាសន៍ថា «អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមភាគច្រើនលើសលប់មានជំងឺលើសសម្ពោធឈាម ឯជំងឺទឹកនោមផ្អែមឈរនៅលំដាប់ទី២។ បន្ទាប់​មកគឺជំងឺក្រពះពោះវៀន ជំងឺលើសអាស៊ីត និងជំងឺសន្លាក់»។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមួយចំនួន គឺជាជនពិការមានបញ្ហាសុខភាពធ្ងន់ធ្ងរ ដោយសារផលប៉ះពាល់នៃ​ពិការភាពកាលពីសម័យសង្គ្រាម។ ក្នុងនោះក៏មានអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមួយចំនួនមានជំងឺផ្លូវចិត្តដូចជាជំងឺធ្លាក់ទឹកចិត្ត និងជំងឺបាក់ស្បាតជាដើម។

សម្រាប់ថ្ងៃទី១៧ ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង និងក្រុមវេជ្ជបណ្ឌិតបានរៀបចំពិនិត្យសុខភាពជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន១០២នាក់ នៅភូមិក្រពើពីរក្រោម ឃុំក្រពើពីរ ស្រុលវាលវែង និងភូមិសំរោងទី២ ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ ក្រោយពីពិនិត្យសុខភាពរួចរាល់ទាំង ១០២នាក់ មក ក្រុមវេជ្ជបណ្ឌិតបានរកឃើញថាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៃស្រុកទាំងពីរខាងលើមានជំងឺប្រចាំកាយស្រដៀងនឹង​អ្នករស់​រានមានជីវិតរបបខ្មែរក្រហមនៅភូមិដីក្រហមដែរ គឺជំងឺលើសសម្ពាធឈាម ជំងឺទឹកនោមផ្អែម ជំងឺក្រពះពោះវៀន ជំងឺលើសអាស៊ីត ជំងឺសន្លាក់ជាដើម។ លោកវេជ្ជបណ្ឌិត ឡុង ម៉ារ៉ាដែន បានផ្ដល់របាយការណ៍ជាបឋមថា «អ្នករស់រាន​មាន​ពីជីវិតពីរបបខ្មែរក្រហមមានជំងឺដូចបានរៀបរាប់ខាងលើ គឺភាគច្រើនដោយសារផលប៉ះពាល់មកពីរបបខ្មែរក្រហម វ័យចាស់ជរា និងរបៀបរបបរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ដូចជាការហូបអាហារមានរស់ជាតិផ្អែមខ្លាំង ប្រៃខ្លាំង ហូបអាហារផ្អាប់ទុកយូរដែលប្រើប្រាស់អំបិលច្រើន ភេសជ្ជៈកំប៉ុងដែលកម្រិតជាតិស្ករខ្ពស់ជាដើម»។

បន្ទាប់ពីបញ្ចប់កម្មវិធីពិនិត្យសុខភាពលោកវេជ្ជបណ្ឌិត ឡាវ ហាវ៉ាន និងលោកវេជ្ជបណ្ឌិត ឡុង ម៉ារ៉ាដែន បានណែនាំឲ្យអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ត្រូវផ្លាស់ប្តូររបបអាហារ ដូចជា ការកាត់បន្ថយការហូបប្រៃ ហូបផ្អែម តបផឹក​ស្រា និងឈប់ជក់បារី។ ម៉្យាងទៀតសូមឲ្យអ្នកជំងឺពិសារថ្នាំតាមវេជ្ជបញ្ជាឲ្យបានត្រឹមត្រូវ និងត្រូវទៅពិនិត្យសុខភាពនៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យណាមួយឲ្យបានទៀតទាត់។

នៅចុងបញ្ចប់នៃកម្មវិធីទាំងពីរថ្ងៃ អ្នករស់រានមានជីវិតរបបខ្មែរក្រហមបង្ហាញចំណាប់អារម្មណ៍ដូចខាងក្រោម ៖

ខ្ញុំបាទឈ្មោះ ង៉ែត យ៉ុន មានអាយុ៥៨ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយដែលខាងមជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានអញ្ជើញក្រុមគ្រូពេទ្យមក​ពិនិត្យ​សុខភាពដល់ខ្ញុំ និងប្រជាជនដែលរស់នៅក្នុងភូមិដីក្រហម ដែលអាចឲ្យខ្ញុំនិងប្រជាជនឯទៀតបានដឹងច្បាស់ថាខ្លួនកំពុងកើតមានជំងឺអ្វី ដើម្បីព្យាបាលទប់ស្កាត់ជំងឺនេះកុំឲ្យវិវឌ្ឍន៍ទៅជាធ្ងន់ធ្ងរ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងខ្លាំងដល់​ខាង​ក្រុម​គ្រូពេទ្យ ក្រុមការងាររបស់មជ្ឈមណ្ឌលផ្សះផ្សាវាលវែង និងក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជាទាំងអស់ សូមជួបតែសំណាងល្អ និងសុខភាពល្អទាំងអស់គ្នា។

នាងខ្ញុំឈ្មោះ ហែម ភាន់ គឺជាមេភូមិក្រពើពីរក្រោម ខ្ញុំពិតជាមានសេចក្ដីរីករាយជាខ្លាំង ដែលមានក្រុមគ្រូពេទ្យបានមកពិនិត្យសុខភាពប្រជាជនក្នុងភូមិខ្ញុំ។ ប្រជាជនក្នុងភូមិខ្ញុំមិនដែលបានពិនិត្យសុខភាពជុំគ្នាច្រើនបែបនេះទេ វាជាការ​ជួប​ជុំ​ដ៏ល្អមួយក្នុងយល់ដឹងពីសុខភាព ហើយក៏មានការណែនាំពីក្រុមគ្រូពេទ្យ។ ជាចុងក្រោយខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជាដែលបានចុះមកសម្ភាសន៍ប្រជាជនក្នុងភូមិខ្ញុំ ហើយប្រជាជន​ទទួល​បាន​ការ​ពិនិត្យ​សុខភាព។ ខ្ញុំសូមជូនពរមជ្ឈមណ្ឌលឯកសារកម្ពុជាឲ្យទទួល ជោគជ័យជារៀងរហូត។

ខ្ញុំឈ្មោះ តែម អ៊ីប គឺជាអ្នករស់រានមានជីវិតពីសម័យខ្មែរក្រហម។ បច្ចុប្បន្នខ្ញុំរស់នៅក្នុងភូមិសំរោង២ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយក្រោយពីបានចូលរួមពិនិត្យសុខភាព ព្រោះបាន​ក្រុម​គ្រូពេទ្យ​យកចិត្តទុកដាក់ណែនាំពីសុខភាព និងដឹងពីបញ្ហាសុខភាព ឬលើសសម្ពាធឡើង។ ក្រុមការងារមានទំនាក់ទំនងល្អជាមួយអ្នកភូមិ ព្រមទាំងបានជជែកពីរឿងសុខភាព និងរំឭកពីរឿងរ៉ាវដែលបានឆ្លងកាត់ក្នុងសម័យ​ខ្មែរក្រហមជាមួយអ្នកភូមិផ្សេងទៀត។ ខ្ញុំសូមអរគុណដល់មជ្ឈមណ្ឌលឯកសារកម្ពុជាដែលបានឲ្យគ្រូពេទ្យចុះមកពិនិត្យសុខភាពជូនអ្នកភូមិរបស់ខ្ញុំ។

អត្ថបទ៖ ឡុង ដានី នាយកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖