មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមទទួលបានការសរសើរទៅលើកិច្ចសហការអង្គការជាដៃគូក្នុងការជំរុញការយល់ដឹងអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ក្នុងដាក់តាំងពិព័រណ៍ស្ដីពីស្នាដៃសិស្សថ្នាក់ទី១២នៃវិទ្យាល័យ ហ៊ុន សែន ស្គន់ និងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៣-២០២៤

អស់រយៈពេលជិត៣ឆ្នាំ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ដែលជាសាខារបស់មជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) ត្រូវបានដាក់ឲ្យដំណើរការ និងដើរតួនាទីជាមជ្ឈមណ្ឌលស្រាវជ្រាវ និងអប់រំសម្រាប់សិស្ស-និស្សិត អ្នកស្រាវជ្រាវ និងសាធារណជន ជាពិសេសអ្នកដែលរស់នៅក្នុងខេត្តកំពង់ចាម។  មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមបន្តអនុវត្តកិច្ចការងារស្នូលរបស់មជ្ឈមណ្ឌលឯកសារកម្ពុជានៅតាមមូលដ្ឋាន ក្នុងការចងក្រងឯកសារ អប់រំ និងផ្សព្វផ្សាយឯកសារស្តីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។ ក្នុងឆ្នាំ២០២៣នេះ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមបានធ្វើការផ្សព្វផ្សាយ និងអប់រំប្រវត្តិសាស្ត្រខ្មែរក្រហមតាមរយៈកម្មវិធីអប់រំបន្ថែមអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដោយមានការចូលរួមពីសិស្សានុសិស្សជាច្រើនមកពីវិទ្យាល័យនានាក្នុងខេត្តកំពង់ចាម។

វិទ្យាល័យ ហ៊ុន សែន ស្គន់ ដែលជាវិទ្យាល័យដ៏ចំណាស់មួយបង្កើតនៅឆ្នាំ១៩៦៣ ស្ថិតនៅក្នុងចំណោមវិទ្យាល័យដែលផ្ដល់កិច្ចសហការក្នុងការអនុញ្ញាតឲ្យសិស្ស ដែលរៀនថ្នាក់ទី១២ចូលរួមកម្មវិធីអប់រំស្តីអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) របស់មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម។ លោក ខូវ ណារិន នាយករងវិទ្យា ល័យ ហ៊ុន សែន ស្គន់ បានលើកឡើងថា «កម្មវិធីអប់រំស្តីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) រៀបចំដោយមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម គឺពិតជាមានសារសំខាន់សម្រាប់សិស្សានុសិស្សរៀនថ្នាក់ទី១២ ដើម្បីបង្កើនចំណេះដឹងអំពីប្រវត្តិសាស្រ្តកម្ពុជា ដែលបង្កជាការត្រៀមលក្ខណៈរួចជាស្រេចក្នុងការប្រលងមធ្យមសិក្សាទុតិយភូមិ»។ ឆ្លៀតឱកាសនោះ លោក ខូវ ណារិន បញ្ជាក់អំពីលទ្ធផលដែលសិស្សថ្នាក់ទី១២ទទួលបានក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិនាពេលថ្មីៗនេះថា៖ «លទ្ធផលនៃការប្រឡងរបស់សិស្សថ្នាក់ទី១២នាពេលនេះ គឺយើងមានការពេញចិត្ត ពីព្រោះសិស្សចំនួន៤នាក់ទទួលបាននិទ្ទេស A ដែលជាការកើនឡើងចំនួន និងជាកំណត់ត្រារបស់វិទ្យាល័យដែលសិស្សអាចទទួលបាននិទ្ទេស A សរុបចំនួន៤នាក់។ នេះគឺជាមោទកភាពសម្រាប់វិទ្យាល័យយើងខ្ញុំ។ លោក ខូវ ណារិន បន្ថែមថា តំណាងវិទ្យាល័យ ហ៊ុន សែន ស្គន់ ខ្ញុំសូមថ្លែងអំណរគុណដល់អង្គការដៃគូ ដូចជា មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ដែលតែងតែបង្កើតកម្មវីធីអប់រំបន្ថែមក្នុងការដឹកនាំសិស្សថ្នាក់ទី១២ទៅទស្សនកិច្ចសិក្សាផ្ទាល់ជាក់ស្ដែងនៅទីតាំងប្រវត្តិសាស្រ្ត នេះគឺជាការជំរុញដល់ការយល់ដឹងរបស់សិស្សបន្ថែមទៀត»។

ជាមួយកិច្ចសហការកន្លងមក មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ទទួលបានការស្នើសុំចូលរួមការដាក់តាំងពិព័រណ៍ស្ដីពីស្នាដៃសិស្សថ្នាក់ទី១២នៃវិទ្យាល័យ ហ៊ុន សែន ស្គន់ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣នេះ ដែលជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សា២០២៣-២០២៤។ កម្មវិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី និងពិព័រណ៍ស្នាដៃសិស្សថ្នាក់ទី១២នៃវិទ្យាល័យ ហ៊ុន សែន ស្គន់ មានការអញ្ជើញចូលរួមជាគណៈអធិបតីរបស់លោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សាស្រុក និងលោក អូត ឈាងលី អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ និងមានការចូលរួមរបស់លោកគ្រូ/អ្នកគ្រូ និងសិស្សានុសិស្ស។  ក្នុងឱកាសនេះ លោកអភិបាលស្រុក បានអានសារលិខិតរបស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានផ្តាំផ្ញើដល់សិស្សានុសិស្សត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រជៀសឆ្ងាយពីគ្រឿងញៀន និងអំពើខុសច្បាប់ទាំងឡាយ ដើម្បីក្លាយខ្លួនជាយុវជនល្អសម្រាប់គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។

ក្នុងនាមជាអង្គការដៃគូរបស់វិទ្យាល័យ ហ៊ុន សែន ស្គន់ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានចូលរួមចំណែករៀបចំពិព័រណ៍របស់ខ្លួនដែលបែកចែកជា៣ផ្នែក រួមមាន៖ ពិព័រណ៍រូបថតអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) ចំនួន៨០ផ្ទាំង, ការចាក់បញ្ចាំងវីដេអូឯកសារ និងការចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ» រួមជាមួយទស្សនាវដ្ដីស្វែងរកការពិត បោះពុម្ពលេខពិសេស ឆ្នាំ២០២៣ សម្រាប់ចុះផ្សាយសាច់រឿងរបស់អ្នករស់រានមានជីវិតពីខ្មែរក្រហមនៅខេត្តកំពង់ចាម។ បន្ថែមលើនេះទៀត មជ្ឈមណ្ឌលឯកខេត្តកំពង់ចាម រៀបចំដាក់តាំងបង្ហាញសៀវភៅបោះពុម្ពដោយមជ្ឈមណ្ឌលឯកសារកម្ពុជា។ សិស្សសរុបជិត៥០០នាក់ ចូលទស្សនាពិព័រណ៍ និងអានសៀវភៅដែលត្រូវបានដាក់តាំងបង្ហាញ។ ជាការកត់សម្គាល់នៅក្នុងការដើរទស្សនាពិព័រណ៍ និងអានសៀវភៅនេះ សិស្សជាច្រើនចាប់អារម្មណ៍ និងអានសៀវភៅដែលទើបតែត្រូវបានបោះពុម្ពជាពិសេសនាពេលថ្មីៗនេះ មានចំណងជើងថា «ជីវិតម្ដាយខ្ញុំ កែវ ណាន»។

ក្នុងអំឡុងពេលដើរចូលទស្សនាផ្នែកពិព័រណ៍រៀបចំដោយមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម សិស្សឈ្មោះ ឡន ពេជ្រ រៀនថ្នាក់ទី១២ នៅឆ្នាំសិក្សាថ្មី២០២៣-២០២៤នេះ បង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា៖ «ខ្ញុំមានអារម្មណ៍សប្បាយរីករាយ នៅពេលដែលឃើញសិស្សទាំងអស់ចូលរួមការបើកបវេសនកាលឆ្នាំសិក្សាថ្មី និងទស្សនាការដាក់តាំងពីពណ៌សា្នដៃរបស់សិស្ស និងការដាក់តាំងសៀវភៅ និងរូបភាពប្រវត្តិសាស្រ្តរៀបចំដោយមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម។ នេះគឺជាលើកទីមួយដែលមានការដាក់តាំងពិព័រណ៍ និងសៀវភៅប្រវត្តិសាស្រ្តនៅក្នុងវិទ្យាល័យ»។

សិស្សម្នាក់ទៀតឈ្មោះ ចិន ចរិយា រៀនថ្នាក់ទី១២ ឆ្នាំសិក្សាថ្មី២០២៣-២០២៤នេះ និយាយ៖ «ខ្ញុំមានអារម្មណ៍រំភើប និងថ្មីចំពោះការដាក់តាំងពិព័រណ៍យ៉ាងសម្បូរបែប ដែលមានរួមទាំងការដាក់បង្ហាញស្នាដៃ និងសមិទ្ធផលសិស្សថ្នាក់ទី១២ និងការដាក់តាំងរូបថតប្រវត្តិសាស្រ្ត, ការដាក់បង្ហាញសៀវភៅ និងការចាក់បញ្ចាំងវីដេអូឯកសារ។ ជាចុងក្រោយ ខ្ញុំសូមឲ្យមានការដាក់តាំងពិពណ៍បែបនេះបន្តទៀតជារៀងរាល់ឆ្នាំ»។

អត្ថបទ ៖ សាំង ចាន់ធូ បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

រូបថត ៖ លី ដេវីត/មជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖