មជ្ឈមណ្ឌលឯកសារខេត្តព្រែវែងរៀបចំវេទិកាថ្នាក់រៀនស្តីអំពី «ការសិក្សាពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ១៩៧៥-១៩៧៩ និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅកម្ពុជា» សម្រាប់សិស្សវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ព្រៃពោន

នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានរៀបចំកម្មវិធីវេទិកាថ្នាក់រៀនស្តីអំពី «ការសិក្សាពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ១៩៧៥-១៩៧៩ និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅកម្ពុជា» ដោយមានការចូលរួមពីសិស្សានុសិស្សមកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ព្រៃពោន ចំនួន៤០នាក់ ក្នុងចំណោមនោះមានស្រី១៨នាក់។

ចាប់ផ្តើមវេទិកា ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង តម្រូវឲ្យសិស្សានុសិស្សបំពេញតារាងវាស់ស្ទង់ចំណេះដឹងមុនវេទិការយៈពេល១៥នាទី ដើម្បីវាស់ស្ទង់ចំណេះដឹងពីមុន​របស់ខ្លួនស្តីពីមាតិកាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងវិធីសាស្ត្រទប់ស្កាត់អំពើប្រល័យពូជសាសន៍។ តារាងវាស់ស្ទង់ចំណេះដឹង មាន៧សំណួរដែលផ្តោតសំខាន់លើសំណួរទាក់ទងនឹងចំណេះដឹងបឋមរបស់សិស្សានុសិស្សអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងវិធីសាស្ត្រទប់ស្កាត់អំពើប្រល័យពូជសាសន៍។

សកម្មភាពបន្ទាប់គឺលោក ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានណែនាំខ្លួននិងក្រុមការងារ ដល់សិស្សានុសិស្សទាំងអស់ និងរៀបរាប់អំពីព្រឹត្តិការណ៍សំខាន់ៗនៅក្នុងរបបខ្មែរក្រហមមួយចំនួនដូចតទៅ ៖ ការជម្លៀសប្រជាជនដោយបង្ខំ, ការធ្វើការហួសកម្លាំង, ការបំបែកបំបាក់ក្រុមគ្រួសារ, បំបាត់រូបិយប័ណ្ណ សាលារៀន ទីផ្សារ សាសនា វប្បធម៌ប្រពៃណី, ផ្សឹកព្រះសង្ឃ, កម្ចាត់សត្រូវ, ការបញ្ជូនកងទ័ពទៅកាន់ព្រំដែន, ការប្រយុទ្ធជាមួយវៀតណាមនៅតាមព្រំដែន។ ចុងក្រោយ លោក ផេង ពង្សរ៉ាស៊ី បង្ហាញពីនិយមន័យ និងកត្តាគ្រោះថ្នាក់ជាក់លាក់នៃអំពើប្រល័យពូជសាសន៍ និងវិធីសាស្ត្រទប់ស្កាត់អំពើហិង្សា ឬអំពើប្រល័យពូជសាសន៍។ លោក ផេង ពង្សរ៉ាស៊ី បានចំណាយរយៈពេល៧០នាទីក្នុងការបង្ហាញទៅកាន់សិស្សានុសិស្សក្នុងវេទិកាថ្នាក់រៀន ហើយសិស្សានុសិស្សខ្លះបានសួរសំណួរទាក់ទងនឹងប្រធានបទរបស់លោកដែរ។

ជាចុងបញ្ចប់នៃវេទិកាសិស្សានុសិស្សបានបង្ហាញចំណាប់អារម្មណ៍និងការយល់ឃើញពីវេទិកាថ្នាក់ដូចខាងក្រោម ៖

 ជា សុផលវឌ្ឍនា ភេទប្រុស អាយុ១៧ឆ្នាំ រៀននៅថ្នាក់ទី១១ នៃវិទ្យាល័យ ប៊ុន រ៉ានីហ៊ុន សែន ព្រៃពោន រៀបរាប់ថា បន្ទាប់ពីបានស្ដាប់បទបង្ហាញក្នុងវេទិកាថ្នាក់រៀនរួចមក ខ្ញុំទទូលបានចំណេះដឹងជាច្រើន ដូចជា ការកកើតនៃរបបខ្មែរក្រហម ការដឹកនាំបែបឃោរឃៅរបស់ខ្មែរក្រហម ដឹងពីទុក្ខវេទនារបស់ប្រជាជន និងចំនួនប្រជាជនស្លាប់នៅក្នុងរបបខ្មែរក្រហម។ ខ្ញុំយល់ថា យើងត្រូវតែសិក្សាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងយល់ដឹងជាចាំបាច់ ដើម្បីកុំឲ្យរបបនេះវិលត្រឡប់មកវិញសារជាថ្មីម្តងទៀតនៅក្នុងប្រទេសកម្ពុជា។

ធាន គីមឡាង ភេទស្រី អាយុ១៨ឆ្នាំ រៀនថ្នាក់ទី១២ នៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែនព្រៃពោន ឲ្យដឹងថា ថ្ងៃនេះខ្ញុំមានអារម្មណ៍ថារំភើបនៅពេលដែលបានមកចូលរួមនៅក្នុងវេទិកា​ថ្នាក់រៀនស្តីពីប្រវត្តិសាស្រ្តខ្មែរក្រហម។ ខ្ញុំបានដឹងថាប្រជាជនរស់នៅក្នុងរបបខ្មែរក្រហ​មរងទុក្ខវេទនា បែកបាក់ក្រុមគ្រួសារ និងជម្លៀសចេញពីផ្ទះសម្បែងដោយបង្ខំ។ ខ្ញុំបានអានសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅត្រង់ចំណុច ការយាងដំណើររបស់សម្តេចតា និងសម្តេចយាយ ចេញពីទីក្រុងប៉េកាំងឆ្ពោះទៅប្រទេសកម្ពុជា ដោយឆ្លងកាត់ប្រទេសវៀតណាម។ សម្តេចទាំងទ្វេ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីវៀតណាម។

លាស់ ដា ភេទប្រុស មានអាយុ១៧ឆ្នាំ រៀននៅថ្នាក់ទី១២ នៃវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ព្រៃពោន លើកឡើងថា ខ្ញុំមានអារម្មណ៍រីករាយ នៅពេលដែលខ្ញុំបានមកចូលរួមនៅក្នុងកម្មវិធីវេទិកាថ្នាក់រៀននេះ ព្រោះបានធ្វើឲ្យខ្ញុំយល់ដឹងបន្ថែមពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ។ បញ្ហាប្រឈមចម្បងមួយដែលយើងជួបប្រទះ គឺវេទិកាថ្នាក់រៀនលើកនេះ មិនបានបំពេញតាមផែនការកំណត់ឡើយ។ សិស្សានុសិស្សទាំងអស់ មិនបានធ្វើដំណើរទៅកាន់ទីតាំងវាលពិឃាដខ្មែរក្រហមតាមការគ្រោងទុកឡើយ។ ចំណុចនេះ គឺដោយសារតែវេទិការបស់យើងបានពន្យាពេលរហូតដល់ម៉ោងជាង៣រសៀល ជាពេលវេលាដែលសិស្សទាំងអស់ត្រូវវិលត្រឡប់ទៅកាន់វិទ្យាល័យរបស់ខ្លួនវិញ។ វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ព្រៃពោន មានចម្ងាយប្រមាណ៧០គីឡូម៉ែត្រពីទីរួមខេត្តព្រៃវែង និងពីការិយាល័យមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង។

អត្ថបទ ៖ ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖