ពិធីចែកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅភូមិដីក្រហម

នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមការងាររបស់មជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានធ្វើការចែកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៨៤នាក់ ក្នុងនោះមានស្រី៥៤នាក់ រស់នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ជាកិច្ចចាប់ផ្តើមកម្មពិធី លោក ឃិន វ៉ូ គឺជាមេភូមិដីក្រហម ថ្លែងអំណរគុណដល់ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែងដែលបាននាំយកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់​ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ មកចែកជូនដល់យុវជន និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅភូមិដីក្រហមនេះ។ លោក ឃិន វ៉ូ បន្តថា សៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» នេះគឺជាប្រវត្តិសម្ដេចយាយ បានអមព្រះរាជដំណើរសម្តេចតាឆ្លងកាត់ពីប្រទេសចិន មកវៀតណាម និងបន្តមកទស្សនកិច្ចប្រទេសកម្ពុជា និងជួបជាមួយប្រជានុរាស្រ្តរបស់ព្រះអង្គដែលបានចូលរួមក្នុងចលនាតស៊ូនៃរណសិរ្សរួបរួមជាតិកម្ពុជា នៅឆ្នាំ១៩៧៣ ដែលឆ្លងកាត់ឧបគ្គស និងគ្រោះថ្នាក់ដល់អាយុជីវិត។

កិច្ចបន្ទាប់លោក ឡុង ដានី នាយកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានថ្លែងអរគុណលោក ឃិន វ៉ូ មេភូមិដីក្រហម និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលមកចូលរួមក្នុងកម្មវិធីចែកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់​ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងថ្ងៃនេះ។ មុនចែកជូនសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» លោក ឡុង ដានី បានសង្ខេបអំពីប្រវត្តិមជ្ឈមណ្ឌលផ្សះផ្សាវាលវែងដែលមានទីតាំងស្ថិតនៅក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងបានបើកដំណើរការនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ព្រមទាំងគោលបំណងនៃការបង្កើតមជ្ឈមណ្ឌលផ្សះផ្សាវាលវែងនេះ។ ក្នុងឱកាសនោះលោក ឡុង ដានី បានស្នើសុំយុវជនស្ម័គ្រចិត្តចំនួន៤រូបដើម្បីឡើងអានសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។ គោលបំណងនៃការស្នើឲ្យយុវជនឡើងអានសៀវភៅនេះគឺ ៖ ១) ចង់ឲ្យយុវជន និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមយល់ដឹងខ្លះៗអំពីខ្លឹមសារក្នុងសៀភៅ «សាក្សីប្រវត្តិសាស្រ្ត» ដែលជាព្រះរាជដំណើររបស់ហ្លួងម៉ែ និងសម្តេចព្រះបរមរតនៈកោដ្ឋយាងមកប្រទេសកម្ពុជាក្នុងឆ្នាំ១៩៧៣។ ២) បង្ហាញពីភាពទន់ភ្លន់ និងសេចក្តីថ្លៃថ្នូររបស់ហ្លួងម៉ែ ចំពោះព្រះរាជតម្រិះ ព្រះរាជយោបល់ និងព្រះរាជទស្សនរបស់ហ្លួងម៉ែក្នុងព្រះរាជដំណើរពីទីក្រុងប៉េកាំងមកទីក្រុងហាណូយ បន្តព្រះរាជដំណើរដោយរថយន្តតាមផ្លូវលំហូជីមិញចូលមកកាន់ប្រទេសកម្ពុជា ក្នុងឆ្នាំ១៩៧៣។ ៣) ចង់ឲ្យយុវជនឈ្វេងយល់ពីរបៀបសរសេរ និងសារសំខាន់នៃកំណត់ហេតុផ្ទាល់ខ្លួន។ ជាចុងក្រោយ លោក ឡុង ដានី ក៏សូមអរគុណដល់លោក ឃិន វ៉ូ និងលោកតា លោកយាយ អ៊ំពូមីងទាំងអស់ ហើយសូមជូនពរឲ្យមានសុខភាពល្អ និងជោគជ័យរាល់កិច្ចការងារ។

ចុងបញ្ចប់នៃពិធីចែកសៀវភៅ សៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក៏មានចំណាប់អារម្មណ៍ពីយុវជន និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដូចខាងក្រោម៖

ហ៊ុយ ណេត មានអាយុ៦០ឆ្នាំ មានប្រសាសន៍ថា ខ្ញុំមានអារម្មណ៍សប្បាយចិត្ត និងរីករាយជាខ្លាំង ដែលបានចូលរួមស្ដាប់នូវរឿងរ៉ាវប្រវត្តិសាស្រ្តរបស់ហ្លួងម៉ែ។ ទោះក្នុងពេលនោះខ្ញុំនៅក្មេងមិនបានដឹងនូវរឿងរ៉ាវច្រើនក៏ដោយ ប៉ុន្តែនៅពេលនេះខ្ញុំចង់ស្ដាប់ និងចង់តាមដានហេតុការណ៍ដែលសម្ដេចម៉ែបានឆ្លងកាត់ និងជួបប្រទះក្នុងកំឡុងពេលនោះបន្តទៀត។

កង មែក មានអាយុ៤៣ឆ្នាំ មានប្រសាសន៍ថា ខ្ញុំមានក្តីរំភើប និងសប្បាយចិត្តពេលដែលបានដឹងនូវរឿងរ៉ាវប្រវត្តិសាស្រ្តរបស់ហ្លួងម៉ែ ដែលព្រះអង្គមានគោលបំណងចង់ផ្សព្វ​ផ្សាយអំពីប្រវត្តិសាស្ត្រប្រទេសកម្ពុជា និងផ្ដល់ចំណេះដឹងដល់សិស្សានុសិស្សឲ្យបានយល់កាន់តែច្បាស់ពីប្រវត្តិសាស្រ្តប្រទេសជាតិខ្លួនដែលបានឆ្លងកាត់កន្លងមក។

សុន ចាន់ គឺជាគ្រូបង្រៀននៅសាលាបឋមសិក្សាគិរីសន្តិភាព រៀបរាប់ថា ក្នុងនាមខ្ញុំជាក្មេងជំនាន់ក្រោយ ខ្ញុំសប្បាយចិត្តខ្លាំងដែលមជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានយកសៀវភៅ សៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ មកចែកជូនដល់អ្នកភូមិរបស់ខ្ញុំ។ ខ្ញុំបានអានសៀវភៅនេះហើយ ខ្ញុំទទួលបានចំណេះដឹងបន្ថែម ដូចជា ព្រះរាជដំណើររបស់ព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ និងសម្តេចព្រះ នរោត្តម សីហនុ ចេញពីទីក្រុងបេកាំងប្រទេសចិន មកកាន់ទីក្រុងហាណូយប្រទេសវៀតណាម មកទស្សនកិច្ចជាប្រវត្តិសាស្រ្តក្នុងតំបន់រំដោះនៃប្រទេសកម្ពុជាឆ្នាំ១៩៧៣ ។

អត្ថបទ ៖ ចាន់ ណារិទ្ធិ អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលផ្សះផ្សាវាលវែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖