នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានរៀបចំវេទិកាពិគ្រោះយោបល់ផ្នែកសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ក្នុងវេទិកានេះ មានការចូលរួមពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន១២០នាក់ រស់នៅក្នុងស្រុកជើងព្រៃ, ស្រុកព្រៃឈរ និងស្រុកស្រីសន្ធរ។ លោកវេជ្ជបណ្ឌិត ឡាវ ហាវ៉ាន់ មកពីមន្ទីរពេទ្យខេវី, អ្នកស្ម័គ្រចិត្តកម្ពុជា និងក្រុមការងារសុខភាពនៃមជ្ឈមណ្ឌលឯកសារកម្ពុជា។
ចាប់ពីឆ្នាំ២០២១ ដល់ ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម មានអ្នកស្ម័គ្រចិត្តចំនួនប្រមាណ២៥៧នាក់ បានចុះទៅសួរសុខទុក្ខ និងស្ដាប់បទពិសោធន៍របស់អ្នករស់រានមានជីវិតពីខ្មែរក្រហម។ ការចុះទៅជួបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅតាមផ្ទះ មិនត្រឹមតែអនុញ្ញាតឱ្យអ្នកស្ម័គ្រចិត្ត អាចសួរសុខទុក្ខ និងស្តាប់បទពិសោធន៍ដែលមិនអាចបំភ្លេចបានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចដឹងពីស្ថានភាពសុខភាពរបស់គាត់បន្ថែមទៀត។ អ្នកស្ម័គ្រចិត្ដកម្ពុជា បានជួបសម្ដាសន៍ និងចងក្រងសាច់រឿងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមប្រមាណ១៤០០នាក់។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមជាច្រើន ទទួលបានការពិនិត្យសុខភាពជាបឋម និងពិគ្រោះយោបល់ផ្នែកសុខភាព។
ចាន់ ស៊ីម អាយុ៦៩ឆ្នាំ រស់នៅភូមិត្នោតលើ ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ បានចែករំលែកទស្សនៈផ្ទាល់ខ្លួន និងបទពិសោធន៍ក្នុងរបបខ្មែរក្រហមថា៖ «ខ្ញុំសប្បាយចិត្តដែលអាចចូលរួមវេទិកានេះក្នុងបរិយាកាសដ៏ល្អនៅក្នុងចំការគរ។ ខ្ញុំគឺជាអតីតពេទ្យខ្មែរក្រហម។ ខ្ញុំចូលរួមបដិវត្តន៍នៅឆ្នាំ១៩៧២ និងត្រូវបានបញ្ជូនទៅចូលរៀនវគ្គបណ្ដុះបណ្ដាលផ្នែកពេទ្យនៅស្រុកអូររាំងឪ អស់រយៈពេល៩ខែ។ នៅឆ្នាំ១៩៧៦ ខ្ញុំត្រូវបានបញ្ជូនទៅធ្វើការនៅមន្ទីរពេទ្យស្រុក។ អ្វីដែលខ្ញុំចងចាំបំផុតនោះគឺគ្រាដែលខ្ញុំត្រូវអង្គការចាប់ខ្លួនយកទៅសម្លាប់ចោល ពេលកងទ័ពភូមិភាគនិរតីចូលមកគ្រប់គ្រងនៅចន្លោះឆ្នាំ១៩៧៧ និងឆ្នាំ១៩៧៨ តែសំណាងខ្ញុំអាចរស់រានមានជីវិតពីរបបខ្មែរក្រហមនេះ។»
សុខ រស់ អាយុ៦៦ឆ្នាំ រស់នៅភូមិត្នោតលើ ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ សម្តែងការពេញចិត្តចំពោះការដែលទទួលបានពិគ្រោះយោបល់ផ្នែកសុខភាព និងអាចចែករំលែករឿងរ៉ាវរបស់ខ្លួនដែលបានឆ្លងកាត់ក្នុងរបបខ្មែរក្រហមទៅកាន់វេទិកាថា៖ «ខ្ញុំរៀនសាលាបឋមសិក្សាឫស្សីស្រុកក្រោមត្រឹមថ្នាក់ទី១១។ ខ្ញុំឈប់រៀនដោយសារតែមានការផ្ទុះបាតុកម្ម បន្ទាប់ពីរដ្ឋប្រហារ លន់ នល់ នៅឆ្នាំ១៩៧០។ មិនយូរប៉ុន្មាន សង្រ្គាមរវាងទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហមផ្ទុះឡើង។ គ្រួសារខ្ញុំនិងខ្ញុំភៀសខ្លួនពីកន្លែងមួយទៅកន្លែងមួយនៅគ្រាប្រទេសមានសង្គ្រាម។ នៅឆ្នាំ១៩៧៥ គ្រួសារខ្ញុំ និងខ្ញុំត្រូវបានជម្លៀសទៅខេត្តបាត់ដំបង។ នេះគឺជាការធ្វើដំណើរដ៏វែងឆ្ពោះទៅកាន់ខេត្តបាត់ដំបង តាមសាឡាង, ឡាន និងរថភ្លើង។ នៅពេលទៅដល់បាត់ដំបង ខ្ញុំត្រូវបានដាក់ឱ្យធ្វើការនៅក្នុងកងចល័ត។ ខ្ញុំធ្វើការជាទម្ងន់នៅទំនប់ខ្មែរក្រហមតាំងពីព្រលឹមរហូតដល់ព្រលប់ និងមិនមានអាហារគ្រប់គ្រាន់នោះឡើយ»។
ដិន សុខុន អាយុ៦៩ឆ្នាំ រស់នៅភូមិឫស្សីស្រុក ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ បង្ហាញការចាប់អារម្មណ៍របស់ខ្លួនចំពោះវេទិកានេះថា៖ «នៅឆ្នាំ១៩៧៥ គ្រួសារខ្ញុំ និងខ្ញុំ ត្រូវជម្លៀសទៅខេត្តបាត់ដំបង។ យើងមកដល់ទំនប់កំពីងពួយ។ ខ្ញុំត្រូវបានដាក់នៅកងចល័តដើម្បីជីកប្រឡាយ និងរែកដី។ ខ្ញុំធ្វើការពីព្រលឹមដល់ព្រលប់ និងមិនមានអី្វហូបចុះនោះឡើយ។ នៅការរដ្ឋានទំនប់នេះ ខ្ញុំ ឃើញខ្មែរក្រហមបណ្ដើរមនុស្សយកទៅសម្លាប់ចោល។ ខ្ញុំភ័យខ្លាចជាខ្លាំងនៅពេលនោះ។ ខ្ញុំធ្វើការនៅទំនប់រហូតដល់របបខ្មែរក្រហមដួលរំលំនៅដើមឆ្នាំ១៩៧៩»។
នៅចុងបញ្ចប់នៃវេទិកា អ្នករស់រានមានជីវិតម្នាក់ៗបានទទួលសៀវភៅបោះពុម្ពផ្សាយរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា រួមមានៈ ១) សៀវភៅសុខភាពសម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ២) សៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។ និង ៣) ទស្សនាវដ្ដីស្វែងរកការពិត ការបោះពុម្ពជាពិសេសសម្រាប់ចុះផ្សាយសាច់រឿងរបស់អ្នករស់រានមានជីវិតពីខ្មែរក្រហមនៅខេត្តកំពង់ចាម។
អត្ថបទ ៖ ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម
រូបថត ៖ លី ដេវីត/បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា