នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម រៀបចំឡើងដំណើរទស្សនកិច្ចសិក្សាស្ដីពី ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងចែកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដល់សិស្សានុសិស្សចំនួន៥០នាក់មកពីវិទ្យាល័យ ហ៊ុន សែន ស្គន់។ ដំណើរទស្សនកិច្ចសិក្សាធ្វើឡើងក្នុងគោលបំណងជំរុញដល់ការយល់ដឹងអំពីរបបកម្ពុជាប្រជាធិបតេយ្យ តាមរយៈការចុះទៅកាន់ទីតាំងសម្លាប់ប្រជាជនក្នុងរបបខ្មែរក្រហម ទីតាំងទំនប់ខ្មែរក្រហម និងការស្ដាប់សក្ខីកម្មរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ដំណើរទស្សនកិច្ចសិក្សានេះបាននាំសិស្សានុសិស្សទាំងអស់ទៅកាន់ទីតាំងចំនួន៣ ដូចខាងក្រោម ៖
ទីតាំងទី១) គឺចេតិយតម្កល់អដ្ឋិធាតុជនរងគ្រោះដែលត្រូវបានសម្លាប់ក្នុងរបបខ្មែរក្រហម នៅវត្តសុគន្ធារាម ហៅ វត្តស្គន់។ ការចុះទៅកាន់ចេតិយតម្កល់អដ្ឋិធាតុជនរងគ្រោះក្នុងរបបខ្មែរក្រហមនៅវត្តស្គន់ គឺបានផ្តោតលើប្រធានបទដែលត្រូវលើកពិភាក្សាអំពីការចងចាំពីជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបខ្មែរក្រហម។ លោក ថេត ប៊ុនលីម គណៈកម្មការវត្តស្គន់ និយាយប្រាប់អំពីរឿងរ៉ាវទាក់ទងនឹងប្រជាជនត្រូវបានសម្លាប់ជុំវិញវត្តស្គន់ និងការប្រមូលឆ្អឹងដើម្បីតម្កល់ទុកទីកន្លែងមួយ ហើយក្រោយមកត្រូវបានយកមកដាក់នៅក្នុងចេតិយនេះ។ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រដ្ឋអំណាច អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ប្រជាជន និងសិស្សានុសិស្ស ចូលរួមប្រារព្ធទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយបានរៀបចំពិធីបង្សុកូលឧទ្ទិសកុសលដល់ជនរងគ្រោះដែលបានស្លាប់ក្នុងរបបខ្មែរក្រហមនៅចេតិយតម្កល់អដ្ឋិធាតុជនរងគ្រោះ ដើម្បីរំឭកដល់អ្នកដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបខ្មែរក្រហម និងបង្កើនស្មារតីចងចាំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជានៅក្នុងកម្រិតមូលដ្ឋាន។
ទីតាំងទី២) គឺការចុះទៅកាន់ទំនប់ ៥កុម្ភៈ ដែលជាទំនប់តំបន់៤២ក្នុងរបបខ្មែរក្រហម។ ទំនប់៥កុម្ភៈ ត្រូវបានចាប់ផ្ដើមកសាងនៅឆ្នាំ១៩៧៥ ដែលប្រជាជនថ្មី (១៧មេសា) ត្រូវបានយកទៅលើកទំនប់នេះ។ ប្រជាជនថ្មីជាច្រើន ត្រូវទទួលរងការលត់ដំ និងការយកទៅសម្លាប់ចោលនៅចម្ការស្វាយចន្ទី ដែលមានចម្ងាយមិនឆ្ងាយប៉ុន្មានពីការដ្ឋានទំនប់នោះឡើយ។ ចាប់ពីឆ្នាំ១៩៧៦ ដល់ ចុងឆ្នាំ១៩៧៨ ក្នុងអំឡុងពេលការគ្រប់គ្រងរបស់កម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតី ប្រជាជននៅតំបន់៤២រាប់ពាន់នាក់ ត្រូវបានប្រមូលផ្ដុំ និងបញ្ជូនមកលើកទំនប់៥កុម្ភៈ។ ប្រជាជនដែលត្រូវបានបញ្ជូនមកការដ្ឋានទំនប់៥កុម្ភៈនេះ ទទួលរងការបង្ខំឲ្យធ្វើការងារគ្មានពេលសម្រាក ការហូបចុកមិនគ្រប់គ្រាន់, ការធ្លាក់ខ្លួនឈឺគ្មានថ្នាំព្យាបាល និងការចាប់យកទៅសម្លាប់ជាបន្តបន្ទាប់។
ទីតាំងទី៣) គឺភ្នំហាន់ជ័យ ដែលជាទីកន្លែងមានប្រជាជនរត់ភៀសខ្លួនចូលក្នុងព្រៃនៅភ្នំហាន់ជ័យ និងបង្កើតកម្លាំងតស៊ូប្រឆាំងនឹងការគ្រប់គ្រងរបស់កម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតី។ ចន្លោះពីឆ្នាំ១៩៧៧ ដល់ ឆ្នាំ១៩៧៨ ពេលកម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតី ចូលមកគ្រប់គ្រង, ការកាប់សម្លាប់កើតឡើងកាន់តែខ្លាំងឡើង។ ក្នុងគ្រាមិនដឹងថាតើពេលណាត្រូវបានខ្មែរក្រហមមកពីភូមិភាគនិរតីចាប់យកទៅសម្លាប់ មានប្រជាជនមួយចំនួនបានរត់គេចខ្លួនចូលទៅក្នុងព្រៃនៅលើភ្នំហាន់ជ័យ។ ការរត់គេចខ្លួនរបស់ប្រជាននាពេលនោះគឺបង្ហាញអំពីការតស៊ូប្រឆាំងនឹងការធ្វើបាប និងការកាប់សម្លាប់ទៅលើប្រជាជនពីសំណាក់ខ្មែរក្រហមមកពីភូមិភាគនិរតី។ ក្រុមប្រជាជនដែលបានរត់គេចខ្លួនចូលក្នុងព្រៃនៅពេលនោះ ត្រូវបានខ្មែរក្រហមចោទប្រកាន់ថា ចោរព្រៃ ឬខ្មែរស។
ជាចុងក្រោយនៃដំណើរទស្សនកិច្ចសិក្សានេះ សិស្សានុសិស្សចូលរួមទាំងអស់ទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ» ដើម្បីយកទៅសិក្សាស្វែងយល់ និងប្រើប្រាស់ជាឯកសារប្រវតិ្តសាស្រ្តរបស់ខ្លួន។
អត្ថបទ ៖ សាំង ចាន់ធូ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តកំពង់ចាម
រូបថត ៖ លី ដេវីត/មជ្ឈមណ្ឌលឯកសារកម្ពុជា