អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅឃុំក្រញ៉ូងរៀបរាប់ពីរឿងរ៉ាវជីវិត ក្នុងរបបខ្មែរក្រហម បន្ទាប់ពីទទួលសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

នៅក្នុងឱកាសខួបលើកទី៧០ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិខ្មែរ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង រៀបចំកម្មវិធីចែកសៀវភៅ​ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន​២០៤នាក់ ក្នុងនោះមានស្រីចំនួន១៤០នាក់ រស់នៅឃុំក្រញ៉ូង ស្រុកកំចាយមារ ខេត្តព្រៃវែង។ គោលបំណងនៃកម្មវិធីចែកសៀវភៅនេះ គឺដើម្បីថែរក្សាប្រវត្តិសាស្ត្រ បង្កើនការចងចាំពីប្រវត្តិសាស្ត្រ និង ចូលរួមទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបកម្ពុជាប្រជាធិបតេយ្យ។

ស្ថិតនៅក្នុងបរិវេណវត្តចម្ការចេក និង វត្តកំចាយមារ លោក ខៀវ សុខុម ប្រធានឃុំក្រញ៉ូង បានឡើងមានមតិស្វាគមន៍ និងសំណេះសំណាលទៅកាន់អ្នកចូលរួមទាំងអស់គ្នា ព្រមទាំងថ្លែងអំណរគុណដល់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបាននាំយកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ មកចែកជួនដល់ប្រជាជនក្នុងស្រុកកំចាយមារ។ ដោយសារតែកម្មវិធីត្រូវបានរៀបចំឡើងនៅក្នុងខែវិច្ឆិកា ដែលមានថ្ងៃទី៩ ខែវិច្ឆិកា គឺជាថ្ងៃនៃបុណ្យឯករាជ្យជាតិខ្មែរ លោកមេឃុំបានរំឮកឈ្មោះរបស់សម្តេចព្រះ នរោត្តម សីហនុ ដែលខិតខំប្រឹងប្រែងទាមទារឯករាជ្យពីបារាំងមកវិញ។ បន្ទាប់មកលោកមេឃុំ ក៏បានរំឮកពីប្រវត្តិសាស្ត្រខ្មែរក្រហម ដែលបានសម្លាប់ប្រជាជននៅក្នុងស្រុកកំចាយមារអស់ជាច្រើននាក់ ព្រមទាំងលើកឡើងអំពីអ្នករស់រានមានជីវិតរហូតមកដល់សព្វថ្ងៃនេះមានជំងឺបាក់ស្បាត និងភាគច្រើនជាអ្នកមិនសូវចេះអក្សរដោយសារតែនៅក្នុងរបបខ្មែរក្រហមពុំមានសាលារៀន។

បទបង្ហាញខ្លីស្តីពីព្រឹត្តិការប្រវត្តិសាស្ត្រមុន និង ក្នុងអំឡុងពេលនៃរបបខ្មែរក្រហម

ផ្សាភ្ជាប់ទៅនឹងសម្តីរបស់ប្រធានឃុំ ខៀវ សុខុម ដែលរំឭកឡើងវិញអំពីប្រវត្តិសាស្ត្រជាតិខ្មែរ លោក ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែងក៏បានរៀបរាប់ពីប្រវត្តិរបស់សម្តេច សីហនុ ទាក់ទងនឹងការទាមទារឯករាជ្យពីបារាំងមកវិញដែរ។ លោក ផេង ពង្សរ៉ាស៊ី បានបន្តថា នៅពេលនោះ សម្តេចព្រះ នរោត្តម សីហនុ បានបង្កើតកងយុវពលនារីក្លាហាន ដើរជាជួរ និងស្ពាយកាំភ្លើងឈើ ម្នាក់មួយដើមពីភូមិមួយទៅភូមិមួយដើម្បីបន្លាចដល់បារាំង។ នៅពេលនោះ ក៏មានចលនាខ្មែរឥស្សរៈកើតឡើងដែរ។ សម្តេចព្រះ នរោត្តម សីហនុ បានទាមទារឯករាជ្យពីបារាំងមកវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ បន្ទាប់ពីបានបកស្រាយអំពីប្រវត្តិសាស្ត្រសម័យបារាំងខាងលើ លោក ផេង ពង្សរ៉ាស៊ី បានធ្វើបទបង្ហាញខ្លីទាក់ទងនឹងចំណុចមួយចំនួនដូចខាងក្រោម ៖

១) ព្រឹត្តិការណ៍ក្រោយថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដែលប្រទេសកម្ពុជាបានជួបប្រទះនូវបញ្ហាលំបាកមួយចំនួន រួមមាន ប្រជាជនទាំងអស់ត្រូវបាត់បង់មេដឹកនាំជាទីស្រឡាញ់គឺសម្តេចព្រះ នរោត្តម សីហនុ។ ប្រទេសកម្ពុជាត្រូវបានបែងចែកទឹកដីធ្វើឲ្យមានសង្គ្រាមប្រទាញប្រទង់គ្នារវាង កងទ័ពខ្មែររំដោះខ្មែរក្រហម និងកងទ័ព លន់ នល់។ ប្រជាជនកម្ពុជាកាប់សម្លាប់និងបង្ហូរឈាមគ្នា ដោយការធ្វើសង្គ្រាមជារៀងរាល់ថ្ងៃ ក្រោយថ្ងៃ១៨ ខែមីនា ឆ្នាំ១៩៧០។

២) ការវិលត្រឡប់មកកម្ពុជាវិញរបស់សម្តេច ព្រះនរោត្តម សីហនុ នៅខែមីនា ឆ្នាំ១៩៧៣ ដើម្បីរឹតចំណងសាមគ្គីភាពជាមួយប្រជាជន និងដើម្បីបង្ហាញទៅកាន់ពិភពលោកថា ព្រះអង្គបានបង្កើតរណសិរ្សរួបរួមជាតិកម្ពុជា ដោយមិនមានចិនជាខ្នងបង្អែក។ នៅគ្រានោះហើយ ដែលសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បានកត់ត្រាកំណត់ហេតុប្រចាំថ្ងៃ របស់ទ្រង់អំឡុងពេលយាងចូលប្រទេសកម្ពុជារយៈពេលជាងមួយខែ រហូតដល់ថ្ងៃដែលព្រះអង្គយាងត្រឡប់ទៅកាន់ទីក្រុងប៉េកាំងវិញ។ សំណេររបស់ទ្រង់ ត្រូវបានបកប្រែពីភាសាបារាំង មកភាសាអង់គ្លេសដោយ លោក ឯកអគ្គរាជទូតបណ្ឌិត ហូលីយ៉ូ ជែលដ្រេស និងបកប្រែពីភាសាអង់គ្លេសមកជាភាសាខ្មែរដោយក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា រួចហើយបោះពុម្ពចែកផ្សាយដល់បងប្អូនប្រជាជនកម្ពុជានៅទូទាំងប្រទេស។

នៅឱកាសនោះ លោក ផេង ពង្សរ៉ាស៊ី បានបង្ហាញអំពីការលាលែងពីតំណែងរបស់សម្តេចព្រះ នរោត្តម សីហនុ ចេញពីប្រមុខរដ្ឋ នៅឆ្នាំ១៩៧៦។ លោក ផេង ពង្សរ៉ាស៊ី បន្ថែមថា សម្តេច សីហនុ ពុំជាប់ពាក់ព័ន្ធជាមួយនឹងការដឹកនាំប្រទេសនៅរបបខ្មែរក្រហមឡើយ នៅក្រោយ ឆ្នាំ១៩៧៦ ដូចជាការសម្លាប់ប្រជាជន ការធ្វើទារុណកម្ម ការហូបចុកមិនគ្រប់គ្រាន់ និងការប្រើឲ្យប្រជាជនធ្វើការហួសកម្លាំងជាដើម។

ការឯកភាពចំពោះការធ្វើបទបង្ហាញ

បន្ទាប់ពីការធ្វើបទបង្ហាញរបស់លោក ផេង ពង្សរ៉ាស៊ី បានបញ្ចប់ លោកមេឃុំបានសួរទៅកាន់អ្នកចូលរួមយ៉ាងដូច្នេះថា តើអ្នកទាំងអស់គ្នាឯកភាពចំពោះការធ្វើបទបង្ហាញរបស់លោក ផេង ពង្សរ៉ាស៊ី ដែរឬទេ? អ្នកចូលរួមកម្មវិធីទាំងអស់សម្តែងនូវការឯកភាពចំពោះការលើកឡើងខាងលើ។ ជាមួយគ្នានេះ ឆាន ម៉េត ភេទប្រុស អាយុ៧៦ឆ្នាំ និយាយថា លោក ផេង ពង្សរ៉ាស៊ី បានឧទ្ទេសនាមអំពីប្រវត្តិសាស្ត្រខាងលើ ដូចទៅនឹងអ្វីដែលខ្ញុំបានដឹងកន្លងមក ដូចជាការបង្កើតចលនាខ្មែរឥស្សរ ដែលប្រទេសកម្ពុជាបានរើបម្រះចេញពីអាណានិគមនិយមបារាំង។ កាលនោះព្រះអង្គបានបង្កើតឲ្យមានកងជីវពលនារីក្លានហាននៅតាមមូលដ្ឋានដើម្បីបង្ហាញថា ខ្មែរខ្លាំងនិងភ្ញាក់រឭក។ ចូលមកដល់សម័យសង្គ្រាមឆ្នាំ១៩៧០ និងសម័យ ប៉ុល ពត ប្រជាជនខ្មែរបានឆ្លងកាត់នូវបទពិសោធន៍ដ៏ល្វីងជូរចត់ និងកាប់សម្លាប់យ៉ាងឃោរឃៅ ។

អំណានសៀវភៅសាក្សីប្រវត្តិសាស្ត្រ

តមក ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានចែកសៀវភៅ​ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ឲ្យអ្នកចូលរួមម្នាក់មួយក្បាល។ អ្នកចូលរួមត្រូវបានផ្តល់ពេលវេលាចំនួន១៥នាទីក្នុងការ​ អានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។ ខណៈនោះ លោក ឈាង ណាក់ មានអាយុ៦៥ឆ្នាំ រស់នៅភូមិស្នួល ឃុំក្រញ៉ូង ស្រុកកំចាយមារ ខេត្តព្រៃវែង ឡើងសួរអំពីថ្ងៃខែឆ្នាំដែលទ្រង់យាងត្រឡប់មកប្រទេសកម្ពុជា។ ភ្លាមៗនោះលោកគ្រូ ផេង ពង្សរ៉ាស៊ី ក៏បានឡើងបញ្ជាក់ពីពេលវេលានៃដំណើរទស្សនកិច្ចរបស់ទ្រង់ទាំងទ្វេរ គឺចាប់ពីថ្ងៃទី២៨  ខែកុម្ភៈ ឆ្នាំ១៩៧៣ ដល់ថ្ងៃទី៦​ ខែមេសា ឆ្នាំ១៩៧៣ ដែលមានរយៈពេល៣៩ថ្ងៃ។

ការឡើងចាប់អារម្មណ៍ និងការចែករំលែកពីបទពិសោធន៍ឆ្លងកាត់របបខ្មែរក្រហម

បន្ទាប់ពីអ្នកចូលរួមអាន សៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» ចប់ លោក ផេង ពង្សរ៉ាស៊ី បានលើកទឹកចិត្តអ្នកចូលរួមស្ម័គ្រ ឡើងរៀបរាប់អំពីចំណាប់អារម្មណ៍ចំពោះការទទួលបានសៀវ​ភៅ «សាក្សីប្រវត្តិសាស្ត្រ» ក៏ដូចជាការចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនឆ្លងកាត់សម័យកាលខ្មែរក្រហម ៖

ខ្ញុំឈ្មោះ វេន គង់ ភេទស្រី អាយុ៧១ឆ្នាំ រស់នៅភូមិស្នួល ឃុំក្រញ៉ូង ស្រុកចាយមារ ខេត្តព្រៃវែង។ បន្ទាប់ពីមានព្រឹត្តិការណ៍ សោ ភឹម បះបោរ។ ខ្ញុំបានឮស្នូរកាំភ្លើងវាយប្រយុទ្ធគ្នារវាងកងទ័ពខ្មែរក្រហម និងកងទ័ពខ្មែរក្រហមគ្នាឯង ធ្វើឲ្យខ្ញុំមិនបានដេកពួនឡើយ។ ក្រោយមក ក្រុមខ្មែរក្រហមដែលនិយាយរដឺន បានកៀងខ្ញុំឲ្យរត់ចូលក្នុងព្រៃ។ មួយខែក្រោយមក ទើបខ្ញុំដឹងថាប្រទេសត្រូវបានរំដោះចេញពីរបបខ្មែរក្រហមហើយ។ ថ្ងៃនេះ ខ្ញុំពិតជាមានការសប្បាយរីករាយណាស់ ព្រោះទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ។ ខ្ញុំនឹងយកសៀវភៅនេះឲ្យចៅរបស់ខ្ញុំអានបន្ត។ ចៅរបស់ខ្ញុំតែងតែសួរនាំខ្ញុំពីបទពិសោធន៍ឆ្លងកាត់របបខ្មែរក្រហម។ ខ្ញុំអាចមើលអក្សរនៅក្នុងសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» បានខ្លះ។ ខ្ញុំសូមអរព្រះគុណដល់ហ្លួងម៉ែ ដែលបានសរសេរកំណត់ហេតុរបស់ទ្រង់ និងយកមកចែករំលែកដល់ប្រជាជនទាំងអស់គ្នា។ ខ្ញុំសូមថ្វាយព្រះពរឲ្យហ្លួងម៉ែ មានសុខភាពល្អ និងព្រះជន្មាយុយឺនយូរ។

ខ្ញុំឈ្មោះ ជន បឿន ភេទស្រី អាយុ៨១ឆ្នាំ រស់នៅភូមិចំការចេក២ ឃុំក្រញ៉ូង ស្រុកកំចាយមារ ខេត្តព្រៃវែង។ ខ្ញុំសប្បាយចិត្តនៅពេលទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ទោះបីជាខ្ញុំមិនចេះអក្សរក្តី ប៉ុន្តែខ្ញុំនឹងយកទៅឲ្យចៅៗអានឲ្យស្ដាប់ និងមើលរូបភាពរបស់សម្តេចព្រះនរោត្តម សីហនុ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅក្នុងសៀវភៅនេះ។ ក្រោយពីបានស្ដាប់ការពន្យល់របស់លោក ផេង ពង្សរ៉ាស៊ី រួចមក ធ្វើឲ្យខ្ញុំនឹករឮកពីការឈឺចាប់ និងការធ្វើបាបរបស់ខ្មែរក្រហមមកលើខ្ញុំ។ កាលនោះ ខ្ញុំពិបាកខ្លាំងណាស់ ព្រោះខ្មែរក្រហមបានជម្លៀសខ្ញុំទៅខេត្តកំពង់ធំ។ ពេលនោះកូនៗរបស់ខ្ញុំ នៅតូចៗណាស់ ។ នៅពេលដែលខ្ញុំនឹកឃើញពីប្រវត្តិជូរចត់នេះម្តងៗ ធ្វើឲ្យខ្ញុំខឹង និងស្អប់ខ្មែរក្រហមជាខ្លាំង។ ខ្ញុំមិនចង់ឲ្យរបបខ្មែរក្រហមវិលត្រឡប់មកវិញម្តងទៀតទេ។ នៅក្នុងរបប ខ្មែរក្រហម ខ្ញុំបានបាត់បង់បងប្អូនប្រុសចំនួន២នាក់ ម្នាក់ឈ្មោះ អ៊ឹម និងម្នាក់ទៀត ឈ្មោះ អ៊ីន។ ខ្មែរក្រហមបានចាប់បងប្អូនរបស់ខ្ញុំយកទៅសម្លាប់ ដោយសារតែបងប្អូនរបស់ខ្ញុំធ្វើជាប្រធានភូមិពីសង្គមចាស់។ ខ្ញុំសូមអរព្រះគុណសម្ដេចយាយដែលបានផ្ដល់ជាសៀវភៅនេះសម្រាប់ឲ្យកូនចៅបានអាន។ ខ្ញុំសូមថ្វាយព្រះពរសម្ដេចយាយឲ្យមានព្រះជន្មាយុយឺនយូរ និងទទួលបានសេចក្ដីសុខជារៀងរហូត។

ខ្ញុំឈ្មោះ ធាន ម៉េត ភេទស្រី មានអាយុ៧៦ឆ្នាំ រស់នៅភូមិចម្ការចេក២ ឃុំក្រញ៉ូង ស្រុកកំចាយមារ ខេត្តព្រៃវែង។ នៅសម័យសង្រ្គាម មានយន្តហោះទម្លាក់គ្រាប់បែកបណ្តាលឲ្យឆាបឆេះផ្ទះរបស់ប្រជាជន ហើយសម្តេច សីហនុ បានទៅសាងសង់ផ្ទះឲ្យប្រជាជនឡើងវិញ។ នៅពេលដែល លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ខ្ញុំមានអាយុ២៣ឆ្នាំ។ ក្រោយមកខ្ញុំបានឮសម្តេចព្រះ នរោត្តម សីហនុ ប្រកាសឲ្យកូនចៅរត់ចូលព្រៃម៉ាគី ហើយទន្ទឹមនោះក៏ស្រាប់តែលេចចលនាខ្មែរក្រហមឡើង។ ចូលមកដល់របបខ្មែរក្រហម ខ្ញុំបានរត់គេចខ្លួនអំឡុងពេលដែលខ្មែរក្រហមដេញចាប់ប្រធានកងនៅតាមមូលដ្ឋាន។ ក្រោយមក ខ្មែរក្រហមកៀងខ្ញុំឲ្យចូលទៅក្នុងព្រៃ និងរស់នៅលំបាកវេទនា។  ក្រោយពេលកងទ័ពវៀតណាមចូលមកខ្ញុំក៏វិលត្រឡប់មកភូមិវិញ។

អត្ថបទ ៖ ថុន ស្រីពេជ្រ បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖