វេទិកាថ្នាក់រៀនស្ដីអំពី « ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» នៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង

នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សិស្សានុសិស្ស និងគ្រូចំនួន៣៩នាក់ ក្នុងនោះមានប្រុស១៨នាក់ និងស្រី២១នាក់ នៃវិទ្យាល័យស្រែណូយ បានចូលរួមវេទិកាថ្នាក់រៀនស្ដីពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» នៅមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង។ វេទិកាថ្នាក់រៀននេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដល់យុវជន និងទប់ស្កាត់អំពើប្រល័យពូជសាសន៍នាពេលអនាគត។

ជាកិច្ចចាប់ផ្ដើមវេទិកាថ្នាក់រៀន បណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសនិ្ដភាពអន្លង់វែង បានលើកឡើងពីព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រនៃខួបទី​៧០ឆ្នាំនៃ​ឯករាជ្យភាពរបស់ប្រទេសកម្ពុជា ក្រោម​ព្រះរាជបូជនីយកិច្ច​របស់​ព្រះបាទសម្តេចព្រះ​នរោត្តម សីហនុ និង​បន្ត​មក​បរិបទប្រវត្ដិសាស្រ្ដជុំវិញការធ្វើរដ្ឋ​ប្រហារ​របស់សេនាប្រមុខ លន់ នល់ ដែលនាំឲ្យ​ប្រទេសកម្ពុជា​ធ្លាក់ចូលក្នុង​សង្គ្រាម។ សង្គ្រាម​រយៈពេល៥ឆ្នាំ ចាប់ពី​ឆ្នាំ​១៩៧០ ដល់ ១៩៧៥ បាន​បញ្ចប់ទៅ​ដោយ​ជំនួសមកវិញនូវការ​កកើតរបបខ្មែរក្រហម កើតអំពើ​សោកនាដកម្មដ៏ឃោរឃៅ និងអំពើប្រល័យពូជសាសន៍នៅក្នុងប្រទេសកម្ពុជា។

កម្មវិធីបន្ទាប់គឺ ការចាត់បញ្ចាំងខ្សែភាពយន្ត​ឯកសារអំពី «តំបន់រំដោះ ឆ្នាំ១៩៧៣» ​ដើម្បីឲ្យសិស្សានុសិស្សទស្សនា សិក្សារៀនសូត្រ និងឈ្វេងយល់បន្ថែមអំពីព្រឹត្តិការណ៍ដែលលើកយកមកពិភាក្សាក្នុងវេទិកាខាងលើ។ ក្រោយមកក៏មានការចាក់បញ្ចាំងនូវខ្សែភាពយន្តឯកសារមន្ទីរស-២១ ឬហៅថាគុកទួលស្លែង ដល់សិស្សានុសិស្សបានទស្សនា និងឈ្វេងយល់បន្ថែមពីការធ្វើទារុណកម្មអ្នកទោសដែលជាប់ឃុំឃាំងក្នុងរបបខ្មែរក្រហម។

ក្នុងកំឡុងចាក់បញ្ចាំងភាពយន្ត​ឯកសារមន្ទីរស-២១ ឃើញថាសិស្សានុសិស្សបង្ហាញទឹកមុខសោកសៅ ពេលឃើញទិដ្ឋភាពអ្នកទោសដេកស្លាប់នៅក្នុងបន្ទប់ដោយជើង និងដៃជាប់ខ្នោះ និងអ្នកខ្លះទៀតស្លាប់ដោយការវះពោះ និងអារក។ សិស្សម្នាក់ក្នុង​ចំណោមសិស្សទាំងអស់ បានដើរចេញពីថ្នាក់រៀន​ដោយ​មិនអាចបន្តមើលពីភាពឃោរឃៅរបស់ខ្មែរក្រហមប្រព្រឹត្តមកលើអ្នកជាប់ឃុំឃាំង។ ចំណែកឯអ្នកខ្លះទៀត ឱនមុខចុះ ដោយសារ​រូបភាពដ៏សែនរន្ធត់នេះ។​

ជាចុងបញ្ចប់នៃវេទិកាថ្នាក់រៀនសិស្សានុសិស្សបានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លូនដូចខាងក្រោម៖

រ៉ែម ផារ៉ាត់ ភេទស្រី អាយុ១៧ឆ្នាំ បានរៀបរាប់ថា « ទីតាំងប្រវត្តិសាស្រ្តក្នុងតំបន់អន្លង់វែង គឺខ្ញុំធ្លាប់បានមកលេងជាមួយក្រុមគ្រួសារ តែបានត្រឹមតែមើលឃើញ មិនបានដឹងពីរឿងរ៉ាវនៃទីតាំងនៃប្រវត្តិសាស្រ្តទាំងនេះឡើយ។ ខ្ញុំពិតជាសប្បាយរីករាយ និងអរគុណក្រុមការងារមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ដែលបានបង្កើតវេទិកាថ្នាក់រៀននាថ្ងៃនេះ និងបានធ្វើជាមគ្គុទេសក៍បង្ហាញពីរឿងរ៉ាវនៃតំបន់នីមួយៗ។ ក្នុងនាមខ្ញុំ ជាយុវជនជំនាន់ក្រោយ ខ្ញុំយល់ថាយើងគួរតែនាំគ្នាទប់ស្កាត់កុំឲ្យរបបដ៏ឃោរឃៅមួយនេះកើតឡើងម្ដងទៀត»។

អេង វិរូត ភេទប្រុស អាយុ១៧ឆ្នាំ បាននិយាយពីចំណាប់អារម្មណ៍ក្រោយពីបានចូលរួមនៅក្នុងវេទិកាថា «ការដែលខ្ញុំបានមកចូលរួមនៅក្នុងវេទិកាថ្នាក់រៀននេះ បានធ្វើឲ្យខ្ញុំទទួលបាននូវចំណេះដឹងជាច្រើនពីប្រវត្តិសាស្រ្តនៃរបបខ្មែរក្រហមដ៏ឃោរឃៅនេះ។ ជាពិសេសសារមន្ទីរផ្ទះតាម៉ុក វាជាភស្តុតាងដ៏សំខាន់សម្រាប់ឲ្យយុវជនជំនាន់ក្រោយដូចជាខ្ញុំបានសិក្សាឈ្វេងយល់បន្ថែម។

អត្ថបទ ៖ មេក វិន បុគ្គលិកមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖