វេទិកាអ្នកស្ម័គ្រចិត្តកម្ពុជា ជំនាន់ទី៨ ប្រចាំខេត្តកំពង់ចាម

នៅទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម រៀបចំវេទិកាសម្រាប់អ្នកស្ម័គ្រចិត្តកម្ពុជា ជំនាន់ទី៨ ប្រចាំខេត្តកំពង់ចាម ដោយមានការចូលរួមពីយុវជន-យុវនារីស្ម័គ្រចិត្តសរុបចំនួន១៣៣នាក់។ វេទិកាអ្នកស្ម័គ្រចិត្តកម្ពុជានេះ ធ្វើឡើងក្នុងគោលបំណងបង្កើនចំណេះដឹងប្រវត្តិ​សាស្រ្ត និងរបៀបសរសេរសាច់រឿងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជាជំនាន់ទី៨។ វេទិកានេះក៏រួមបញ្ចូលការចុះទស្សនកិច្ចទៅកាន់ស្ដូបរំឭកសម្រាប់សហគមន៍គគរ ដែលជាកន្លែងដែលអ្នកស្ម័គ្រចិត្តអាចជួប និងស្ដាប់អំពីបទពិសោធន៍ជីវិតរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។

ជាការចាប់ផ្ដើម លោក ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ចាប់ផ្ដើមបើកវេទិកាដោយបានរំឭកអំពីសារសំខាន់នៃការចងចាំប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដែលប្រជាជនកម្ពុជាធ្លាប់ឆ្លងកាត់រាល់ទុក្ខវេទនា ការបែកបាក់គ្រួសារ និងការបាត់បង់ជីវិត។ នៅក្នុងឱកាសនោះ លោក ស៊ាង ចិន្ដា ក៏ធ្វើបទបង្ហាញទាក់ទងនឹងមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម និងអត្ថប្រយោជន៍នៃការងារស្ម័គ្រចិត្ត អំឡុងពេលដែលយុវជន-យុវនារីស្ម័គ្រចិត្តទាំងអស់ចុះអនុវត្តការងារនាពេលដ៏ខ្លីខាងមុខនេះ។ អ្នកស្ម័គ្រចិត្តកម្ពុជាប្រចាំខេត្តកំពង់ចាម មានចំនួនសរុបជិត៥០០នាក់ គឺចាប់ពីជំនាន់ទី១ ដល់ជំនាន់ទី៧ ដែលបានចុះសួរសុខទុក ស្ដាប់ និងសរសេរសាច់រឿងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមសរុបចំនួន៣០០០នាក់។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមក្នុងខេត្តកំពង់ចាម នៅតែចងចាំមិនភ្លេចរាល់ទុក្ខលំបាក និងការបាត់បង់សមាជិកគ្រួសាររបស់ខ្លួនក្នុងរបបខ្មែរក្រហម។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមភាគច្រើនរងផលប៉ះពាល់សុខភាពរាងកាយ និងផ្លូវចិត្ត។

ជាកិច្ចបន្ដ លោក សាំង ចាន់ធូ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាខេត្តកំពង់ចាម និងជាប្រធានក្រុមអ្នកស័្មគ្រកម្ពុជា ប្រចាំខេត្តកំពង់ចាម បានបង្ហាញពីរបៀបបញ្ជូនឯកសារ, បទសម្ភាសន៍ក្នុងតារាងការងារ ដូចអ្នកស្ម័គ្រចិត្តកម្ពុជាជំនាន់មុនៗធ្លាប់ធ្វើកន្លងមក, និងលក្ខន្តិកៈនៃអ្នកស្ម័គ្រចិត្តកម្ពុជាដែលត្រូវបំពេញដូចខាងក្រោម៖

១) សម្ភាសន៍ និងការសរសេរសង្ខេបសាច់រឿងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលមានអាយុចាប់ពី៥៥ឆ្នាំឡើងទៅ

២) ថតសំឡេងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

៣) ថតរូបអ្នកផ្តល់បទសម្ភាសន៍ និងទេសភាពផ្សេងៗនៅតាមភូមិរបស់អ្នកស្ម័គ្រចិត្តកម្ពុជា

ជាកិច្ចបន្ដ លោក លី ដេវីត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ទទួលបន្ទុកផ្នែកប្រព័ន្ធផ្សព្វផ្សាយ ដែលជាអតីតអ្នកស្ម័គ្រចិត្តកម្ពុជាជំនាន់ទី៣ បានចែករំលែកនូវបទពិសោធន៍ និងបច្ចេក​ទេសនៅក្នុងការផ្ដិតយករូបភាព និងការផលិតវីដេអូឯកសារផ្សេងៗ រួមទាំងបង្ហាញអំពីវីដេអូចំណាប់អារម្មណ៍ និងការយល់ឃើញរបស់អ្នកស្ម័គ្រចិត្តកម្ពុជាជំនាន់ទី១ និងជំនាន់ទី៣។

ជាកិច្ចបញ្ចប់នៃវេទិកាអ្នកស្ម័គ្រចិត្តកម្ពុជា ជំនាន់ទី៨ ប្រចាំខេត្តកំពង់ចាម គឺការចុះទៅទស្សនកិច្ចវត្តរកាគយនិងសម្រាកហូបអាហារថ្ងៃត្រង់ និងបន្ទាប់មកបន្តចុះទៅកាន់ស្ដូបរំឭកសម្រាប់សហគមន៍នៅឃុំគគរ។ លោក តុង សុភា អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាតំណាងសមាគមន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅឃុំគគរ ជួបសន្ទនាផ្ទាល់ជាមួយអ្នកស្ម័គ្រចិត្តកម្ពុជាជំនាន់ទី៨ ដោយបាននិយាយប្រាប់អំពីគោលបំណងនៃការសាងសងស្ដូបរំឭកសម្រាប់សហគមន៍នេះ គឺដើម្បីជាទីតាំងរំឭកដល់ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបខ្មែរក្រហម និងជាទីតាំងសម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅឃុំគគរអាចនិយាយប្រាប់អំបទពិសោធន៍របស់ខ្លួនទៅកាន់យុវជន-យុវនារីជំនាន់ក្រោយឲ្យដឹងអំពីប្រវត្តិរឿងរ៉ាវនៅទីនេះ។

អត្ថបទ ៖ ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

រូបថត ៖ លី ដេវីត/មជ្ឈមណ្ឌលឯកសារកម្ពុជា

 

អត្ថបទផ្សេងទៀត៖