ខ្ញុំឈ្មោះ អ៊ុន ធេន ភេទប្រុស អាយុ៦៣ឆ្នាំ មានស្រុកកំណើតនៅភូមិដកពរ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ។ សព្វថ្ងៃខ្ញុំរស់នៅភូមិគោកអំពៅ ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ។ ខ្ញុំមានឪពុកឈ្មោះ ជា អ៊ុន អតីតអ្នកយកការណ៍ឲ្យទាហាន លន់ នល់ និងម្ដាយឈ្មោះ កុជ ង៉ាន គឺជាមេផ្ទះ។ ខ្ញុំរស់នៅក្នុងគ្រួសារកសិករ និងមានជីវភាពខ្វះខាត។
កាលពីកុមារ ខ្ញុំធ្លាប់បានចូលរៀននៅសាលាបឋមសិក្សាវត្តពោធិ៍អំពិល។ ខ្ញុំឈប់រៀនត្រឹមថ្នាក់ទី១១ (សង្គមចាស់) ដោយសារក្នុងភូមិកើតចលាចលដោយសាររដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ។ ក្រោយថ្ងៃរដ្ឋប្រហារ ទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ សង្រ្គាមចាប់ផ្ដើមផ្ទុះឡើងរវាងកងកម្លាំងរំដោះខ្មែរក្រហម និងកងទ័ព លន់ នល់ ហើយប្រជាជនមួយចំនួនបានរត់បែកខ្ញែកគ្នា ដោយអ្នកខ្លះរត់ចូលតំបន់ខ្មែរក្រហម គ្រប់គ្រង និងអ្នកខ្លះទៀតរត់ចូលខាង លន់ នល់។ ពេលនោះក្រុមគ្រួសាររបស់ខ្ញុំបានភៀសខ្លួនមករស់នៅជុំគ្នាក្នុងទីរួមខេត្តតាកែវ ដែលគ្រប់គ្រងដោយរដ្ឋាភិបាលសាធារណរដ្ឋខ្មែររបស់ លន់ នល់។ បន្ទាប់មក ឪពុករបស់ខ្ញុំបានចូលធ្វើការជាអ្នកយកការណ៍ឲ្យទាហាន លន់ នល់ ហើយខ្ញុំតែងតែទៅតាមឪពុករបស់ខ្ញុំពេលគាត់ចេញទៅធ្វើការម្តងៗ។
នៅក្នុងឆ្នាំ១៩៧៤ ខ្ញុំបានចូលរៀនបន្តនៅថ្នាក់ទី១០ នៅទីរួមខេត្តតាកែវ និងបានឈប់រៀននៅក្នុងឆ្នាំ១៩៧៥។ មុនពេលកងទ័ពខ្មែរក្រហមចូលមករំដោះទីរួមខេត្តតាកែវ ឪពុកម្ដាយរបស់ខ្ញុំបានប្រាប់ខ្ញុំថា «ក្រោមការដឹកនាំរបស់សម្ដេចព្រះ នរោត្ដម សីហនុ យើងនឹងបានវិលត្រឡប់ទៅស្រុកកំណើតវិញ ហើយប្រទេសយើងនឹងទទួលបានសុខសាន្តត្រាណ និងឯករាជ្យ »។
រហូតមកដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ នៅពេលដែលកងទ័ពខ្មែរក្រហមរំដោះប្រទេសកម្ពុជាបានទាំងស្រុង ប្រជាជនដែលប្រមូលផ្ដុំគ្នាក្នុងទីរួមខេត្តតាកែវ ត្រូវបានខ្មែរក្រហមជម្លៀសចេញទៅស្រុកកំណើតរៀងខ្លួនវិញ។ ខ្ញុំបានដើរតាមផ្លូវសំដៅទៅអង្គតាសោម ឆ្លងកាត់វត្តចំប៉ា រួចបន្តទៅដល់ថ្នល់បែកគុស ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។ តមក ខ្ញុំបានដើរឆ្លងទៅភូមិទន្លេនាម ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត, អង្គកែវ នៅឃុំអង្គខ្នុរ ស្រុកទ្រាំង រហូតដល់ភូមិព្រៃផ្ដៅ ឃុំសំបួរ ដែលជាស្រុកកំណើត។ នៅនោះ ខ្មែរក្រហមបានបែកចែកប្រជាជនជាក្រុមដាច់ដោយឡែកពីគ្នា ដូចជា គ្រួសារដែលជាអតីតទាហាននៅម្តុំ និងគ្រួសារដែលមិនជាប់និន្នាការនៅម្តុំ។
ក្រុមគ្រួសាររបស់ខ្ញុំដែលបម្រើឲ្យកងទ័ព លន់ នល់ ត្រូវបានខ្មែរក្រហមប្រមូលឲ្យទៅនៅផ្ដុំគ្នាតាមក្រុម ដែលសរុបមានចំនួន៣៧ក្រុម ហើយក្នុងមួយក្រុមមានចំនួន១០គ្រួសារ។ ខ្មែរក្រហមបានចាត់ប្រជាជននៅតាមក្រុមនីមួយៗឲ្យទៅរស់នៅភូមិផ្សេងៗគ្នា ដូចជា ភូមិទួលក្រសាំងភ្នំ និងភូមិដើមស្វាយ ស្ថិតក្នុងឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ។ កាលដើមឡើយទួលក្រសាំងភ្នំ គឺជាទួលដែលមានព្រៃដុះទ្រុប និងជាកន្លែងសម្រាប់អ្នកភូមិពីដើមមកឃ្វាលគោ ហើយមិនមានផ្ទះប្រជាជនឡើយ។
ក្រោយមក ប្រធានកងបានចាត់ខ្ញុំទៅនៅកងកុមារ មានភារកិច្ចឃ្វាលក្របីចំនួន៣០០ក្បាល ជាមួយគ្នាសមមិត្ត២នាក់ទៀត។ ខ្ញុំចាំបានថា នៅថ្ងៃ១៥កើត ខែកត្តិក ឪពុករបស់ខ្ញុំធ្លាក់ខ្លួនឈឺ ត្រូវខ្មែរក្រហមបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ស្ថិតនៅក្នុងវត្តហ៊ានត ហៅ វត្តមហារាជ ស្ថិតនៅក្នុងឃុំសំបួរ។ ឪពុករបស់ខ្ញុំត្រូវបានគ្រូពេទ្យចាក់ថ្នាំសម្លាប់នៅមន្ទីរពេទ្យ ព្រោះគាត់ធ្លាប់ជាអតីតអ្នកយកការណ៍ឲ្យទាហាន លន់ នល់ ហើយកន្លងមក មានអតីតទាហាន លន់ នល់ បានធ្វើការបះបោរប្រឆាំងកម្មាភិបាលខ្មែរក្រហម នៅឃុំធ្លក ស្រុកទ្រាំង។ ដើម្បីការពារកុំឲ្យមានហេតុការណ៍នេះកើតឡើងម្ដងទៀត ទើបកម្មាភិបាលខ្មែរក្រហមចាប់ផ្ដើមស្រាវជ្រាវ និងសម្លាប់អតីតទាហាន លន់ នល់ តាមរយៈ ការចាក់ថ្នាំសម្លាប់ ការតាមដាន និងការទម្លាក់កំហុសទៅលើអតីតទាហាន លន់ នល់ ទាំងនោះដើម្បីធ្វើទុក្ខទោស និងយកទៅសម្លាប់ចោល។
នៅក្នុងឆ្នាំ១៩៧៦ ខ្មែរក្រហមបានផ្លាស់ក្រុមគ្រួសាររបស់ខ្ញុំមករស់នៅឃុំបារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវវិញ។ បន្ទាប់មក អង្គការចាត់តាំងខ្ញុំឲ្យធ្វើការនៅកងដឹកជញ្ជូន។ រាល់ថ្ងៃខ្ញុំត្រូវដឹកស្រូវ អង្ករ អំបិល ត្រី សាច់ ក្បឿង និង ឥដ្ឋតាមរទេះគោ យកទៅចែកតាមសហករណ៍។ ថ្ងៃខ្លះខ្ញុំដឹកទាំងសាកសពមនុស្សស្លាប់ទៀតផង។ នៅអំឡុងពេលនោះ មីង ម៉ៅ ត្រូវជាបងប្អូនបង្កើតរបស់ឪពុកខ្ញុំ បានបាត់បង់កូនចំនួន៥នាក់។ មីង ម៉ៅ បានធ្លាក់ខ្លួនឈឺ និងមានជំងឺវិកលចរិត ហើយបានស្លាប់នៅក្នុងឆ្នាំ១៩៧៨។
ក្រោយរបបខ្មែរក្រហមដួលរលំ នៅឆ្នាំ១៩៧៩ ខ្ញុំវិលត្រឡប់មកស្រុកកំណើតវិញ។ នៅឆ្នាំ១៩៨២ ខ្ញុំបានចូលរៀនបន្ត និងប្រឡងឡើងថ្នាក់ទី៥ នៅវិទ្យាល័យព្រៃទប់ ស្ថិតក្នុងឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ។ ខ្ញុំបានឈប់រៀនត្រឹមថ្នាក់ទី៧ នៅឆ្នាំ១៩៨៥។ នៅឆ្នាំ១៩៨៦ ខ្ញុំបានចូលធ្វើទាហានដែលប្រជាជនទូទៅហៅឈ្មោះថា «កងទ័ពប្រជាជនបដិវត្តន៍កម្ពុជា» តាមរយៈការប្រកាសរបស់រដ្ឋ ដែលជាទាហានស្ម័គ្រចិត្តមានឱកាសទទួលអាហារូបករណ៍ទៅរៀននៅប្រទេសរុស្ស៊ី, អាល្លឺម៉ង់ និងប្រទេសវៀតណាម។ សាលាទាហានមានឈ្មោះថា «ស្នងការការពារអាកាស ទ័ពអាកាស និងអាកាសចរណ៍»។ សាលានេះគឺរៀនទៅតាមជំនាញផ្សេងៗពីគ្នា។ ខ្ញុំបានចូលរៀនផ្នែកទ័ពការពារអាកាស។ ខ្ញុំចូលរៀនដំបូងទទួលបានប្រាក់១០០រៀលក្នុងមួយខែ។ បន្ទាប់ពីខ្ញុំចូលរៀនបានយូរខែ ទើបរដ្ឋតំឡើងប្រាក់ខែរហូតដល់២,០០០រៀលក្នុងមួយខែ។ នៅអំឡុងពេលហ្វឹកហាត់ទាហាន ខ្ញុំពិបាកតែរឿងហូបចុកប៉ុណ្ណោះ ព្រោះសាលាឲ្យខ្ញុំហូបបាយក្រហម និងពោត។ ក្រោយពីខ្ញុំរៀននៅសាលាទាហានបានរយៈពេល១៨ខែ នៅឆ្នាំ១៩៨៨ សាលាបានបញ្ជូនខ្ញុំទៅរៀនយកបទពិសោធន៍នៅប្រទេសវៀតណាមរយៈពេល៣ខែបន្ថែមទៀត។ កងទ័ពវៀតណាម បង្ហាត់បង្រៀនខ្ញុំដោយបង្ហាញពីកងទ័ពនារី ដើម្បីបណ្តុះមនោគមន៍វិជ្ជាឲ្យកងទ័ពទាំងអស់ចេះស្រឡាញ់ប្រទេស និងការពារប្រទេសមិនថាប្រុសឬក៏ស្រីឡើយ។ បន្ទាប់ពីខ្ញុំត្រឡប់មកពីហ្វឹកហាត់នៅប្រទេសវៀតណាម ខ្ញុំមកនៅអង្គភាពទ័ពដដែល។ នៅអំឡុងពេលនោះ ខ្ញុំក៏ធ្លាប់ចូលថតខ្សែភាពយន្តឯកសារដែលមានចំណងជើងថា «នរក៩ជាន់» ដោយខ្ញុំដើរតួជាអ្នកលក់ទឹកត្នោតជូរ។
នៅក្នុងឆ្នាំ១៩៧៨ ដដែលខ្ញុំបានរៀបការជាមួយឈ្មោះ អ៊ួ សៅសារី ហើយបច្ចុប្បន្នខ្ញុំមានកូន៤នាក់ គឺប្រុស២នាក់ និងស្រី២នាក់។ នៅខែកុម្ភៈ ឆ្នាំ១៩៩៤ ខ្ញុំលាឈប់ពីកងទ័ព ហើយត្រឡប់មកធ្វើស្រែចម្ការវិញដោយសារគ្រួសារមានជីវភាពលំបាកខ្លាំងពេក។
បន្ទាប់ពីប្រទេសកម្ពុជាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទីមួយ ក្នុងឆ្នាំ២០០២ ខ្ញុំត្រូវបានជ្រើសរើសឲ្យធ្វើមេភូមិគោកអំពៅរហូតមកដល់សព្វថ្ងៃ។
អត្ថបទ ៖ ង៉ាន់ វីន អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារខេត្តតាកែវ
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា