សឹម ថៃ អតីតមេភូមិក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ សឹម ថៃ អាយុ៧០ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិជ័យជោគ ឃុំជ័យជោគ ស្រុកបូរីជលសារ ខេត្តតាកែវ។ សព្វថ្ងៃខ្ញុំមានមុខរបរជាអាចារ្យវត្តក្រពើពីរ និងរស់នៅភូមិក្រពើពីរក្រោម ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ខ្ញុំមានឪពុកឈ្មោះ ង៉ែត សឹម និងម្ដាយឈ្មោះ ម៉ៅ មេន។ ឪពុកម្តាយរបស់ខ្ញុំបានស្លាប់ក្នុងរបបខ្មែរក្រហមដោយសារអត់អាហារ នៅភូមិជ័យជោគ។ ខ្ញុំមានបងប្អូនចំនួន៣នាក់ ក្នុងនោះមានស្រី២នាក់ និង ប្រុស១នាក់។ ខ្ញុំមានប្រពន្ធឈ្មោះ ទុយ ភៀង រៀបការក្នុងរបបខ្មែក្រហម។  បន្ទាប់ពីរៀបការរួច យើងមានកូនចំនួន៨នាក់ គឺប្រុសចំនួន៤នាក់ និងស្រីចំនួន៤នាក់។

សឹម ថៃ អាយុ៧០ឆ្នាំ មានទីកន្លែងកំណើតនៅភូមិជ័យជោគ ឃុំជ័យជោគ ស្រុកបូរីជលសារ ខេត្តតាកែវ។ សព្វថ្ងៃ សឹម ថៃ រស់នៅភូមិក្រពើពីរក្រោម ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងជាអាចារ្យវត្តក្រពើពីរ ផ្តល់សម្ភាសន៍អំពីរឿងរ៉ាវជីវិតឆ្លងកាត់របបខ្មែរក្រហមដល់ វី ស៊ីថា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

កាលពីឆ្នាំ១៩៥៧ ខ្ញុំបានចូលរៀននៅសាលាវត្តភូមិដើមសេក ឃុំជ័យជោគ ស្រុកបូរីជលសារ ខេត្តតាកែវ។ កាលនោះខ្ញុំរៀនពីរវេនគឺនៅពេលព្រឹក និងពេលល្ងាច។ សិស្សរួមថ្នាក់របស់ខ្ញុំមានចំនួនប្រមាណពី២០ទៅ៣០នាក់។ ខ្ញុំឈប់រៀនត្រឹមថ្នាក់ទី៨ដោយសារសង្គ្រាម ហើយក៏ត្រឡប់ទៅជួយធ្វើស្រែឪពុកម្ដាយវិញ។ រំលងបានមួយខែក្រោយមក ខ្ញុំបានសុំម្ដាយទៅបួសនៅវត្តស្ថិតនៅក្នុងឃុំជ័យជោគ។ ពេលនោះសង្រ្គាមធ្វើឲ្យឪពុកម្ដាយខ្ញុំពិបាកក្នុងការប្រកបរបរធ្វើស្រែចម្ការ និងពិបាកក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ ព្រោះគ្រួសាររបស់ខ្ញុំត្រូវរត់គេចពីយន្តហោះទម្លាក់គ្រាប់បែក ទៅចូលរណ្ដៅត្រង់សេដើម្បីលាក់ខ្លួន។ ឪពុកម្ដាយរបស់ខ្ញុំត្រូវចូលទៅដាំបាយនៅក្នុងព្រៃ ព្រោះខ្លាចអ្នកបើកយន្តហោះឃើញផ្សែងភ្លើងដាំដាយ ហើយទម្លាក់គ្រាប់បែកមកចំ ដោយសង្ស័យថាជាខ្មាំង។ នៅពេលឪពុកម្តាយខ្ញុំដាំបាយសល់ ពួកគាត់តែងតែយកទៅហាលរហូតក្រៀម ដើម្បីរក្សាទុកហូបបានរយៈពេលយូរ។ ចំណែកទាហាន លន់ នល់ និងកងរំដោះខ្មែរក្រហមនៅតែបន្តវាយប្រយុទ្ធគ្នាមិនឈប់ឡើយ។

ក្រោយមករដ្ឋាភិបាល លន់ នល់ បានដកកងទ័ពចេញពីភូមិរបស់ខ្ញុំ។ នៅពេលនោះ ភូមិរបស់ខ្ញុំត្រូវបានកងរំដោះខ្មែរក្រហមចូលមកកាន់កាប់ជំនួស និងចាប់ផ្ដើមរៀបចំធ្វើការងារប្រវាស់ដៃ។ ខ្មែរក្រហមបែងចែកប្រជាជនឲ្យធ្វើស្រែរួមគ្នា ហើយពេលទទួលបានផលត្រូវយកទៅដាក់ក្នុងឃ្លាំងរួម បន្ទាប់មកធ្វើការបែងចែកដោយកំណត់តាមអាយុ និងចំនួនសមាជិកក្នុងគ្រួសារនីមួយៗដើម្បីយកទៅដាំបាយហូបនៅផ្ទះរៀងៗខ្លួន។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពរំដោះខ្មែរក្រហមបានទទួលជ័យជម្នះលើរបបសាធារណរដ្ឋខ្មែររបស់ លន់ នល់។  ពេលនោះគណៈឃុំខ្មែរក្រហមបានចាត់តាំងខ្ញុំឲ្យធ្វើជាមេភូមិជ័យជោគ។ តួនាទីរបស់ខ្ញុំគឺមើលការខុសត្រូវលើប្រជាជជនក្នុងភូមិនិងដឹកនាំប្រជាជនធ្វើកិច្ចការងារតាមបទបញ្ជារបស់ថ្នាក់លើ។ ខ្ញុំបានបែងចែកប្រជាជនជាក្រុមៗ។ ក្រុមកងចល័តធ្វើការងារលើផ្នែកដកស្ទូងតាមភូមិ ឬ ឃុំ ទៅតាមការស្នើសុំរបស់អង្គការ។ ខ្ញុំមើលការខុសត្រូវលើប្រជាជនប្រមាណជា៣០គ្រួសារ។

នៅឆ្នាំ១៩៧៦ ខ្ញុំត្រូវបានអង្គការរៀបចំឲ្យមានប្រពន្ធ ហើយថ្ងៃរៀបការរបស់ខ្ញុំមានទាំងអស់ចំនួន២០គូ។ ពិធីរៀបការពេលនោះមិនប្រណិប័តន៍តាមប្រពៃណីឡើយ ហើយក៏គ្មានអាចារ្យ និងគ្មានការចូលរួមពីឪពុកម្ដាយទាំងសងខាងដែរ។ ប្តីប្រពន្ធត្រូវឡើងប្ដេជ្ញាចំពោះមុខគណៈអធិបតី រួចហើយហូបបាយ និងត្រឡប់មកផ្ទះវិញ។ នៅពេលយប់ កងឈ្លបលបស្ដាប់តាមផ្ទះគូរស្រករដែលទើបរៀបការថ្មីៗ ព្រោះខ្លាចមិនចុះសម្រុងគ្នា។ ប្រសិនបើប្តីប្រពន្ធដែលទើបរៀបការថ្មីមិនចុះសម្រុងជាមួយគ្នា ហើយឈ្លបដឹងគឺត្រូវចាប់យកទៅរៀនសូត្រទំាងពីនាក់ ដោយឈ្លបចោទថា «យើងមិនស្មោះត្រង់ជាមួយអង្គការ»។ នៅក្នុងភូមិដែលខ្ញុំគ្រប់គ្រង់ ប្រជាជនទាំងចាស់ ទាំងក្មេង គឺមានការងារធ្វើគ្រប់ៗគ្នា។ ក្មេងអាយុ៥ឆ្នាំត្រូវដើរកាប់ដើមទន្រ្ទានខែត្រ ដើររើសអាចម៌គោយកមកធ្វើជីដាក់ស្រែ ទើបទទួលបានរបបបាយហូប។ ចំណែកតា យាយដែលមានវ័យចាស់ជរា ត្រូវនៅមើលថែក្មេងតូចៗដើម្បីឲ្យឪពុកម្ដាយទៅធ្វើការងារនៅតាមការដ្ឋានរបស់អង្គការ។ ខ្ញុំធ្វើមេភូមិរហូតដល់ចុងឆ្នាំ១៩៧៩ ប៉ុន្តែការហូបចុករបស់ប្រជាជនហូបចុកមិនបានឆ្អែតឡើយនៅសម័យនោះ។

នៅឆ្នាំ១៩៨០ ខ្ញុំបានចូលធ្វើខាងសុរិយោដី និងធ្វើការបែងចែកដីក្នុងឃុំជ័យជោគឲ្យប្រជាជនធ្វើស្រែ។ មកដល់ឆ្នាំ១៩៨៥ ខ្ញុំមកធ្វើជាមេប៉ុសិ៍្តតាមព្រំដែនក្នុងឃុំជ័យជោគ។ នៅពេលខ្ញុំដើរពិនិត្យមើលតាមព្រំដែនខ្ញុំបានជាន់គ្រាប់មីន ធ្វើឲ្យអម្បែងគ្រាប់ខ្ទាតចូលក្នុងខ្លួន ប៉ុន្តែខ្ញុំមិនបានទៅព្យាបាលនៅមន្ទីរពេទ្យទេ។ ខ្ញុំត្រឡប់មកសម្រាកនិងព្យាបាលនៅផ្ទះដោយទិញថ្នាំពេទ្យ និងថ្នាំខ្មែរមកផឹក ព្រោះខ្ញុំគិតថារងរបួសតិចតួច។ ខ្ញុំបានឈប់ធ្វើមេប៉ុស្តិ៍ក្នុងឆ្នាំ១៩៩១ រួចត្រឡប់មកធ្វើស្រែចម្ការវិញ។

នៅឆ្នាំ១៩៩៧ ខ្ញុំចាកចេញពីភូមិជ័យជោគ​​ដោយជិះឡានមកកាន់ខេត្តពោធិ៍សាត់។ បន្ទាប់មក ខ្ញុំត្រូវដើររយៈពេល៣ថ្ងៃទើបមកដល់ភូមិក្រពើពីរក្រោម ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ពេលខ្ញុំមកដល់ដំបូង ខ្ញុំឃើញទាហានផ្ដាច់ខ្លួនរបស់ខ្មែរក្រហមរស់នៅប្រហែលជា២០គ្រួសារ ហើយក្នុងព្រៃសម្បូរដោយមីនណាស់។ ខ្ញុំរស់នៅស្រុកវាលវែងបាន៣ទៅ៤ឆ្នាំទើបកាប់ឈើសាងសង់ផ្ទះរស់នៅរហូតមកដល់បច្ចុប្បន្ននេះ។

អត្ថបទ ៖ វី ស៊ីថា បុគ្គលិកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

 

អត្ថបទផ្សេងទៀត៖