វេទិកាអប់រំសហគមន៍ស្ដីអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) និង ចែកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅក្នុងភូមិទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់

នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានរៀបចំកម្មវិធីវេទិកាអប់រំសហគមន៍ស្តីអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងចែកជូនសៀវភៅ «សាក្សីប្រវតិ្តសាស្រ្ត» ដែលជាសៀវភៅកំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ចំនួន៥០ក្បាលដល់លោកតា លោកយាយ អ៊ំពូមីង និងសិស្សានុសិស្ស រស់នៅក្នុងភូមិទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ជាកិច្ចចាប់ផ្ដើមនៃវេទិកា លោក សៅ សុខ អាយុ៦៦ឆ្នាំ តំណាងឲ្យប្រជាជនក្នុងភូមិទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានប្រកាសបើកកម្មវិធី និងថ្លែងអរគុណដល់ក្រុមការងាររបស់មជ្ឈមណ្ឌលផ្សះផ្សាវាលវែង ដែលចុះមកផ្សព្វផ្សាយអំពីរឿងរ៉ាវប្រវត្តិ​សាស្រ្ត​ខ្មែរក្រហម និង ចែកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត»  កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅថ្ងៃនេះ។

ជាកិច្ចបន្ដលោក ឡុង ដានី នាយកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានឡើងសម្តែងការអរគុណដល់លោកតា លោកយាយ អ៊ំពូមីង និងសិស្សានុសិស្សៗទាំងអស់ដែលបានចូលរួមក្នុងវេទិកាអប់រំសហគមន៍ស្តីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងកម្មវិធីចែកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។ ឆ្លៀតឱកាសនោះ លោក ឡុង ដានី ក៏បានណែនាំខ្លួន និងក្រុមការងារ ព្រមទាំងជម្រាបពីចំណុចសំខាន់នៃការបង្កើតមជ្ឈ​មណ្ឌលផ្សះផ្សាវាលវែងឡើងក្នុងគោលបំណងដូចខាងក្រោម ៖

១) ផ្សព្វផ្សាយពីប្រវត្តិសាស្រ្តសង្រ្គាម និងរបបខ្មែរក្រហម​ (១៩៧៥​-​១៩៧៩)

២) លើកទឹកចិត្តអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ឲ្យចែករំលែកបទពិសោធន៍រស់នៅក្នុងរបបខ្មែរក្រហមដល់យុវជនជំនាន់ក្រោយ។

៣) ពង្រឹងសន្តិភាពតាមរយៈការអប់រំ ដោយផ្តល់ឱកាសដល់យុវជនជំនាន់ក្រោយបានសិក្សាអំពីប្រវត្តិសាស្រ្តខ្មែរក្រហម។

៤) ធ្វើការចងក្រងរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។

៥) ជួយសម្របសម្រួលលើគម្រោង «លើកកម្ពស់សិទ្ធិ និងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម»។

ផ្សាភ្ជាប់ជាមួយការចែករំលែករឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមកកាន់យុវជនជំនាន់ក្រោយ លោក ឡុង ដានី បានបែងចែក និងបង្កើតការពិភាក្សាជាក្រុមក្នុងចំណោមអ្នកមកចូលរួមវេទិកាសហគមន៍ទាំងអស់ ដោយក្រុមនីមួយៗមានអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរៀបរាប់អំពីរឿងរ៉ាវដែលខ្លួនធ្លាប់ឆ្លងកាត់ក្នុងរបបខ្មែរក្រហមទៅកាន់សិស្សានុសិស្ស។ ចំណែកសិស្សានុសិស្សត្រូវស្ដាប់ កក់ត្រា និងសង្ខេបរឿងរ៉ាវ ដើម្បីចែករំលែកទៅកាន់ក្រុមផ្សេងទៀត។ ខាងក្រោមនេះគឺជាការសង្ខេបរបស់ក្រុមនីមួយៗ៖

ក្រុមទី១ ៖ សង្ខេបរឿងរ៉ាវរបស់ ជ័យ ឡាយ

កាលពីកុមារ ជ័យ ឡាយ មិនបានចូលរៀនទេ ដោយសារតែឆ្នាំ១៩៧០ ប្រទេសជាតិកើតមានសង្រ្គាម។ ឡាយ បានចូលធ្វើជាកងទ័ពខ្មែររំដោះ នៅខេត្តតាកែវ។ ឡាយ ត្រូវឡើងទៅប្រយុទ្ធតទល់នឹងកងទ័ព លន់ នល់ នៅទីក្រុងភ្នំពេញ។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពរំដោះខ្មែរក្រហមបានទទួលជ័យជម្នះលើរបបខ្មែរក្រហម ពេលនោះ ឡាយ សប្បាយចិត្តខ្លាំងណាស់។ ក្រោយមក ឡាយ បានខកចិត្តដោយសារខ្មែរក្រហមបានបំបែកគាត់ពីគ្រួសារ។

ក្រុមទី២៖ សង្ខេបរឿងរ៉ាវរបស់  ឆែល

នៅឆ្នាំ១៩៧៩ ឆែល បានរត់គេចខ្លួនចេញពីស្រុកដងទង់ ខេត្តកំពត ពីតាមការវាយប្រហាររបស់កងទ័ពវៀតណាម រហូតទៅដល់ខេត្តកោះកុង។ ប៉ុន្តែ ឆែល បានឈឺពោះសម្រាលកូននៅម្តុំស្ទឹងខៀវ។ នៅទីនោះ ប្ដីរបស់ ឆែល បានលង់ទឹកស្លាប់។ ចំណែកកងទ័ពវៀតណាមនៅតែបន្តវាយរហូតដល់មេស្ទឹង។ ឆែល ឆ្លងពីមេស្ទឹងក៏បានជួបទាហានថៃ។ ទាហានថៃទាំងនោះបាននាំឆែលនៅស្នាក់នៅជំរំខៅឡាន ស្រុកខ្លងយ៉ៃ ខេត្តត្រាត ប្រទេសថៃ ហើយខ្ញុំក៏បានរស់រានមានជីវិតមកដល់សព្វថ្ងៃ។

ក្រុមទី៣៖ សង្ខេបរឿងរ៉ាវរបស់ ឌុល រីម

ឌុល រីម ភេទស្រី អាយុ៦៨ឆ្នាំ។ នៅក្នុងរបបខ្មែរក្រហម ខ្មែរក្រហមប្រើគាត់ឲ្យរែកដី លើកទំនប់ កាត់ដើមទន្រ្ទានខែត្រ និងកាប់ដីដំបូក ដើម្បីលាយបញ្ចូលគ្នាធ្វើជីដាក់ស្រែ ។ ខ្មែរក្រហម ប្រើខ្ញុំឲ្យធ្វើការងារច្រើន ប៉ុន្តែមិនបានផ្តល់របបអាហារឲ្យខ្ញុំហូបគ្រប់គ្រាន់ឡើយ។ ការហូបមិនឆ្អែតបានបណ្ដាលឲ្យប្រជាជនមួយចំនួនបានស្លាប់។

ក្រោយចប់កម្មវិធីពិភាក្សាសិស្សានុសិស្ស និងអ្នកចូលរួមបានបង្ហាញចំណាប់អារម្មណ៍ដូចខាងក្រោម៖

ផាត រក្សា គឺជាសិស្សមកពីវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ រៀបរាប់ថា ខ្ញុំពិតជារីករាយខ្លាំងណាស់ដែលបានមកចូលរួមក្នុងវេទិការអប់រំសហគមន៍ស្តីអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងបានស្ដាប់រឿងរ៉ាវរបស់តាយាយដែលធ្លាប់បានឆ្លងកាត់របបខ្មែរក្រហមនៅក្នុងភូមិទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សៅ សុខ គឺជាប្រជាជនមានប្រសាសន៍ថា ខ្ញុំគិតថាកម្មវិធីនេះមានប្រយោជន៍ខ្លាំងណាស់សម្រាប់ការស្រាវជ្រាវប្រវត្តិសាស្រ្តជាតិខ្មែរ ជាពិសេសក្មេងៗជំនាន់ក្រោយមួយចំនួនដែលមិនជឿលើការរៀបរាប់របស់ឪពុកម្តាយអំពីរបបខ្មែរក្រហម។ ខ្ញុំសូមជូនពរក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង បងប្អូន តា យាយ និងក្មួយៗទាំងអស់ឲ្យជួបតែសំណាងល្អ។

ចុងក្រោយនៃវេទិកាអប់រំសហគមន៍លោក ឡុង ដានី បានចែកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលរៀបរាប់អំពីព្រះរាជដំណើរអមសម្តេចព្រះ នរោត្តម សីហនុ យាងចេញទីក្រុងប៉េកាំងប្រទេសចិនមកទីក្រុងហាណូយ ប្រទេសវៀតណាម និងបន្តដំណើរឆ្ពោះមកកាន់តំបន់រំដោះប្រទេសកម្ពុជាក្នុងឆ្នាំ១៩៧៣ ជូនសិស្សានុសិស្ស និងអ្នកចូលរួមដើម្បីសិក្សាឈ្វេងយល់ពីប្រវត្តិសាស្រ្តប្រទេសកម្ពុជាបន្ថែមទៀត។

អត្ថបទ ៖ ធី គឹមហុង បុគ្គលិកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

 

អត្ថបទផ្សេងទៀត៖