តាមការស្នើសុំរបស់អាជ្ញាធរឃុំ ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តតាកែវ បានអនុវត្តកម្មវិធី «វេទិកាអប់រំសហគមន៍» និងចែកចាយសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅទីកន្លែងពីរផ្សេងគ្នា និងកាលបរិច្ឆេទខុសគ្នា។ កន្លែងដំបូងនៃការប្រារព្ធធ្វើពិធីចែកសៀវភៅ គឺនៅក្នុងបរិវេណមន្ទីរឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ ជាមួយអ្នកចូលរួមចំនួន១០០នាក់ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ខណៈកន្លែងប្រារព្ធពិធីមួយទៀត ធ្វើឡើងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅក្នុងរោងបុណ្យភូមិមួយកន្លែងស្ថិតនៅក្នុងភូមិព្រៃផ្តៅខាងជើង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលមានអ្នកចូលរួមចំនួន១២២នាក់។ អ្នកចូលរួមទាំងអស់ទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ម្នាក់មួយក្បាល។
វេទិកាអប់រំសហគមន៍ និងពិធីចែកសៀវភៅនេះ ប្រព្រឹត្តទៅតាមកម្មវិធីដែលបានគ្រោងទុកគឺ ៖
១) មតិស្វាគមន៍របស់មេឃុំ
២) បទបង្ហាញខ្លីស្តីពីប្រវត្តិសាស្ត្រមុន និងក្នុងអំឡុងពេលនៃរបបខ្មែរក្រហម
៣) អំណានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ»
៤) វេទិកាពិភាក្សាអន្តរជំនាន់ពីមាតិកាប្រវត្តិសាស្ត្រ
គោលបំណងនៃការប្រារព្ធធ្វើកម្មវិធីនេះ គឺដើម្បីថែរក្សាប្រវត្តិសាស្ត្រ បង្កើនការចងចាំពីប្រវត្តិសាស្ត្រ និងទប់ស្កាត់ការវិលត្រឡប់អំពើប្រល័យពូជសាសន៍ ប៉ុល ពត។ កម្មវិធីនេះនឹងពិពណ៌នាពីសកម្មភាពនៃវេទិកាអប់រំសហគមន៍ និងចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» ព្រមទាំងលើកឡើងអំពីបញ្ហាប្រឈមមួយចំនួន និងដំណោះស្រាយដែលបានកើតឡើងនៅក្នុងពេលអនុវត្តសកម្មភាពការងារ។
ជាកិច្ចចាប់ផ្ដើមដំណើរការកម្មវិធីនៅថ្ងៃទី១៨ ខែតុលា លោក ស៊ិន ញឹល គឺជាមេឃុំកំពែង បានឡើងមានមតិស្វាគមន៍ និងសំណេះសំណាលជាមួយអ្នកចូលរួមទាំងអស់។ លោកក៏បានផ្តាំផ្ញើ និងរំឭកដល់អ្នកចូលរួមទាំងអស់ឲ្យយកចិត្តទុកដាក់ស្តាប់ និងចែករំលែកបទពិសោធន៍របស់ខ្លួនឆ្លងកាត់របបខ្មែរក្រហមប្រាប់ដល់អង្គពិធី និងក្មេងៗជំនាន់ក្រោយដែលបានចូលរួម។
លោកមេឃុំ ស៊ិន ញឹល បានបន្ថែមថា បច្ចុប្បន្ននេះគឺជាសម័យឌីធីថល ហើយព័ត៌មានទាំងអស់សុទ្ធតែត្រូវបានលាតត្រដាងនៅក្នុងបណ្តាញសង្គម។ ដូច្នេះ បទពិសោធន៍ក្នុងសម័យខ្មែរក្រហម គឺមិនគួរបន្តលាក់បាំងតទៅទៀតឡើយ។
ចុងបញ្ចប់ លោកមេឃុំ បានថ្លែងអំណរគុណដល់ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាខេត្តតាកែវ ដែលបានយកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» មកចែកជូនប្រជាពលរដ្ឋ និងបានអរគុណដល់ការបង្កើតកម្មវិធីវេទិកាអប់រំសហគមន៍ ដើម្បីបង្កើនការចងចាំ និងការសន្ទនាអន្តរជំនាន់។
ចំណែកមេឃុំព្រៃផ្តៅ លោក ចាន់ អិន បានប្រកាសបើកកម្មវិធីនៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ដោយបានលើកឡើងថា លោកមានសេចក្តីសោមនស្សរីករាយជាពន់ពេក ចំពោះការនាំយកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» និងការបង្កើតវេទិកាអប់រំសហគមន៍ដល់ប្រជាជននៅក្នុងឃុំព្រៃផ្តៅ។ លោក ចាន់ អិន បានលើកឡើងត្រួសៗពីប្រវត្តិរបស់លោកឆ្លងកាត់របបខ្មែរក្រហមប្រាប់ដល់អង្គពិធីទាំងមូល ហើយលោកក៏បានលើកទឹកចិត្តអ្នកចូលរួមដែលមានវ័យចាស់ ឲ្យចែករំលែកបទពិសោធន៍ជីវិតឆ្លងកាត់របបខ្មែរក្រហមដល់អង្គពិធី ដើម្បីឲ្យក្មេងៗជំនាន់ក្រោយបានស្តាប់ និងពិភាក្សា។
បន្ទាប់មកទៀត លោក ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ បានធ្វើបទបង្ហាញស្តីអំពីមាតិកាប្រវត្តិសាស្ត្រ ដោយផ្តោតលើចំណុចសំខាន់ៗចំនួន៣គឺ ៖
ក) ព្រឹត្តិការណ៍ក្រោយថ្ងៃ១៨ មីនា ១៩៧០ និងមូលហេតុដែលនាំឲ្យមានការបោះពុម្ពសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត»
ត្រង់ចំណុចនេះ លោក ផេង ពង្សរ៉ាស៊ី បានសង្កត់ធ្ងន់លើផលវិបាកដែលកើតចេញពីរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដែលធ្វើឲ្យប្រទេសជាតិត្រូវធ្លាក់ក្នុងការបែងចែកតំបន់គ្រប់គ្រង, ប្រជាជនបាត់បង់មេដឹកនាំដែលខ្លួនពេញចិត្ត, ការបង្កបង្កើតសង្គ្រាមរ៉ាំរ៉ៃនៅតាមទីជនបទ និងទុក្ខវេទនារបស់ប្រជាជននៅតាមព្រំដែន។
បន្ទាប់មក លោក ផេង ពង្សរ៉ាស៊ី បានលើកយកមូលហេតុមួយចំនួនដែលនាំឲ្យមានការបោះពុម្ពសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ»។ លោក ផេង ពង្សរ៉ាស៊ី បានចាប់ផ្តើមរៀបរាប់អំពីការស្នើសុំយាងត្រឡប់មកកាន់ប្រទេសកម្ពុជារបស់សម្តេចព្រះ នរោត្តម សីហនុ ក្នុងគោលបំណងថែរក្សា និងបង្កើនចំណងសាមគ្គីភាពជាមួយប្រជាជន និងដើម្បីការពារគោលនយោបាយរបស់រណសិរ្សរួបរួមជាតិកម្ពុជា កុំឲ្យមានការយល់ច្រឡំពីសំណាក់ប្រជាជន។ លោក ផេង ពង្សរ៉ាស៊ី ក៏បានលើកឡើងដែរថា ភាគីខ្មែររំដោះដែលដឹកនាំដោយ ខៀវ សំផន បានព្យាយាមម្តងហើយម្តងទៀត បដិសេធចំពោះសំណើររបស់សម្តេចព្រះ នរោត្តម សីហនុ ក្នុងគោលបំណងអូសទាញកម្លាំងប្រជាជនឲ្យចូលរួមបម្រើចលនាបដិវត្តន៍សង្គមនិយមរបស់ខ្លួន។
ចុងក្រោយ លោក ផេង ពង្សរ៉ាស៊ី បានពន្យល់ពីការចងក្រងព្រឹត្តិការណ៍ប្រចាំថ្ងៃ តាមរយៈការកត់ត្រាកំណត់ហេតុប្រចាំថ្ងៃរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងអំឡុងពេលដែលព្រះអង្គយាងមកកាន់ប្រទេសកម្ពុជានៅចុងខែកុម្ភៈ ឆ្នាំ១៩៧៣ រហូតដល់ចុងខែមីនា ឆ្នាំ១៩៧៣។
ខ) ការធ្វើបទបង្ហាញដោយផ្តោតលើភាពមិនជាប់ទាក់ទងគ្នារវាងរបបខ្មែរក្រហម និងសម្តេចព្រះ នរោត្តម សីហនុ នៅក្រោយឆ្នាំ១៩៧៥ និងបានពន្យល់ត្រួសៗពីគោលការណ៍៨ចំណុចរបស់ខ្មែរក្រហម ដែលបានអនុវត្តក្នុងពេលដែលខ្មែរក្រហមដឹកនាំប្រទេសកម្ពុជា
លោក ផេង ពង្សរ៉ាស៊ី បានបញ្ជាក់ថា ការលើកឡើងពីគោលការណ៍ទាំង៨ចំណុចនេះ គឺគ្រាន់តែជាព្រឹត្តិការណ៍ធំៗទូទៅ ដែលប្រទេសកម្ពុជាបានជួបប្រទះក្នុងរបបខ្មែរក្រហមប៉ុណ្ណោះ។ ចំណែករឿងរ៉ាវបទពិសោធន៍របស់អ្នករស់រានមានជីវិតម្នាក់ៗ គឺជាសាច់រឿងផ្ទាល់ខ្លួនដែលបានកើតឡើងលើបុគ្គលម្នាក់ៗដោយមិនអាចជៀសផុត ហើយសាច់រឿងទាំងនេះ គឺចាំបាច់ត្រូវតែថែរក្សា និងចងក្រងទុក។
គ) ការលើកឡើងត្រួសៗពីវិធីសាស្ត្រចាំបាច់មួយចំនួនក្នុងការទប់ស្កាត់អំពើប្រល័យពូជសាសន៍
ចំណុចនេះលោក ផេង ពង្សរ៉ាស៊ី បានសួរសំណួរទៅកាន់អ្នកចូលរួមថា «តើលោកយាយ លោកតា អ៊ុំពូមីង ចង់ឲ្យមានរបបខ្មែរក្រហមម្តងទៀតដែរឬទេ?» អ្នកគ្រប់គ្នាបានឆ្លើយព្រមគ្នាថា «មិនចង់ឲ្យមានទៀតទេ»។ ផ្តើមចេញពីចម្លើយនេះ លោក ផេង ពង្សរ៉ាស៊ី បានលើកយកវិធីសាស្ត្រចាំបាច់ចំនួន៣ ដែលបុគ្គលម្នាក់ៗ និងគ្រួសារនីមួយៗអាចចូលរួមទប់ស្កាត់ជាចាំបាច់។ វិធីសាស្ត្រទាំងបីនោះគឺ ៖ ១) កុំប្រព្រឹត្តអំពើហិង្សា ឬត្រូវនិយាយប្រឆាំងចំពោះអំពើហិង្សា, ២) កុំរើសអើងគ្នា ឬប្រកាន់ពណ៌សម្បុរគ្នា ឬប្រកាន់និន្នាការនយោបាយរវាងគ្នានឹងគ្នា, និង ៣) អប់រំអ្នកដទៃឲ្យយល់ពីភាពសម្បូរបែបរបស់មនុស្សចំពោះភាពសម្បូរបែបនៃវប្បធម៌ សាសនា អរិយធម៌ និងជនជាតិ។
ង) ការចែកចាយ និង អំណានសៀវភៅសាក្សីប្រវត្តិសាស្ត្រ
បន្ទាប់ពីបានបញ្ចប់ការធ្វើបទបង្ហាញរួច ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តតាកែវ បានចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» ចំនួន២២២ក្បាល ជូនអ្នកចូលរួមទាំងអស់។ នៅក្នុងឱកាសនោះ លោកមេឃុំទាំងពីរ បានស្នើឲ្យអ្នកចូលរួមទាំងអស់ចំណាយពេលវេលាអានសៀវភៅនេះរៀងខ្លួន។ អង្គពិធីទាំងមូលបានផ្លាស់ប្តូរទៅជាស្ងប់ស្ងាត់ និងផ្តោតអារម្មណ៍ទៅលើការអានដែលមានរយៈពេលប្រមាណ២០នាទី។ បន្ទាប់មកអ្នកចូលដែលមានវ័យចំណាស់ៗ បានបង្កើតការពិភាក្សាអំពីសៀវភៅនេះ។
ច) ការពិភាក្សាអន្តរជំនាន់ពីប្រវត្តិសាស្ត្រខ្មែរក្រហម
លោកមេឃុំ ស៊ិន ញ៉ឹល និង ចាន់ អិន បានលើកទឹកចិត្តឲ្យអ្នកចូលរួមដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ចែករំលែកបទពិសោធន៍របស់ខ្លួនប្រាប់ដល់អង្គពិធីទាំងមូល ដើម្បីឲ្យក្មេងៗជំនាន់ក្រោយបានឈ្វេងយល់បន្ថែមអំពីជីវិតពិតរបស់ខ្លួន។ លោក ស៊ិន ញ៉ឹល បានស្ម័គ្រចិត្តចែករំលែករឿងរ៉ាវជីវិតរបស់គាត់ឆ្លងកាត់របបខ្មែរក្រហម។ ចំណែកលោក ចាន់ អិន បានរៀបរាប់ថា គាត់ធ្លាប់ចូលបម្រើក្នុងជួរបដិវត្តន៍តាំងពីឆ្នាំ១៩៧២ ក្នុងពេលដែលលោកមានអាយុ១៥ឆ្នាំ។ លោកបានធ្វើជាទាហានខ្មែរក្រហម និងបានចេញច្បាំងជាច្រើនកន្លែង រហូតវាយយកបានទីក្រុងភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ នៅឆ្នាំ១៩៧៩ លោកបានវិលត្រឡប់មកកាន់ស្រុកកំណើតវិញ ក្នុងអាយុ២៣ឆ្នាំ ហើយបានរស់នៅក្នុងភុមិរហូតមកដល់បច្ចុប្បន្ន។ បន្ទាប់ពីការលើកឡើងរបស់លោក ចាន់ អិន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៣នាក់ បានស្ម័គ្រចិត្តចែករំលែកបទពិសោធន៍របស់ខ្លួនដោយសង្ខេបដូចខាងក្រោម ៖
ខ្ញុំឈ្មោះ ឡាវ គ្រី ភេទស្រី អាយុ៧០ឆ្នាំ រស់នៅភូមិចង្កើប ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ខ្ញុំមានអារម្មណ៍រីករាយនៅពេលទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» ដែលសម្ដេចម៉ែបានសរសេរទុកសម្រាប់ឲ្យកូនចៅជំនាន់ក្រោយឲ្យបានដឹងពីប្រវត្តិសាស្រ្ត។ ខ្ញុំធ្លាប់ចុះឈ្មោះចូលធ្វើទ័ព ហើយត្រូវឡើងទៅបន្ទាយត្រាវ និងទន្លេបាទី លុះពេលខ្ញុំទៅដល់បន្ទាយ ស្រាប់តែកងទ័ពឡើងទៅសមរភូមិអស់ ដូច្នេះខ្ញុំនិងយុវនារី៥នាក់ទៀតក៏ត្រឡប់មកស្រុកកំណើតវិញ។ អង្គការបានរៀបការឲ្យខ្ញុំ។ ពេលនោះខ្ញុំរែកបាយឲ្យសហករណ៍ ចំណែកប្តីខ្ញុំធ្វើការនៅបឹង (កោះក្រាប)។ នៅពេលប្ដីរបស់ខ្ញុំធ្លាក់ខ្លួនឈឺគ្រុន ប្រធានកងបានយកគាត់ទៅទុកនៅកោះព្នៅ។ ខ្ញុំទៅសុំថ្នាំពីពេទ្យ និងបាយខ្លះពីចុងភៅយកឲ្យប្តី ប៉ុន្តែអ្នកទាំងនោះមិនឲ្យខ្ញុំ។ បន្ទាប់មកប្រធានកងរៀបចំបញ្ជូនប្តីរបស់ខ្ញុំទៅមន្ទីរពេទ្យក្អែកទុំ ប៉ុន្តែខ្ញុំបានបដិសេធ ទើបប្រធានកងដឹកប្តីខ្ញុំតាមទូកយកមកឲ្យខ្ញុំមើលថែ។ ជីវិតរបស់ខ្ញុំនៅពេលនោះមិនបានរស់នៅស្រួលទេ។
ខ្ញុំឈ្មោះ ប៉ាត ម៉ឺន ភេទប្រុស អាយុ៧១ឆ្នាំ រស់នៅភូមិថ្មី ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ខ្ញុំឆ្លងកាត់ច្រើនជំនាន់មកហើយ ពិសេសជំនាន់ខ្មែរក្រហម។ សម័យនោះ ប្រធានកងប្រើខ្ញុំឲ្យធ្វើការក្នុងកងចល័ត កាប់ព្រៃ ជីកប្រឡាយ និងក្រោយមកចូលធ្វើកងទ័ព។ ពេលនោះខ្ញុំលំបាកវេទនាខ្លាំងណាស់។ ខ្មែរក្រហមប្រាប់ខ្ញុំឲ្យទៅកាប់ព្រៃ៥ឆ្នាំទើបឲ្យត្រឡប់មកភូមិវិញ ប៉ុន្តែខ្ញុំធ្វើការកាប់ព្រៃមិនដល់កន្លះខែផង ប្រធានកងឲ្យខ្ញុំត្រឡប់មករែកដីវិញ។ ឪពុកម្ដាយរបស់ខ្ញុំបានស្លាប់ក្នុងរបបខ្មែរក្រហម ក៏ខ្ញុំមិនបានដឹងដែរ។ ខ្ញុំសប្បាយរីករាយដែលបានរស់ក្នុងសង្គមបច្ចុប្បន្ន។ ខ្ញុំពិតជាមានអារម្មណ៍រំភើបដែលបានចូលរួមក្នុងកម្មវិធីថ្ងៃនេះ។
ខ្ញុំឈ្មោះ អៀន ពៅ ភេទស្រី អាយុ៧២ឆ្នាំ រស់នៅភូមិព្រៃផ្ដៅខាងជើង ឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ខ្ញុំរីករាយនៅពេលបានដឹងពីការយាងមករបស់សម្ដេចតា និងសម្ដេចយាយ តាមរយៈសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត»។ នៅឆ្នាំ១៩៧៧ ខ្ញុំធ្វើការក្នុងឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ ហើយពេលនោះខ្មែរក្រហមកំណត់ឲ្យចុងភៅដាក់អង្ករ៣កំប៉ុងដើម្បីបបរឲ្យប្រជាជនហូប។ ក្រោយមកខ្ញុំបានធ្វើជាប្រធានកងនារី គ្រប់គ្រងនារីឃុំប្រហែល៤០០ទៅ៥០០នាក់។ ខ្ញុំដឹកនាំកងនារីៗទៅលើកទំនប់ចេញពីភូមិរហូតទៅដល់ព្រំដែនវៀតណាម។ បន្ទាប់មក ខ្មែរក្រហមបានដកយកនារីអស់ទៅធ្វើស្រែអំបិល ចំណែកខ្ញុំបានត្រឡប់មកធ្វើជាប្រជាជនធម្មតានៅក្នុងភូមិវិញ ដោយសារខ្មែរក្រហមមិនទុកចិត្តខ្ញុំ។
អត្ថបទ ៖ រឹម ស្រីស្រស់ និង ង៉ាន់ វីន បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តកាកែវ
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា