នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្មបានរៀបចំវេទិកាថ្នាក់រៀនស្តីអំពី សារសំខាន់នៃការសិក្សាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងដំណើរទស្សនកិច្ចសិក្សាទៅកាន់ តំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម អ៊ិច-១៦ ដល់សិស្សវិទ្យាល័យ ហ៊ុន សែន ចារថ្មី ចំនួន២៦នាក់ ក្នុងនោះមានសិស្សស្រី១៥នាក់។
ជាកិច្ចចាប់ផ្តើមលោក ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម បានដឹកនាំសិស្សានុសិស្សដើរទស្សនាពិព័រណ៍រូបថតអំពីសង្គ្រាមកាលពីចុងទសវត្សរ៍ឆ្នាំ១៩៦០, រូបថតអំពីរបបខ្មែរក្រហម (១៩៧៥-១៩៧៩), រូបថតអំពីជីវភាពរស់នៅភាពប្រជាជនកម្ពុជាបន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំនៅឆ្នាំ១៩៧៩, រូបថតអំពីភស្តុតាងអំពីឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយរបបខ្មែរក្រហម (១៩៧៥-១៩៧៩), រូបគំនូរ និងផែនទីបង្ហាញផ្លូវនៃដំណើររបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត៤រូបទៀតទៅប្រទេសវៀតណាមកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដើម្បីសុំការអន្តរាគមន៍កសាងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។
បន្ទាប់មកលោក ឡុង ដានី បានធ្វើបទបង្ហាញដល់សិស្សានុសិស្សអំពីអំណានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមានមាតាជាតិខ្មែរ។ វត្ថុបំណងនៃការបង្រៀនអំពីអំណានសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» នេះគឺមានដូចខាងក្រោម ៖
១) ចង់ឲ្យសិស្សានុសិស្សយល់ដឹងខ្លះៗអំពីខ្លឹមសារក្នុងសៀភៅ «សាក្សីប្រវត្តិសាស្ត្រ» ដែលជាព្រះរាជដំណើររបស់ហ្លួងម៉ែ និងសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ យាងមកប្រទេសកម្ពុជា ក្នុងឆ្នាំ១៩៧៣។
២) បង្ហាញពីភាពទន់ភ្លន់ និងសេចក្តីថ្លៃថ្នូររបស់ហ្លួងម៉ែ ចំពោះព្រះរាជតម្រិះ ព្រះរាជយោបល់ និងព្រះរាជទស្សនរបស់ហ្លួងម៉ែ ក្នុងព្រះរាជដំណើរចេញពីទីក្រុងប៉េកាំងមកទីក្រុងហាណូយ រួចហើយបន្តព្រះរាជដំណើរដោយរថយន្តតាមផ្លូវលំហូជីមិញចូលមកប្រទេសកម្ពុជា ក្នុងឆ្នាំ១៩៧៣។
៣) ចង់ឲ្យសិស្សានុសិស្សឈ្វេងយល់ពីរបៀបសរសេរ និងសារសំខាន់នៃកំណត់ហេតុផ្ទាល់ខ្លួន។
លោក ឡុង ដានី ក៏បានធ្វើបទបង្ហាញជាសង្ខេបអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥- ១៩៧៩) និងដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហមក្នុងសំណុំរឿង០០១ និង០០២ នៃអង្គជំនុំជម្រះ វិសាមញ្ញក្នុងតុលាការកម្ពុជា រួមមាន៖
ទី១) សំណុំរឿង០០១ ៖ ពាក់ព័ន្ធនឹងការជំនុំជម្រះក្តី កាំង ហ្កេកអ៊ាវ ហៅ ឌុច។ ឌុច គឺជាអតីតប្រធានមន្ទីរសន្តិសុខ ស-២១ ដែលប្រជាជនកម្ពុជាទូទៅបានស្គាល់ថា ជាគុកទួលស្លែងស្ថិតនៅក្នុងទីក្រុងភ្នំពេញ។ នៅឆ្នាំ២០១២ ឌុច ត្រូវបានអង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាផ្តន្ទាទោសឲ្យជាប់ពន្ធនាគាអស់មួយជីវិត ចំពោះការប្រព្រឹត្តបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងការរំលោភបំពាន់យ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩។
ទី២) សំណុំរឿង០០២ ៖ នៅឆ្នាំ២០១០ សហចៅក្រមស៊ើបអង្កេតបានចោទប្រកាន់ មេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមចំនួន៤រូប រួមមាន ៖ អៀង សារី, នួន ជា, ខៀវ សំផន និង អៀង ធីរិទ្ធ ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងការរំលោភបំពាន់ធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩។ ដោយសារភាពស្មុគស្មាញនៃរឿងក្តី និងអាយុរបស់ជនជាប់ចោទ ទើបអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាសម្រេចបំបែកសំណុំរឿង០០២ ជាពីរគឺ សំណុំរឿង០០២ វគ្គ១ និងសំណុំរឿង០០២ វគ្គ២ សម្រាប់ការជំនុំជម្រះពីរផ្សេងគ្នា ដោយសារ អៀង សារី និង អៀង ធិរិទ្ធ មានជំងឺ និងទទួលមរណភាពនៅឆ្នាំ២០១៣ និង២០១៥។ ដូច្នេះ នៅឆ្នាំ២០១៦ អង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាផ្តន្ទាទោស នួន ជា និង ខៀវ សំផន ឲ្យជាប់ពន្ធនាគាអស់មួយជីវិត ចំពោះការប្រព្រឹត្តបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ទាក់ទងនឹងការសម្លាប់ ការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ និងដំណាក់កាលទីពីរនៃការផ្លាស់ប្តូរទីលំនៅប្រជាជន។ សំណុំរឿង០០២ វគ្គ២ គឺជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ការរំលោភបំពាន់យ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ និងអំពើប្រល័យពូជសាសន៍ដែលបានប្រព្រឹត្តឡើងនៅតាមសហករណ៍, ការដ្ឋានការងារ, មន្ទីរសន្តិសុខ និងទីតាំងសម្លាប់មនុស្សមួយចំនួនដែលជាប់ពាក់ព័ន្ធទៅនឹងក្រុមមនុស្សដែលជាក្រុមគោលដៅជាក់លាក់ ដូចជា ជនជាតិចាម, ជនជាតិវៀតណាម, អ្នកកាន់សាសនាព្រះពុទ្ធសាសនា និងអតីតមន្ត្រីរដ្ឋការនៃរបបសាធារណរដ្ឋខ្មែរ។ នួន ជា និង ខៀវ សំផន ត្រូវបានរកឃើញថាបានប្រព្រឹត្តបទឧក្រិដ្ឋកម្មជាច្រើនប្រឆាំងនឹងមនុស្សជាតិ ការរំលោភបំពាន់យ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ និងអំពើប្រល័យពូជសាសន៍ ដោយបានចូលរួមក្នុងសហឧក្រិដ្ឋកម្មរួមជាមួយមេដឹកនាំជាន់ខ្ពស់ដទៃទៀត។ នៅឆ្នាំ២០១៩ នួន ជា បានស្លាប់ដោយសារជរាភាព។ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ អង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានសម្រេចផ្តន្ទាទោស ខៀវ សំផន ឲ្យជាប់ពន្ធនាគាអស់មួយជីវិតបន្ថែមទៀត ចំពោះការប្រព្រឹត្តបទឧក្រិដ្ឋកម្មខាងលើ និងបានបិទបញ្ចប់ការជំនុំជម្រះនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាតែម្តង។
ឆ្លៀតឱកាសនោះ លោក ឡុង ដានី បានធ្វើបទបង្ហាញអំពីមូលហេតុនៃការកើតឡើងអំពើប្រល័យពូជសាសន៍ និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ ហើយនៅចុងបញ្ចប់នៃកម្មវិធីវេទិកាថ្នាក់រៀន ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្មបានដឹកនាំសិស្សនុសិស្សទៅទស្សនកិច្ចសិក្សានៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម អ៊ិច-១៦។
បន្ទាប់ពីបានចូលរួមវេទិកាថ្នាក់រៀនស្តីអំពីប្រវត្តិសាស្ត្រខ្មែរក្រហម សិស្សានុសិស្សបង្ហាញនូវចំណាប់អារម្មណ៍ដូចខាងក្រោម ៖
ខ្ញុំឈ្មោះ វ៉ា សំណព្វ ភេទប្រុស អាយុ១៧ឆ្នាំ គឺជាសិស្សនៃវិទ្យាល័យ ហ៊ុន សែន ចារថ្មី។ ថ្ងៃនេះខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ដែលបានមកចូលរួមវេទិកាថ្នាក់រៀន និងទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលឯកសារកោះថ្ម ព្រមទាំងទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» ចំនួនមួយក្បាល។ តាមរយៈការអានសៀភៅនេះធ្វើឲ្យខ្ញុំទទួលបានចំណេះដឹងបន្ថែមអំពីប្រវត្តិសាស្ត្រកម្ពុជា នៅក្នុងឆ្នាំ១៩៧៣ ដែលបានបង្ហាញអំពីភក្តីភាពរបស់សម្តេចយាយ និងសម្តេចតា ចំពោះប្រទេសជាតិ និងហ៊ានពលិកម្មដើម្បីយាងព្រះរាជដំណើរមកមាតុភូមិកម្ពុជា។ ខ្ញុំក៏ដឹងអំពីសង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជានៅអំឡុងពេលនោះដែរ។ សៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» ពិតជាមានសារសំខាន់ ព្រោះអាចឲ្យខ្ញុំដឹងអំពីប្រវត្តិសាស្ត្រពិត និងផ្តល់ចំណេះដឹងឲ្យខ្ញុំដើម្បីយកទៅអភិវឌ្ឍន៍ប្រទេសជាតិឲ្យបានល្អប្រសើរ។
ខ្ញុំឈ្មោះ ខាត់ ស្រីកា ភេទស្រី អាយុ១៨ឆ្នាំ គឺជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែន ចារថ្មី។ ខ្ញុំពិតជាសប្បាយរីករាយ និងត្រេកអរខ្លាំងណាស់ដែលបានមកទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលឯកសារកោះថ្ម។ បន្ទាប់ពីអានសៀវ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្មចែកឲ្យ ធ្វើឲ្យខ្ញុំកាន់តែយល់ដឹងពីប្រវត្តិសាស្រ្តកម្ពុជា។ បន្ថែមលើនេះ ខ្ញុំក៏ទទួលបានចំណេះជាច្រើនពីគ្រូឧទ្ទេសដែលធ្វើបទបង្ហាញអំពីសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» និងប្រវត្តិសាស្ត្ររបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។ ខ្ញុំសូមជូនពរក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្មទាំងអស់មានសុខភាពល្អ និងទទួលជោគជ័យគ្រប់ភារកិច្ច។
អត្ថបទ ៖ ឈុំ រ៉ា បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា