មជ្ឈមណ្ឌលឯកសារកោះថ្ម រៀបចំវេទិកាថ្នាក់រៀនស្តីអំពី ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងទំនាក់ទំនងការបរទេស សម្រាប់សិស្សានុសិស្សវិទ្យាល័យពាមជាំង

នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម ទទួលស្វាគមន៍សិស្សា​នុសិស្សចំនួន៥៣នាក់ មកពីវិទ្យាល័យ ពាមជាំង ដែលមកចូលរួមវេទិកាថ្នាក់រៀនស្តីអំពី ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងទំនាក់ទំនងការបរទេស។ វេទិកាថ្នាក់រៀននេះ មានគោលបំណងបំពាក់បំប៉នដល់សិស្សានុសិស្សនូវចំណេះដឹងផ្នែកប្រវត្តិសាស្ត្រ ជាពិសេស ប្រវត្តិសាស្ត្រកម្ពុជាប្រជា​ធិបតេយ្យ (១៩៧៥-១៩៧៩) ដើម្បីលើកកម្ពស់ការត្រិះរិះពិចារណាដោយប្រើប្រាស់មេរៀនប្រវត្តិសាស្ត្រ។

មុនពេលចាប់ផ្តើមវេទិកាថ្នាក់រៀន សិស្សានុសិស្ស ត្រូវបំពេញកម្រងសំណួរស្ទាបស្ទង់ចំណេះដឹងជាមុនដើម្បីវាស់ស្ទង់ចំណេះដឹងរបស់ខ្លួនទាក់ទងនឹងប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ។ បន្ទាប់មក លោក ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម ឡើងធ្វើបទបង្ហាញខ្លីអំពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តខ្មែរក្រហម អមជាមួយផ្ទាំងពិព័រណ៍រូបភាពប្រវត្តិសាស្ត្រ ដែលដាក់តាំងបង្ហាញនៅក្នុងមជ្ឈមណ្ឌលកោះថ្ម។ ពិព័រណ៍រូបថតដែលដាក់តាំងបង្ហាញទាំងនេះ រួមបញ្ចូលនូវរូបភាពក្នុងអំឡុងពីមុន និងក្រោយរបបខ្មែរក្រហម។ បន្ទាប់ពីបានស្តាប់ការពន្យល់ បកស្រាយអំពីផ្ទាំងពិព័រណ៍រូបថត សិស្សានុសិស្ស ទស្សនាភាពយន្តឯកសារក្រោមចំណងជើងថា «ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ»។

កម្មវិធីបន្ទាប់ គឺអ្នកស្រី សុភ័ក្ត្រ ភាណា ប្រធានគម្រោងស្រាវជ្រាវភាសាចិននៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានធ្វើបទបង្ហាញអំពីទំនាក់ទំនងការបរទេសក្នុងរបបកម្ពុជាប្រជាធិបតេយ្យដោយសង្ខេប។ ឆ្លៀតឱកាសនោះ អ្នកស្រី សុភ័ក្ត្រ ភាណា បានស្នើឲ្យសិស្សានុសិស្ស២រូប អានប្រវត្តិរូបសង្ខេបរបស់មេដឹកនាំខ្មែរក្រហម និងទំនាក់ទំនងការបរទេសរវាងរបបកម្ពុជាប្រជាធិបតេយ្យ និងប្រទេសដទៃទៀត។ តមក សិស្សានុសិស្សត្រូវបំពេញកម្រងសំណួរវាស់ស្ទង់ចំណេះដឹងក្រោយវេទិកាថ្នាក់រៀន។

នៅចុងបញ្ចប់កម្មវិធីវេទិកាថ្នាក់រៀន ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម បានចែកសៀវភៅដែលទើបបោះពុម្ពថ្មី ដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលមានចំណងជើងថា «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជូនសិស្សានុសិស្សដើម្បីអាន និងឈ្វេង​យល់ពីប្រវត្តិសាស្រ្តប្រទេសកម្ពុជាបន្ថែម។

អត្ថបទ ៖ សុភ័ក្ត្រ ភាណា ប្រធានគម្រោងស្រាវជ្រាវភាសាចិននៃមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖