សិស្សានុសិស្សមកពីវិទ្យាល័យ ហ៊ុន សែន ស្គន់ ចូលរួមវេទិកាអប់រំសហគមន៍ស្ដីអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)

នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ សិស្សានុសិស្សរៀនថ្នាក់ទី១១ចំនួន៧៥នាក់មកពីវិទ្យាល័យ ហ៊ុន សែន ស្គន់ ដឹកនាំដោយលោកនាយក ហ៊ត់ គឹមហុង និងគណៈគ្រប់គ្រងវិទ្យាល័យ  ហ៊ុន សែន ស្គន់ មកចូលរួមវេទិកាអប់រំសហគមន៍ស្តីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ក្រោមប្រធានបទ «បទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅតាមបណ្ដោយទន្លេមេគង្គក្នុងរបបខ្មែរក្រហម»។ វេទិកាអប់រំសហគមន៍ ដែលធ្វើឡើងនៅក្នុងចំការសហគមន៍ក្នុងស្រុកកំពង់សៀម ត្រូវបានបង្កើតឡើង ក្នុងគោលបំណងដើម្បីផ្ដល់ចំណេះដឹងដល់សិស្សអំពីប្រវត្តិសាស្រ្តខ្មែរក្រហម និងឈ្វេងយល់អំពីបទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលរស់នៅតាមបណ្ដោយទន្លេមេគង្គក្នុងរបបខ្មែរក្រហម។ វេទិកាអប់រំសហគមន៍ រួមបញ្ចូល ៖ បទបង្ហាញខ្លីអំពីប្រវត្តិសាស្រ្តខ្មែរក្រហម, ការចែករំលែកបទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម, ការចុះទៅទស្សនកិច្ចស្ដូបរំឭកសម្រាប់សហគមន៍កោះសូទិន និងការចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» ដែលជាឯកសារដ៏សំខាន់ក្នុងការជួយគាំទ្រដល់ការស្រាវជ្រាវរបស់សិស្សានុសិស្ស។

ជាកិច្ចចាប់ផ្ដើម លោក ហ៊ត់ គឹមហុង នាយកវិទ្យាល័យ ហ៊ុន សែន ស្គន់ បានថ្លែងអំណរគុណដល់មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ដែលបង្កើតវេទិកាអប់រំសហគមន៍នេះឡើង។ លោក ហ៊ត់ គឹមហុង បន្តថា «ខ្ញុំដឹងអំពីទុក្ខវេទនា និងការកាប់សម្លាប់ប្រជាជនក្នុងរបបខ្មែរក្រហម។ នៅក្នុងរបបខ្មែរក្រហម អ្នកភូមិជាច្រើនត្រូវបានដឹកតាមសាឡាង និងត្រូវបានសម្លាប់។ មានតែឪពុករបស់ខ្ញុំតែម្នាក់គត់ ដែលបានរួចផុតពីសេចក្ដីស្លាប់នាគ្រានោះ និងអាចវិលត្រឡប់មកចិញ្ចឹមបីបាច់រូបខ្ញុំ។ នៅពេលនោះ ខ្ញុំ នៅក្មេងនៅឡើយ។ បទពិសោធន៍នេះគឺជាការឆ្លុះបញ្ចាំងអំពីប្រវត្តិសាស្រ្តដែលប្អូនជាយុវជនយុវនារីជំនាន់ក្រោយត្រូវសិក្សាឈ្វេងយល់ និងសារសំខាន់នៃសន្តិភាពដែលយើងទទួលបាន ហើយដែលត្រូវចូលរួមការពារ។ ចុងក្រោយ លោក ហ៊ត់ គឹមហុង ផ្ដាំដល់ប្អូនៗប្រឹងសិក្សារៀនសូត្រ និងយកពេលវេលានេះដើម្បីសិក្សាបន្ថែមអំពីប្រវត្តិសាស្រ្ត»។

ជាកិច្ចបន្ត លោក ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម សម្តែងការស្វាគមន៍ដល់សិស្សានុសិស្សដែលមកចូលរួមទាំងអស់ និងធ្វើបទបង្ហាញខ្លីស្ដីអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ព្រមទាំងបរិបទប្រវត្តិសាស្រ្តចាប់ពីរដ្ឋប្រហាររបស់ លន់ នល់ នៅឆ្នាំ១៩៧០, ការផ្ទុះឡើងនូវសង្រ្គាមរវាងទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហម, ការឡើងកាន់អំណាចរបស់ខ្មែរក្រហមរហូតដល់ការជម្លៀសប្រជាជនចេញពីទីក្រុង និងទីប្រជុំជនទៅកាន់ជនបទ និងការកាប់សម្លាប់ប្រជាជន។

លោក ស៊ាង ចិន្ដា ក៏បានលើកឡើងអំពីការកំណត់ និងការបែងចែកប្រជាជនរបស់ខ្មែរក្រហម រួមមាន ៖   ប្រជាជនចាស់ (ឬហៅថា ប្រជាជន៧០) គឺជាប្រជាជនដែលរស់នៅតំបន់ដែលខ្មែរក្រហមរំដោះបានចាប់តាំងពីឆ្នាំ១៩៧០, ប្រជាជនកណ្ដាល (ឬហៅថា ប្រជាជន៧៣) គឺជាប្រជាជនរស់នៅតំបន់ដែលខ្មែរក្រហមបានរំដោះនៅឆ្នាំ១៩៧៣ និង ប្រជាជន៧៥ ឬប្រជាជន១៧មេសា គឺជាប្រជាជនដែលត្រូវបានជម្លៀសចេញពីទីក្រុងភ្នំពេញ និងទីរួមខេត្តមកកាន់ភូមិឃុំនានា ក្រោយពីការឡើងកាន់អំណាចរបស់ខ្មែរក្រហមនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ការកំណត់ និងការបែងចែកប្រជាជនរបស់ខ្មែរក្រហម មានសារសំខាន់ឲ្យសិស្សានុសិស្សយល់ដឹងអំពីប្រជាជនដែលត្រូវបានកំណត់អត្តសញ្ញាណក្នុងពេលវេលាមួយ, បទពិសោធន៍ និងទុក្ខលំបាករបស់ប្រជាជនទាំងនោះក្នុងរបបខ្មែរក្រហម។

បន្ទាប់ពីបទបង្ហាញត្រូវបានបញ្ចប់ លោក ស៊ាង ចិន្ដា បានបន្តដឹកនាំការពិភាក្សាក្រោមប្រធានបទ ៖ «បទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅតាមបណ្ដោយទន្លេមេគង្គក្នុងរបបខ្មែរក្រហម» ដោយមានការចូលរួមពី ឆុន ចាន់ថា, ម៉ៅ វណ្ណា, ញឹម គា, ចេង ចាន់ថុល និង គឹម ឡេង ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំង៥នាក់ គឺមានបទពិសោធន៍ផ្សេងៗគ្នាក្នុងកងចល័ត រួមមាន ៖ កងចល័តវ័យកណ្ដាល, កងចល័តនារី និងកងកុមារី។ ខណៈនោះ សិស្សានុសិស្សត្រូវបានបែកចែងជា៥ក្រុមពិភាក្សា និងជួបសម្ភាសន៍ផ្ទាល់ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំង៥រូបខាងលើ។ ខាងក្រោមនេះ គឺជាសេចក្ដីសង្ខេបរបស់ក្រុម នីមួយៗ ៖

ក្រុម ១) រួមមាន ឃី ឧត្តម, មិត សុខរី, ម៉េង គឹមហន, ជឿង ស្រីនិត, វណ្ណា សិរី, ឡុង សុខនាង, រី ឆេងលី, រ៉េន ថារឹទ្ធ និង សុខ សំណាង សង្ខេបរឿងរ៉ាវរបស់ ញឹម ចន្ថា អតីតកងចល័តវ័យកណ្ដាល ៖

ខ្ញុំឈ្មោះ ញឹម ចន្ថា នៅក្នុងសម័យខ្មែរក្រហម ខ្មែរក្រហមបង្ខំឲ្យប្រជាជនធ្វើការនៅតាមកងចល័ត និងត្រូវក្រោកម៉ោង៣ទៀបភ្លឺដើម្បីតម្រង់ជួរ។ ខ្ញុំត្រូវបានដាក់ឲ្យធ្វើការនៅកងចល័តវ័យកណ្ដាល គឺធ្វើស្រែ រែកដី និងលើកទំនប់។ នៅពេលដែលកម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតីចូលមកដល់ បងប្រុសរបស់ខ្ញុំដែលជាប់និន្នាការ លន់ នល់ ត្រូវបានចាប់យកទៅសម្លាប់ចោល។ នៅពេលដែលកំពុងលើកដី  ខ្ញុំឃើញខ្មែរក្រហមមកពីភូមិភាគនិរតីបណ្ដើរមនុស្សទាំងខ្សែយកទៅសម្លាប់ចោល។ ខ្ញុំរួចផុតពីទុក្ខលំបាក និងសេចក្ដីស្លាប់ បន្ទាប់ពីកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាចូលមករំដោះប្រជាជនកម្ពុជានៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

ក្រុម ២) រួមមាន ចិន ចរិយ៉ា, សៀ មុយលាង, ភិន ស្ទេរិន, ហ៊ល មុនីតន៍, សឿន ម៉េងលី, ចាន់ រក្សា, រដ្ឋា នីតា, ហ៊ន រ៉ានី និង លី វិច្ឆកា សង្ខេបរឿងរ៉ាវរបស់ ជឿន គីមឡេង អតីតកងចល័តនារី ៖

ខ្ញុំឈ្មោះ ជឿន គីមឡេង អាយុ៦២ឆ្នាំ សព្វថ្ងៃរស់នៅឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ខ្ញុំមានកូនចំនួន២នាក់ ស្រីម្នាក់និងប្រុសម្នាក់។ ខ្ញុំបាត់បង់ឪពុក និងបងប្រុសក្នុងរបបខ្មែរក្រហម។ នៅក្នុងរបបខ្មែរក្រហមខ្ញុំមានអាយុ១៦ឆ្នាំ ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើការងារនៅក្នុងកងចល័តនារី។ ខ្ញុំត្រូវបានបញ្ជូនឲ្យទៅធ្វើការលើកដំបូងនៅការដ្ឋានឆ្ន័ត្រ គឺដកស្ទូង និងច្រូតកាត់។ រយៈពេលពីរបីខែក្រោយមក ខ្ញុំត្រូវបានផ្លាស់ទៅការដ្ឋានទំនប់ ដែលស្ថិតនៅឃុំកោះចិន។ នៅទីនោះ ខ្ញុំជីកប្រឡាយ។ បន្ទាប់មក ខ្ញុំត្រូវប្ដូរទៅវាលស្រែកំពង់រាប ដើម្បីចាប់កណ្ដុរ និងមើលថែទាំស្រូវ។ មួយរយៈក្រោយមក កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានចូលមករំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ទើបខ្ញុំអាចរស់រានមានជីវិតមកដល់សព្វថ្ងៃ។ ខ្ញុំចង់ឲ្យក្មេងៗជំនាន់ក្រោយចងចាំអំពីប្រជាជនដែលស្លាប់ក្នុងរបបខ្មែរក្រហម និងមិនចង់ឲ្យរបបនេះកើតឡើងវិញទេ។

ក្រុម ៣) រួមមាន  ចាន់ សៀកម៉ី, វ៉ា គីមឆេង, ឈាន់ គីមហ័ង, ចាន់ មួយគ័ង, យ៉ន ស្រីនិច្ច, ពន្លក កុម្ភះ, អ៊ីម ណារី, លី សុភា, គ្រេង ច័ន្ទពិសី, សយ សុណាវី, ពៅ ស៊ីឈីង, កុយ គីមលាង, ណាង គីមមួយ, សួរ សីហា, ចន ចិន, ឡេង គីមឡុង និង ហាក់ លាងហួរ សង្ខេបរឿងរ៉ាវ យឹម គា អតីតកងចល័តនារីខ្មែរក្រហម ៖

ខ្ញុំឈ្មោះ យឺម គា ភេទស្រី អាយុ៦៤ឆ្នាំ រស់នៅឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ នៅក្នុងរបបខ្មែរក្រហម ខ្ញុំមានអាយុ១៨ឆ្នាំ។ ខ្ញុំមិនបានរៀនសូត្រទេ។ ខ្មែរក្រហមចាត់តាំងខ្ញុំឲ្យនៅកងចល័ត លើកទំនប់ និងធ្វើស្រែ។ នៅពេលដែលខ្មែរក្រហមចល័តខ្ញុំទៅធ្វើការកន្លែងផ្សេង ខ្ញុំត្រូវបែកបាក់ពីឪពុកម្ដាយរបស់ខ្ញុំ។ ចំណែកការហូបចុករបស់ខ្ញុំគឺមិនដែលគ្រប់គ្រាន់ទេ។ នៅសម័យនោះ ខ្មែរក្រហមបានចាប់មនុស្សយកទៅសម្លាប់ចោល។ ខ្ញុំចង់ឲ្យក្មេងជំនាន់ក្រោយដឹងអំពីរបបខ្មែរក្រហម ដែលធ្វើបាប និងសម្លាប់ប្រជាជនខ្លួនឯង។ ខ្ញុំមិនចង់ឲ្យរបបនេះកើតឡើងជាថ្មីម្ដងទៀតទេ។

ក្រុម ៤) រួមមាន ម៉ាច រតនា, ពុទ្ធ មករា, ហ៊ន បញ្ញា, សុវណ្ណ សុខហេង, ខា រិនដា, លាង ចំរើន, ម៉ាន់ ដាលិះ, សែ ស្រីនាង និង សឿន ស្រីណុច សង្ខេបរឿងរ៉ាវរបស់ ភួង ពៅ អតីតកងកុមារី ៖

ខ្ញុំឈ្មោះ ភួង ពៅ សព្វថ្ងៃរស់នៅខេត្តកំពង់ចាម។ នៅក្នុងរបបខ្មែរក្រហម មានកុមារ និងទារក ជាច្រើននៅភូមិបានស្លាប់ ក្នុងនោះក៏មានប្អូនរបស់ខ្ញុំម្នាក់ដែរ។ នៅសម័យនោះ ខ្ញុំមានអាយុ១២ឆ្នាំ និងត្រូវបានអង្គការដាក់ឲ្យធ្វើការងារនៅក្នុងកងកុមារី។ ខ្ញុំសែងអាចម៍គោពីដើមភូមិរហូតដល់ចុងភូមិ។  ដោយសារតែការហូបមិនគ្រប់គ្រាន់ ខ្ញុំសម្រេចចិត្តទៅលួចបេះក្ដឹបត្រឡាច ប៉ុន្តែត្រូវបានឈ្លបចាប់បាន និងយកទៅអប់រំ។ ដោយសារខ្ញុំនៅវ័យកុមារ ដូច្នេះខ្ញុំមិនទទួលរងការធ្វើទារុណកម្មទេ។ ខ្ញុំមានបងប្អូនចំនួន៨នាក់ ក្នុងនោះមានប្អូនម្នាក់បានស្លាប់ដោយសារតែជំងឺរាក ដែលចាស់ៗហៅថា ជំងឺអាសន្នរោគ។ ខ្ញុំចង់ឲ្យយុវជនជំនាន់ក្រោយចង់ចាំពីរបបខ្មែរក្រហម ដែលប្រព្រឹត្តអំពើឃោរឃៅមកលើប្រជាជន។ ប្រជាជនគ្រប់វ័យត្រូវបានបង្ខំឲ្យធ្វើការងារ។ ខ្ញុំសំណូមពរឲ្យក្មួយៗជំនាន់ក្រោយត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីជួយអភិវឌ្ឍន៍ប្រទេសជាតិកុំឲ្យធ្លាក់ចូលក្នុងរបបខ្មែរក្រហមនេះម្ដងទៀត។

ក្រុម ៥) រួមមាន គុណ ណារី, ហេង ពិសី, អឿ សុខលីតា, ចាន់ ស្រីនិច, ស្រ៊ុន ស្រីនាង, ងួន ពុទ្ធា, ស៊ូ វុទ្ធី, ម៉ៅ ច័ន្ទរស្មី, សំ ម្យូរ៉ា និង រ៉េត ចាន់ដា សង្ខេបរឿងរ៉ាវរបស់ ម៉ៅ វណ្ណា អតីតប្រជាជនថ្មី ឬប្រជាជន ១៧ មេសា៖

ខ្ញុំឈ្មោះ ម៉ៅ វណ្ណា។ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហមបែងចែកប្រជាជនជាពីរប្រភេទ គឺ ១) ប្រជាជន ១៧ មេសា ឆ្នាំ១៩៧៥ ឬ ប្រជានថ្មី និង ២) ប្រជាជន ឆ្នាំ១៩៧០ ឬប្រជាជនចាស់។ ខ្មែរក្រហមបែងចែកការងារទៅតាមវ័យ ឬ អាយុរបស់ប្រជាជន។ អ្នកដែលមានអាយុ៦ឆ្នាំ ដល់ ១៣ឆ្នាំ នៅកងកុមារ គឺលើកអាចម៍គោ និងប្រមូលជី។ អ្នកដែលមានអាយុចាប់ពី១៤ឆ្នាំ ដល់ ២០ឆ្នាំ នៅកងយុវជន ដើរធ្វើការតាមកងចល័ត ឃុំ ស្រុក ដូចជា ជីកប្រឡាយ លើកទំនប់ ភ្លឺស្រែ ដកស្ទូង និងច្រូតស្រូវ។ អ្នកដែលមានអាយុចាប់ពី២១ឆ្នាំ ដល់ ៤០ឆ្នាំជាង នៅកងវ័យកណ្ដាល (អ្នកដែលរៀបការរួច) ធ្វើការពីដើមភូមិរហូតដល់ចុងភូមិ ហើយត្រឡប់មកផ្ទះវិញ។  អ្នកដែលមានអាយុចាប់ពី៥០ឆ្នាំឡើងទៅ នៅកងចាស់ៗ ត្រូវមើលចៅ និងកុមារតូចៗ។ នៅរបបខ្មែរក្រហម ប្រជាជនត្រូវហូបចុក ស្នាក់នៅ និងធ្វើការរួមគ្នា។ ប្រជាជនត្រូវក្រោកពីដេកនៅម៉ោង៣ទៀបភ្លឺ និងត្រូវទៅដល់ការដ្ឋានធ្វើការងារនៅវេលាម៉ោង៥ព្រឹក ហើយចាប់ផ្តើមធ្វើការរហូតដល់ម៉ោង១១ព្រឹក។ ក្នុង១ថ្ងៃប្រជាជនត្រូវធ្វើការងារចាប់ពី១២ម៉ោងដល់១៥ម៉ោង ដោយទទួលបានរបបអាហារពីរពេល គឺពេលព្រឹក និងពេលល្ងាចដែលមានរបបបបររាវតែពីរវែកតែប៉ុណ្ណោះ។ នៅសម័យនោះ ឈ្លបខ្មែរក្រហមឃោសនាប្រាប់ប្រជាជនថា ទៅកាច់ពោតនៅកោះ ប៉ុន្តែតាមពិតបណ្ដើរប្រជាជនទៅសម្លាប់ដោយចងខ្សែនឹងដៃ ជាមួយក្រណាត់រុំភ្នែក រួចវាយទម្លាក់ចូលក្នុងទន្លេ។ ខ្មែរក្រហមបានយកប្រជាជន ៧៥ ឬ ប្រជាជនថ្មី ទៅវាយសម្លាប់ទាំងគ្មានកំហុស ព្រោះប្រជាជនថ្មីភាគច្រើនគឺជាអ្នកដែលមានចំណេះដឹង។ ខ្ញុំនៅចងចាំមិនភ្លេចអំពីការធ្វើការងារហួសកម្លាំង ហូបចុកមិនឆ្អែត ការកាប់សម្លាប់ប្រជាជនគ្មានប្រណី ការប្រើអំពើឃោរឃៅ ការសម្លាប់សមាជិកក្នុងគ្រួសារ ការយកមនុស្សវាយបោះចូលក្នុងទឹកទន្លេ។ ខ្ញុំឲ្យក្មេងជំនាន់ក្រោយចងចាំពីរបបខ្មែរក្រហមដែលសម្លាប់ប្រជាជនយ៉ាងឃោរឃៅ និងអយុត្តិធម៌មកលើប្រជាជនទូទាំងប្រទេស និងសំណូមពរឲ្យក្មេងៗចេះការពារសន្ដិភាពឲ្យបានយូរអង្វែង កុំឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញម្ដងទៀត។

អត្ថបទ ៖ សាំង ចាន់ធូ និងទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តកំពង់ចាម

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

 

អត្ថបទផ្សេងទៀត៖