សាស្រ្តាចារ្យ និស្សិត សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំទទួលសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

នៅវេលាម៉ោង១០ព្រឹក ថ្ងៃសុក្រទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកោះថ្ម សាខាខេត្តត្បូងឃ្មុំ បានចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជូនដល់ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និង និស្សិត នៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ចំនួន១៨០នាក់។

ជាកិច្ចចាប់ផ្តើម លោកស្រី តុង បូណា គឺជាព្រឹទ្ធបុរសមហាវិទ្យាល័យអក្សរសាស្ត្រ និងមនុស្សសាស្ត្រនៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ តំណាងឯកឧត្តម ពិន វណ្ណារ៉ូ សាកលវិទ្យាធិការ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ បានស្វាគមន៍ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម លោកគ្រូ អ្នកគ្រូទាំងអស់ និងនិស្សិត មានវត្តមានក្នុងថ្ងៃនោះ។ លោកស្រី តុង បូណា លើកឡើងថា ខ្ញុំពិតជាមានសេចក្តីរីករាយក្រៃលែងដែលក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្មបាននាំយកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» គឺជាសៀវភៅកំណត់ហេតុ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជូនសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត និងតម្កល់នៅបណ្ណាល័យសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ។ សៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» នេះមានខ្លឹមសារសំខាន់ មានប្រយោជន៍ដល់អ្នកសិក្សាប្រវត្តិសាស្ត្រ អ្នកសិក្សាស្រាវជ្រាវ រួមទាំងប្រជាជនខ្មែរទាំងអស់បានយល់ដឹងអំពីប្រវត្តិសាស្ត្រកាន់តែច្បាស់ជាងមុន។ សំខាន់បំផុតជាស្នាព្រះហស្ថ ព្រះមាតាជាតិខ្មែរ ដែលទ្រង់បានសរសេរកំឡុងពេលយាងចូលប្រទេសកម្ពុជាក្នុងឆ្នាំ១៩៧៣។ ក្នុងឱកាសនោះលោកស្រី តុង បូណា បានលើកពីមុខជំនាញនៅមហាវិទ្យាល័យអក្សរសាស្ត្រ និងមនុស្សសាស្ត្រនៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ គឺមានជំនាញចំនួន៥ ៖ ១) ប្រវត្តិសាស្ត្រ ២)ទស្សនវិទ្យា ៣) រដ្ឋបាលសាធារណៈ ៤) នីតិសាស្ត្រ និង ៥) អក្សរសាស្ត្រខ្មែរ។

បន្ទាប់មក លោក ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម បានណែនាំខ្លួន និងបង្ហាញអំពីគោលបំណងការបង្កើតមជ្ឈមណ្ឌលឯកសារកោះថ្មនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការពារជាតិ និងមជ្ឈមណ្ឌលឯកសារកម្ពុជា។ ការបើកដំណើការមជ្ឈមណ្ឌលឯកសារកោះថ្មមានគោលបំណងដូចខាងក្រោម ៖

១)បង្ហាញអំពីប្រវត្តិសាស្ត្រប្រទេសកម្ពុជាចាប់ពីទសវត្សរ៍ឆ្នាំ១៩៦០ដល់ឆ្នាំ១៩៩០។

២) ពង្រឹងការកសាងសន្តិភាព និងទប់ស្កាត់ជម្លោះតាមរយៈកម្មវិធីអប់រំជាឱកាសសម្រាប់យុវជនរស់នៅតំបន់ជនបទ និងតំបន់ដាច់ស្រយាលក្នុងការចូលរួម។

៣) លើកទឹកចិត្តអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចែករំលែក និងបង្រៀនក្មេងៗនូវបទពិសោធន៍ របស់ពួកគាត់ធ្លាប់បានឆ្លងកាត់ក្នុងរបបខ្មែរក្រហម។

៤) ប្រមែប្រមូលចងក្រងរឿងរ៉ាវ និងបទពិសោធន៍ពីអ្នករស់រានមានជីវិតដែលធ្លាប់ឆ្លងកាត់ក្នុងរបបខ្មែរក្រហម និងទីតាំងប្រវត្តិបទឧក្រិដ្ឋដែលបានប្រព្រឹត្តដោយរបបនោះ។

៥) ជួយសម្របសម្រួលលើគម្រោងលើកកម្ពស់សិទ្ធិ និងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៃមជ្ឈមណ្ឌលឯកសារកម្ពុជា។ មជ្ឈមណ្ឌលឯកសារកោះថ្ម ក៏មានពិព័រណ៍រូបថត រូបគំនូរ ដោយចាប់ផ្តើមពីបណ្តុំរូបថតនៃសង្គ្រាមនៅទសវត្សរ៍ឆ្នាំ១៩៦០ នៅតំបន់កោះថ្ម, បណ្តុំរូបថតនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បណ្តុំរូបថតនៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាបន្ទាប់ពីរបបខ្មែក្រហមដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩, បណ្តុំរូបថតភស្ថុតាងអំពីឧក្រិដ្ឋកម្មដែលប្រព្រឹត្តិដោយរបបខ្មែរក្រហម (១៩៧៥-១៩៧៩) បណ្តុំរូបគំនូដែលសមមិត្ត ហ៊ុន សែន (សមេ្តចតេជោ ហ៊ុន សែន) និងយុទ្ធមិត្ត៤រូបចាកចេញទៅប្រទេសវៀតណាមដើម្បីរៀបចំកម្លាំងវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល    ពត នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ និងផែនទីបង្ហាញផ្លូវដែលសមមិត្ត ហ៊ុន សែន និងយុទ្ធមិត្ត៤រូបបានចាកចេញពីបន្ទាយយោធានៅភូមិកោះថ្មទៅតំបន់ព្រំដែនអាងដាច់ដើមត្រយឹង (X-16) និងទីតាំងមួយចំនួននៅក្នុងស្រុកឡុកនិញ ខេត្តសុងប៊ែរ ប្រទេសវៀតណាម។

ឆ្លៀតឱកាសនោះ លោក ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម ធ្វើការណែនាំសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលជាឯកសារប្រវត្តិសាស្ត្រគ្មានពីរ បានបង្ហាញអំពីព្រះរាជហឫទ័យសង្កេតផ្ទាល់របស់សម្តេចព្រះមហាក្សត្រី ក្នុងព្រះរាជបេសកកម្ម និងព្រះរាជដំណើររបស់ព្រះអង្គ យាងទៅកាន់តំបន់រំដោះរណសិរ្សរួបរួមជាតិកម្ពុជា ស្ថិតនៅក្នុងប្រទេសកម្ពុជា។ សម្តេចព្រះមហាក្សត្រីបានយាងអមព្រះរាជដំណើរ ព្រះករុណាព្រះ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ ចាប់ផ្តើមចេញពីការយាងព្រះរាជដំណើរតាមព្រះទីនាំងយន្តហោះចេញពីទីក្រុងប៉េកាំង ឆ្ពោះទៅកាន់ទីក្រុងហាណូយ និងបន្ទាប់មកបន្តដំណើរដោយព្រះទីនាំងរថយន្តតាមបណ្តោយផ្លូវលំ ហូជីមិញ ឆ្ពោះទៅកាន់ខេត្តសៀមរាប (អង្គរវត្ត) ដោយឆ្លងកាត់ផ្នែកខ្លះនៃផ្លូវលំ សីហនុ ក្នុងរយៈពេលប្រមាណ៣៩ថ្ងៃ។ «ហ្លួងម៉ែ» ទ្រង់សព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតដល់មជ្ឈមណ្ឌលឯកសារកម្ពុជា បោះពុម្ពសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត»កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ ព្រះវររាជមាតាជាតិខ្មែរ ជាលើកទីមួយសម្រាប់ចែក ប្រគេន និងជូនប្រជាជនខ្មែរ ហើយផ្សព្វផ្សាយដល់សាធារណជនទូទាំងប្រទេស។

អត្ថបទ ៖ ឈុំ រ៉ា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖

ការិយាល័យទីប្រឹក្សាពិសេសទប់ស្កាត់អំពើប្រល័យពូជសាសន៍នៃអង្គការប្រជាជាតិ និងមជ្ឈមណ្ឌលឯកសារកម្ពុជាចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហការ រំលេចអំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ការអនុវត្តកិច្ចខិតខំប្រឹងប្រែងនានាក្នុងការទប់ស្កាត់ និងការអប់រំពីអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍, អាស៊ីខាងត្បូង និងទូទាំងសកលលោក