វេទិកាអ្នកស្ម័គ្រចិត្តកម្ពុជា

អ្នកស្ម័គ្រចិត្តកម្ពុជា ឬ ហៅជាភាសាអង់គ្លេសថា CamboCorps ​ត្រូវបានបង្កើតឡើងដោយមជ្ឈ​មណ្ឌល​​ឯកសារកម្ពុជា (DC-CAM) សំដៅទៅដល់ក្រុមនិស្សិតកម្ពុជា ដែលមានគោលបំណងក្នុងការជួយជ្រោមជ្រែងដល់អ្នករស់រានជីវិតពី​របបខ្មែរក្រហម។​ មជ្ឈ​មណ្ឌល​ឯកសារកម្ពុជា បាន​ប្រើគំនិត និងការរចនា AmeriCorps នៅក្នុងការបង្កើត “CamboCorps”។

បេសកកម្មរបស់ CamboCorps គឺដើម្បីប្រមូលផ្តុំ កូនចៅ និងអ្នកជំនាន់ក្រោយ នៃអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ព្រមទាំងយុវជន ចូលរួមក្នុងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាព​រស់នៅរបស់​អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដោយពង្រឹងនូវសហគមន៍ ដែលលើកកម្ពស់សីលធម៌ប្រកបដោយនិរន្តរភាព​ តាមរយៈការស្ម័គ្រចិត្ត និងសេវាកម្ម។ ក្នុងនោះមានក្រុមចំនួនពីរ ដែល CamboCorps យកចិត្តទុកដាក់។ ទីមួយ អ្នកដែលទទួលអត្ថប្រយោជន៍ចម្បង គឺ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងក្រុមគ្រួសារ ដោយទទួលបាននូវការគាំទ្រដោយផ្ទាល់ពីអ្នកស្ម័គ្រចិត្ត CamboCorps។ បន្ថែមពីលើការជួយដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងក្រុមគ្រួសារ CamboCorps នឹងផ្តល់នូវគំនិតថ្មីៗ និងការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំដល់យុវជនកម្ពុជាដែលស្ម័គ្រចិត្តនៅក្នុងកម្មវិធីនេះ។

មជ្ឈមណ្ឌលឯកសារកម្ពុជា យល់ឃើញដែរថា សេវាស្ម័គ្រចិត្ត បានតំណាងឲ្យ «សកម្ម​ភាព​ជាអ្នកដឹកនាំ» ព្រោះបានឆ្លុះបញ្ចាំងពីការលះបង់ ទំនួលខុសត្រូវ ដោយរួមមានព័ត៌មាន និង សកម្មភាព ដើម្បីសម្រេចបាននូវលទ្ធផលវិជ្ជមាន ឬលទ្ធផលដែលលើសពីការរំពឹងទុក។ ជា​លទ្ធផល អ្នក​ស្ម័គ្រ​ចិត្ត​គឺ​ជា​មនុស្សពោរពេញដោយសមត្ថភាព ​ដែល​អាចក្លាយជា​អ្នក​ដឹកនាំ​ប្រទេស​នា​ពេល​អនាគត។ ដោយសារភាពជាអ្នកដឹកនាំទាំងអស់មានគោលការណ៍ មជ្ឈមណ្ឌលឯកសារកម្ពុជាក៏កំពុងផ្សព្វផ្សាយគោលការណ៍ខាងក្រោមជាគោលការណ៍ស្នូល សម្រាប់អ្នកស្ម័គ្រចិត្ត​  កម្ពុជា៖

  1. ការប្តេជ្ញាចិត្ត និង ភាពជាអ្នកដឹកនាំ

អ្នកស្ម័គ្រចិត្តត្រូវតែប្តេជ្ញាចិត្តចំពោះ «បុព្វហេតុ» ដែលខ្លួនកំពុងធ្វើ ហើយមានឆន្ទៈលះ​បង់ពេលវេលា និងកម្លាំង ដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរ។ ការប្តេជ្ញាចិត្តគឺជាផ្នែកមួយ សម្រាប់ភាពជាអ្នកដឹកនាំ ពីព្រោះអ្នកដឹកនាំមិនអាចជំរុញការច្នៃប្រឌិត ជំរុញការផ្លាស់ប្តូរ ឬជំរុញសកម្មភាពនៅក្នុងអ្នកដទៃ ប្រសិនបើគេមិនបានប្តេជ្ញាចិត្តយ៉ាងរឹងមាំចំពោះខ្លួនឯង។

  1. មេត្តា និង ការគោរព

អ្នកស្ម័គ្រចិត្ដត្រូវតែមានការយល់ចិត្ត និងមានបំណងចង់ជួយអ្នកដទៃដោយមិនរំពឹងថានឹងទទួលបានរង្វាន់ ឬការទទួលស្គាល់ណាមួយឡើយ។ ការគោរពគឺជាធាតុផ្សំដ៏សំខាន់នៅក្នុងគោលការណ៍នៃក្តីមេត្តា។ អ្នកស្ម័គ្រចិត្តត្រូវតែគោរពមនុស្សដែលខ្លួនកំពុងធ្វើការជាមួយ និងសហគមន៍ដែលខ្លួនកំពុងបម្រើ ដោយស្វែងយល់ពីភាពខុសគ្នាដែលបានជួបប្រទះ និងប្រតិបត្តិចំពោះមនុស្សគ្រប់គ្នាប្រកបដោយសេចក្តីថ្លៃថ្នូរ និងសេចក្តីសប្បុរស។

  1. ការសហការ និងការងារជាក្រុម

អ្នកស្ម័គ្រចិត្តត្រូវតែយល់ពីសារសំខាន់នៃកិច្ចសហការ និងការងារជាក្រុម ពីព្រោះភាពជោគជ័យមិនគ្រាន់តែអាស្រ័យលើសកម្មភាពរបស់បុគ្គលម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏មានការពាក់ព័ន្ធ និងការចូលរួមពីភាគីពាក់ព័ន្ធផងដែរ។ ការសហការគ្នាពិតប្រាកដត្រូវបានសម្រេចតាមរយៈការងារជាក្រុម និងអ្នកស្ម័គ្រចិត្តទាំងអស់ត្រូវតែទទួលស្គាល់ថា ការងារជាក្រុមមានសារសំខាន់ចាប់ផ្តើមពីក្នុងក្រុមតូច សហគមន៍ ទៅដល់ថ្នាក់ជាតិ ដើម្បីធានាបាននូវភាពជោគជ័យប្រកប​ដោយនិរន្តរភាព។

គោលគំនិតក្នុងការ​គាំទ្រ​ដល់​អ្នកស័្មគ្រចិត្ត​កម្ពុជាវ័យក្មេងនេះ បានចាប់ផ្តើមតាំងពីឆ្នាំ ២០០៥ ដែលមជ្ឈមណ្ឌលឯកសារកម្ពុជាបានបង្កើតកម្មវិធីមួយឈ្មោះថា ការផ្សព្វផ្សាយ​តាម​រយៈសិស្សានុសិស្ស (Student Outreach) ដែលមាន​គោលបំណងធ្វើការជាមួយនិស្សិតវ័យក្មេង ដើម្បីអប់រំអំពីប្រវត្តិសាស្រ្តនៃរបបកម្ពុជាប្រជាធិបតេយ្យ និងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ដែលត្រូវបានគេស្គាល់ជាទូទៅថាជាសាលាក្តីខ្មែរក្រហម។ កម្មវិធីនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងក្នុងចំណោមអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អំពីប្រវត្តិសាស្ត្រខ្មែរក្រហម ក៏ដូចជាដំណើរការរបស់ អ.វ.ត.ក។ ដើម្បីបន្តការងារស្ម័គ្រចិត្ត សិស្សានុសិស្សបានធ្វើការជាមួយវិទ្យាល័យ និងសាកលវិទ្យាល័យនានា ដើម្បីបង្ហាញអំពីប្រវត្តិសាស្ត្រខ្មែរក្រហម និងនីតិវិធីដែលពាក់ព័ន្ធនឹងដំណើរការរបស់សាលាក្តីខ្មែរក្រហម ក្នុងនោះមានជំនាញផ្នែកសម្ភាសន៍ ការសរសេររបាយការណ៍ និងដំណើរទស្សនកិច្ចសិក្សា។ អ្វីដែលជាចំណុចសំខាន់ អ្នកស្ម័គ្រចិត្តក៏បានធ្វើដំណើរទៅកាន់គ្រប់ខេត្តស្ទើរ​ទាំងអស់ ដើម្បីណែនាំអំពីដំណើរការរបស់   អ.វ.ត.ក ដល់ជនរងគ្រោះនៃរបបខ្មែរក្រហម ដែល​ត្រូវបានគេមើលឃើញថា ជាការរួមចំណែកក្នុងការនាំមកនូវយុត្តិធម៌ដ៏មានន័យដល់អ្នករស់រាន​មានជីវិតពីរបបខ្មែរក្រហម។

សមាជិក CamboCorps កំពុងតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ អ្នកស្ម័គ្រចិត្តជាច្រើនបន្ថែម​ទៀតបានចូលរួមក្នុង​គម្រោងការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលជាគម្រោងលេចធ្លោមួយរបស់មជ្ឈ មណ្ឌលឯកសារកម្ពុជា ដែលត្រូវបានដាក់ឲ្យដំណើរការនៅឆ្នាំ២០២១។ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២២ មជ្ឈមណ្ឌលឯកសារកម្ពុជាមានសមាជិក CamboCorps ច្រើនជាង ១៤៧៨នាក់​​នៅទូទាំងប្រទេស ហើយកំពុងជ្រើសរើសសមាជិក​ ៥០០ នាក់បន្ថែមទៀតសម្រាប់ឆ្នាំ២០២៣។ ការងារសំខាន់ៗរបស់អ្នកស្ម័គ្រចិត្ត គឺការកត់ត្រាទិន្នន័យអំពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន ៣២០០០ នាក់អំពីរឿងរ៉ាវជីវិតផ្ទាល់ខ្លួន និងសុខភាព។ វាជាការងារដែលឆ្លុះបញ្ចាំងពីគោលដៅសំខាន់ពីរក្នុងពេលតែមួយ។ គួរកត់សម្គាល់ថា ភាគច្រើននៃអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានអាយុលើសពី ៥០ ឆ្នាំ ហើយ​អ្នកដែល​អាច​ផ្តល់​ព័ត៌មានលម្អិតបាន​គឺ​មានវ័យ​លើស​​ពី៦០ឆ្នាំ ដែលគាត់​ស្ថិតនៅក្នុង​វ័យអាច​ចងចាំ​បាន​នូវ​ហេតុការណ៍នៅក្នុងពេលនោះ។ យើងមានការព្រួយបារម្ភថា នាពេលដ៏ខ្លីខាងមុខ ដែលគាត់​នឹងមិនអាចប្រាប់ពីរឿងរ៉ាវរបស់គាត់បានឆ្លងកាត់ ដែលជាប្រភពនៃព័ត៌មានបឋមបានឡើយ។ ដូច្នេះហើយ ក្រៅពីជួយអ្នកនៅរស់រានមានជីវិតពីរបបខ្មែរក្រហម សិស្សវ័យក្មេងខ្លួនឯងក៏អាចរៀនអំពីប្រវត្តិសាស្រ្តពីសាក្សីដំបូងរបស់របបនេះផងដែរ។

មជ្ឈមណ្ឌលឯកសារកម្ពុជារៀបចំវេទិកា និងទស្សនកិច្ចសិក្សាចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ដែលចែកចេញជា ៦ក្រុម ដែលនឹងធ្វើដំណើរទៅកាន់ខេត្តកំពត ខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តស្ទឹងត្រែង ខេត្តប៉ៃលិន ខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ សម្រាប់ការសិក្សាអំពីរឿងរ៉ាវ និងស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម, ពង្រឹងសមត្ថភាពការងារ និងកសាង​អាជីពនាពេលអនាគតរបស់អ្នកស្ម័គ្រចិត្ត។ អំឡុងពេលវេទិកា អ្នកស្ម័គ្រចិត្តកម្ពុជា នឹង​សិក្សាអំពីមន្ទីរសន្តិសុខ (ពន្ធនាគារ) របស់ខ្មែរក្រហម កន្លែងធ្វើការ និងទីតាំងសម្លាប់​មនុស្សនានា។ មានសិស្សានុសិស្សប្រមាណជិត ២០០នាក់ មកពីខេត្តនានា ដែលត្រូវបានជ្រើសរើសសម្រាប់​វេទិកានេះ។ ក្នុងនោះក៏នឹងមាននិស្សិតឆ្នើមចំនួន ៦០ នាក់ ដែលនឹងត្រូវបានជ្រើសរើស និងអញ្ជើញឲ្យចូលរួមក្នុងសិក្ខាសាលាមួយផ្សេងទៀតនៅក្នុងទីក្រុងភ្នំពេញ ដែលគាត់នឹងជួបជាមួយ​ឯកអគ្គរដ្ឋទូត និងឥស្សរជនរដ្ឋាភិបាល ដើម្បីសិក្សា អភិវឌ្ឍន៍ជំនាញរបស់គាត់សម្រាប់ឱកាសការងារនាពេលអនាគត។

ក្រៅពីការពង្រឹងសមត្ថភាពការងាររបស់ខ្លួន ការងាររបស់អ្នកស័្មគ្រចិត្តជាមួយមជ្ឈ​មណ្ឌល​ឯកសារកម្ពុជាលើការងាររបស់ អ.វ.ត.ក និង នៅក្នុងគម្រោងលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ត្រូវបានគេមើលឃើញថា ជាសក្តានុពលភាព​មួយក្នុងការរួមចំណែកដល់យុត្តិធម៌នៅក្នុង​និងនៅក្រៅប្រព័ន្ធ​តុលាការ ដែលចាំបាច់ដើម្បីរក្សាបាននូវសន្តិភាព និង​ការ​ផ្សះផ្សា​​សម្រាប់​ប្រទេស​ដែល​រង​ទុក្ខ​វេទនា​រាប់​ទសវត្សរ៍​ដោយ​អំពើ​ប្រល័យពូជសាសន៍។ មជ្ឈមណ្ឌលឯកសារកម្ពុជានឹង​តែ​ងតែ​ផ្តល់អត្ថ​ប្រយោជន៍​ដល់​យុវជន​ដើម្បី​ចូលរួម​ជាមួយកម្មវិធីសម្រាប់អ្នកស័្មគ្រចិត្ត​កម្ពុជា។​

អត្ថបទផ្សេងទៀត៖