នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ដឹកនាំដោយលោក ស៊ាង ចិន្ដា, ទូច វណ្ណេត, សាំង ចាន់ធូ និង លី ដេវីត បន្តចុះចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បោះពុម្ពដោយព្រះរាជបណ្ណាល័យហ្លួងម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៣០នាក់ រស់នៅភូមិព្រីងបីដើម ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
នៅក្នុងឱកាសនោះ លោក ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បង្ហាញអំពីសារសំខាន់នៃសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលជាឯកសារប្រវត្តិសាស្ត្រគ្មានពីរ និងជាស្នាព្រះហស្តផ្ទាល់របស់ហ្លួងម៉ែ ក្នុងព្រះរាជដំណើរអមសម្ដេចព្រះ នរោត្តម សីហនុ មកកាន់តំបន់រំដោះនៃប្រទេសកម្ពុជា។ ខណៈនោះដែរ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលបានចូលរួមនៅក្នុងកម្មវិធីនេះ បានរំឭកអំពីប្រវត្តិសាស្រ្តប្រទេសកម្ពុជា និងរឿងរ៉ាវដែលបានកើតមានឡើងនៅភូមិព្រីងបីដើម ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បង្ហាញអារម្មណ៍រំភើប និងរំឭកអំពីបទពិសោធន៍ដែលខ្លួនបានឆ្លងកាត់សង្រ្គាម និងរបបខ្មែរក្រហម ដូចខាងក្រោម ៖
វ៉ា គឹមអៀន អាយុ៦២ឆ្នាំ រស់នៅភូមិព្រីងបីដើម ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ចែករំលែកការចងចាំអំពីដំណើរជីវិតរបស់ខ្លួនក្នុងពេលសង្រ្គាម និងរបបខ្មែរក្រហម បន្ទាប់ពីទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» ថា «កាលពីកុមារ ខ្ញុំមិនបានរៀនសូត្រទេ ព្រោះខ្ញុំពេញវ័យនៅពេលដែលសង្រ្គាមបានផ្ទុះឡើង។ នៅឆ្នាំ១៩៧៣ ពេលដែលសង្រ្គាមបានផ្ទុះឡើងខ្លាំង ខ្ញុំត្រូវបានជ្រើសរើសចូលធ្វើការនៅកងចល័តនៅក្នុងតំបន់រំដោះម្ដុំព្រៃស្រឡាច។ កាលនោះមិនមានប្រជាជនរស់នៅជិតផ្លូវជាតិទេ។ នៅឆ្នាំ១៩៧៥ ខ្ញុំត្រូវបានបញ្ជូនឲ្យទៅលើកដីនៅតំបន់បឹងធំ និងការដ្ឋានមួយចំនួនទៀតនៅក្នុងស្រុកព្រៃឈរ។ នៅក្នុងឆ្នាំ១៩៧៦ ខ្ញុំត្រូវបានដកទៅធ្វើការងារនៅចម្ការកៅស៊ូតំបន់ស្វាយមាស ស្រុកចំការលើ ខេត្តកំពង់ចាម។ នៅចម្ការកៅស៊ូ ខ្ញុំត្រូវបានបង្រៀនឲ្យចៀរជ័រកៅស៊ូ និងដាំដំណាំជាច្រើនមុខទៀត។ នៅក្នុងឆ្នាំ១៩៧៧ នៅពេលកម្មាភិបាលខ្មែរក្រហមភូមិភាគនិរតីចូលមក មនុស្សជាច្រើនត្រូវបានស្រាវជ្រាវ និងយកទៅសម្លាប់ចោល។ ពេលខ្លះកម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតី បានចុះមកចាប់មនុស្សយកទៅសម្លាប់ចោលនៅក្នុងចម្ការកៅស៊ូជ្រៅៗផងដែរ។ ខ្ញុំបានរួចជីវិតពីការចុះចាប់សម្លាប់នាពេលនោះ និងវិលត្រឡប់មករស់នៅភូមិកំណើតវិញ»។
ឯម បោយ អាយុ៦០ឆ្នាំ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិព្រីងបីដើម ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម រំឭកឡើងពីការចងចាំនៅពេលកើតសង្រ្គាម និងបទពិសោធន៍ក្នុងរបបខ្មែរក្រហមថា «នៅពេលសង្គ្រាម ខ្ញុំ និងឪពុកម្ដាយ រត់ភៀសខ្លួនពីកន្លែងមួយទៅកន្លែងមួយ ពីព្រោះតែការភ័យខ្លាចការទម្លាក់គ្រាប់បែក និងការបាញ់ផ្លោងដាក់គ្នា។ នៅឆ្នាំ១៩៧៥ ខ្ញុំធំដឹងក្ដី។ អ្វីដែលខ្ញុំចងចាំមិនភ្លេចនាពេលនោះ គឺខ្មែរក្រហមបានឲ្យខ្ញុំទៅដកស្មៅវាលស្រែ និងឲ្យហូបមិនគ្រប់គ្រាន់។ ក្នុងកងខ្ញុំ មានគ្នាប្រហែល៤០នាក់។ ពេលវេលាធ្វើការ គឺចាប់ផ្ដើមពីមេឃភ្លឺរហូតដល់ល្ងាច។ បន្ថែមលើការងារដកស្មៅ ខ្ញុំ និងអ្នកផ្សេងទៀត ត្រូវទៅចាប់កណ្ដុរនៅតាមវាលស្រែ។ បន្ទាប់ពីចាប់បាន ខ្ញុំត្រូវយកកណ្ដុរនោះទៅបង្ហាញខ្មែរក្រហមជាភស្តុតាង។ ក្រោយមក ខ្ញុំរួចផុតពីទុក្ខវេទនា និងការស្លាប់ក្នុងរបបខ្មែរក្រហម»។
អែម ម៉ន អាយុ៧៦ឆ្នាំ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិព្រីងបីដើម ឃុំត្រពាំង ស្រុកព្រៃឈរ ខេត្តកំពង់ចាមលើកឡើងអំពីការចងចាំរបស់ខ្លួន បន្ទាប់ពីទទួលសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» ថា «ខ្ញុំកើតនៅភូមិព្រីងបីដើម ឃុំត្រពាំងព្រះ នេះតែម្ដង។ កាលនៅពីក្មេង ខ្ញុំរៀនសូត្រត្រឹមថា្នក់ទី៤ នៅសង្គមចាស់។ បន្ទាប់មក ខ្ញុំឈប់រៀនដើម្បីជួយធ្វើការងារឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ ក៏កើតមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ។ ខ្ញុំដឹងអំពីព្រឹតិ្តការណ៍រដ្ឋប្រហាររបស់ លន់ នល់។ បន្ទាប់មក សង្គ្រាមរវាងទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហម បានផ្ទុះឡើង។ ទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហម តែងតែវាយប្រយុទ្ធគ្នានៅជិតផ្សារព្រៃទទឹង។ នៅពេលសង្រ្គាមផ្ទុះកាន់តែខ្លាំងឡើង ខ្ញុំនិងគ្រួសាររត់ភៀសខ្លួនទៅស្រុកកងមាស។ នៅឆ្នាំ១៩៧៥ ខ្ញុំបានវិលត្រឡប់មករស់នៅភូមិកំណើតវិញ។ នៅឆ្នាំ១៩៧៦ សហករណ៍បានបង្កើតឡើង។ ខ្ញុំត្រូវបានជ្រើសរើសឲ្យធ្វើការងារនៅកងចល័តបុរស ដូចជា ធ្វើស្រែ លើកទំនប់ និងការងារផ្សេងៗទៀត។ ការហូបចុករបស់ខ្ញុំគឺមិនគ្រប់គ្រាន់ទេ។ នៅឆ្នាំ១៩៧៨ ប្រជាជននៅក្នុងភូមិព្រីងបីដើម ត្រូវបានកម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតីចាប់យកទៅសម្លាប់ជាបន្តបន្ទាប់។ ខ្ញុំរួចផុតពីការចាប់យកទៅសម្លាប់នាគ្រានោះ។ ខ្ញុំចងចាំអំពីរឿងរ៉ាវទាំងនេះ បន្ទាប់ពីឃើញចំណងជើង «សាក្សីប្រវត្តិសាស្រ្ត» និងឃើញរូបភាពក្នុងសៀវភៅនេះ»។
អត្ថបទ និង រូបថត ៖ លី ដេវីត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម