ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម ប្រគេន និងចែកជូនសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវរវាជមាតាជាតិខ្មែរ ដល់ព្រះសង្ឃ អ្នកភូមិ និងសិស្សានុសិស្សនៅភូមិលាជលើ

នៅថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកោះថ្ម ប្រគេន និងចែកជូនសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ចំនួន៦៧ក្បាល ដល់ព្រះសង្ឃ លោកតា លោកយាយ អ៊ំ ពូ មីង និងសិស្សានុសិស្សនៅភូមិលាជលើ ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ជាកិច្ចចាប់ផ្តើមលោក ខាត់ រឿន អាជ្ញាធរភូមិលាជលើ ប្រកាសបើកកម្មវិធី និងបានសម្តែងការស្វាគមន៍ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម និង ពុក ម៉ែ បងប្អូន ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ព្រមទាំងសិស្សានុសិស្ស។ លោក ខាត់ រឿន បានថ្លែងថា ប្អូនៗដែលជាយុវជនជំនាន់ក្រោយមិនធ្លាប់បានឆ្លងកាត់សម័យសង្គ្រាម និងសម័យខ្មែរក្រហមឡើយ។ ថ្ងៃនេះក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្មនឹងធ្វើការចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលនិយាយពីព្រះរាជដំណើររបស់ «ហ្លួងម៉ែ» យាងមកកាន់ប្រទេសកម្ពុជា នៅក្នុងឆ្នាំ១៩៧៣ ជូនពុក ម៉ែ បងប្អូន និងសិស្សានុសិស្ស។ សៀវភៅនេះគឺជាកំណត់ហេតុរបស់ «ហ្លួងម៉ែ» ផ្ទាល់។

កិច្ចបន្តលោក ឡុង ដានី សម្តែងការអរគុណដល់លោក ខាត់ រឿន ប្រធានភូមិលាជលើ ដែលបានជួយរៀបចំកម្មវិធីចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងវេទិកាអប់រំសហគមន៍ស្តីពីប្រវត្តិសាស្ត្រខ្មែរក្រហម (១៩៧៥-១៩៧៩)។ លោក ឡុង ដានី បន្តថា ជាដំបូងខ្ញុំសូមធ្វើការណែនាំអំពីសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះមហាក្សត្រី នរោត្ត មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សព្វព្រះរាជហឫទ័យរាជានុញ្ញាតឲ្យមជ្ឈមណ្ឌលឯកសារកម្ពុជាបោះពុម្ភ ផ្សព្វផ្សាយ និងចែកជូនប្រជាជនខ្មែរនៅទូទាំងប្រទេស។ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុយាងពីទីក្រុងប៉េកាំងប្រទេសចិនមកទីក្រុងហាណូយ និងបន្តទៅកាន់តំបន់រំដោះនៃប្រទេសកម្ពុជាមាតុភូមិជាទីស្នេហា ដែលព្រះអង្គបានឃ្លាតឆ្ងាយអស់រយៈពេលជាងបីឆ្នាំកន្លងមក។ ដើម្បីបានមកដល់មាតុភូមិ ព្រះអង្គត្រូវធ្វើដំណើរឆ្លងកាត់ផ្លូវលំហូជីមិញ។ បន្ទាប់មកព្រះអង្គបន្តដំណើរតាម «ផ្លូវលំ សីហនុ»។ ហ្លួងម៉ែបានបង្ហាញថា យើងគឺជាសមាជិកពិតប្រាកដនៃចលនាតស៊ូ ហើយយើងមិនញញើតញញើមក្នុងការប្រឈមមុខនឹងគ្រោះថ្នាក់ទាំងអស់ ដើម្បីវិលត្រឡប់មកកាន់មាតុ​ភូមិ និងជួបសួរសុខទុក្ខជនរួមជាតិដែលតស៊ូយ៉ាងអង់អាចនៅក្នុងប្រទេស។ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានបង្ហាញពីភាពទន់ភ្លន់ សេចក្តីថ្លៃថ្នូរ ជាពិសេសមានសារសំខាន់ដល់ប្រទេសជាតិ និងរំឭកអតីតកាលក្នុងឆ្នាំ១៩៧០។

បន្ទាប់ពីបានប្រគេន និងចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជូនព្រះសង្ឃ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងសិស្សានុសិស្សរួចមក លោក ឡុង ដានី បន្តកម្មវិធីវេទិកាអប់រំសហគមន៍ស្តីអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងបានសង្ខេបពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ ដោយចាប់ផ្តើមពីគោលនយោបាយ៨ចំណុច ដែលខ្មែរក្រហមបានអនុវត្តក្នុងអំឡុង៣ឆ្នាំ​៨ខែ ២០ថ្ងៃ មានដូចខាងក្រោម៖

១) ជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ និងទីប្រជុំជន

២) បំបាត់ផ្សារ និងរូបិយវត្ថុ

៣) កម្ទេចវត្តអារាម និងផ្សឹកព្រះសង្ឃ

៤) បិទសាលា និងគ្រឹះស្ថានសិក្សា

៥) បង្កើតសហករណ៍

៦) ផ្តាច់់ទំនាក់ទំនង និងបំបែកបំបាក់ក្រុមគ្រួសារ

៧) ការសម្លាប់បញ្ញវន្ត មន្តី្ររដ្ឋការ និងប្រជាជនស្លូតត្រង់

៨) បណ្តេញជនជាតិវៀតណាម និងធ្វើសង្គ្រាមជាមួយវៀតណាម

ខាងក្រោមគឺជាការចែករំលែករឿងរ៉ាវជីវិតរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងចំណាប់អារម្មណ៍របស់សិស្ស ៖

ខ្ញុំបាទឈ្មោះ ជុំ សារ៉េត ភេទប្រុស អាយុ៩៣ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិលាជលើ ឃុំជាំ ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្ន ខ្ញុំរស់នៅក្នុងភូមិលាជលើ ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំមានឪពុកឈ្មោះ ឱក និង ម្ដាយឈ្មោះ ពុំ និងមានប្អូនស្រីចំនួន២នាក់ ដែលបានស្លាប់នៅក្នុងសម័យខ្មែរក្រហមដោយសារគ្មានអាហារហូបគ្រប់គ្រាន់។ ខ្ញុំមានប្រពន្ធឈ្មោះ គូ សាន អាយុ៨៩ឆ្នាំ និងមានកូនចំនួន៨នាក់ ក្នុងនោះប្រុសចំនួន៤នាក់។ ខ្ញុំចូលធ្វើជាទាហានតាំងពីជំនាន់ឥស្សរនៅទល់ដែនថៃជាមួយ ម៉ៅ ភារុន។ ខ្ញុំគឺជាប្រធានអង្គភាព ដឹននាំទាហានចំនួន១២០ឡានទៅព្រំដែនប្រទេសថៃ ប៉ុន្តែពេលត្រឡប់មកវិញមានត្រឹម៨០ឡានប៉ុណ្ណោះ។ នៅពេលខ្មែរក្រហមឡើងកាន់អំណាចនៅឆ្នាំ១៩៧៥ ខ្ញុំមិនបានរស់នៅជួបជុំគ្រួសារ ព្រោះខ្ញុំត្រូវទៅឈរជើងនៅសមរភូមិ។ នៅអំឡុងឆ្នាំ១៩៩០ខ្ញុំបានត្រឡប់មកស្រុកកំណើត បន្ទាប់មកធ្វើជាមេឃុំជាំ ហើយបច្ចប្បន្នខ្ញុំចូលនិវត្តន៍ហើយ។

ខ្ញុំឈ្មោះ មុំ រីម ភេទស្រី អាយុ៦៦ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិលាជលើ ឃុំជាំ ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្ន ខ្ញុំរស់នៅក្នុងភូមិលាជលើ ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។  ខ្ញុំមានឪពុកឈ្មោះ មុំ សៅ និងម្ដាយឈ្មោះ ឃ្វី ច្រាញ់។ ឪពុកម្តាយខ្ញុំស្លាប់ដោយសារជំងឺអស់ហើយ។

នៅឆ្នាំ១៩៧០ អាមេរិកកាំងទម្លាក់គ្រាប់បែកនៅតាមជាយភូមិធ្វើឲ្យឆេះផ្ទះប្រជាជនអស់ ហើយគ្រួសាររបស់ខ្ញុំរត់ទៅនៅខាងស្រែស្រណុក ខេត្តក្រចេះ។ គ្រួសារខ្ញុំបានបន្តរស់នៅស្រែស្រណុក និងស៊ីឈ្នួលគេនៅទីនោះបានប្រហែល៦ខែ ទើបត្រឡប់មកភូមិវិញ។ ខ្ញុំស្នាក់នៅតាមគុម្ពចេករយៈពេល២ឆ្នាំ ទើបសង់ផ្ទះដោយដំបូលក្រប់ស្លឹក និងជញ្ជាំងបាំងតង់។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមចាប់ផ្ដើមបង្កើតជាសហករណ៍ហូបបាយរួម ហើយការរស់នៅចាប់ផ្តើមលំបាក និងមិនបានជួបជុំគ្រួសារឡើយ។ ខ្មែរក្រហមបានចាត់តាំងខ្ញុំឲ្យទៅរស់នៅតាមកងចល័ត។ ខ្ញុំធ្វើការដោយមិនបានសម្រាក និងមិនបានងូតទឹកឡើយ។ ខ្ញុំមិនបានងូតទឹករយៈពេល៥ខែ ហើយសូម្បីរដូវក៏គ្មានដែរ។ ខ្មែរក្រហមប្រើខ្ញុំឲ្យលើកទំនប់នៅភូមិពព្លាំ ឃុំជាំ បន្ទាប់មកទៅលើកទំនប់នៅបឹងក្រចាប់ ដោយខ្ញុំដើរមួយយប់មួយថ្ងៃទើបទៅដល់បឹងនោះ។ ម្ដាយខ្ញុំបានផ្តាំផ្ញើខ្ញុំថាប្រយ័ត្នមានគ្រោះថ្នាក់ ហើយខ្ញុំក៏បានឆ្លើយតបទៅគាត់វិញថា «ម៉ែមិនបាច់បារម្ភពីខ្ញុំទេ  បើស្លាប់ក៏ស្លាប់ដើម្បីជាតិដែរ»  ទោះបីខ្ញុំមិនបានហូបឆ្អែតក៏ខ្ញុំមិនដែលរអ៊ូដែរ។ ពេលត្រឡប់មកពីបឹងក្រចាប់វិញ ខ្ញុំបានយកបាយទៅឲ្យកងកម្លាំងនៅសមរភូមិមុខ និងសែងអ្នករបួសមកព្យាបាល។ ក្រោយមក ខ្ញុំបានទៅរស់នៅអាលូច ស្ថិតនៅក្នុងស្រុកស្នួល ខេត្តក្រចេះ។  ខ្ញុំត្រូវងើបជីប្រឡាយតាំងពីម៉ោង៣ទៀបភ្លឺ។ ខ្ញុំរស់នៅទីនោះបានរយៈពេល៥ទៅ៦ខែ ក៏ផ្លាស់ទៅរស់នៅស្រុកស្ទឹងត្រង់ និងស្រុកចំការលើ ខេត្តកំពង់ចាម។ ខ្ញុំត្រូវបានខ្មែរក្រហមចាប់ខ្លួន ដោយចោទថាជាគិញសម្ងាត់របស់ភូមិភាគបូព៌ា ប៉ុន្តែប្រជាជននៅទីនោះជួយបញ្ជាក់ទើបខ្មែរក្រហមដោះលែងខ្ញុំឲ្យត្រឡប់មកផ្ទះវិញ។

ខ្ញុំឈ្មោះ ស្រេង សំណាង គឺជាសិស្ស សូមអរគុណដល់ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកោះថ្មដែលបានរៀបចំកម្មវិធីចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងវេទិកាអប់រំសហគមន៍ស្ដីអំពីប្រវត្តិសាស្រ្ត (១៩៧៥-១៩៧៩) ដើម្បីផ្ដល់ឱកាសឲ្យខ្ញុំ ក៏ដូចជាសិស្សានុសិស្សផ្សេងទៀត បានចូលរួមសិក្សាស្រាវជ្រាវ និងយល់ដឹងអំពីប្រវត្តិសាស្រ្ត និងបានស្ដាប់អំពីសាច់រឿងរបស់លោកតា លោកយាយដែលគាត់ធ្លាប់បានជួបប្រទះនៅក្នុងសម័យសង្រ្គាម និងសម័យខ្មែរក្រហម។

អត្ថបទ ៖ ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖