​ស វ៉ុន៖ អ្នក​បើក​រថយន្ត​នៅ​កង​ពល​៩២០​

ស វ៉ុន ភេទ​ប្រុស​ កើត​នៅឆ្នាំ​១៩៦០ នៅឃុំ​បឹង ស្រុក​បារាយណ៍​ ខេត្ត​កំពង់​ធំ​។ បច្ចុប្បន្ន វ៉ុន ​រស់​នៅ​​ឃុំ​ត្រពាំង​ប្រិយ៍​ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​។​ វ៉ុន បាន​រៀប​រាប់​ពី​ដំណើរ​ជីវិត​របស់​ខ្លួនឆ្លងកាត់របបខ្មែរក្រហម​ថា៖

កាល​ពី​កុមារ​ភាព ខ្ញុំ​មិន​បាន​រៀន​សូត្រ​ទេ​ដោយ​សារ​តែជីវភាព​គ្រួសារ​ខ្សត់​ខ្សោយ​។ នៅ​​​ចុង​ឆ្នាំ​១៩៧៣ ខ្ញុំ​និង​អ្នកភូមិ​ផ្សេង​ទៀត​​​ជា​ពិសេស​បុរស​ៗ ត្រូវ​បាន​ខ្មែរ​ក្រហម​កេណ្ឌ​ឲ្យ​ចូល​ធ្វើ​ជា​កង​ទ័ព។​ ​​​ មិនត្រឹម​តែ​ប៉ុណ្ណោះ​​សូម្បី​តែ​ព្រះសង្ឃ​ក៏​ត្រូវ​បាន​ខ្មែរ​ក្រហម​ចាប់​ផ្សឹក​​ដើម្បី​ឲ្យ​ចូល​រួម​ក្នុង​ចលនា​តស៊ូ​របស់ខ្លួនដែរ​។ នៅមុនពេល​ខ្ញុំ​ក្លាយ​ជាកង​ទ័ព​ដែល​អាច​ចូល​​ទៅប្រយុទ្ធនៅ​សមរភូមិ​បាន​ ខ្មែរ​ក្រហម​បាន​បញ្ជូន​ខ្ញុំ​ឲ្យ​ទៅ​ហ្វឹក​​ហាត់​នៅ​ឃុំ​ផ្អាវ ស្រុក​បាធាយ ​ខេត្ត​កំពង់​ចាម​។​ ខ្ញុំ​បាន​​រៀន​ពី​​យុទ្ធ​សាស្រ្ត​ធ្វើ​សង្រ្គាម​ដោយ​ផ្ទាល់​ ​ដូច​ជា​ របៀប​ដោះមីន​ ​ដាក់​មីន​ និង​​ក្រាប​លូន​នៅ​ក្រោម​បន្លា​លួស។ លុះ​ដល់ឆ្នាំ​១៩៧៤ បន្ទាប់ពី​ខ្ញុំ​​​ឆ្លង​ផុត​ការ​ហ្វឹក​ហាត់​នេះ​ ​ខ្មែរ​ក្រហម​​​បញ្ជូន​ខ្ញុំ​មក​កាន់​សមរ​ភូមិ​នៅជាយក្រុង​ភ្នំ​ពេញ​។ យើង​ត្រូវ​ចំ​ណាយ​ពេល​មួយ​យប់នៅភូមិ​​ពណ្ណរាយ ឃុំ​ចើង​ដើង​ ស្រុក​បារាយណ៍​ ខេត្ត​កំពង់​ធំ​ ដើម្បីឈប់​សម្រាក និង​​ប្រមូល​កម្លាំង​​​ជុំ​គ្នាជា​មុន​សិន​​ ហើយនៅពេល​ព្រឹកបន្ទាប់ទើប​យើង​ធ្វើ​ដំណើរ​​​បន្ត​។​ ​ខ្មែរក្រហម​បានចាត់តាំងឲ្យយើង​​ឈរ​ជើង​នៅខាង​កើត​​ព្រែក​ក្ដាម​ រហូត​ដល់​រដូវ​រស្សា។ បើ​ទោះមានទឹក​ជន់​លិច​យ៉ាង​ណាក៏ដោយ ក៏​កង​កម្លាំង​ខ្មែរ​ក្រហម​នៅ​តែ​ធ្វើ​ការវាយប្រយុទ្ធ​ដោយ​ប្រើប្រាស់ទូក​។ ខ្ញុំ​និង​យោធាខ្មែរក្រហម​ផ្សេង​ទៀត​ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​វាយ​តាមបណ្តោយថ្នល់​ជាតិនៅម្តុំ​កំពង់​ហ្លួង​​។ ​នៅ​ឆ្នាំ​១៩៧៥  នៅទីក្រុង​ភ្នំ​ពេញ​កាន់​តែ​មានភាព​​ចលាចល​ខ្លាំង​ដោយសារការវាយប្រយុទ្ធរវាង​ខ្មែរ​ក្រហម ​និង​កង​កម្លាំង​​សាធារ​ណរដ្ឋ​ខ្មែរ​​។ នៅក្នុង​ស្ថាន​ភាព​​ពេល​នោះ​​យើង​មិន​អាច​ធ្វើ​អ្វី​បាន​ក្រៅ​ពី​លាក់ខ្លួន​នៅ​ក្នុង​លេណដ្ឋាននោះ​ទេ ​ដោយ​សារ​តែ​មាន​ការ​ទម្លាក់​គ្រាប់បែក​​យ៉ាង​ច្រើនសន្ធឹក​ពីសំណាក់​​កង​កម្លាំង ​លន់​ នល់​។​ ​យើងបាន​នាំគ្នា​និយាយ​ថា​ «បី​ថ្ងៃរស់ បី​ថ្ងៃ​ស្លាប់​» ព្រោះកង​កម្លាំង​ខ្មែរ​ក្រហម​ត្រូវ​ឆ្លាស់វេនគ្នា​បី​ថ្ងៃ​ម្ដង​ចេញ​ពី​លេណដ្ឋាន ប្រសិន​បើ​យើង​អាច​តស៊ូ​ផុតបី​ថ្ងៃ​​​ហើយ​នៅ​មាន​ជីវិត​​នោះ​យើងនឹង​ត្រូវ​បាន​ផ្លាស់​ចេញ​​ដោយមិន​​​​បញ្ជូន​ទៅ​សមរភូមិ​​​ទៀត​ទេ ប៉ុន្តែ​ប្រសិន​បើ​យើ​ង​នៅ​តស៊ូមិន​ផុត​បី​ថ្ងៃ​​ គឺ​គ្មា​ន​អ្វី​ក្រៅ​ពីសេចក្តី​​ស្លាប់​នោះ​ឡើយ​​។ ជា​ទូ​ទៅ​រយៈពេល​បី​ថ្ងៃ​នោះ​វា​ពិត​ជាលំ​បាកណាស់​​សម្រាប់​ខ្ញុំ ក្រៅពី​​រត់​គេច​ពី​​​ការទម្លាក់​គ្រាប់​បែក​ គឺ​ខ្ញុំ​​ត្រូវលាក់​ខ្លួន​​ក្នុងរណ្ដៅលេណដ្ឋាន​ដែល​​ហប់​ក្ដៅ​​ស្ទើរតែ​ទ្រាំ​មិនបាន​​។ នៅ​ក្នុងមួយ​រណ្ដៅ​យើង​មានយោធា​ចំនួន​​ពីរ​នាក់ ​ក្នុង​ម្នាក់​ត្រូវ​មាន​កាំ​ភ្លើង​ដេកា​ចំនួនពីរ​​ដើម បំពង់​ទឹកមួយ និង​បំពង់​សម្រាប់​បន្ទោរ​បង់​មួយ​។ ​ក្រោយ​ពី​ខ្ញុំ​បានឆ្លង​ផុត​​បី​ថ្ងៃនោះ​រួច​មក​ ​ខ្ញុំ​មក​អង្គុយ​យំម្នាក់​ឯងព្រោះស្រណោះ​ខ្លួន​ និង​​នឹក​ដល់​ឪពុក​ម្ដាយ​របស់ខ្ញុំ​យ៉ាង​ខ្លាំង។​ ​ខ្ញុំ​សម្រេច​ចិត្ត​លួច​រត់​ទៅ​ផ្ទះ​ដោយ​មិន​បានប្រាប់​ប្រធាន​ក្រុម​ ប៉ុន្តែ​ជាសំណាង​របស់​ខ្ញុំ​ដែល​​កាល​ណោះ​ខ្មែរក្រហម​មិន​បាន​សម្លាប់​ខ្ញុំ​ដូច​អ្នក​ឯទៀត​ដែលធ្លាប់​​លួច​រត់​ទៅផ្ទះ​​វិញ ដោយខ្មែរ​ក្រហម​គ្រាន់​​តែហៅ​ខ្ញុំ​​ត្រឡប់​មកអង្គភាពវិញ​ និង​​​​ដក​សេចក្ដី​ទុកចិត្ត​ពី​ខ្ញុំ​តែប៉ុណ្ណោះ​។

​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ខ្មែរ​​ក្រហម​​ទទួល​បាន​ជ័​យ​ជម្នះ​នៅ​ទី​ក្រុង​ភ្នំ​ពេញ​​។ ​​ខ្មែរក្រហម​បានបញ្ជូនខ្ញុំ​ឲ្យ​ទៅឈរជើង​នៅ​​​​ខាង​លិច​ស្ពាន​ជ្រោយ​ចង្វា​ ក្នុងក្រុង​​ភ្នំ​ពេញ​ ហើយក្រោយ​មក ​​ខ្មែរក្រហម​បានផ្លាស់ខ្ញុំ​​មក​យាម​ឃ្លាំង​អង្ករវិញ​​។ ​​ខ្ញុំ​​បាន​ឃើញ​ស្ថាន​ភាពរបស់​ប្រជាជន រួមមាន ​ក្មេង​ ចាស់​ ប្រុស​ ស្រី​ ត្រូវ​បានខ្មែរក្រហម​​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​ទីក្រុងរយៈពេល​បី​ថ្ងៃ​​។ ​​ទី​ក្រុងទាំង​មូលបាន​ប្រែ​​​ក្លាយ​ទៅ​ជាស្ងាត់​ជ្រងំដែល​មើល​ទៅ​ពិត​ជាគួរ​ឲ្យ​សង្វេគ​​។ មួយ​សប្ដាហ៍​​ក្រោយ​ពីខ្មែរ​ក្រហម​ទទួល​បាន​ជ័យ​ជម្នះ ​​ខ្ញុំ​សង្ឃឹម​ថា​បានវិល​ត្រឡប់​ទៅ​​ផ្ទះ​​ជួប​ជុំ​ឪពុក​ម្ដាយ​​វិញ​ ប៉ុន្តែ​​ផ្ទុយទៅវិញខ្មែរក្រហម​បែរជាបញ្ជូន​ខ្ញុំ​ទៅ​ខេត្ត​មណ្ឌលគិរី។ ខ្ញុំ​​ធ្វើ​ដំណើ​រចេញ​ពី​ភ្នំ​ពេញ​ទៅ​មណ្ឌល​គិរីនៅ​ម៉ោង​៧​ព្រឹក ដោយ​ជិះ​កាណូតរហូត​​ទៅ​ដល់​កោះ​ម៉ាយើល។ ខ្ញុំ​​រស់​នៅ​កោះ​ម៉ាយើល​បាន​កន្លះ​ខែ​ ​ខ្មែរក្រហ​ម​បាន​បញ្ជូន​ខ្ញុំ​ទៅស្រុក​​ពេជ្រាដា ដើម្បីធ្វើ​ស្រែឆ្លាស់​វេនគ្នា​​ និងយាម​​​ល្បាត​នៅ​តាម​ព្រំ​ដែន។ ​ខ្ញុំ​ នៅ​ក្នុង​កង​វរសេនាធំ​៩២០ ដោយ​មាន ​​​តាឈិន​ និង​តាសយ គឺ​ជាអ្នក​គ្រប់​គ្រង​​​។ ការ​ធ្វើ​ស្រែ​​ពិត​ជា​លំបាក​ ​ ដោយសារ​​ខ្មែរ​ក្រហម​បាន​បង្ខំ​ឲ្យ​​យើងធ្វើ​​ការ​​លើស​កម្លាំង ហើយ​ថែម​ទាំង​​​បង្អត់​អាហារថែម​​​ទៀត ដែលជា​ហេតុ​ធ្វើ​ឲ្យ​កង​កម្លាំង​​ខ្លះ​មិនអាច​ទ្រាំ​ទ្រ​បាន​​ក៏ដួល សន្លប់​​​។  យើង​ធ្វើ​ស្រែ​បាន​រយៈពេល​​មួយ​សប្ដាហ៍​​​ ខ្មែរក្រហម​ប្ដូរយើង​ឲ្យ​មកយាម​ល្បាត​តាម​ព្រំ​ដែនវិញ​​​។​​ ការ​ដើរ​ល្បាតនេះ​ យើង​ត្រូវ​ប្រឈម​ជា​មួយ​នឹង​ជំងឺគ្រុន​ចាញ់​ ​ឬ​ត្រូវ​សត្វ​ទាក​​ទាម​​ជើង ប្រសិនបើយើង​​មិន​ប្រយ័ត្ន​​។ ខ្ញុំបាន​​​ដើរល្បាត​តាម​ព្រំ​ដែន និងធ្វើស្រែ​​អស់​រយៈពេល​មួយ​ឆ្នាំ​។ នៅ​​​ឆ្នាំ​១៩៧៦ ​​ខ្ញុំត្រូវ​បានប្ដូរ​ទៅ​ធ្វើ​ជា​អ្នក​បើក​រថយន្ត​​ដឹក​សម្ភារ​នៅ​ភ្នំ​ពេញ​វិញ។ ខ្ញុំ​គិត​ថា​ការ​ប្ដូរ​មក​ធ្វើ​ជាអ្នក​ដឹក​ជញ្ជូន​សម្ភារ​បាន​រស់​នៅ​​ស្រួល ​ប៉ុន្តែ​មិន​ដូ​ចខ្ញុំ​គិត​នោះ​​ទេ ខ្ញុំ​ត្រូវ​បាន​ខ្មែរក្រហម​​តាម​ដាន​ជាប់​ជា​និច្ច។​​ ប្រសិន​បើ​ខ្ញុំ​ធ្វើ​ឲ្យ​រថយន្តខូច​ ឬ​ ​បាត់​ខ្ចៅរថយន្ត ​ខ្ញុំ​នឹងត្រូវ​បាន​ដាក់​ទោស​ ឬ​យក​​ទៅ​សម្លាប់​ជា​ពុំ​ខាន​។

នៅអំឡុងឆ្នាំ​១៩៧៧ នៅ​ក្នុងកង​វរសេនា​ធំ​៩២០ ​​ចាប់​ផ្ដើម​ចលាចល​​ ដោយ​សារ​ភូមិ​ភាគ​និរតី​ និងភូមិ​ភាគឧត្ត​រ​ បាន​ចោទប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ថា «ក្បត់​»​​។ ​ក្រៅ​ពី​ដឹក​ជញ្ជូនសម្ភារ ​​ខ្ញុំ​តែង​តែ​​មក​បើករថយន្ត​ជូន​ តាសយ​ ​ដោយសារ​គាត់​ខ្វះ​អ្នកបើកបរ​រថយន្ត។ ខ្ញុំ​នៅ​ចាំ​បានថា​ ថ្ងៃ​មួយ ​ តា​សយ និង​តា​ឈិន ​ប្រជុំប្រាប់​អ្នក​​ដែល​នៅ​ជាមួ​យ​គាត់​​មិន​ឲ្យ​​ទាក់​ទង​ ឬ​និយាយ​ច្រើន​ជាមួយអ្នកមកពីខាង​ក្រៅ​​ ​​ទោះ​បី​ជា​បង​ប្អូន​ឬ​អ្នក​ដែល​ស្គាល់គ្នា​ក៏​ដោយ​។ តា​​សយ បានប្រាប់ថា​​​សូម​ឲ្យ​ប្រុង​​ប្រយ័ត្ន ព្រោះ​​យើង​មិន​អាច​ស្មាន​ដឹង​​នរណា​ជា​ជន​បង្កប់​ទេ​។ លុះ​ស្អែក​ឡើង ​តាសយ និង​តា​ឈិន​​ ​បានបាត់​ខ្លួន​ដោយគ្មាន​នរ​ណា​បាន​ដឹង​ពី​មូល​ហេតុ​។​​ ក្រោយ​មក​​ខ្ញុំ​ឮដំណឹង​ថា​ នឹង​មានប្រធានកងពល​ថ្មី​ឈ្មោះ ​​តា​សាន ​ឬ តា០៦ មក​ជំនួសតាឈិន​​  ចំណែក តា​គីម​ និង​តាឡឺ​​ ត្រូវ​ប្ដូរ​មកជំនួស តាសយ។ ​ខ្ញុំ​បានដឹង​​ថា​ តា​សយ និង​ តា​ឈិន ប្រាកដ​ជា​ត្រូវ​ចាប់​ខ្លួន​ហើយ​។​ បន្ទាប់​​មក​​ខ្មែរ​ក្រហមបានដកខ្ញុំ​​ឲ្យ​មក​​គ្រប់​គ្រង​មនុស្សចាស់​ដែ​ល​ក្នុង​មួយ​ក្រុម​មានសមាជិក​១២​នាក់​។ ខ្ញុំ​នៅ​គ្រប់​គ្រង​ចាស់ៗ​បាន​ប្រហែល​៦​ខែ ​ក៏ត្រូវបាន​ប្ដូរ​មកធ្វើ​ជា​អ្នក​រក​បន្លែ ត្រី​សាច់​ សម្រាប់​ផ្គត់​ផ្គង់​​កុមារ​ជាង​៣០០​នាក់​នៅ​ក្នុងមន្ទី​​​កុមារ​ដែ​ល​មាន​ យាយ​រុន គឺជា​ប្រធាន​។​ ក្នុងអំឡុង​ពេលដែល​​ខ្ញុំបាន​រស់​នៅ​ក្នុង​មន្ទី​រកុមារ តាសាន ​បាន​រៀប​ចំ​ឲ្យ​ខ្ញុំ​​រៀប​ការ​មានគ្រួសារ​ដោយ​ការ​ចាប់គូក្នុង​នោះ​​មាន​ចំនួន​៥០​គូ។​

នៅថ្ងៃទី៧ ខែមករា ​​​​ឆ្នាំ​១៩៧៩ កងទ័ពវៀត​ណាម​​បានចូល​មក​ប្រទេស​កម្ពុជា​ ខ្ញុំ,​ប្រពន្ធ ​និង ​កូន​​បាន​​ភៀស​ខ្លួន​ចេញ​ពី​មន្ទី​រកុមារ។ យើង​បាន​ចេញ​ដំណើរ​មក​ជាក្រុមៗ​ ប៉ុន្តែ​ដោយ​សារនៅតាម​ផ្លូវ​មាន​ទន្លេ​​មិន​អាច​ឆ្លង​បាន​ យើងបាន​រស់​នៅ​ក្នុង​ព្រៃ​​អស់​រយៈពេល​មួយឆ្នាំ។ ជីវិត​ប្រជាជន​​នៅ​ពេល​នោះគឺ​​មាន​ការ​លំបាក​ខ្លាំងណាស់​​ ព្រោះ​​​យើង​មិនមាន​អាហារ​សម្រាប់​ហូប​​គ្រប់គ្រាន់​ រហូត​ធ្វើ​ឲ្យ​កូន​របស់​ខ្ញុំ​ត្រូវ​ស្លាប់យ៉ាង​វេទនា​។ មកដល់​ឆ្នាំ​១៩៨០ ទើប​មាន​កង​កម្លាំង​ខ្មែក្រហម​ បញ្ជូន​​រថយន្ត​មក​ដឹក​ប្រជា​ជន​ទាំង​អស់​​យក​ទៅ​រស់​នៅ​ភ្នំ​១០០១ ក្នុង​កង​រវសេនា​ធំ៩៧ ដែល​ចំណុះ​ឲ្យ​​កង​ពល​៩២០​​។ ជីវិតរបស់​យើង​មាន​ភាព​ល្អ​ប្រសើ​រជាង​មុន។ ​​ស្រ្តី​ដែល​មាន​ប្តី​ និង​មាន​កូន​​តូច​ ខ្មែរក្រហម​បានអនុញ្ញាត​ឲ្យ​នៅ​ផ្ទះ​មើល​ថែ​កូន​​។ ចំណែក​បុរស​ៗ​ គឺត្រូវ​ដឹក​ជញ្ជូន​គ្រាប់​ទៅកាន់​សមរភូមិ​មុខ​ដោយ​ធ្វើ​ដំណើរ​ចេញ​ពី​ជើង​ភ្នំ​ដងរែក​ទៅ​កាន់​​ទន្លេ​មេគង្គ​។ ចំពោះគ្រាប់​ដែល​ខ្ញុំ​ដឹក​ជញ្ចូន​នៅពេល​នោះ​មាន​ គ្រាប់​កាំ​ភ្លើង​ដៃ និង​គ្រាប់​កាំ​ភ្លើង​ធំ​។​ អ្នក​ដឹក​ជញ្ជូន​ទាំង​អស់​ត្រូវ​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង ដែល​មាន​សម្ពាយធំ​ៗម្នាក់​មួយ​​សម្រាប់​ដាក់គ្រាប់​។​​ លុះ​ក្រោយ​មក​កងទ័ព​វៀត​ណាម​បាន​​វាយ​លុក​ចូល​មកដល់​ភ្នំ​​១០០១​ ​ខ្ញុំ​បានភៀស​ខ្លួន​ទៅ​រស់​នៅ​១០០៣​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​​របស់ ​តាម៉ុក វិញ​។ តា​ម៉ុក​ បាន​អនុញ្ញាត​ឲ្យ​​​ស្រីៗ​បិត​ចម្រូងនៅ​​សមរភូមិ​ក្រោយ​ ដោយ​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ណាឡើយ​​។ តាម៉ុក បាន​ឲ្យខ្ញុំ​​ទៅ​យាម​ឃ្លាំង​​ដាក់​គ្រាប់​​នៅ​លើ​ភ្នំ​ដង​រែក​។ លុះ​ដល់​ឆ្នាំ​១៩៩៣ តា​ម៉ុក​ ចាប់​ផ្ដើម​ជម្លៀស​ប្រជាជន​ឲ្យ​ចុះ​មក​រស់​នៅ​​អន្លង់​វែង ជា​បន្ត​បន្ទាប់​ដោយ​សារ​ តាម៉ុក​ យល់ឃើញ​ថា​សង្រ្គាម​ហាក់​មាន​ភាព​ស្ងប់​ស្ងាត់​​។ ប៉ុន្តែ ​តា​ម៉ុក ​បាន​ត្រៀម​រួច​ជា​ស្រេច​ដោយ​​ដាក់​គ្រួសារ​ណា​ដែលមាន​ជន​​ពិការឲ្យរស់​នៅ​តាម​​ជើងភ្នំ​ដើម្បី​​ងា​យ​ស្រួលក្នុង​ការ​រត់​ភៀសខ្លួន​ឡើង​ទៅ​លើ​ភ្នំ​​ នៅ​ពេល​មានការវាយ​ប្រយុទ្ធគ្នា។

រហូតដល់​​ឆ្នាំ​១៩៩៨ ​កងកម្លាំងខ្មែរ​ក្រហមបាន​ធ្វើ​សមាហរណកម្ម​ចុះចូលជា​មួយ​រាជរដ្ឋាភិ​បាល​ ​ទើបខ្ញុំ​​នាំ​គ្រួសារ​មក​រស់​នៅ​ក្នុង​ភូមិ​ទួល​សាលា។ ចាប់​តាំង​ពីពេល​នោះ​​ ជីវិត​គ្រួ​សាររបស់​ខ្ញុំ ​និង​ប្រជាជន​ជា​ច្រើន​នាក់​ផ្សេង​ទៀត​ ហាក់​មាន​ភាព​ប្រសើរ​ឡើង​ជាង​មុន​ដោយ​យើង​ចាប់​ផ្ដើម​ប្រកប​របររក​ស៊ី ​ធ្វើ​ស្រែ​ចម្ការ​​ខ្លួន​ឯង​។ ប្រជាជន​ទាំង​អស់​ទទួល​បាន​នូវ​សិទ្ធិសេរីភាព ហើយកូន​ចៅ​របស់​ខ្ញុំ​​មាន​ឱ​កាសបាន​ទៅ​​សិក្សា​រៀន​សូត្រដើម្បី​បម្រើ​​ប្រទេស​ជាតិ​។

អត្ថបទ៖ ហ៊ាន ពិសី អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង

ស វ៉ុន បច្ចុប្បន្នគឺជាប្រជាជន រស់នៅឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ (ហ៊ាន ពិសី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

 

ផ្ទះរបស់ ស វ៉ុន សង់អំពីឈើ ប្រក់ក្បឿង នៅឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ (ហ៊ាន ពិសី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

 

ផ្លូវទៅឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ (ហ៊ាន ពិសី/មជ្ឈមណ្ឌលឯកសារកម្ពុជា)
អត្ថបទផ្សេងទៀត៖