មជ្ឈមណ្ឌលឯកសារកម្ពុជាមានសេចក្តីសោមនស្សរីករាយ ក្នុងការប្រកាសឲ្យដឹងអំពីការពិនិត្យ និងពិគ្រោះយោបល់ផ្នែកសុខភាពដ៏ជោគជ័យសម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ចំនួន១០០ ក្នុងចំណោមអ្នករស់រានមានជីវិតនៅថ្នាក់មូលដ្ឋានចំនួន២៦៧នាក់ នៅស្រុកអន្លង់វែង ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣។
មជ្ឈមណ្ឌលឯកសារកម្ពុជាបានធ្វើពិធីនេះក្នុងទីតាំងវត្តអន្លង់វែង។ អន្លង់វែងគឺជាតំបន់មួយដែលមានប្រជាជនប្រមាណជាជិត៦ម៉ឺននាក់រស់នៅ ដែលភាគច្រើននៃអ្នកទាំងអស់នោះ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ អន្លង់វែង គឺជាសហគមន៍ឆ្ងាយដាច់ស្រយាលមួយដែលមានទីតាំងស្ថិតនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលតំបន់នេះត្រូវបានគេស្គាល់ជាទូទៅថាជាតំបន់តស៊ូចុងក្រោយរបស់ខ្មែរក្រហម។ តំបន់នេះមានអត្រាភាគរយខ្ពស់នៃប្រជាជនដែលត្រូវបានចាត់ទុកថាជាអ្នកដែលមានជីវភាពក្រីក្រ ដោយសារតំបន់នេះគឺជាតំបន់តស៊ូដ៏សំខាន់មួយ ដូច្នេះហើយបានជាភាគរយជាមធ្យមនៃប្រជាជនគឺទទួលរងនូវពិការភាព។ ដោយសារតែភាពក្រីក្រ និងពិការភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំងអស់នេះ ការទទួលបាននូវការថែទាំសុខភាពត្រូវបានចាត់ទុកថាជាបញ្ហាប្រឈមដ៏សំខាន់បំផុតរបស់សហគមន៍នេះ។ វាមិនមានអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះទេដែលថាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមជាច្រើនបានលើកឡើងនៅក្នុងការស្ទាបស្ទង់មតិនេះ គឺថាខ្លួនមិនសូវយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាពទេ។
មជ្ឈមណ្ឌលឯកសារកម្ពុជាមានសេចក្តីរំភើបរីករាយ ក្នុងការបញ្ជូនក្រុមយុវជនស្ម័គ្រចិត្តដើម្បីពង្រីកនូវសេវាកម្ម និងការគាំទ្រដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅក្នុងរបៀបមួយប្រកបដោយប្រសិទ្ធភាព។ មជ្ឈមណ្ឌលឯកសារកម្ពុជាបានចាត់បញ្ជូនក្រុមអ្នកស្ម័គ្រចិត្តនេះដើម្បីជួបអ្នករស់រានមានជីវិត និងក្រុមគ្រួសាររបស់ពួកគាត់។ យុវជនស្ម័គ្រចិត្តទាំងអស់នេះបានធ្វើការស្ទាបស្ទង់មតិផ្នែកសុខភាព ប្រមូលរឿងរ៉ាវជីវិតរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ហើយបានផ្តល់នូវព័ត៌មានសង្ខេបត្រួសៗអំពីស្ថានភាពសុខភាពសាធារណៈដែលកើតឡើងច្រើនចំពោះអ្នករស់រានមានជីវិតពីរបប ខ្មែរក្រហម។
មានប្រជាជនមូលដ្ឋានប្រមាណ២៦៧នាក់ ដែលយល់ព្រមផ្តល់នូវព័ត៌មានស្តីអំពីស្ថានភាពសុខភាព, បញ្ហា និងប្រធានបទទាក់ទងរបស់ខ្លួន។ ប្រជាជនទាំង២៦៧នាក់នេះត្រូវបានស្ទាបស្ទង់មតិ ហើយប្រជាជន១០០នាក់ត្រូវបានជ្រើសរើសក្នុងការទទួលបាននូវការពិគ្រោះ និងពិនិត្យសុខភាពនេះ។ ការស្ទាបស្ទង់មតិនេះ ក៏បានរាប់បញ្ចូលទាំងសំណួរអំពីបទពិសោធន៍រឿងរ៉ាវជីវិតដែលមិនអាចបំភ្លេចបានរបស់អ្នករស់រានមានជីវិតនៅក្រោមរបបខ្មែរក្រហម និងមានសំណួរជាច្រើនដែលពាក់ព័ន្ធនឹងស្ថានភាពសុខភាពក្នុងចំណោមប្រធានបទផ្សេងៗទៀត។ ក្រៅពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំងអស់នេះ មជ្ឈមណ្ឌលឯកសារកម្ពុជាតែងតែធ្វើបទសម្ភាសន៍ជាមួយក្រុមគ្រួសាររបស់ពួកគេ ក្នុងគោលបំណងដើម្បីឈ្វេងយល់អំពីបណ្តាញដើម្បីឲ្យមានការគាំទ្រដល់អ្នករស់រានមានជីវិតទាំងអស់នេះដែរ។ លទ្ធផលនៃការស្ទាបស្ទង់មតិបានបង្ហាញឲ្យឃើញថា អ្នកឆ្លើយទៅនឹងការស្ទាបស្ទង់មតិនេះនៅចន្លោះអាយុពី៥០ឆ្នាំ ដល់ ៨៩ឆ្នាំ កំពុងប្រឈមទៅនឹងជំងឺយ៉ាងហោចណាស់ក៏១០មុខ ឬស្ថានភាពជំងឺរ៉ាំរ៉ៃ ដែលមានភាពស្របគ្នាជាមួយនឹងការឆ្លើយតបរបស់អ្នករស់រានមានជីវិតជាច្រើនផ្សេងទៀត នៅក្នុងផ្នែកផ្សេងៗទៀតនៃប្រទេសដែរ។ ស្ថានភាពពីរសំខាន់ដែលអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមបានលើកឡើងនោះគឺ ជំងឺក្រពះពោះវៀន (ស្ថិតនៅក្នុងលំដាប់ទី១) បន្ទាប់មកគឺជំងឺលើសសម្ពាធឈាម។
វាហាក់ដូចជាថានៅក្នុងចំណោមអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន២៦៧នាក់ ដែលត្រូវបានស្ទង់មតិនេះ គឺមានអ្នករស់រានមានជីវិតចំនួន១២៧នាក់មានជំងឺក្រពះពោះវៀន។ ជាការគួរឲ្យកត់សម្គាល់ ជំងឺសុខភាពផ្លូវចិត្ត បានស្តែងឲ្យឃើញថាស្ថិតនៅក្នុងស្ថានភាពជំងឺទូទៅទី៥ និងជំងឺឆ្កួតជ្រូកត្រូវបានកំណត់សម្គាល់ថាជាជំងឺទូទៅបំផុត ឬហៅថាជំងឺទី១០ក្នុងចំណោមការស្ទាបស្ទង់មតិទាំងអស់នេះ។
មជ្ឈមណ្ឌលឯកសារកម្ពុជាមានមោទកភាពអំពីជោគជ័យនៃការរៀបចំការពិគ្រោះ និងពិនិត្យសុខភាពនេះ ព្រមទាំងសង្ឃឹមថានឹងអនុវត្តសកម្មភាពនេះនៅតាមភូមិផ្សេងៗទៀតក្នុងតំបន់នេះ ឬ នៅស្រុកឆ្ងាយដាច់ស្រយាលផ្សេងៗទៀតនៅតាមបណ្តោយព្រំដែន។
អត្ថបទ ៖ បណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា