ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែងបានជួបពិភាក្សា និងស្តាប់រឿងរ៉ាវរបស់អ្នករស់រាន មានជីវិតពីរបបខ្មែរក្រហមដែលជាជនពិការនៅភូមិស្ទឹងថ្មី

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង រួមមាន៖ ឡុង ដានី, ធី គីមហុង និង ឡុង អូន បានធ្វើដំណើរទៅផ្ទះប្រធានភូមិស្ទឹង ឈ្មោះ ប៊ុន ស្រីពៅ និងជួបពិភាក្សាជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលជាជនពិការរស់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ចំនួន១៧នាក់ ក្នុងចំណោមនោះមានស្រី២នាក់។

ជាកិច្ចចាប់ផ្តើមលោក ឡុង ដានី នាយកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានធ្វើការណែនាំខ្លួន និងក្រុមការងារជូនដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំងអស់។ បន្ទាប់មក លោក ឡុង ដានី បានជម្រាបជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមថា មជ្ឈមណ្ឌលផ្សះផ្សាវាលវែងបានចាប់ផ្តើមដំណើរការនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ដោយមានទីតាំងស្ថិតនៅក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ការបើកដំណើការមជ្ឈមណ្ឌលផ្សះផ្សាវាលវែងមានគោលបំណងដូចខាងក្រោម ៖

១) បង្ហាញអំពីប្រវត្តិសាស្ត្រ និងសង្គ្រាមនៅប្រទេសកម្ពុជាចាប់ពីទសវត្សរ៍ឆ្នាំ១៩៧០ ដល់ ឆ្នាំ១៩៩០។

២)ពង្រឹងការកសាងសន្តិភាព និងទប់ស្កាត់ជម្លោះ តាមរយៈកម្មវិធីអប់រំជាឱកាសសម្រាប់យុវជនរស់នៅតំបន់ជនបទ និងតំបន់ដាច់ស្រយាល។

៣) លើកទឹកចិត្តអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចែករំលែក និងបង្រៀនក្មេងជំនាន់ក្រោយនូវបទពិសោធន៍របស់ពួកគាត់ធ្លាប់បានឆ្លងកាត់ក្នុងរបបខ្មែរក្រហម។

៤)ប្រមែរប្រមូលចងក្រងទីតាំងប្រវត្តិសាស្ត្រយោធា និងរឿងរ៉ាវបទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។

៥) ជួយសម្របសម្រួលលើគម្រោងលើកកម្ពស់សិទ្ធិ និងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។

ជាកិច្ចបន្ទាប់លោក ឡុង ដានី បានផ្តល់ឱកាសដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលជាជនពិការចែករំលែកបទពិសោធន៍អំពីសង្រ្គាម អំពីការលំបាកក្នុងការរស់នៅបច្ចុប្បន្ន និងសំណូមពរដូចខាងក្រោម៖

ចាន់ ដាន

ចាន់ ដាន ភេទប្រុស អាយុ៧៧ឆ្នាំ រៀបរាប់ថា ខ្ញុំមានស្រុកកំណើតនៅភូមិនីពេច ឃុំនីពេច ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ម្តាយខ្ញុំឈ្មោះ អ៊ុច សៀក និងឪពុកឈ្មោះ ចាន់ ចក់។ ខ្ញុំគឺជាកូនទី១ ក្នុងចំណោមបងប្អូនចំនួន៦នាក់ ប្រុស៥នាក់ និងស្រី១នាក់។ កាលពីកុមារ ខ្ញុំបួសរៀននៅវត្តនីពេច រហូតដល់ឆ្នាំ១៩៧០ ក៏បានសឹកវិញព្រោះដឹងថាមានទាហាន លន់ នល់ ដើរចាប់អ្នកភូមិ និងព្រះសង្ឃតាមវត្តដើម្បីធ្វើទាហាន។ បន្ទាប់ពីទទួលដំណឹងនេះ ខ្ញុំនិងព្រះសង្ឃផ្សេងៗទៀតបានភៀសខ្លួនចូលក្នុងព្រៃនៅក្នុងភូមិនីពេច​ ហៅ ថាទន្លេម្រេច។ ពេលនោះមានព្រះសង្ឃតាមវត្តផ្សេងទៀត ក៏ត្រូវទាហាន លន់ នល់ ចាប់យកទៅធ្វើទាហានខាងរដ្ឋាភិបាលស្រោចស្រង់ជាតិដែរ។ ក្រុមព្រះសង្ឃប្រហែល១០០អង្គ រួមទាំងខ្ញុំបានរត់ចូលព្រៃហៅថាទន្លេម្រេច។ បន្ទាប់មក បានសឹកចូលក្នុងអង្គភាពដែលមានអ្នកដឹកនាំឈ្មោះ សំ អឿន។ ខ្ញុំរៀនផ្នែកនយោបាយអស់រយៈពេល៦ខែ បន្ទាប់មកខ្មែរក្រហមបែងចែកមកនៅកងវរសេនាតូចលេខ៣១០។ ខ្ញុំបានមកឈរជើង និងវាយនៅសមរភូមិចេនឡាទី១ ខាងស្ទឹងជីនិត។ ចំណែក សមរភូមិចេនឡាទី២ វាយនៅកំពង់ថ្ម ក្នុងឆ្នាំ១៩៧២។ បន្ទាប់ពីបញ្ចប់សង្រ្គាមនៅសមរភូមិចេនឡាទី១ និងសរភូ​មិចេនឡាទី២ អង្គភាពរបស់ខ្ញុំបានផ្លាស់មកឈរជើងនៅស្គន់។ មកដល់ឆ្នាំ១៩៧៤ អង្គភាពខ្ញុំវាយចូលទីក្រុងភ្នំពេញ។

ពេលចូលដល់ភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្ញុំបានឈរជើងនៅផ្សារថ្មី និងទួលគោក។ បន្ទាប់មកក៏មកនៅខាងជ្រោយចង្វារ និងបានចូលរួមជម្លៀសប្រជាជនចេញពីភ្នំពេញ។ មេបញ្ជាការចាត់តាំងឲ្យខ្ញុំដើរប្រមូលរបស់របរសម្ភាររបស់ប្រជាជនរយៈពេលមួយឆ្នាំ។ នៅឆ្នាំ១៩៧៦ ខ្មែរក្រហមបានដកខ្ញុំរួមទាំងសមាជិកនៅអង្គភាពប្រហែលជា៣០០នាក់ ទៅខេត្តកំពង់ឆ្នាំង ដើម្បីយាមការពារជនជាតិចិនមកធ្វើព្រលានយន្តហោះ។

នៅឆ្នាំ១៩៧៩ ខ្ញុំបានចេញពីកំពង់ឆ្នាំងមករស់នៅតាមព្រំដែនកម្ពុជា-ថៃ។ ខ្ញុំបានរៀបគ្រួសារក្នុងឆ្នាំ១៩៨៥។ ក្រោយមក ខ្ញុំជាន់មីននៅថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៨៥។ ខ្ញុំបានមករស់នៅភូមិស្ទឹងថ្មី ស្រុកវាលវែងនេះតាំងពីឆ្នាំ១៩៩៣ រហូតដល់បច្ចុប្បន្ន។

ជាចុងក្រោយ ខ្ញុំសូមស្នើសុំឲ្យមានការយកចិត្តទុក្ខដាក់ដល់ជនពិការ និងបង្កើតមូលធិសម្រាប់ជនពិការ។ ខ្ញុំស្នើដល់មណ្ឌលសុខភាពគួរមានថ្នាំគ្រប់គ្រាន់សម្រាប់ជនពិការ ព្រោះបច្ចុប្បន្នមណ្ឌលសុខភាពយើងមិនទាន់មានថ្នាំដែលអាចព្យាបាលបានគ្រប់គ្រាន់ គឺនៅមានការខ្វះខាតច្រើន។

ចិន បឿន

ចិន បឿន ភេទប្រុស អាយុ៦៩ឆ្នាំ មានមុខរបរធ្វើស្រែចម្ការ បានរៀបរាប់អំពីប្រវត្តិរបស់ខ្លួនថា ខ្ញុំមានស្រុកកំណើតនៅភូមិគោកច័ន្ទ ឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប។ សព្វថ្ងៃខ្ញុំរស់នៅភូមិស្ទឹងថ្មី ចំណុចស្រែតាំយ៉  ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ឪពុកខ្ញុំឈ្មោះ ជឿន ចិន និងម្តាយឈ្មោះ ពេក ព្រិន។ ខ្ញុំគឺជាកូនទី៦ក្នុងចំណោមបងប្អូន៧នាក់ គឺប្រុស៤ និងស្រី៣នាក់។ ខ្ញុំមានប្រពន្ធឈ្មោះ ម៉ៃ សារុំ អាយុ៥១ឆ្នាំ។ ខ្ញុំបានលែងលះគ្នាតាំងពីខ្ញុំមានកូន២នាក់គឺប្រុសទាំង២។

កាលនៅកុមារខ្ញុំបានរៀនត្រឹមថ្នាក់ទី៧ចាស់។ ខ្ញុំចូលរៀននៅសាលារៀនភូមិគោកច័ន្ទ ក្នុងឆ្នាំ១៩៦៣។ គ្រូរបស់ខ្ញុំឈ្មោះ សាមឿន។ ចូលដល់ឆ្នាំ១៩៧០ ខ្ញុំចូលជាយុវជនភូមិ ខ្ញុំបានឃើញទាហានចុះមកតាមភូមិ និងបាននិយាយថា វៀតណាមកំពុងវាយនៅអន្លង់វែង បន្ទាប់មកខ្ញុំបានឃើញខ្មែរក្រហមចូលភូមិខ្ញុំពីរទៅបីនាក់ ដើម្បីមកធ្វើការឃោសនានយោបាយឲ្យប្រជាជនចូលរួមជាមួយគេ ប៉ុន្តែមិនបានបង្ខំទេ។ ខ្មែរក្រហមចូលទៅក្នុងភូមិពេលអវត្តមានកងទ័ពវៀតណាម។ នៅពេលកងទ័ពវៀតណាមចូលមកភូមិវិញ ខ្មែរក្រហមក៏ដកកម្លាំងចេញទៅវិញដែរ។ ក្រោយមក ខ្មែរក្រហមបានប្រមូលកម្លាំងប្រឆាំងវៀតណាម ហើយខ្ញុំក៏បានចូលរួមជាមួយខ្មែរក្រហមដែរ។ ខ្មែរក្រហមបានប្រមូលយុវជននៅក្នុងភូមិ ហើយបង្កើតទៅជាកងការពារភូមិ ដោយមានអង្រឹង កាំភ្លើង និងគ្រាប់បែកនៅជាប់ខ្លួន។ បន្ទាប់មកលោកគ្រូ សំអឿន ដែលបានបង្រៀនខ្ញុំ បានយកខ្ញុំចូលក្នុងកងសិល្បៈអស់រយៈពេល៣ទៅ៤ខែ។ ក្រោយមកខ្ញុំបានចូលកងទ័ពរំដោះ ហើយត្រូវបានខ្មែរក្រហមបញ្ជូនទៅរៀននយោបាយ។ ខ្ញុំត្រូវបានចាត់តាំងមកវាយ ទាហាន លន់ នល់ នៅឧដុង្គ។

នៅឆ្នាំ១៩៧៥ ខ្ញុំបានទៅដល់ភ្នំពេញនិងចូលរួមជម្លៀសប្រជាជនចេញពីក្រុង។ បន្ទាប់មក ខ្មែរក្រហមបញ្ជូនខ្ញុំមកធ្វើស្រែនៅកប់ស្រូវ។ នៅឆ្នាំ១៩៧៦ ខ្ញុំត្រូវបានខ្មែរក្រហមជ្រើសរើសឲ្យទៅរៀនបើកយន្តហោះនៅប្រទេសចិន។ មុនចេញដំណើរខ្មែរក្រហមបានពិនិត្យសុខភាពខ្ញុំ ហើយនៅឆ្នាំ១៩៧៧ ទើបខ្ញុំបានចូលរៀនបើកយន្តហោះ។ នៅចុងឆ្នាំ១៩៧៨ ខ្ញុំបានត្រឡប់មកកម្ពុជាវិញ ពេលកងទ័ពវៀតណាមចូលមក។ ខ្ញុំបានរត់មកបាត់ដំបង និងបន្តទៅដល់សំឡូត ដោយហូបតែដំឡូង។ ជើងរបស់ខ្ញុំពិការនៅឆ្នាំ១៩៨៨ ដោយសាជាន់មីន។

នៅឆ្នាំ១៩៩៦ ខ្ញុំបានផ្លាស់មករស់នៅស្រុកវាលវែងរហូតដល់សព្វថ្ងៃ។

ជាចុងក្រោយ ខ្ញុំស្នើសុំជាអង្ករប្រចាំខែ ទោះបីតិចឬច្រើនសម្រាប់ជនពិការ និងថវិការមួយចំនួន ពេលចាំបាច់ត្រូវការទិញថ្នាំពេទ្យ និងព្យាបាលជំងឺ។

ជាង ទឹម

ជាង ទឹម អាយុ៦៥ឆ្នាំ មានស្រុកកំណើតនៅភូមិអន្លង់ភេ ឃុំអន្លង់វែង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង មានប្រសាសន៍ថា បច្ចុប្បន្នខ្ញុំរស់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុវាលវែង ខេត្តពោធិ៍សាត់។ ខ្ញុំគឺជាកូនទី១ក្នុងចំណោមបងប្អូនចំនួន៥នាក់ គឺស្រី១នាក់ និងប្រុស៤នាក់ ។ ឪពុកខ្ញុំឈ្មោះ ហឺង ចំណែកម្តាយខ្ញុំឈ្មោះ ផាន់ មី។ អ្នកទាំងពីរបានទទួលមរណភាពអស់ហើយ។ ខ្ញុំមានប្រពន្ធឈ្មោះ ណាន់ នឿន បានទទូលមរណភាព កាលពីឆ្នាំ២០០៧។

កាលពីកុមារខ្ញុំបានចូលរៀនត្រឹមថ្នាក់ទី១០ចាស់។ នៅឆ្នាំ១៩៧០ ខ្ញុំរស់នៅជាមួយឪពុកម្តាយ និងជួយឃ្វាលគោ និងធ្វើស្រែចម្ការ។ មកដល់ឆ្នាំ១៩៧១ ខ្ញុំបានចូលបម្រើការងារអង្គការ។

នៅឆ្នាំ១៩៧៦ ខ្មែរក្រហមបញ្ជូនខ្ញុំមកភ្នំពេញធ្វើការនៅក្រសួង៨៧០ ផ្នែកខាងយោធា។ ខ្ញុំមានតួនាទីជាកងការពារ និងយាមស្ថានទូតអេហ្ស៊ីប ស្ថិតនៅម្តុំទួលគោក។ មេរបស់ខ្ញុំឈ្មោះ តាកែន។ បន្ទាប់មកខ្ញុំបានទៅខាងកាំបូឌីយ៉ាណាវិញ ដែលខ្មែរក្រហមហៅថា កន្លែងអប់រំនយោបាយ។ ខ្ញុំយាមនៅទីនោះទាំងយប់ទាំងថ្ងៃរយៈពេល២ឆ្នាំ។

នៅឆ្នាំ១៩៧៩ ក្រុមរបស់ខ្ញុំបានដឹកមន្រ្តីស្ថានទូតតាមឡានក្រុងយកទៅព្រំដែនកម្ពុជាថៃ ដើម្បីឲ្យមន្រ្តីស្ថានទូតទាំងនោះត្រឡប់ទៅប្រទេសគាត់វិញ។ ខ្ញុំដឹកបានពីរលើកគឺមន្រ្តីទូតចិន និងអាហ្វ្រិក។ បន្ទាប់មក ខ្ញុំបានដើរតាមព្រំដែនពីប៉ោយប៉ែតកាត់តាមប៉ៃលិនរហូតមកដល់សំឡូត។ ខ្ញុំបានចេញពីសំឡូតមកនៅខាង ច១ ច២ វិញ ជាប់នឹងព្រំដែនថៃ។ ច២ គឺជាកន្លែងទុកដាក់អីវ៉ាន់។ ខ្ញុំរស់នៅទីនោះប្រហែល៤ទៅ៥ឆ្នាំ រហូតដល់វៀតណាមវាយលុកខ្លាំង ទើបក្រុមរបស់ខ្ញុំវាយបកវិញតាមច្រកថ្មដា សំឡូត និងច្រក៥០៥។ អំឡុងពេលនោះ ខ្ញុំពិការជើងដោយសារជាន់មីននៅខែមករា ឆ្នាំ១៩៨៥ ដែលជាមីនរបស់កងទ័ពវៀតណាមនៅថ្មដា នៅត្រង់ចំណុចស្ទឹងមេទឹក។ ខ្ញុំបានទៅព្យាបាលនៅពេទ្យកងទ័ពនៅជិតព្រំដែនរយៈពេល២ខែ។ ចាប់តាំងពីពេលនោះខ្ញុំលែងទទួលការងារកងទ័ពទៀតហើយ។ ក្រោយមក ខ្ញុំបានមករស់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ពេលបច្ចុប្បន្នុ។

ចុងក្រោយខ្ញុំស្នើសុំឲ្យរដ្ឋជួយធ្វើអណ្តូងទឹកមួយ ដើម្បីកាត់បន្ថយការចំណាយក្នុងការទិញទឹកជាប្រចាំថ្ងៃ។

ជា ភាន

ជា ភាន ភេទប្រុស អាយុ៦៦ឆ្នាំ មានប្រពន្ធឈ្មោះ ហ ភឿន មានអាយុ៥៨។ ជា ភាន មានប្រសាសន៍ថា ខ្ញុំមានស្រុកកំណើតនៅភូមិព្រែកតាកែ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ឪពុកខ្ញុំឈ្មោះ ជា ភឿន និងម្តាយឈ្មោះ សុក សំ។ ខ្ញុំគឺជាកូនទី៤ ក្នុងចំណោមបងប្អូនចំនួន៥នាក់គឺ ប្រុស៣នាក់ ស្រី២នាក់។

កាលនៅកុមារខ្ញុំបានរៀននៅសាលាអូរាំងឪ បានប្រហែលជាង២ខែ ក៏ដូរទៅរៀនសាលាពាមជាំង និងសាលាតាហៀវ។ នៅឆ្នាំ១៩៧០ ខ្ញុំបានត្រឡប់មកនៅភូមិ និងធ្វើស្រែចម្ការដល់ឆ្នាំ១៩៧៥។ ក្រោយមកខ្ញុំបានបែកគ្រួសារមករស់នៅភ្នំពេញដោយធ្វើជាកម្មករអគ្គិសនីរយៈពេលមួយឆ្នាំ។ នៅពេលនោះប្រសិនបើនណាម្នាក់ធ្វើខុសសីលធម៌ ខ្មែរក្រហមនឹងដកយកទៅស្ទឹងមានជ័យ ដើម្បីជីកប្រឡាយ និងលើកទំនប់។

ចូលដល់ឆ្នាំ១៩៧៦ ខ្មែរក្រហមបានយកខ្ញុំទៅកំពង់សោមធ្វើជាកម្មករចិនវាស់ស្ទង់ទឹករហូតដល់ឆ្នាំ១៩៧៩។ ពេលកងទ័ពវៀតណាមចូលដល់ភ្នំពេញ ខ្ញុំរតកាត់ព្រៃភ្នំស្ទឹងអារ៉ែង និងជួរភ្នំក្រវាញរហូតមកដល់សំឡូត។ ខ្ញុំបានរស់នៅអូររថក្រោះ និងបានរត់បន្តទៅរស់នៅប្រទេសថៃរយៈពេលមួយឆ្នាំ។ ខ្ញុំបានចុលធ្វើកងទ័ពខ្មែរក្រហមក្នុងឆ្នាំ១៩៨០ ក្នុងភូមិអូររថក្រោះស្រុកសឡូត។

នៅឆ្នាំ១៩៨២ ខ្ញុំបានជាន់មីនស្គរហើយក៏ឈប់ធ្វើកងទ័ព។ មីនដែលខ្ញុំជាន់គឺជាមីនរបស់ខ្មែរក្រហមគ្នាឯងដែលដាក់បង្កប់។ រហូតដល់ឆ្នាំ១៩៨៤ ក៏មានការវាយប្រយុទ្ធគ្នាម្តងទៀត ហើយខ្ញុំក៏បានរត់ទៅរស់នៅប្រទេសថៃរយៈពេល៣ឆ្នាំ។ ក្រោយមកខ្ញុំក៏ត្រឡប់មកនៅនៅសំឡូតវិញ។ នៅឆ្នាំ១៩៩៣ ខ្ញុំបានមករស់នៅស្រុកវាលវែងដល់បច្ចុប្បន្ន។

ចុងក្រោយខ្ញុំស្នើសុំឲ្យក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា ជួយចងក្រងជាសហគមន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលជាជនពិការនៅភូមិស្ទឹងថ្មី។ ខ្ញុំក៏សូមស្នើសុំឲ្យជួយជនពិការអាចប្រកបរបរកសិកម្ម ចិញ្ចឹមសត្វ ដាំបន្លែ និងសិប្បកម្ម ត្បាញកន្ទេល ដែលអាចរកចំណូលបានជួយសម្រួលក្នុងជីវភាពប្រចាំថ្ងៃ។

ចំណែកអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលនៅសេសសល់មួយចំនួនទៀត បានស្នើសុំឲ្យជនពិការចងក្រងជាក្រុមក្នុងការប្រកបរបរកសិកម្ម និងចិញ្ចឹមសត្វរួមគ្នាដើម្បីរកចំណូលបន្ថែម ហើយមួយចំនួនទៀតចង់ឲ្យបង្កើតមូលធិសម្រាប់ជនពិការ និងស្នើដល់មណ្ឌលសុខភាពឲ្យមានថ្នាំគ្រប់គ្រាន់សម្រាប់ជនពិការ។

អត្ថបទ ៖ ឡុង ដានី នាយកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖