តើ «សាក្សីប្រវត្តិសាស្ត្រ» មានន័យធំធេងប៉ុណ្ណា?

នៅរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ មានការរៀបចំកម្មវិធីចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ចំនួន៨០ក្បាល នៅក្នុងបរិវេណវត្តញាណពោធិ៍ ស្ថិតក្នុងភូមិឫស្សីស្រុកក្រោម ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយមានអ្នកចូលរួមចំនួន៦០នាក់ ក្នុងនោះរួមមានអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៩នាក់,​ គ្រូបង្រៀនមកពីវិទ្យាល័យឫស្សីស្រុកចំនួន២៣នាក់,​ សិស្សានុសិស្សចំនួន២៧នាក់ និងតំណាងសាលាស្រុកស្រីសន្ធរម្នាក់។ លោក អ៊ុំ ថារ៉ា ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ស្រុកស្រីសន្ធរ បានថ្លែងមតិស្វាគមន៍ និងណែនាំក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា ដល់អ្នកចូលរួមបានស្គាល់។ លោកបានប្រាប់អំពីវត្ថុបំណងនៃកម្មវិធីចែកសៀវភៅ។ បន្ទាប់មក អ្នកចូលរួមទាំងអស់បានចំណាយពេលវេលាជាងកន្លះម៉ោង ដើម្បីអានសៀវភៅនេះ។ អ្នកចូលរួមមួយចំនួនបានបញ្ចេញមតិយោបល់របស់ខ្លួនចំពោះសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» ដូចខាងក្រោម៖

បន្ទាប់ពីអានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» រួច លោក ម៉ៅ ស៊ឺ អាយុ៨០ឆ្នាំ មានប្រសាសន៍ថា «លោកគ្រូអ្នកគ្រូ និងក្មួយៗទាំងអស់! តាសុំសួរមួយថា តើសាក្សីប្រវត្តិសាស្ត្រមានន័យថាម៉េច? តាក៏ជាសាក្សីប្រវត្តិសាស្ត្រមួយដែរ ព្រោះតាបានឆ្លងកាត់ផ្ទាល់ចំពោះប្រវត្តិសាស្ត្រដ៏ជូរចត់ក្នុងរបបខ្មែរក្រហម ហើយក៏ជាសាក្សីម្នាក់។ ពេលដែលតាចូលព្រៃម៉ាគី ព្រោះចង់ឲ្យព្រះបាទនរោត្តម សីហនុ មកគ្រប់គ្រងប្រទេសជាតិវិញ។ ប៉ុន្តែនៅក្នុងសៀវភៅនេះ សម្តេចម៉ែ ទ្រង់ជាសាក្សីមួយព្រះអង្គក្នុងពេលដែលទ្រង់យាងជាមួយព្រះបាទនរោត្តម សីហនុ មកកាន់ប្រទេសកម្ពុជា ដើម្បីជួបជាមួយប្រជាជន និងពង្រឹងកម្លាំងតស៊ូ ព្រមទាំងផ្តល់ទំនុកចិត្តខ្ពស់ដល់យើង ដែលជាអ្នកគោរពស្រឡាញ់ព្រះអង្គ។ ដូច្នេះសម្តេចម៉ែ ទ្រង់ជាអ្នកកត់ត្រារាល់ព្រឹត្តិការណ៍ សកម្មភាពរបស់ព្រះបាទនរោត្តម សីហនុ ក្នុងពេលដែលព្រះអង្គមានកិច្ចប្រជុំ ជំនួបពិភាក្សា ឬព្រះរាជសកម្មភាពរបស់ព្រះអង្គក្នុងគ្រានោះគឺក្នុងឆ្នាំ១៩៧៣។ ខ្ញុំត្រេកអរណាស់ នៅពេលដែលខ្ញុំបានឃើញកំណត់ហេតុជាប្រវត្តិសាស្ត្រនេះ។ ខ្ញុំមិនបានកត់ត្រាប្រវត្តិសាស្ត្ររបស់ខ្ញុំទេ ហើយខ្ញុំជឿថា មនុស្សចាស់ៗជាច្រើននាក់ទៀត ក៏មិនបានកត់ត្រាប្រវត្តិខ្លួនឯងទុកសម្រាប់ក្មេងៗជំនាន់ក្រោយដែរ។ ដូច្នេះហើយ ខ្ញុំសូមថ្លែងអំណរគុណដល់សម្តេចម៉ែ ដែលលោកបានតាក់តែងសៀវភៅកំណត់ហេតុរបស់ទ្រង់ទុកសម្រាប់ឲ្យក្មេងៗជំនាន់ក្រោយបានរៀនសូត្រ និងស្វែងយល់ពីសច្ចៈភាពប្រវត្តិសាស្ត្រកាលពីមុននៃប្រទេសរបស់យើង។ លោកគ្រូអ្នកគ្រូ និងចៅៗទាំងអស់គ្នាត្រូវចងចាំថា កំណត់ហេតុរបស់សម្តេចម៉ែនេះ គឺច្បាស់លាស់ណាស់ថាទ្រង់យាងមកដើម្បីកូនចៅទ្រង់បានសុខ មិនក្លែងបន្លំទេ។ សូមចៅៗយកចិត្តទុកដាក់អាន ហើយត្រូវដឹងអំពីប្រវត្តិសាស្ត្ររបស់យើង ជាពិសេសព្រះរាជបេសកកម្មរបស់សម្តេចឪសម្តេចម៉ែ ដែលទ្រង់ទទួលរងការលំបាកច្រើនណាស់ ដើម្បីកូនចៅបានសុខ។ ប៉ុន្តែ ប៉ុល ពត ទេដែលជាអ្នកងាករេ។ ខ្ញុំសូមគោរពជូនពរសម្តេចម៉ែ សូមទ្រង់មានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា និងគង់ជាម្លប់ដល់កូនចៅទាំងអស់គ្នា។»

លោកគ្រូ ផន ផា អាយុ៥៦ឆ្នាំ លើកឡើងថា «ខ្ញុំឃើញព័ត៌មានផ្សាយអំពីការចែកចាយសៀវភៅសាក្សីប្រវត្តិសាស្រ្ត ខ្ញុំចង់បានសៀវភៅនេះណាស់។ ឥឡូវ ខ្ញុំទទួលបាន១ក្បាលដែរ។  ខ្ញុំកត់សម្គាល់ឃើញថា កំណត់ហេតុជាប្រវត្តិសាស្ត្ររបស់សម្តេចម៉ែ គឺមិនប៉ះពាល់ដល់ប្រទេសជិតខាងទេ។ ខ្ញុំនឹងអានសៀវភៅនេះឲ្យចប់នៅសប្តាហ៍ក្រោយ រួចហើយខ្ញុំបើកឲ្យមានការសួរដេញដោលអំពីសៀវភៅនេះ។ ខ្ញុំបង្រៀនមុខវិជ្ជាគណិតវិទ្យានៅវិទ្យាល័យឫស្សីស្រុក ប៉ុន្តែខ្ញុំនឹងឆ្លៀតពេលខ្លះៗដើម្បីនិយាយប្រាប់សិស្សខ្ញុំពីសៀវភៅកំណត់ហេតុនេះ ដើម្បីឲ្យសិស្សបានដឹងអំពីប្រវត្តិសាស្ត្ររបស់យើង ជាពិសេសដំណើរដ៏លំបាករបស់សម្តេចឪសម្តេចម៉ែ»។

អត្ថបទ និង រូបថត ៖ ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា

អត្ថបទផ្សេងទៀត៖