ប្រជាកសិករដាំបន្លែតាមដងទន្លេមេគង្គ នៅស្រុកស្រីសន្ធរ ទទួលសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ ៖ កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ»

នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ប្រជាកសិករដាំបន្លែតាមដងទន្លេមេគង្គ នៅភូមិស្វាយលើ ឃុំស្វាយខ្សាច់ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ទទួលសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ៖ កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ» បោះពុម្ពដោយបណ្ណាល័យសម្ដេចម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជា។

ក្នុងដំណើរឆ្ពោះទៅកាន់ទីតាំងចម្ការបន្លែតាមដងទន្លេមេគង្គ ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ដែលជាខាសារបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដឹកនាំដោយលោក ស៊ាង ចិន្ដា, លី ដេវីត និង សាំង ចាន់ធូ ចុះទៅជួបជាមួយប្រជាកសិករដែលកំពុងដាំដុះម្រះ ខាត់ណា ត្រកួន ស្ពៃតឿ ស្ពៃផ្កា សណ្ដែកគួរ និងននោង នៅសហគមន៍កសិកម្មស្វាយខ្សាច់ ស្រុកស្រីសន្ធរ សរុបចំនួន៤០នាក់ និងចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» ដល់ប្រជាកសិករទំាងអស់នោះ។

នៅឱកាសចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» លោក ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម លើកឡើងអំពីសារសំខាន់នៃសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» ដែលជាឯកសារប្រវត្តិសាស្ត្រសម្រាប់ការសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្រ្តចេញពីព្រះរាជកំណត់របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះរាជដំណើរអមសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ មកកាន់តំបន់រដោះរណសិរ្សរួបរួមជាតិកម្ពុជា នៅឆ្នាំ១៩៧៣ ។

បន្ទាប់ពីទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» ប្រជាកសិករដាំបន្លែតាមដងទន្លេមេគង្គ នៅសហគមន៍កសិកម្មស្វាយខ្សាច់ ស្រុកស្រីសន្ធរ បង្ហាញចំណាប់អារម្មណ៍ដូចខាងក្រោម៖

ខ្ញុំឈ្មោះ ស៊ន ស៊ាងឡោ អាយុ៥៣ឆ្នាំ គឺជាកសិករដាំបន្លែ រស់នៅភូមិស្វាយលើ ឃុំស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ខ្ញុំពិតជាត្រេកអរយ៉ាងខ្លាំងដែលទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» ដែលជាស្នាព្រះហស្ថផ្ទាល់របស់ហ្លួងម៉ែ។ ខ្ញុំអាចបើកអាន ឬមើលរូបព្រះឆាយាល័ក្ខនៅក្នុងសៀវភៅនេះ បន្ទាប់ពីដាំដុះបន្លែ។ ជាចុងក្រោយ ខ្ញុំសូមថ្វាយព្រះពរ ហ្លួងម៉ែ មានព្រះរាជសុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុយឺនយូរ ដើម្បីជាម្លប់សម្រាប់ប្រជារាស្រ្តខ្មែរ។

ខ្ញុំឈ្មោះ ហ៊ាង តាំងឡូត អាយុ៤៥ឆ្នាំ គឺជាកសិករដាំម្រេះ នៅភូមិស្វាយលើ ឃុំស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ខ្ញុំមានអារម្មណ៍ត្រេកអរបន្ទាប់ពីទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ»។ សៀវភៅនេះគឺជាព្រះរាជនិពន្ធរបស់ហ្លួងម៉ែផ្ទាល់ ហើយខ្ញុំយល់ថាពិតជាល្អខ្លាំងណាស់។ ខ្ញុំនឹងយកសៀវភៅនេះទៅចែករំលែកដល់កូនៗរបស់ខ្ញុំដែលកំពង់រៀននៅអនុវិទ្យាល័យដើម្បីអាន និងយល់ដឹងពីប្រវត្តិសាស្ត្រ។ ជាចុងក្រោយ ខ្ញុំសូមអរគុណបណ្ណាល័យសម្ដេចម៉ែ និងអំណរព្រះគុណហ្លួងម៉ែ ដែលបានចែកសៀវភៅដែលជាព្រះរាជានិពន្ធផ្ទាល់ព្រះហត្ថដល់កូនចៅអានគ្រប់ៗគ្នាដើម្បីដឹងពីប្រវត្តិសាស្ត្រ។

ខ្ញុំឈ្មោះ ណៃ សឿន អាយុ៥៧ឆ្នាំ គឺជាកសិករដាំស្ពៃផ្កា នៅភូមិស្វាយលើ ឃុំស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ខ្ញុំសប្បាយចិត្តពេលដែលទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» ដែលជាស្នាព្រះហស្ថរបស់ហ្លួងម៉ែ។ ខ្ញុំនឹងមើលសៀវភៅនេះ នៅពេលទំនេរពីការដាំស្ពៃផ្កា។

អត្ថបទ និង រូបថត ៖ លី ដេវីត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

អត្ថបទផ្សេងទៀត៖

មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមរៀបចំវេទិកាស្រាវជ្រាវស្តីអំពី «ជីវិតប្រចាំថ្ងៃរបស់ប្រជាជនក្នុងរបបខ្មែរក្រហម និងបទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅជំរំជនភៀសខ្លួន»