នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានចុះចែកសៀវភៅ៖ «សាក្សីប្រវត្តិសាស្ត្រ៖ កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ» ចំនួន២០០ក្បាល ដល់សិស្សានុសិស្ស ដែលកំពុងរៀនថ្នាក់ទី១២នៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ស្ពឺ ស្ថិតនៅស្រុកចំការលើ ខេត្តកំពង់ចាម។
លោក ស៊ាង ចិន្ដា លើកឡើងអំពីសារសំខាន់នៃសៀវភៅ៖ «សាក្សីប្រវត្តិសាស្ត្រ» គឺជាឯកសារប្រវត្តិសាស្ត្រសម្រាប់សិស្សានុសិស្ស ដែលជាយុវជនជំនាន់ក្រោយដើម្បីសិក្សាឈ្វេងយល់ចេញពីព្រះរាជកំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះរាជដំណើរអមសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ យាងមកកាន់តំបន់រំដោះនៃរណសិរ្សរួបរួមជាតិកម្ពុជា នៅអំឡុងឆ្នាំ១៩៧៣។ លោក ស៊ាង ចិន្ដា បានលើកទឹកចិត្តសិស្សានុសិស្សដែលទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» ព្យាយាមអានឲ្យចប់ ដើម្បីបង្កើនចំណេះដឹងប្រវត្តិសាស្រ្ត និងរក្សាទុកជាឯកសារប្រវត្តិសាស្រ្តផ្ទាល់ខ្លួន។
ឆ្លៀតឱកាសនេះ លោក អែម សំអឿន នាយកវិទ្យាល័យ ប៉ុន រ៉ានី ហ៊ុន សែន ស្ពឺ និងគណៈគ្រប់គ្រងវិទ្យាល័យ បានថ្លែងអំណរគុណដល់មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ដែលបានផ្តល់សៀវភៅ «សាក្សីប្រវត្តិសាស្ត្រ៖ កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ» ដែលជាឯកសារប្រវត្តិសាស្រ្តកម្ពុជាដ៏មានសារសំខាន់។ លោក អែម សំអឿន បញ្ជាក់ថា សៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» នឹងតម្កល់ទុកនៅបណ្ណាល័យ ដើម្បីទុកឲ្យសិស្សានុសិស្សទាំងអស់អាន និងធ្វើការសិក្សាស្រាវជ្រាវ។
បន្ទាប់ពីទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» សិស្សានុសិស្សបានបង្ហាញចំណាប់អារម្មណ៍ និងទស្សនៈយល់ឃើញដូចខាងក្រោម៖
ខ្ញុំឈ្មោះ អ៊ឹង ម៉ីជូ អាយុ១៨ឆ្នាំ រៀនថ្នាក់ទី១២ ផ្នែកវិទ្យាសាស្ត្រពិត នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ស្ពឺ។ ខ្ញុំមានអារម្មណ៍រំភើប និងសប្បាយរីករាយ ដែលទទួលបានសៀវភៅជាព្រះរាជនិពន្ធផ្ទាល់របស់សម្តេចយាយ។ ខ្ញុំនឹងយកចំណេះដឹងដែលខ្ញុំទទួលបានពីសៀវភៅនេះ ទៅចែករំលែកដល់ក្រុមគ្រួសារ មិត្តភក្តិ និងសិស្សប្អូនជំនាន់ក្រោយឲ្យបានដឹង។ ចុងក្រោយ ខ្ញុំសូមសំណូមពរដល់បណ្ណាល័យម៉ែ ជួយបោះពុម្ពផ្សាយនូវសៀវភៅបន្ថែមទៀត ដើម្បីអ្នកសិក្សាទាំងអស់បានឈ្វេងយល់។
ខ្ញុំឈ្មោះ ឈួន ឈុនហ៊ាង អាយុ១៨ឆ្នាំ រៀនថ្នាក់ទី១២ ផ្នែកវិទ្យាសាស្ត្រពិត នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ស្ពឺ។ នៅពេលដែលទទួលបានសៀវភៅសាក្សីប្រវត្តិសាស្រ្ត ខ្ញុំមានអារម្មណ៍សប្បាយរីករាយព្រោះគឺជាស្នាព្រះហស្ថនិពន្ធផ្ទាល់របស់សម្តេចម៉ែ។ សៀវភៅមួយក្បាលនេះ ពិតជាល្អសម្រាប់ប្រជាជន ជាពិសេសសិស្សានុសិស្សក្នុងកាឈ្វេងយល់ថែមទៀត ពីប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជានៅក្នុងសម័យសង្គ្រាម។ ខ្ញុំនឹងចែករំលែកចំណេះដឹង ដែលខ្ញុំទទួលបានពីការអានសៀវភៅទៅកាន់អ្នកភូមិ និងប្អូនៗជំនាន់ក្រោយ។ ចុងក្រោយ ខ្ញុំសំណូរពរឲ្យបណ្ណាល័យសម្តេចម៉ែ បន្តចែកសៀវភៅនេះទៅកាន់ សិស្សានុសិស្សនៅតាមសាលាផ្សេងៗទៀត។
ខ្ញុំឈ្មោះ ថាំ ធារ៉ា អាយុ១៩ឆ្នាំ រៀនថ្នាក់ទី១២ ផ្នែកវិទ្យាសាស្ត្រពិត នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ស្ពឺ។ បន្ទាប់ពីទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» ដែលជាព្រះរាជនិពន្ធផ្ទាល់របស់សម្តេចម៉ែ ខ្ញុំពិតជាមានអារម្មណ៍រំភើប ព្រោះខ្ញុំបានសិក្សាឈ្វេងយល់អំពីរឿងរ៉ាវ និងដំណើរជីវិតរបស់ទ្រង់។ ខ្ញុំនឹងយកចំណេះដឹងដែលទទួលបានពីសៀវភៅសាក្សីប្រវត្តិសាស្រ្តនេះទៅចែករំលែកជាមួយប្អូនៗជំនាន់ក្រោយ។ ខ្ញុំសូមសំណូមពរទៅបណ្ណាល័យសម្ដេចម៉ែនៃមជ្ឃមណ្ឌលកម្ពុជា បន្តចែកសៀវភៅនេះឲ្យបានច្រើនបន្ថែមទៀត។
ខ្ញុំឈ្មោះ ហេង វណ្ណា អាយុ១៨ឆ្នាំ រៀនថ្នាក់ទី១២ ផ្នែកវិទ្យាសាស្ត្រសង្គម នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ស្ពឺ។ បន្ទាប់ពីទទួលបានសៀវភៅ សាក្សីប្រវត្តិសាស្រ្ត ដែលជាព្រះរាជនិពន្ធផ្ទាល់របស់សម្តេចម៉ែ ខ្ញុំមានអារម្មណ៍សប្បាយ។ ខ្ញុំយល់ថាសៀវភៅមួយក្បាលនេះ បានបង្ហាញពីប្រវត្តិសាស្ត្រពិតជាក់ស្តែង ដែលសម្ដេចម៉ែឆ្លងកាត់។ ខ្ញុំនឹងយកចំណេះដឹងដែលទទួលបានពីសៀវភៅសាក្សីប្រវត្តិសាស្រ្តនេះទៅចែករំលែកជាមួយបងប្អូនពូមីងអ៊ំ។ ខ្ញុំសំណូមពរទៅបណ្ណាល័យសម្ដេចម៉ែនៃមជ្ឃមណ្ឌលកម្ពុជាចែកសៀវភៅនេះឲ្យបានច្រើនដើម្បីឲ្យក្មេងជំនាន់ក្រោយបានដឹង។
អត្ថបទ ៖ ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម
រូបថត ៖ លី ដេវីត/មជ្ឈមណ្ឌលឯកសារកម្ពុជា