សាមណនិស្សិត និស្សិត និងសាស្ត្រាចារ្យ នៃពុទ្ធិកសកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទស្សនកិច្ចសិក្សាមជ្ឈមណ្ឌលឯកសារកោះថ្ម និងតំបន់ប្រវត្តិសាស្ត្រយោធាកោះថ្ម អ៊ិច-១៦

នៅវេលាម៉ោង៨:៣០នាទីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ សាមណនិស្សិតចំនួន២អង្គ ព្រមទាំងនិស្សិត និងសាស្ត្រាចារ្យចំនួន៤០នាក់ មកពីពុទ្ធិកសកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ខេត្តកំពង់ចាម បានមកទស្សនកិច្ចសិក្សា និងចូលរួមវេទិកាថ្នាក់រៀនស្តីអំពីប្រវត្តិសាស្ត្ររបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥ -១៩៧៩) នៅមជ្ឈមណ្ឌលឯកសារកោះថ្ម។

ជាកិច្ចចាប់ផ្តើមលោក ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្មបានណែនាំខ្លួន ក្រុមការងារ និងមជ្ឈមណ្ឌលឯកសារកោះថ្មដែលមានទីតាំងស្ថិតនៅក្នុងសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន កោះថ្ម។ បន្ទាប់មក លោក ឡុង ដានី បានដឹកនាំ សាមណនិស្សិត និស្សិត និងសាស្ត្រាចារ្យទាំងអស់ដើរទស្សនាពិព័រណ៍រូបថត ដែលបានដាក់តាំងបង្ហាញនៅក្នុងមជ្ឈ​មណ្ឌលឯកសារកោះថ្ម និងរៀបរាប់អំពីបណ្តុំរូបថតអំពីសង្គ្រាមចាប់ពីចុងទសវត្សរ៍ឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៧៥, បណ្តុំរូបថតអំពីរបបខ្មែរក្រហម (១៩៧៥-១៩៧៩), បណ្តុំរូបថតអំពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាបន្ទាប់ពីរបបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩, បណ្តុំរូបថតអំពីភស្តុតាងអំពីឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយរបបខ្មែរក្រហម (១៩៧៥-១៩៧៩), រូបគំនូរ និងផែនទីបង្ហាញផ្លូវនៃដំណើររបស់សមមិត្ត ហ៊ុន សែន និងយុទ្ធមិត្ត៤រូបចេញទៅប្រទេសវៀតណាមកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដើម្បីសុំការអន្តរាគមន៍កសាងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា វាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្រ្គោះអាយុជីវិតប្រជាជនកម្ពុជាប្រមាណ៥លាននាក់ឲ្យរួចផុតពីសេចក្តីស្លាប់។

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាត្រូវបានបង្កើតឡើងដោយមានសមមិត្ត ហ៊ុន សែន ជាស្ថាបនិក។ ចាប់ពីខែឧសភា ដល់ចុងខែធ្នូ ឆ្នាំ១៩៧៨ កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជាបានរីកធំធាត់ និងកើនចំនួនរហូតដល់២៣កងវរសេនាតូច និងប្រមាណជាង១០០ក្រុមប្រតិបត្តិការប្រដាប់អាវុធ ដែលមានកងកម្លាំងសរុបប្រមាណជាងមួយម៉ឺននាក់។ បន្ទាប់មក កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជាបានសហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាមវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ នៅក្នុងឱកាសនោះ លោក ឡុង ដានី ក៏បានចាក់បញ្ចាំងខ្សែភាពឯកសារដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដល់និស្សិត និងសាស្ត្រាចារ្យបានទស្សនា។

តមកលោក ឡុង ដានី បានធ្វើបទបង្ហាញអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥ -១៩៧៩)។ លោក ឡុង ដានី បានរៀបរាប់ថា បន្ទាប់ពីទទួលបានជ័យជម្នះនៅថ្ងៃទី១៧ មេសា ១៩៧៥ ខ្មែរក្រហមបានអនុវត្តគោលនយោបាយ៨ចំណុចរបស់ខ្លួន មានដូចជា ៖ ១) ជម្លៀសប្រជាជនដោយបង្ខំ ២) បំបាត់ផ្សារ និងរូបិយបណ្ណ ៣) ផ្សឹកព្រះសង្ឍ និងកម្ទេចវត្តអារាម ៤) បិទសាលារៀន ៥) បង្កើតសហករណ៍ ៦) បំបែកក្រុមគ្រួសារមិនឲ្យជួបជុំគ្នា ៧)សម្លាប់បញ្ញវន្ត មន្ត្រីរដ្ឋការ និងប្រជាជនស្លូតត្រង់ ៨) បណ្តេញជនជាតិវៀតណាម និងធ្វើសង្រ្គាមតាមព្រំដែនជាមួយវៀតណាម។ ដោយសារខ្មែរក្រហមការអនុវត្តគោលនយោបាយខាងលើបានបណ្តាលឲ្យប្រជាជនកម្ពុជាប្រមាណ២លាននាក់បានស្លាប់ ដោយសារការសម្លាប់ អត់អាហារ ធ្វើការហួសកម្លាំង និងឈឺគ្មានការព្យាបាលត្រឹមត្រូវ។ របបកម្ពុជាប្រធិបតេយ្យមានរយៈពេលត្រឹមតែ៣ឆ្នាំ ៨ខែ ២០ថ្ងៃប៉ុណ្ណោះ ប៉ុន្តែបណ្តាលឲ្យប្រទេសកម្ពុជាប្រឈមនឹងបញ្ហាដូចតទៅគឺ ៖ ទី១) សុខភាពប្រជាជនទ្រុឌទ្រោម ដោយសារខ្មែរក្រហមបង្ខំប្រជាជនឲ្យធ្វើការងារពលកម្មហួសកម្លាំង ហូបចុកមិនគ្រប់គ្រាន់ និងពេលមានជំងឺគ្មានគ្រូពេទ្យ និងថ្នាំព្យាបាលត្រឹមត្រូវ ទី២) ខ្មែរក្រហមបានធ្វើបន្សុទ្ធកម្មកម្មាភិបាល យុទ្ធជនយុទ្ធនារី កងទ័ព និងប្រជាជនខ្លួនឯងជាទ្រង់ទ្រាយធំ ជាពិសេសនៅភូមិភាគបូព៌ាចាប់ពីឆ្នាំ១៩៧៧ ដែលជាមូលហេតុធ្វើឲ្យកម្មាភិបាល យុទ្ធជន និងប្រជាជនមួយចំនួនធំបានរត់ភៀសខ្លួនទៅប្រទេសជិតខាង និងងើបឡើងបះបោរប្រឆាំងនឹងរបបខ្មែរក្រហមវិញ ទី៣) ការប៉ះទង្គិចជាមួយប្រទេសវៀតណាម គឺជាមួយហេតុធំបំផុតមួយដែលបណ្តាលឲ្យរបបខ្មែរក្រហមដួលរលំលឿន គឺនៅខែធ្នូឆ្នាំ១៩៧៧ របបខ្មែរក្រហមបានប្រកាសផ្តាច់ទំនាក់ទំនងការទូតទាំងស្រុងជាមួយវៀតណាម ហើយប្រទេសទាំងពីរបានប្រយុទ្ធគ្នាស្ទើរពេញមួយរយៈកាលនៃឆ្នាំ១៩៧៨ ជាពិសេសនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៧៨ កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជាបានសហការជាមួយកងទ័ពស័្មគ្រចិត្តវៀតណាមបានវាយចូលប្រទេសកម្ពុជាជាទ្រង់ទ្រាយធំ និងបានចូលកាន់កាប់ទីក្រុងភ្នំពេញទាំងស្រុងនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

បន្ទាប់ពីរបបកម្ពុជាប្រជាធិបតេយ្យដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ សង្គមកម្ពុជាទាំងមូលបានទទួលផលប៉ះពាល់ដូចខាងក្រោម៖

១) បន្សល់ទុកស្រី្តមេម៉ាយ និងក្មេងកំព្រារាប់ពាន់នាក់នៅក្នងសង្គមកម្ពុជាបន្ទាប់ពីរបបខ្មែរក្រហម

២) ប្រជាជនកម្ពុជាភាគច្រើនមានជំងឺបាក់ស្បាត និងមានប្រជាជនកម្ពុជាមួយចំនួនបានសម្រេចចិត្តធ្វើចំណាកស្រុក និងជាជនភៀសខ្លួន

៣) បានបន្សល់ទុកគ្រាប់មីនរាប់លានគ្រាប់

៤) អ្នករស់រានមានជីវិតភាគច្រើនមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ

៥) សេដ្ឋកិច្ចប្រទេសកម្ពុជាបានធ្លាក់ដល់កម្រិតសូន្យ

៦) ពុំមានអ្នកចេះដឹងច្រើន សម្រាប់ជួយអភិវឌ្ឍន៍ប្រទេស

នៅចុងបញ្ចប់នៃវេទិកាថ្នាក់រៀន លោក ឡុង ដានី បានធ្វើបទបង្ហាញអំពីដំណើរការកាត់ក្តីមេដឹកនាំខ្មែរក្រហមក្នុងសំណុំរឿង០០១ និង០០២នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលា​ការកម្ពុជា ។

នៅក្នុងសំណុំរឿង០០១ ពាក់ព័ន្ធនឹងការជំនុំជម្រះក្តី កាំង ហ្កេកអ៊ាវ ហៅ ឌុច។ ឌុច គឺជាអតីតប្រធានមន្ទីរសន្តិសុខ ស-២១ (ដែលប្រជាជនកម្ពុជាទូទៅបានស្គាល់ថា ជាគុកទួលស្លែងស្ថិតនៅទីក្រុងភ្នំពេញ)។ នៅឆ្នាំ២០១២ ឌុច ត្រូវបានអង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាផ្តន្ទាទោសឲ្យជាប់ពន្ធនាគាអស់មួយជីវិត ចំពោះការប្រព្រឹត្តបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងការរំលោភបំពាន់ធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩។

សំណុំរឿង០០២ នៅឆ្នាំ២០១០ សហចៅក្រមស៊ើបអង្កេតបានចោទប្រកាន់ មេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមចំនួន៤រូប រួមមាន ៖ អៀង សារី នួន ជា ខៀវ សំផន និង អៀង ធីរិទ្ធ ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងការរំលោភបំពាន់ធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩។ ដោយសារភាពស្មុគស្មាញនៃរឿងក្តី និងអាយុរបស់ជនជាប់ចោទ ទើបអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាសម្រេចបំបែកសំណុំរឿង០០២ ជាពីរគឺ សំណុំរឿង០០២ វគ្គ១ និងសំណុំរឿង០០២ វគ្គ២ សម្រាប់ការជំនុំជម្រះពីរផ្សេងគ្នា។ សំណុំរឿង០០២វគ្គ១ ដោយសារ អៀង សារី និង អៀង ធិរិទ្ធ មានជំងឺ និងទទួលមរណភាពនៅឆ្នាំ២០១៣ និង២០១៥។ ដូច្នេះ នៅឆ្នាំ២០១៦  អង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាផ្តន្ទាទោស នួន ជា និង ខៀវ សំផន ឲ្យជាប់ពន្ធនាគាអស់មួយជីវិត ចំពោះការប្រព្រឹត្តបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ទាក់ទងនឹងការសម្លាប់ ការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ និងដំណាក់កាលទីពីរនៃការផ្លាស់ប្តូរទីលំនៅប្រជាជន។

សំណុំរឿង០០២ វគ្គ២  គឺជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ការរំលោភបំពាន់ធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ និងអំពើប្រល័យពូជសាសន៍ដែលបានប្រព្រឹត្តឡើងនៅតាមសហករណ៍ ការដ្ឋានការងារ មន្ទីរសន្តិសុខ និងទីតាំងសម្លាប់មនុស្សមួយចំនួនដែលជាប់ពាក់ព័ន្ធទៅនឹងក្រុមមនុស្សដែលជាក្រុមគោលដៅជាក់លាក់ ដូចជាជនជាតិចាម ជនជាតិវៀតណាម អ្នកកាន់សាសនាព្រះពុទ្ធ និងអតីតមន្ត្រីរដ្ឋការនៃរបបសាធារណរដ្ឋខ្មែរ។ នួន ជា និង ខៀវ សំផន ត្រូវបានរកឃើញថាបានប្រព្រឹត្តបទឧក្រិដ្ឋកម្មជាច្រើនប្រឆាំងនឹងមនុស្សជាតិ ការរំលោភបំពាន់ធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ និង អំពើប្រល័យពូជសាសន៍ ដោយបានចូលរួមក្នុងសហឧក្រិដ្ឋកម្មព្រហ្មទណ្ឌរួមជាមួយមេដឹកនាំជាន់ខ្ពស់ដទៃទៀត។ នៅឆ្នាំ២០១៩ នួន ជា បានស្លាប់ដោយសារជរាភាព។ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ អង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានសម្រេចផ្តន្ទាទោស ខៀវ សំផន ឲ្យជាប់ពន្ធនាគាអស់មួយជីវិតបន្ថែមទៀត ចំពោះការប្រព្រឹត្តបទឧក្រិដ្ឋកម្មខាងលើ និងបានបិទបញ្ចប់ការជំនុំជម្រះនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាតែម្តង។

នៅវេលាម៉ោង១១៖៣០នាទីព្រឹកថ្ងៃដដែល សាមណនិស្សិត និស្សិត និងសាស្ត្រាចារ្យនៃពុទ្ធិកសកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ខេត្តកំពង់ចាម បានបន្ត ដំណើរទៅទស្សនកិច្ចសិក្សានៅតំបន់ប្រវត្តិសាស្ត្រយោធាកោះថ្ម អ៊ិច-១៦ មុននឹងបញ្ចប់កម្មវិធី។

អត្ថបទ ៖ ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖

មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមរៀបចំវេទិកាស្រាវជ្រាវស្តីអំពី «ជីវិតប្រចាំថ្ងៃរបស់ប្រជាជនក្នុងរបបខ្មែរក្រហម និងបទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅជំរំជនភៀសខ្លួន»