មជ្ឈមណ្ឌលឯកសារកម្ពុជារៀបចំវេទិកាពិភាក្សាអំពីការថែទាំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ចំនួន ១០០នាក់ នៅឃុំពពេល

នៅឃុំពពេលមានប្រជាជនចំនួន ១៥០០ គ្រួសារ ក្នុងនោះមានប្រជាជនដែលមានពិការភាពប្រមាណ៤០ភាគរយ និងមានយោធិនពិការ ៣០ ភាគរយ។ នៅក្នុងឆ្នាំ២០២៣នេះ តាមគោលនយោបាយរដ្ឋាភិបាល និងក្រសួងសុខាភិបាល បានអនុវត្តយុទ្ធសាស្ត្រលុបបំបាត់ជំងឺគ្រុនចាញ់ដោយជោគជ័យ និងលុបបំបាត់ការបន្ទោរបង់ពាសវាលពាសកាលបានជិត ៩៥ភាគរយ ដោយមានការសាងសង់បង្គន់អនាម័យស្ទើរតែគ្រប់ខ្នងផ្ទះមកដល់ខែមិថុនា ឆ្នាំ២០២៣។ កន្លងមក ក្នុងឃុំពពេល ធ្លាប់មានការចុះបញ្ជ្រាបអំពីការថែទាំសុខភាពពីអង្គការសុខភាពពិភពលោក ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាលដែលមានការសហការជាមួយក្រសួងសុខាភិបាល ដើម្បីផ្សព្វផ្សាយពីការរស់នៅស្អាត និងការថែទាំសុខភាពជាដើម។ តាមប្រសាសន៍របស់មេឃុំ ជា សំបុន ក្រោយពីមានយុទ្ធនាការផ្សព្វកន្លងមក ប្រជាជនក្នុងឃុំពពេល មានការយល់ដឹងច្រើមជាងមុន និងមានការយកចិត្តទុកដាក់លើបញ្ហាសុខភាព។

នៅថ្ងៃច័ន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣ នេះ ក្រុមការងារនៃគម្រោង «ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា និង វេជ្ជបណ្ឌិត ឡុង ដារ៉ា ឯកទេសជំងឺទូទៅ បានចុះទៅផ្សព្វផ្សាយ និងចែកជូននូវកូនសៀវភៅ «ព័ត៌មានអំពីការថែទាំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» ដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលរស់នៅក្នុងឃុំពពេល ចំនួន១០២នាក់។ ក្រុមការងារបានរៀបចំជាវេទិកាពិភាក្សាពីការថែទាំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឲ្យបានយល់ដឹងបន្ថែមពីរបៀបថែទាំសុខភាព ក៏ដូចជាការបង្ការកុំឲ្យមានជំងឺរ៉ាំរ៉ៃផ្សេងៗ។ ជំងឺទាំង១០នៅក្នុងកូនសៀវភៅណែនាំអំពីការថែសុខភាព គឺរកឃើញ​ថាបានកើតឡើងលើអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលព័ត៌មានទាំងនេះដកស្រង់ចេញពីបទសម្ភាសន៍ប្រជាជនចំនួន ៣២០០០នាក់ ដោយអ្នកស្ម័គ្រចិត្តកម្ពុជា ចំនួនប្រមាណ ១០០នាក់។ ទិន្នន័យដែលប្រមូលបានពីបទសម្ភាសន៍ត្រូវបានមជ្ឈមណ្ឌលឯកសារ បានរៀបរៀងឡើងក្នុងកូនសៀវភៅ «ព័ត៌មានពីការថែទាំសុខភាពដល់អ្នករស់រានមានជីវិតខ្មែរក្រហម» ដោយបានបង្ហាញពីនិយមន័យនៃជំងឺនីមួយៗ កត្តាហានិភ័យ ឬកត្តាងាយនឹងកើតជំងឺទាំងនោះ និងការបង្ការកុំឲ្យកើតជំងឺទាំង១០ប្រភេទនេះ ដែលរួមមាន ៖ ជំងឺលើសឈាម ជំងឺក្រពះពោះវៀន ជំងឺគ្រុនចាញ់ ជំងឺផ្លូវចិត្ត ជំងឺបេះដូង ជំងឺរលាកសន្លាក់ ជំងឺទឹកនោមផ្អែម ជំងឺហឺតរ៉ាំរ៉ៃ ជំងឺរបេង និងជំងឺឆ្កួតជ្រូក។ ទោះបីជាកូនសៀវភៅនេះ អាចជួយយាយ តា អ៊ំពូមីង បានមួយចំណែកក៏ដោយ ក៏លោកវេជ្ជបណ្ឌិត ឡុង ដារ៉ា នៅតែក្រើនរំឭកដល់ប្រជាពលរដ្ឋទាំងអស់ឲ្យទៅពិនិត្យ និងពិគ្រោះជាមួយវេជ្ជបណ្ឌិតនៅតាមមណ្ឌលសុខភាពឃុំ មន្ទីរពេទ្យបង្អែកស្រុក និងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដើម្បីទទួលបានការព្យាបាលត្រឹមត្រូវ និងមានប្រសិទ្ធភាព។ វេជ្ជបណ្ឌិត ឡុង ដារ៉ា បានឡើងថា យាយ តា អ៊ំ ពូ មីង ចាំបាច់ត្រូវទៅជួបវេជ្ជបណ្ឌិតពេលដែលមានអាការ ឬរោគសញ្ញាណាមួយដែលសង្ស័យ ព្រោះការទិញថ្នាំតាមហ្វាម៉ាស៊ី គឺមិនត្រឹមត្រូវទេ ដោយសារតែអ្នកជំងឺម្នាក់ៗអាចមានជំងឺផ្សេងៗគ្នា ដែលតម្រូវឲ្យប្រើប្រាស់ថ្នាំព្យាបាលក៏ខុសគ្នាដែរ។

កំឡុងពេលកិច្ចប្រជុំបានប្រមាណ១ម៉ោងកន្លះ អ៊ំស្រី គិត ផុន អាយុ៧៧ឆ្នាំ មានបញ្ហាសុខភាពភ្លាមៗ ដែលធ្វើឲ្យអ៊ំស្រីបង្ខំចិត្តត្រឡប់ទៅផ្ទះវិញ ប៉ុន្តែវេជ្ជបណ្ឌិត ឡុង ដារ៉ា ដែលមានវត្តមាននៅទីនោះស្រាប់ក៏បានជួយពិនិត្យ និងណែនាំអ៊ំស្រីឲ្យសម្រាកនៅផ្ទះអ្នកជិតខាងក្បែរនោះសិន ដើម្បីឲ្យអ៊ំស្រីមានកម្លាំងឡើងវិញ មុនពេលធ្វើដំណើរដោយម៉ូតូជាមួយកូនស្រីត្រឡប់ទៅផ្ទះវិញ។ វេជ្ជបណ្ឌិត ឡុង ដារ៉ា បានណែនាំឲ្យអ៊ំស្រី គិត ផុន ទៅមន្ទីរពេទ្យដើម្បីទទួលការព្យាបាលឲ្យបានត្រឹមត្រូវ និងស្តាប់តាមការណែនាំរបស់វេជ្ជបណ្ឌិតនៅទីនោះ។

វេជ្ជបណ្ឌិត ឡុង ដារ៉ា មានប្រសាសន៍ថា សកម្មភាពចុះអប់រំនិងផ្សព្វផ្សាយអំពីការថែទាំងសុខភាពជាមួយប្រជាជននៅថ្ងៃនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ គឺ ៖

១)    បង្កើនភាពជិតស្និទ្ធក្នុងសហគមន៍ ប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ក្រុមការងារនិងប្រជាពលរដ្ឋ គ្រូពេទ្យ និងប្រជាពលរដ្ឋក្នុងសហគមន៍។

២)    បានអប់រំផ្ទាល់ជាលក្ខណៈសហគមន៍ ចែករំលែកបទពិសោធន៍ ឬប្រវត្តិបញ្ហាសុខភាពផ្ទាល់ខ្លួន។

៣)   បានស្តាប់ និងឆ្លើយនូវសំណួរពាក់ព័ន្ធបញ្ហាសុខភាពរបស់ប្រជាជននៅមូលដ្ឋាន។

៤)    បង្ហាញនូវរោគសញ្ញា ឬបញ្ហាសុខភាពមួយចំនួនដើម្បីឲ្យប្រជាជនក្នុងសហគមន៍ស្វែងរកសេវាសុខាភិបាលមូលដ្ឋានដើម្បីព្យាបាលទៅតាមកម្រិត។

៥)    អប់រំនិងផ្សព្វផ្សាយអំពីរបបអាហារត្រឹមត្រូវដើម្បីកាត់បន្ថយកត្តាហានិភ័យនៃជំងឺរុំារ៉ៃមួយចំនួនដូចជា លើសសម្ភាធឈាម ទឹកនោមផ្អែម រលាកក្រពះជាដើម។

៦)    បង្រៀនប្រជាជនក្នុងសហគមន៍ឲ្យចេះចូលរួម ក៏ដូចជា ឆ្លើយនូវសណួរបំផុសគំនិតពីក្រុមការងារ និងគ្រូពេទ្យទាក់ទងនឹងការថែទាំសុខភាព

៧)   ជួបផ្ទាល់ជាមួយអ្នកមានជំងឺ ឬមានបញ្ហាផ្លូវចិត្តដែលបន្សល់ពីសង្គ្រាម ដូចជាអ្នកបាត់បង់សមាជិកគ្រួសារ ដោយយើងបានជួយគាំទ្រអារម្មណ៍របស់គាត់ឲ្យល្អប្រសើរ តាមរយៈការសន្ទនា និងការអន្តរាគមន៍ផ្សេងៗ ។

ជាមួយគ្នានេះដែរ វេជ្ជបណ្ឌិតយើងសង្កតឃើញពីចំណុចខ្វះខាតមួយចំនួនពីអ្នកចូលរួមក្នុងកិច្ចប្រជុំពិភាក្សានេះ ដូចជា ៖

១)    អ្នកចូលរួមដូចជាអៀនខ្មាសក្នុងការសួរនូវរាល់បញ្ហាសុខភាពរបស់ខ្លួនគាត់ផ្ទាល់ជាមួយគ្រូពេទ្យ។

២)    ការយល់ដឹងជាមូលដ្ឋាននៃព័ត៌មានសុខភាពនៅមានកម្រិត (ដូចជា មានអាការ ឬរោគសញ្ញាជំងឺអ្វីមួយហើយ មិនសូវទៅមណ្ឌលសុខភាពដែលនៅជិតៗភូមិ ឬឃុំរបស់គាត់។

៣)   ប្រវត្តិ ឬទម្លាប់នៃការហូបអាហាររបស់គាត់ ក៏ដូចជាប្រជាជនខ្មែរយើងមួយចំនួន ពិបាកនឹងកែប្រែ ដូចជា ហូបអាហារប្រៃពេក ដែលបង្ហាញថាគាត់មិនសូវអនុវត្តតាមការអប់រំ។

ក្នុងដំណើរការនៃកិច្ចប្រជុំពិភាក្សារយៈពេលជិត៣ម៉ោង ក៏មានការអញ្ជើញចូលរួមស្វាគមន៍ពីមេភូមិជាងហ្លួងឈ្មោះ ផល ឆុន ភេទប្រុស អាយុ ៦៥ឆ្នាំ និងមេឃុំពពេល ឈ្មោះ ជា សុំបុន ភេទប្រុស អាយុ៧៥ឆ្នាំ។ លោកមេភូមិ និងមេឃុំ បានចូលរួមសំណេះសំណាល ព្រមទាំងក្រើនរំឭកដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ឲ្យយកចិត្តទុកដាក់ថែរក្សាសុខភាពរបស់ខ្លួនបន្ថែម ព្រោះវេជ្ជបណ្ឌិតបានត្រឹមតែជួយពន្យល់ណែនាំ និងបង្ហាញផ្លូវតែប៉ុណ្ណោះ។ លោកមេឃុំ ជា សំបុន បានរំឭកដល់អ្នករស់រានមានជីវិតចំនួន១០២នាក់ឲ្យចងចាំថា យើងអស់គ្នាគឺជាសាក្សីដ៏សំខាន់ ក្នុងចែករំលែកបទពិសោធន៍ដល់ជំនាន់ក្រោយអំពីរបបខ្មែរក្រហម ហើយយើងទាំងអស់គ្នាកាន់តែមានវ័យចំណាស់ ដោយក្នុងមួយឆ្នាំអាចស្លាប់យ៉ាងហោចណាស់៣ទៅ៤នាក់ ដូច្នេះសូមចូលរួមផ្សព្វផ្សាយអំពីការថែទាំសុខភាព​ដែលទទួលបានពីកិច្ចប្រជុំថ្ងៃនេះបន្តទៅអ្នកជិតខាង ក៏ដូចជាក្រុមគ្រួសារ។ លោកមេឃុំ ក៏ជឿជាក់ថា ក្នុងអ្នកចូលរួមម្នាក់អាចចែករំលែកបានយ៉ាងហោចក៏៣នាក់ដែរ។

ជាចុង លោកមេឃុំ ជា សំបុន សូមអរគុណដល់ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា និងវេជ្ជបណ្ឌិត ឡុង ដារ៉ា ដែលបានជួយផ្សព្វផ្សាយ និងចែកកូនសៀវភៅថែទាំសុខភាពនេះដល់ប្រជាពលរដ្ឋក្នុងឃុំពពេល។ កូនសៀវភៅនេះមានសារប្រយោជន៍ដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានវ័យចាស់។ លោកមេឃុំបានស្នើឲ្យមានកិច្ចប្រជុំពិភាក្សាទៅថ្ងៃខាងមុខ ដើម្បីជួយរំឭកដល់ យាយ តា អ៊ំ ពូ មីង ព្រោះគាត់មានវ័យចាស់ដែលឆាប់ភ្លេចភ្លាំង។

ក្រោយកិច្ចប្រជុំបានបញ្ចប់ ក្រុមការងារបានរៀបចំចែកជូននូវអាហារថ្ងៃត្រង់ និងផ្តល់មធ្យោយធ្វើដំណើរដល់អ្នកចូលរួមចំនួន១០២នាក់។ មុននឹងវិលត្រឡប់ទៅផ្ទះវិញ យាយតា អ៊ំ ពូមីង បានផ្តល់នូវមតិយោបល់មួយដូចតទៅ ៖

ឈិន វ៉ាន់ ភេទប្រុស អាយុ ៥០ឆ្នាំ មានអារម្មណ៍រីករាយដែលបានចូលរួមក្នុងវេទិកាប្រជុំពិភាក្សានៅព្រឹកនេះ ដោយមានការបកស្រាយ និងពន្យល់លម្អិតពីការថែទាំសុខភាពពីវេជ្ជបណ្ឌិត ហើយគាត់បានដឹងបន្ថែមអំពីរបបអាហារមួយចំនួនដែលបណ្តាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ដូចជា ៖ ភេជ្ជៈកំប៉ុង ភេជ្ជៈប៉ូវកម្លាំង របបអាហារដែលមានជាតិប្រៃខ្លាំង និងការពិសារគ្រឿងស្រវឹង ដែលអាចបណ្តាលឲ្យមានជំងឺទឹកនោមផ្អែម និងជំងឺលើសឈាមជាដើម។

អ៊ុំ អឿន ភេទស្រី អាយុ ៧០ឆ្នាំ បង្ហាញអារម្មណ៍សប្បាយរីករាយដោយបានអ្នកស្ម័គ្រចិត្តកម្ពុជាទៅអញ្ជើញគាត់ឲ្យមកចូលរួមប្រជុំ ទោះបីជាការចាប់ផ្តើមដំបូងគាត់មិនសូវយល់ច្បាស់ក៏ដោយ។ ក្រោយពីបានស្តាប់ការពន្យល់របស់វេជ្ជបណ្ឌិត និងក្រុមការងាររួចមក ទើប ដឹងថា គឺជាការប្រជុំផ្សព្វផ្សាយពីការថែទាំសុខភាព ដែលគាត់ផ្ទាល់ក៏មានជំងឺលើសឈាមដែរ ។ វេជ្ជបណ្ឌិតបានណែនាំដល់អ្នកចូលរួម គឺពិតជាត្រឹមត្រូវ ហើយគាត់នឹងអនុវត្តតាម។ ដោយសារផ្ទះគាត់នៅជិតមន្ទីរពេទ្យ ដូច្នេះគាត់នឹងទៅពិនិត្យ និងពិគ្រោះជំងឺជាមួយវេជ្ជបណ្ឌិតពេលដែលគាត់មានអារម្មណ៍មិនស្រួលខ្លួន។

អរ ហុន ភេទស្រី អាយុ៨៥ឆ្នាំ មានសុខភាពមាំមួន ប៉ុន្តែគាត់កោងខ្នងខ្លាំងដោយសារធ្លាប់ថ្លោះចង្កេះពីមុនមក បានប្រាប់ថា គាត់ហូបអាហារបានធម្មតាតាមបែបអ្នកស្រុកស្រែជនបទ និងសម្រាន្តលក់។ គាត់ស្តាប់ការណែនាំពីផលប៉ះពាល់នៃអាហារ និងភេជ្ជៈមួយចំនួនដល់សុខភាព ហើយពេលទៅផ្ទះវិញនឹង គាត់នឹងប្រាប់កូនចៅរបស់គាត់ដែរ។

អត្ថបទ ៖ គឹម សុវណ្ណដានី បុគ្គលិកគម្រោងសុខភាពនៃមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖