ចាប់តាំងពីដើមខែសីហា ឆ្នាំ២០២២ មក អ្នកស្ម័គ្រចិត្តកម្ពុជា (Cambocorps) នៃមជ្ឈមណ្ឌលឯកសារកម្ពុជាបានចុះទៅសម្ភាសន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលរស់នៅក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានចំនួន ៩៦៤នាក់ ដែលក្នុងនោះមានស្រីចំនួន ៧៤៣នាក់ ដែលមានអាយុពី៥០ឡើងទៅ។
តាមទិន្ន័យនៃបទសម្ភាសនដែលផ្តល់ឲ្យដោយអ្នករស់រានមានជីវិតទាំង ៩៦៤នាក់ បានឲ្យដឹងថា មានជំងឺ ចម្បង ៥ ប្រភេទ ដែលអ្នករស់រានមានជីវិតកំពុងតែប្រឈមខ្លាំង គឺ៖ ទី១) ជំងឺលើសឈាម, ទី២) ជំងឺផ្លូវចិត្ត, ទី៣) ជំងឺគ្រុនចាញ់, ទី៤) ជំងឺក្រពះពោះវៀន និងទី៥) ជំងឺបេះដូង។
នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា នៃគម្រោង «ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» ព្រមទាំងមានវេជ្ជបណ្ឌិត ឡុង ដារ៉ា ដែលមានឯកទេសជំងឺទូទៅ បានចុះទៅផ្សព្វផ្សាយ និងចែករំលែកព័ត៌មានអំពីការថែទាំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលរស់នៅក្នុងស្រុកបរិបូរណ៍ និងស្រុកទឹកផុស ដែលមានអ្នកចូលរួមមានចំនួន ១០៦នាក់ មកពីឃុំចំនួន៥គឺ ឃុំពពេល ឃុំខុនរ៉ង ឃុំផ្សារ ឃុំត្រពាំងចាន់ និងឃុំក្តុលសែនជ័យ។
ក្រុមការងារបានធ្វើដំណើរពីមជ្ឈមណ្ឌលឯកសារកម្ពុជាទៅដល់ទីតាំងកម្មវិធីវេទិកាអប់រំសុខភាពដែលស្ថិតនៅក្នុងវត្តអង្គ មានចម្ងាយប្រមាណ ៣៥គីឡូម៉ែត្រពីទីរួមខេត្តកំពង់ឆ្នាំង ដែលការធ្វើដំណើរចំណាយពេលប្រហែលជា ២ម៉ោង។ អ្នកចូលរួមក្នុងកម្មវិធីបានមកដល់វត្តអង្គ នៅម៉ោង៨ព្រឹក ដោយមានការជួយសម្របសម្រួលពីអ្នកស្ម័គ្រចិត្តកម្ពុជាជំនាន់ទី១ នៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងផ្ទាល់ ដែលបានអញ្ចើញអ្នកចូលរួមទាំងអស់ឲ្យចូលអង្គុយរង់ចាំនៅក្នុងសាលាឆាន់ និងចែកអាហារសម្រន់ (អាហារពេលព្រឹក និងទឹកសុទ្ធ) ដល់អ៊ំពូមីង ពិសារមុនពេលកម្មវិធីចាប់ផ្តើមនៅម៉ោង ៨៖៤៥នាទី និងបញ្ចប់ត្រឹមម៉ោង ១០ព្រឹក។
មុនពេលបើកកម្មវិធី អ្នកស្ម័គ្រចិត្តកម្ពុជាចំនួន ៤នាក់ បានចែកកូនសៀវភៅ «ព័ត៌មានអំពីការថែទាំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» ដល់អ្នកចូលរួមគ្រប់គ្នា ដើម្បីជាឯកសារប្រើប្រាស់តាមផ្ទះ ជាពិសេសអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលរស់នៅឆ្ងាយពីមណ្ឌលសុខភាព ក៏ដូចជាប្រើប្រាស់ជាជំនួយពេលដែលគ្មានវេជ្ជបណ្ឌិតនៅក្បែរ។
អតីតមេឃុំខុនរ៉ង លោក ចាន់ អាន ភេទប្រុស អាយុ ៨៥ឆ្នាំ ឡើងប្រកាសបើកកម្មវិធីពិភាក្សាអំពីការថែទាំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលបានចូលរួមក្នុងថ្ងៃនេះ។ លោក ចាន់ អាន មានប្រសាសន៍ថា រដូវនេះជារដូវក្តៅផង រដូវភ្លៀងផង ដែលជាហេតុធ្វើឲ្យប្រជាជនងាយនឹងកើតជំងឺផ្សេងៗ ហើយពេលថ្មីៗនេះមានប្រជាពលរដ្ឋជាច្រើនឈឺ ហើយទៅព្យូរសេរ៉ូមនៅមណ្ឌលសុខភាពក្នុងស្រុកភូមិ។ លោក ចាន់ អាន សូមអរគុណដល់ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា និង វេជ្ជបណ្ឌិត ឡុង ដារ៉ា ដែលបានមកផ្សព្វផ្សាយអំពីការថែទាំសុខភាពដល់ប្រជាជន ដែលមានវ័យចំណាស់។ ឆ្លៀតក្នុងឱកាសនេះដែរ លោក ចាន់ អាន ផ្តាំផ្ញើទៅអ្នកដែលបានចូលរួមកម្មវិធីថ្ងៃនេះ ជួយផ្សព្វផ្សាយបន្តដល់អ្នកដែលសាច់ញាតិជិតខាង អ្នកផ្ទះ ឬអ្នកស្គាល់គ្នា ដើម្បីឲ្យមានការចែករំលែកព័ត៌មានអំពីការថែទាំសុខភាពកាន់តែច្រើនឡើង។ ជាទីបញ្ចប់ លោក ចាន់ អាន បានបួងសួងដល់វត្ថុស័ក្តសិទ្ធដែលថែរក្សាទីវត្តអារាម សូមប្រសិទ្ធិពរជ័យដល់អ្នកចូលរួមទាំងអស់ ឲ្យទទួលបានជោគជ័យ និងមានអាយុវែងទាំងអស់គ្នា។
វេជ្ជបណ្ឌិត ឡុង ដារ៉ា បានបន្តការពិភាក្សាដោយផ្តោតលើកូនសៀវភៅ «ព័ត៌មានអំពីការថែទាំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» ដោយលើកយកនូវជំងឺ ៤ ប្រភេទគឺ ជំងឺលើសឈាម ជំងឺក្រពះពោះវៀន ជំងឺគ្រុនចាញ់ និងជំងឺទឹកនោមផ្អែម។ វេជ្ជបណ្ឌិត ឡុង ដារ៉ា បានពន្យល់បន្ថែមនូវឫសគល់នៃជំងឺការពារដែលត្រូវការពារកុំឲ្យកើតឡើង ការស្វែងរកការពិនិត្យ និងពិគ្រោះជំងឺឲ្យបានត្រឹមត្រូវនៅមន្ទីរពេទ្យខេត្ត ឬតាមមណ្ឌលសុខភាពនានាដែលនៅជិតគាត់ និងការផ្លាស់ប្តូររបបអាហារដើម្បីឲ្យមានសុខភាពល្អ។ វេជ្ជបណ្ឌិត ឡុង ដារ៉ា សង្កតឃើញថា អ្នកចូលរួមកិច្ចប្រជុំពិភាក្សានាព្រឹកនេះ ភាគច្រើនមានកាន់ថង់ថ្នាំ ដែលអាចបញ្ជាក់បានថា ភាគច្រើនអ៊ំពូមីងមានជំងឺប្រចាំកាយ ដែលចាំបាច់ត្រូវតែផឹកថ្នាំជាប្រចាំ ដោយសារតែកិច្ចប្រជុំពិភាក្សាមានរយៈមួយព្រឹកពេញ និងមានការទទួលទានអាហារពេលថ្ងៃត្រង់ជុំគ្នាទៀត ទើបអ្នកចូលរួមចាំបាច់ត្រូវយកថ្នាំមកតាមស្ទើរតែគ្រប់គ្នា។ ពេលសម្រាក មានអ្នកអ៊ំពូមីងប្រហែលជា ១០ ទៅ ១៥នាក់ បានពិគ្រោះជំងឺជាមួយវេជ្ជបណ្ឌិត ឡុង ដារ៉ា និងប្រាប់ពីរោគសញ្ញាផ្សេងៗ ក៏ដូចជាបានបង្ហាញថ្នាំដែលគាត់ផឹករាល់ថ្ងៃ ហើយយើងរកឃើញថា ក្នុងចំណោម ១០នាក់ មាន ៣ ទៅ ៥ ដែលកំពុង និងត្រូវផឹកថ្នាំលើសឈាមតាមអាការជំងឺ។ ទោះបីជាយ៉ាងណា វេជ្ជបណ្ឌិត ឡុង ដារ៉ា នៅតែទទូចឲ្យអ្នកជំងឺទៅទទួលការពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅក្បែរគាត់ ព្រោះមិនសូវចំណាយថវិកាច្រើន ហើយថែមទាំងអាចទទួលបានការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃចំពោះអ៊ំពូមីង ដែលប្រើប្រាស់ប័ណ្ណក្រីក្រ។ ក្នុងន័យនេះ វេជ្ជបណ្ឌិត ឡុង ដារ៉ា បានលើកទឹកចិត្តអ៊ំពូមីងឲ្យកាត់បន្ថយការគិតច្រើន និងសម្ពាធផ្លូវចិត្ត ព្រោះ បញ្ហាផ្លូវចិត្ត គឺជាដើមចមដែលនាំឲ្យមានបញ្ហាសុខភាពដល់អ៊ំពូមីងដែលមានវ័យចំណាស់ ដោយសារការសម្រាន្តមិនបានស្កប់ ការពិសារអាហារមិនគ្រប់គ្រាន់។ល។
លោកស្រី គឹម សុវណ្ណដានី អ្នកសម្របសម្រួលគម្រោង «ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» បានផ្តល់នូវការចាប់អារម្មណ៍ចំពោះការថែទាំសុខភាពមនុស្សចាស់ គឺមានសារសំខាន់ដល់សង្គមជាតិ ព្រោះអ៊ំពូមីងដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម គឺជាសាក្សីរស់ ដែលអាចរៀបរាបបទពិសោធន៍ដល់កូនចៅជំនាន់ក្រោយរបស់លោកយាយលោកតា អ៊ំពូមីង ឲ្យជឿថាពិតជាមានរបបខ្មែរក្រហមពិតប្រាកដមែន។ ការដែលយើងអាចបង្រៀនឲ្យជំនាន់យល់ដឹងច្បាស់ពីប្រវត្តិសាស្ត្រខ្លួន គឺជាការបញ្ជៀស លុបបំបាត់ មិនឲ្យរបបប្រល័យពូជសាសន៍កើតមានសារជាថ្មីម្តងទៀតនៅក្នុងប្រទេសកម្ពុជា។
កម្មវិធីបន្ទាប់ គឺរៀបចំចង្ហាន់ប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអង្គ ដើម្បីឧទ្ទិសកុសលដល់អ្នកដែលបានស្លាប់បាត់បង់ជីវិតនៅទីនោះ និងការហូបអាហារជួបជុំគ្នា។
ក្រោយកិច្ចប្រជុំត្រូវបានបញ្ចប់ យាយ អ៊ុង អាន បង្ហាញការពេញចិត្តយ៉ាងខ្លាំងដែលបានយល់ដឹងអំពីជំងឺលើសឈាម ជំងឺផ្លូវចិត្ត ដែលយាយៗទាំងអស់កំពុងតែជួបប្រទះ និងសូមឲ្យអ្នកចូលរួមមានសុខភាពល្អទាំងអស់គ្នាចាប់ពីពេលនេះទៅ។
ដោយឡែកយាយ ឈាវ ចាន់បូរណ៍ ក៏មានការពេញចិត្តយ៉ាងខ្លាំងដែលវេជ្ជបណ្ឌិត ឡុង ដារ៉ា បានពន្យល់យ៉ាងក្បោះក្បាយអំពីការប្រើប្រាស់ថ្នាំឲ្យបានត្រឹមត្រូវ ទាក់ទងជំងឺទាំង៤ប្រភេទ។
អត្ថបទ ៖ គឹម សុវណ្ណដានី បុគ្គលិកគម្រោងសុខភាពនៃមជ្ឈមណ្ឌលឯកសារកម្ពុជា
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា