ចន្លោះពីថ្ងទី១0 ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ អ្នកស្ម័គ្រចិត្តកម្ពុជា ប្រចាំខេត្តកំពង់ចាម ជំនាន់ទី៦ ដឹកនាំដោយ សាំង ចាន់ធូ ចុះជួបនិងស្ដាប់បទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលជាជនពិការ។ ខាងក្រោមនេះគឺជារឿងរ៉ាវសង្ខេបរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលជាជនពិការចំនួន៤នាក់ ៖
ទេព សារី
ទេព សារី ភេទប្រុស អាយុ៧១ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលពិការភ្នែកទាំង២ ប្រាប់អំពីបទពិសោធន៍របស់ខ្លួនថា «ខ្ញុំកើតនៅឆ្នាំ១៩៥២ ក្នុងគ្រួសារកសិករនៅភូមិពន្លៃចក ឃុំមៀន ស្រុកអូរាំងឪ ខេត្តកំពង់ចាម។ កាលនៅវ័យកុមារ ខ្ញុំមានសភាពធម្មតាដូចកុមារដទៃទៀតនៅក្នុងភូមិ។ នៅអាយុ៦ឆ្នាំ ខ្ញុំពិការភ្នែកទាំងសងខាង ពីព្រោះខ្ញុំមានជំងឺពិសអាចម៍កុកនៅពេលនោះ។ ខ្ញុំមិនអាចទៅរៀនបានទេ គឺនៅផ្ទះជាមួយឪពុកម្ដាយ។ នៅអាយុ១០ឆ្នាំ ខ្ញុំចាប់ផ្ដើមរៀនប្រើប្រាស់ឧបករណ៍ភ្លេងបុរាណខ្មែរ គឺជំនាញផ្នែកទ្រអ៊ូ និងទ្រសោរ។ បន្ទាប់ពីរៀនអស់រយៈពេលជាច្រើនឆ្នាំ ខ្ញុំអាចដើរលេងភ្លេងបានដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារ។ ពេលនោះ គឺនៅក្នុងសម័យសង្គមរាស្ត្រនិយម។
បន្ទាប់ពីមានរដ្ឋប្រហាររបស់ លន់ នល់ នៅឆ្នាំ១៩៧០មក ភូមិរបស់ខ្ញុំគឺជាសមរភូមិប្រទាញប្រទង់រវាងទាហានលន់ នល់ និងកងទ័ពរំដោះខ្មែរក្រហម ហើយក្រោយមកត្រូវបានខ្មែរក្រហមរំដោះបាន។ នៅពេលនោះខ្ញុំមានអាយុ១៨ឆ្នាំ។ ខ្ញុំបានស្ម័គ្រចិត្តចូលរួមជាមួយខ្មែរក្រហម ហើយរត់ចូលព្រៃម៉ាក់គីតស៊ូជាមួយអ្នកភូមិផ្សេងទៀត។ ដោយសារតែពិការភាព និងជំនាញសិល្បៈរបស់ខ្ញុំ ខ្ញុំត្រូវបានដាក់ឲ្យបម្រើក្នុងកងសិល្បៈខ្មែរក្រហម។ ខ្ញុំអាចដើរចុះឡើងបានដោយប្រើប្រាស់ដំបងឈើ ហើយមានពេលខ្លះសមមិត្តនៅក្នុងកងសិល្បៈជាមួយគ្នាជួយដឹកដៃ។ រហូតដល់ឆ្នាំ១៩៧៥ ខ្ញុំត្រូវបានផ្លាស់ទៅធ្វើការនៅសហករណ៍នៅម្ដុំសួង។ ទាំងនេះគឺជាការចាប់ផ្ដើមដែលខ្ញុំទទួលរងទុក្ខលំបាក ព្រោះខ្ញុំត្រូវធ្វើការនៅក្នុងកងសិល្បៈផង និងនៅវាលស្រែផង។ ខ្ញុំត្រូវបានកំណត់ឲ្យជីកដីដូចអ្នកដទៃទៀតដែរ។ ចំណែកឯរបបអាហារវិញគឺមិនគ្រប់គ្រាន់ទេ។ ខ្ញុំបានរួចផុតពីសេចក្ដីអត់ឃ្លាន បន្ទាប់ពីរបបខ្មែរក្រហមដួលរលំនៅដើមឆ្នាំ១៩៧៩»។
អ៊ុង រិទ្ធ
អ៊ុង រិទ្ធ ភេទប្រុស អាយុ៥៦ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលពិការជើងទាំង២ រៀបរាប់អំពីដំណើរជីវិតរបស់ខ្លួនថា «ខ្ញុំឈ្មោះ អ៊ុង រិទ្ធ អាយុ៥៦ឆ្នាំ រស់នៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ខ្ញុំមានឪពុកឈ្មោះ អ៊ុង និងម្ដាយឈ្មោះ អាត ហើយខ្ញុំគឺជាកូនទី៦ក្នុងចំណោមបងប្អូនប្រុសស្រីច៧នាក់។
នៅក្នុងសម័យខ្មែរក្រហម ខ្ញុំត្រូវបានដាក់ក្នុងកងកុមារ ដើររើសអាចម៍គោ ដេញចាប និងឃ្វាលគោ។ ខ្ញុំកំពុងតែឃ្វាលគោ ចៃដន្យបានឃើញយោធាខ្មែរក្រហមបណ្តើរមនុស្សទាំងជួរៗមិនដឹងយកទៅទីណាឡើយ។ រយៈពេល១ម៉ោង ទៅ២ម៉ោង ក្រោយមក ខ្ញុំឃើញយោធា ត្រឡប់មកវិញ ប៉ុន្តែខ្ញុំមិនឃើញប្រជាជនដែលត្រូវបានបណ្តើរចូលទៅក្នុងព្រៃនោះត្រឡប់មកវិញទេ។ ខ្ញុំបានឮគេនិយាយថា ខ្មែរក្រហមឲ្យប្រជាជនទៅកាប់ព្រៃ និងធ្វើផ្ទះស្នាក់នៅទីនោះ។ ថ្ងៃមួយប្រធានកងឲ្យខ្ញុំទៅរកឧសយកមកទុកដាំបាយ ដាំបបរ ប៉ុន្តែចៃដន្យខ្ញុំឃើញខ្មោចដែលខ្មែរក្រហមកប់មិនជិត។ ខ្ញុំឃើញក្បាល និងជើងដៃ នៅកណ្ដាលវាល។ ខ្ញុំរន្ធត់ ហើយនាំគ្នារត់ត្រឡប់មកវិញ។ ខ្ញុំជួបរឿងរ៉ាវនេះជាច្រើនលើក។
ក្រោយមក ខ្ញុំបានធ្លាក់ខ្លួនឈឺ និងនៅជាមួយបងស្រី។ ថ្ងៃមួយមេកងប្រើឲ្យបងស្រី ខ្ញុំបើកឡានម៉ាកGMCកង់១០ដឹកមនុស្សយកទៅនៅភូមិថ្មី ក្នុងខេត្តកំពង់ធំ ហើយដោយសារខ្ញុំនៅក្មេងខ្ញុំបានយំទៅតាមបងស្រីខ្ញុំ។ ពេលនោះមេកងឲ្យបងស្រីយកខ្ញុំទៅជាមួយ ដោយដាក់ខ្ញុំនៅក្នុងកាប៊ីនឡានជិតកន្លែងគាត់។ បងស្រីបើកឡានទៅដល់ទំនប់ ៧ មករា ដែលស្ថិតនៅក្នុងខេត្តកំពង់ធំ ហើយពេលនោះខ្មែរក្រហមបានធ្វើបាបប្រជាជនដែលដឹកទៅទាំងនោះ។ បងស្រីខ្ញុំបានយកបាំងភ្នែកខ្ញុំកុំឲ្យមើលឃើញទិដ្ឋភាពទាំងនោះ។ ចាប់តាំងពីពេលនោះមក ខ្ញុំឈប់ទៅតាមបងស្រីខ្ញុំទៀតហើយ។ ខ្ញុំឃើញឡានបងស្រី ខ្ញុំខ្លាចនិងរត់គេចចូលក្នុងព្រៃ។ ម្ដាយរបស់ខ្ញុំនិយាយប្រាប់ខ្ញុំថា ឈប់ទៅតាមបងស្រី ប្រយ័ត្នយក្សខាំ និងខ្លាខាំ។ ខ្ញុំធ្លាប់ឃើញប្រជាជនរងទុក្ខលំបាកវេទនា និងរងការកាប់សម្លាប់។ ខ្ញុំនៅក្នុងកងកុមារ ប្រធានចុងភៅឲ្យហូបបបរមួយកូនវែក។ អ្នកខ្លះទ្រាំហូបបបរលាយចេកខ្ចីដែលមានរសជាតិចត់ៗ ដើម្បីចម្អែតក្រពះ។ ប៉ុន្តែខ្ញុំគ្រាន់បើជាងអ្នកនៅកងចល័តដែលមានអាយុ១៥ឆ្នាំឡើងទៅ ព្រោះកងចល័តទាំងនោះមិនអាចរកអាហារហូបបានទេ គឺគាត់ដឹងតែធ្វើការងារ។ ខ្ញុំនៅកងកុមារអាចរកអាហារហូបក្រៅបាន។ ពេលដេញចាប ឃ្វាលគោ ខ្ញុំអាចចាប់ក្ដាមយកមកដុតហូប ប៉ុន្តែខ្ញុំលួចលាក់មិនឲ្យខ្មែរក្រហមឃើញឡើយ។ នៅពេលយើងឃើញប្រធានកងដើរមក យើងកើបភក់មកកប់ភ្នក់ភ្លើង ហើយដេញគោទៅឆ្ងាយ។ នៅពេលប្រធានកងទៅបាត់ យើងកាយយកក្តាមខ្យងទៅលាងទឹក ហើយនាំគ្នាហូប»។
ដាំ ឃីម
ដាំ ឃីម ភេទស្រី អាយុ៧១ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលពិការភ្នែកទាំងសងខាង និយាយអំពីបទពិសោធន៍របស់ខ្លួនថា «ខ្ញុំឈ្មោះ ដាំ ឃីម សព្វថ្ងៃរស់នៅភូមិគគរ២ ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំពិការភ្នែកទាំងពីរ ហើយសព្វថ្ងៃខ្ញុំនៅចាំផ្ទះ។ ខ្ញុំគឺជាស្រ្តីមេម៉ាយ។ ឪពុករបស់ខ្ញុំមានប្រពន្ធពីរ ហើយខ្ញុំមានបងប្អូន១០នាក់ គឺស្រី៣នាក់ និងប្រុស៧នាក់។ រឿងរ៉ាវដែលខ្ញុំចាំកាលពីសម័យខ្មែរក្រហម គឺខ្មែរក្រហមប្រើខ្ញុំឲ្យស្ទូង ដក លីសែងស្រូវដោយមិនគិតថាប្រុសឬស្រីឡើយ។ ខ្មែរក្រហមប្រើខ្ញុំឲ្យធ្វើការទាំងកូនខ្ចី ដោយអត់បាយ អត់ទឹក។ ប្រធានកងប្រើខ្ញុំឲ្យស្ទូងស្រូវក្នុងមួយហិចតា១២នាក់។ មានអ្នកខ្លះសន្លប់ និងខ្យល់គរនៅតាមផ្លូវ ព្រោះហូបចុកមិនគ្រប់ និងធ្វើការហួសកម្លាំង។
ប៉ោង ព្រីន
ប៉ោង ព្រីន ភេទប្រុស អាយុ៧៥ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលពិការជើងស្ដាំ និយាយអំពីរឿងរ៉ាវជីវិតក្នុងរបបខ្មែរក្រហមថា «ខ្ញុំឈ្មោះ ប៉ោង ព្រីន មានទីកន្លែងកំណើតនៅភូមិដីដុះ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សព្វថ្ងៃ ខ្ញុំរស់នៅភូមិគគរ២ ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំនៅផ្ទះ និងមិនមានមុខរបរទេ។ ខ្ញុំពោះម៉ាយ ព្រោះប្រពន្ធរបស់ខ្ញុំឈឺស្លាប់ចោលយូរហើយ។ ខ្ញុំមានកូនសរុបចំនួន៤នាក់ ប្រុស២នាក់និងស្រី២នាក់។ ឪពុករបស់ខ្ញុំឈ្មោះ គួង ប៉ោង និងម្ដាយឈ្មោះ អួង សារី។ ខ្ញុំគឺជាកូនទី២ក្នុងចំណោមបងប្អូនប្រុសស្រីចំនួន៤នាក់។ ខ្ញុំនៅចាំបានថា ខ្មែក្រហមបានប្រើខ្ញុំឲ្យអារឧសដាក់ក្នុងរោងបាយ។ ពេលនៅរោងបាយ ខ្ញុំបានឃើញឈ្លបខ្មែរក្រហមចាប់មនុស្សធំ និងកូនក្មេង ព្រោះខ្ញុំបានទៅសុំឈ្លបខ្មែរក្រហមនោះអុជបារីជក់ ប៉ុន្តែឈ្លបបានបក់ដៃឲ្យខ្ញុំចេញពីទីនោះ។ ពេលដែលខ្ញុំដើរចេញដល់របងផ្ទះ ខ្ញុំឃើញឈ្លបចាប់អ្នកទាំងពីរយកទៅវាយចោលនៅក្រោយផ្ទះក្បែរគុម្ពឬស្សីខ្ញុំសព្វថ្ងៃ។ នៅពេលឃើញហេតុការណ៍នោះ ខ្ញុំបានដឹកដៃកូនខ្ញុំរត់កាត់ភក់ចេញពីកន្លែងនោះ ព្រោះខ្លាចខ្មែរក្រហមយកទៅសម្លាប់ដែរ»។
អត្ថបទ ៖ សាំង ចាន់ធូ បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តកំពង់ចាម