នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្មនៃមជ្ឈមណ្ឌលឯកសារកម្ពុជាបានរៀបចំវេទិកាថ្នាក់រៀនស្តីអំពីប្រវត្តិសាស្ត្រខ្មែរក្រហម និងដំណើរទស្សនកិច្ចសិក្សាទៅកាន់តំបន់ប្រវត្តិសាស្ត្រយោធាកោះថ្ម អ៊ិច-១៦ ដល់យុវជនកាយរិទ្ធ កាកបាទក្រហម និង ស.ស.យ.ក ចំនួន១៥០នាក់ នៅតាមសាលាមធ្យមសិក្សានៅក្នុងស្រុកចំនួនពីរគឺស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ។ វេទិកាថ្នាក់រៀននេះផ្តោតសំខាន់លើប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥ -១៩៧៩) និងការបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជាថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ ដើម្បីវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា៥លាននាក់ឲ្យរួចផុតពីសេចក្តីស្លាប់។
ជាកិច្ចចាប់ផ្តើមកម្មវិធី លោកស្រី ទី លីហ្វាន់ អភិបាលរងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រសាសន៍បើកកម្មវិធី និងផ្តាំផ្ញើដល់យុវជនដែលមានវត្តមាននៅទីនេះត្រូវយកចិត្តទុកដាក់ស្តាប់ការធ្វើបទបង្ហាញរបស់គ្រូឧទ្ទេសអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងការបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជាថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ ដើម្បីវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ ម៉្យាងទៀតប្អូនៗត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនឲ្យក្លាហាន ចេះទំនាក់ទំនងគ្នា និងជឿជាក់លើសមត្ថភាពខ្លួនឯង។ លោកស្រីអភិបាលរងក៏បានអរគុណដល់ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកោះថ្ម ដែលបានចំណាយពេលដ៏មានតម្លៃរៀបចំកម្មវិធីមួយនេះ។
បន្ទាប់មកលោក ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្មបានដឹកនាំយុវជនដើរទស្សនាពិព័រណ៍រូបថតអំពីសង្គ្រាមកាលពីចុងទសវត្សរ៍ឆ្នាំ១៩៦០ រូបថតអំពីរបបខ្មែរក្រហម (១៩៧៥-១៩៧៩) រូបថតអំពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាបន្ទាប់ពីរបបខ្មែរក្រហមដួលរលំ នៅឆ្នាំ១៩៧៩ រូបថតអំពីភ័ស្តុតាងបទឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយរបបខ្មែរក្រហម (១៩៧៥-១៩៧៩) រូបគំនូរ និងផែនទីបង្ហាញផ្លូវនៃដំណើររបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត៤រូបទៀតទៅប្រទេសវៀតណាមកាលថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដើម្បីស្នើសុំការអន្តរាគមន៍កសាងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាត្រូវបានបង្កើតឡើងដោយមានសមមិត្ត ហ៊ុន សែន គឺជាស្ថាបនិក។ ចាប់ពីខែឧសភា ដល់ចុងខែធ្នូ ឆ្នាំ១៩៧៨ កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជាបានរីកធំធាត់ និងកើនចំនួនរហូតដល់២៣កងវរសេនាតូច និងប្រមាណ១០០ក្រុមប្រតិបត្តិការប្រដាប់អាវុធ ដែលមានកងកម្លាំងសរុបប្រមាណជាង១ម៉ឺននាក់។ បន្ទាប់មកកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជាបានសហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាមវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត រំដោះប្រជាជនកម្ពុជាប្រមាណ៥លាននាក់ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
តមក លោក ឡុង ដានី បានធ្វើបទបង្ហាញអំពីប្រវត្តិសាស្ត្រខ្មែរក្រហម (១៩៧៥-១៩៧៩) លើប្រធានបទ «គោលនយោបាយ៨ចំណុចរបស់ខ្មែរក្រហមបន្ទាប់ពីទទួលជ័យជម្នះនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដូចខាងក្រោម៖
១) ជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ និងទីប្រជុំជន
២) បំបាត់ផ្សារ និងរូបិយវត្ថុ
៣) កម្ទេចវត្តអារាម និងផ្សឹកព្រះសង្ឃ
៤) បិទសាលា និងគ្រឹះស្ថានសិក្សា
៥) បង្កើតសហករណ៍
៦) ផ្តាច់់ទំនាក់ទំនង និងបំបែកបំបាក់ក្រុមគ្រួសារ
៧) ការសម្លាប់បញ្ញវន្ត មន្តី្ររដ្ឋការ និងប្រជាជនស្លូតត្រង់
៨) ការបណ្តេញជនជាតិវៀតណាម និងធ្វើសង្គ្រាមជាមួយវៀតណាម
៩) ផលប៉ះពាល់មកលើប្រជាជន និងសង្គមជាតិក្រោយរបបនេះដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
នៅក្នុងឱកាសនោះ ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តត្បូងឃ្មុំ លោក អ៊ិន ពៅសម្បត្តិ បានមានប្រសាសន៍បន្ថែមថា ចាប់តាំងពីចំណុចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន លោកបានចាប់ផ្តើមពីចំណុចណា? មានប៉ុន្មានចំណុច? ចាប់តាំងពីចំណុចផ្តើមរហូតមានការវាយរំដោះប្រទេសជាតិ។ នៅក្នុងដំណើររបស់សម្តេចតេជោ ហ៊ុន សែន គឺចាប់ផ្តើមពីសាលាបឋមសិក្សាប៊ុនរ៉ានី ហ៊ុន សែន កោះថ្មនេះ។ កាលពីមុនសាលានេះ គឺជាបន្ទាយទាហាន ហើយសម្តេចបានធ្វើដំណើរឆ្លងកាត់ព្រៃក្រាស់ មានទាំងសត្វកាចសាហាវរួមទាំងមានគ្រាប់មីនថែមទៀត។ ចេញដំណើរនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ប្រហែល១០គីឡូម៉ែត្រ រួចធ្វើដំណើរឆ្លងព្រំដែនប្រទេសវៀតណាម។ សរុបមក គឺជាដំណើរតស៊ូដើម្បីរំដោះប្រជាជន និងប្រទេសកម្ពុជា ដោយការលះបង់សាច់ស្រស់ ឈាមស្រស់ និងចាកចេញឆ្ងាយពីក្រុមគ្រួសារប្រពន្ធកូនជាទីស្រឡាញ់របស់ខ្លួន។ យើងបានសុខសាន្តរហូតមកទល់សព្វថ្ងៃនេះ ដោយសារសម្តេចតេជោហ៊ុន សែន យកអាយុជីវិតធ្វើជាដើមទុន។ កាលពីមុននៅទៅនេះគ្មានភ្លើងប្រើប្រាស់ គ្មានគ្រូបង្រៀន ប៉ុន្តែឥឡូវនេះប្រទេសជាតិមានសុខសន្តិភាព ប្រទេសជាតិមានការអភិវឌ្ឍន៍ដោយសារគោលនយោបាយឈ្នះ ឈ្នះ។ ដូច្នេះប្អូនៗទាំងអស់ត្រូវតែខិតខំសៀនសូត្រ ដើម្បីកសាងប្រទេសជាតិ សង្គមជាតិយើងឲ្យមានសុខសន្តិភាពជារៀងរហូត។
ជាចុងក្រោយខ្ញុំសូមអរគុណដល់គ្រូឧទ្ទេស ឡុង ដានី និងក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្មនៃមជ្ឈមណ្ឌលឯកសារកម្ពុជាដែលបានខិតខំប្រឹងប្រែងបង្ហាត់បង្រៀនស្តីអំពីប្រវត្តិសាស្ត្ររបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងបង្ហាញរូបភាពនៅមជ្ឈមណ្ឌលឯកសារកោះថ្ម ដែលបានឆ្លុះបញ្ចាំងពីរបបខ្មែរក្រហម។ ប្រជាជនដែលរស់នៅក្រោមរបបខ្មែរក្រហមពិតជាលំបាកវេទនា។ ខ្ញុំសូមជូនពរក្រុមការងារ លោកគ្រូនាយកសាលា គណៈប្រតិភូ និងយុវជនទាំងអស់ឲ្យមានសេចក្តីសុខចម្រើន និងខិតខំរៀនសូត្របន្ថែមទៀត។
បន្ទាប់ពីចប់វេទិកាថ្នាក់រៀនស្តីអំពីប្រវត្តិសាស្ត្រខ្មែរក្រហម យុវជនទាំង១៥០នាក់ បានធ្វើដំណើរទៅទស្សនកិច្ចសិក្សាតំបន់ប្រវត្តិសាស្ត្រតេជោអ៊ិច-១៦ និងស្តូបវិមាន២ធ្នូ ដែលស្ថិតនៅក្នុងស្នួលខេត្តក្រចេះ។
អត្ថបទ ៖ ឈុំ រ៉ា បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា