ទស្សនកិច្ចសិក្សាស្ដីអំពី «សន្ដិភាព និងសិទ្ធិមនុស្ស» នៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង

មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បានរៀបទស្សនកិច្ចសិក្សាស្ដីអំពី «សន្ដិភាព និងសិទ្ធិមនុស្ស» ដោយមានការចូលរួមពីសិស្សានុសិស្សចំនួន៤០នាក់ មកពីវិទ្យាល័យ ហ៊ុន សែន ត្រពាំងប្រាសាទ ខេត្ដឧត្ដរមានជ័យ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។ ទស្សនកិច្ចសិក្សានេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងទៅលើផ្នែកប្រវត្ដិសាស្រ្ដដល់យុវជន ការកសាងសន្ដិភាព និងការផ្សះផ្សា។

បណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសនិ្ដភាពអន្លង់វែង បានធ្វើការសម្របសម្រួល និងធ្វើបទបង្ហាញទៅកាន់សិស្សានុសិស្ស ដោយផ្ដោតសំខាន់ទៅលើបរិបទប្រវត្ដិសាស្រ្ដជុំវិញការកកើតរបបខ្មែរក្រហម សោកនាដកម្មក្រោមអំពើឃោរឃៅ និងការបិទបញ្ចប់នូវទំព័រប្រវត្ដិសាស្រ្ដនៃអំពើប្រល័យពូជសាសន៍នៅក្នុងប្រទេសកម្ពុជា។ បណ្ឌិត លី សុខឃាង ក៏បានលើកយកនូវប្រវត្ដិសាស្រ្ដតំបន់អន្លង់វែងមកធ្វើការពិភាក្សា និងឆ្លុះបញ្ចាំងដល់សិស្សានុសិស្សអំពីវត្ដមានរបស់មេដឹកនាំខ្មែរក្រហមនៅតាមព្រំដែន និង ព្រឹត្ដិការណ៍ចុងក្រោយនៃជម្លោះផ្ទៃក្នុងរវាងមេដឹកនាំខ្មែរក្រហមនៅតំបន់អន្លង់វែង។ ក្នុងឱកាសនោះ សិស្សានុសិស្សបានចោទសួរសំណួរមួយចំនួន ហេតុអ្វីបានជាមេដឹកនាំខ្មែរក្រហមប្រមូលផ្ដុំគ្នានៅតំបន់អន្លង់វែង? ហេតុអ្វីបានជា តាម៉ុក និង ប៉ុល ពត ដែលមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមមានជម្លោះនឹងគ្នារហូតដល់បែកបាក់គ្នា និងមានសង្គ្រាម? បន្ទាប់មក សិស្សានុសិស្សនាំគ្នាទស្សនាពិព័រណ៍ស្ដីពី «សង្គ្រាម និងអំពើប្រល័យពូជសាសន៍» ដែលដាក់តាំងបង្ហាញនៅការិយាល័យមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង ព្រមទាំងទីតាំងប្រវត្ដិសាស្រ្ដមួយចំនួនទៀត ដូចជា ទីតាំងបូជាសព ប៉ុល ពត, ទីតាំងបូជាសព សុន សេន និងក្រុមគ្រួសារ, ចេតិយតាម៉ុក និងសារមន្ទីរ តាម៉ុក ដើម្បីយល់ដឹងថា តើនៅពេលចលនាខ្មែរក្រហមបានផុតរលត់ទៅ រឿងរ៉ាវនិងភ័ស្ថុតាងសេសសល់នៅសហគមន៍អន្លង់វែងបានបង្រៀន និងឆ្លុះបញ្ចាំងដល់យុវជនយ៉ាងដូចម្ដេចខ្លះ? ទស្សនកិច្ចនេះបានបញ្ចប់នៅពេលរសៀល។

ខឿន សុម៉ារី សិស្សថ្នាក់ទី១០ និងជាប្រធានក្រុមដឹកនាំសិស្សានុសិស្សមកទស្សនកិច្ច បានបង្ហាញចំណាប់អារម្មណ៍ និងយល់ឃើញថា «នេះជាលើកទីមួយហើយរបស់ខ្ញុំដែលបានសិក្សាឈ្វេង​យល់ពីប្រវត្ដិសាស្រ្ដនៅតំបន់អន្លង់វែង គឺជាទីកន្លែងដែលយើងមិនគួរមើលរំលង។ ក្នុងនាមខ្ញុំជាយុវជន ខ្ញុំគិតថាការរៀនសូត្រពីដើមចមនៃការកកើតប្រវត្ដិសាស្រ្ដខ្មែរក្រហម គឺពិតជាមានសារសំខាន់ខ្លាំងណាស់។ ខ្ញុំសង្ឃឹមថា អ្វីដែលខ្ញុំទទួលបាននៅក្នុងថ្ងៃនេះ ខ្ញុំនឹងចែករំលែកបន្ដទៅកាន់មិត្ដភក្ដិផ្សេងទៀត ដើម្បីរួមចំណែកដល់ការអប់រំនៅក្នុងសង្គម ជាពិសេសគឺទប់ស្កាត់របបនេះកុំឲ្យកើតឡើងម្ដងទៀត»។

សុន ស្រីមួយ យល់ឃើញថា «ការលើកស្ទួយវិស័យអប់រំ និងជំរុញឲ្យប្រទេសមានការអភិវឌ្ឍន៍ទៅមុខគឺធ្វើឲ្យការកកើតអំពើប្រល័យពូជសាសន៍មានកម្រិតទាបជាងប្រទេសដែលមានការអប់រំទាប និងមិនសូវមានការអភិវឌ្ឍន៍។

អត្ថបទ ៖  សួត វិចិត្រ បុគ្គលិកមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង

រូបថត៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖