សិស្សវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន សង្កើប សិក្សាអំពី «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» នៅមជ្ឈមណ្ឌលឯកសារ ខេត្តកំពង់ចាម

នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារកម្ពុជាខេត្តកំពង់ចាម រៀបចំវេទិកាថ្នាក់រៀនចុងសប្ដាហ៍ស្តីអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដោយផ្ដោតទៅលើប្រធានបទ «ការធ្វើការងារជាទម្ងន់នៅការរដ្ឋានទំនប់ក្នុងរបបខ្មែរក្រហម» និងដំណើរទស្សនកិច្ចសិក្សាទៅកាន់ទីតាំងទំនប់ខ្មែរក្រហម ដោយមានការចូលរួមពីសិស្សចំនួន៥៥នាក់មកពីវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន សង្កើប។ វេទិកាថ្នាក់រៀននេះបង្កើតឡើងក្នុងគោលបំណងផ្តល់ចំណេះដឹងដល់សិស្សានុសិស្សអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ និងការយល់ដឹងអំពីបទពិសោធន៍របស់ប្រជាជនដែលធ្វើការនៅតាមទំនប់ប្រឡាយក្នុងរបបខ្មែរក្រហម។

សិស្សដែលមកចូលរួមទាំងអស់ ត្រូវបានទទួលស្វាគមន៍ពីក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម និងដឹកនាំទៅទស្សនាពិព័រណ៍រូបថតដែលដាក់តាំងបង្ហាញនៅខាងមុខបរិវេណមជ្ឈមណ្ឌល។ លោក ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពង់ចាម បានពន្យល់អំពីផ្ទាំងពិព័រណ៍ទាំងនេះ រួមមាន ប្រវត្តិមេដឹកនាំខ្មែរក្រហម ការជម្លៀសប្រជាជន និងការធ្វើការងារនៅការដ្ឋាន និងទំនប់។ លោក ស៊ាង ចិន្ដា បន្តដឹកនាំយុវសិស្សទាំងអស់ទៅក្នុងសាលពិព័រណ៍នៅខាងកក្នុងដែលមានការដាក់តាំងបង្ហាញព្រះឆាយាល័ក្ខណ៍ចំនួន១៨ផ្ទាំង ដែលជាផ្នែកមួយនៃពិព័រណ៍ “ក្តីសុបិនកម្ពុជា” ដែលត្រូវបានដាក់តាំងបង្ហាញដោយ «បណ្ណាល័យសម្តេចម៉ែ» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។ បន្ទាប់មក សិស្សទាំងអស់ត្រូវបាននាំទៅកាន់បណ្ណាល័យខ្មែរក្រហមដែលមានតម្កល់សៀវភៅទាក់ទងប្រវត្តិសាស្រ្តខ្មែរក្រហម និងបន្ទប់តម្កល់ឯកសារខ្មែរក្រហម។

ជាកិច្ចបន្ត លោក ស៊ាង ចិន្ដា បានធ្វើបទបង្ហាញអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដែលផ្ដោតសំខាន់ទៅលើ «ការធ្វើការងារជាទម្ងន់នៅការរដ្ឋានទំនប់ក្នុងរបបខ្មែរក្រហម»។ នៅក្នុងឱកាសនោះ លោក ស៊ាង ចិន្ដា បានចាក់បញ្ចាំងវីដេអូអំពីការធ្វើការងារហួសកម្លាំងនៅតាមការដ្ឋានទំនប់។ បន្ទាប់មក លោក ស៊ាង ចិន្ដា លើកឡើងអំពីនិយមន័យ និងវិធីសាស្រ្តទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅ និងអំពើប្រល័យពូជសាសន៍។ ក្នុងអំឡុងពេលនៃការធ្វើបទបង្ហាញ សិស្សបានចោទសួរសំណួរទៅកាន់វាគ្មិនដើម្បីបកស្រាយចម្ងល់របស់ខ្លួន។ មុនពេលបញ្ចប់បទបង្ហាញ លោក  ស៊ាង ចិន្ដា បានចែកសៀវភៅ «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (ឆ្នាំ១៩៧៥-១៩៧៩)» ជាភាសាខ្មែរ បោះពុម្ពលើកទី២ និងទស្សនាវដ្ដីស្វែងរកការពិតដល់សិស្សដើម្បីទុកអាន និងសិក្សាបន្ថែម។

កម្មវិធីបន្ទាប់ គឺការចុះទៅទស្សនកិច្ចចេតិយរំឭកសម្រាប់សហគមន៍ស្ថិតនៅវាលស្រែក្នុងភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងទីតាំងទំនប់៥កុម្ភៈ ដែលត្រូវបានសាងសង់ក្នុងរបបខ្មែរក្រហម។ ។ នៅពេលទៅដល់ទីតាំងចេតិយរំឭកសម្រាប់សហគមន៍ សិស្សទាំងអស់បានជួបសន្ទនាផ្ទាល់ជាមួយ លោក តុង សុភា អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ លោក តុង សុភា តំណាងសមាគមន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បានចែករំលែកបទពិសោធន៍ជីវិតផ្ទាល់ខ្លួន និងការសម្លាប់ប្រជាជននៅក្នុងឃុំគគរក្នុងរបបខ្មែរក្រហមទៅកាន់សិស្ស។ លោក តុង សុភា បានបាត់បង់ឪពុក និងតែងតែនឹករឭកដល់ឪពុកដែលត្រូវបានខ្មែរក្រហមចាប់យកទៅសម្លាប់។ ជំនួបសន្ទនាផ្ទាល់ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅចេតិយរំឭកនេះបង្កើតឱកាសដល់សិស្សឈ្វេងយល់ដោយផ្ទាល់ពីបទពិសោធន៍ និងការចងចាំរបស់អ្នករស់រានមានជីវិតក្នុងមូលដ្ឋាន និងអាចសួរសំណួរដែលខ្លួនចង់ដឹងទាក់ទងនឹងរឿងរ៉ាវកើតឡើងក្នុងរបបខ្មែរក្រហម។

បន្ទាប់មក សិស្សបានបន្តចុះទៅកាន់ទីតាំងទំនប់៥កុម្ភៈ ស្ថិតនៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។ ទំនប់៥កម្ភៈ ត្រូវបានសាងសង់ក្នុងរបបខ្មែរក្រហម (១៩៧៥-១៩៧៩) ដើម្បីស្ដុកទឹកទុកបញ្ចូលស្រែនៅរដូវប្រាំង។ ប្រជាជនត្រូវបានចល័តមកលើកទំនប់ និងទទួលរងការធ្វើការងារហួសកម្លាំង គ្មានអាហារហូបគ្រប់គ្រាន់ និងធ្លាក់ខ្លួនឈឺដោយគ្មានថ្នាំព្យាបាល។

ជ្រឿន មីងហ័ង រៀនថ្នាក់ទី១១នៃវិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន សង្កើប លើកឡើងថា បន្ទាប់ពីខ្ញុំបានចូលរួមវេទិកាថ្នាក់រៀននេះ «ខ្ញុំបានទទួលចំណេះដឹង និងបទពិសោធន៍ថ្មីៗអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ។ វេទិកានេះបានធ្វើឲ្យខ្ញុំដឹងថា ប្រទេសកម្ពុជាបានឆ្លងកាត់វិនាសកម្មនៃសង្រ្គាម និងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលបានបណ្ដាលឲ្យប្រជាជនរស់នៅលំបាក និងស្លាប់បាត់បង់ជីវិត។ ខ្ញុំយល់អំពីតម្លៃនៃសន្តិភាព»។

ស្រេង លៀងស្រុង  រៀនថ្នាក់ទី១១នៃវិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន សង្កើប រៀបរាប់ថា «ការចូលរួមវេទិកាថ្នាក់រៀននេះបានធ្វើឲ្យខ្ញុំយល់ដឹងបន្ថែមលើមេរៀនប្រវត្តិ​សាស្រ្ត​ខ្មែរក្រហម។ ខ្ញុំឃើញរូបភាពឯកសារជាច្រើន។ ខ្ញុំមិនសប្បាយចិត្តពេលឃើញប្រជាជនត្រូវបានបង្ខំឲ្យធ្វើការងារហួសកម្លាំងនៅតាមការដ្ឋានទំនប់ និងគ្មានអាហារហូបចុកគ្រប់គ្រាន់។ ខ្ញុំបានចុះទៅកាន់ទីតាំងទំនប់៥កុម្ភៈដោយផ្ទាល់ ដែលជាទីកន្លែងប្រជាជនត្រូវបានដាក់ឲ្យធ្វើការជាទម្ងន់ ប៉ុន្តែបច្ចុប្បន្នគឺជាអាងស្ដុកទឹក និងជាកន្លែងលេងកំសាន្តក្នុងស្រុកចំការលើ»។

ញ៉ែម ស្រីកែវ  រៀនថ្នាក់ទី១២នៃវិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន សង្កើប ឲ្យដឹងថា «ខ្ញុំយល់ថា ការរៀនអំពីប្រវត្តិសាស្រ្តខ្មែរក្រហមនៅចុងសប្ដាហ៍នេះ គឺល្អសម្រាប់ខ្ញុំ និងមិត្តភក្តិផ្សេងទៀត ដែលកំពុងរៀនថ្នាក់ទី១២។ ខ្ញុំទទួលចំណេះដឹងថ្មីចេញពីការពន្យល់របស់លោក ស៊ាង ចិន្ដា ការស្ដាប់ពីបទពិសោធន៍ និងការបាត់បង់ឪពុករបស់អ៊ំ តុងសុភា និងការចុះទៅកាន់ទីតាំងទំនប់ដោយផ្ទាល់។ ខ្ញុំនឹងនាំយកចំណេះដឹង និងបទពិសោធន៍ដែលខ្ញុំទទួលបានទៅចែករំលែកជាមូយមិត្តភ័ក្តិផ្សេងទៀត និងចូលរួមការពារកុំឲ្យរបបនេះវិលមកវិញម្ដងទៀត»។

អត្ថបទ ៖ ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

រូបថត ៖ លី ដេវីត/មជ្ឈមណ្ឌលឯកសារកម្ពុជា

 

អត្ថបទផ្សេងទៀត៖