មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានរៀបចំវេទិកាថ្នាក់រៀនចុងសប្តាហ៍ស្តីអំពី «ទំនាក់ទំនងការបរទេសរបស់កម្ពុជាប្រជាធិបតេយ្យ» រយៈពេលពីរថ្ងៃ គឺពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការចូលរួមពីសិស្សានុសិស្សមកពីវិទ្យាល័យបឹងព្រះ ចំនួន៥១នាក់ (ស្រី៤១នាក់ និងប្រុស១០នាក់)។ ជាកិច្ចចាប់ផ្តើមវេទិកា សិស្សានុសិស្សទាំងអស់បានពិភាក្សាពីចម្ងល់នានាដែលខ្លួនមានទាក់ទងនឹងប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យជាមួយលោក ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង។
សំណួរសំខាន់ដែលសិស្សបានសួរមានដូចខាងក្រោម៖
១) ហេតុអ្វីបានជារបបសក្ដិភូមិប្រឆាំងជាមួយកម្មុយនីស្ដ?
២) តើកត្ដាអ្វីខ្លះដែលធ្វើឲ្យខ្មែរក្រហមទទួលជ័យជម្នះនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥?
៣) តើការឡើងកាន់អំណាចរបស់ខ្មែរក្រហមទាក់ទងជាមួយព្រះបាទ នរោត្តម សីហនុ ដែរឬទេ?
៤) ហេតុអ្វីបានជាប្រជាពលរដ្ឋខ្មែរចូលព្រៃម៉ាគីតាមការឃោសនារបស់សម្ដេចឪ?
៥) តើព្រៃម៉ាគីគឺជាអ្វី?
៦) ហេតុអ្វីបានជាខ្មែរក្រហមស្អប់វៀតណាម?
៧) ហេតុអ្វីបានជា សាឡុត ស សម្លាប់បងប្អូនជនរួមជាតិខ្មែររហូតដល់ជាង២លាន់នាក់?
៨) ឧត្តមសេនីយ៍ លន់ នល់ និង ប៉ុល ពត គឺជាមនុស្សស្អប់យួនដូចគ្នា។ ហេតុអ្វីបានជាអ្នកទាំងពីរមិនរួបរួមគ្នាដឹកនាំប្រទេស?
៩) តើការឡើងកាន់អំណាចរបស់ខ្មែរក្រហម និងការដួលរលំរបស់ខ្មែរក្រហម គឺជាផែនការរបស់វៀតណាមឬយ៉ាងណា?
១០) តើ ប៉ុល ពត ជាបុគ្គលស្នេហាជាតិ ឬក៏ក្បត់ជាតិ?
១១) តើ សុន សេន គឺជានរណា? មកពីណា?
បន្ទាប់ពីស្វែងរកចម្លើយពីចេញពីមាតិកាប្រវត្តិសាស្ត្ររួច លោក ផេង ពង្សរ៉ាស៊ី បានធ្វើបទបង្ហាញជំពូក ទី១១៖ «ទំនាក់ទំនងការបរទេស» នៃសៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។ លោក ផេង ពង្សរ៉ាស៊ី សង្ខេបថា របបកម្ពុជាប្រជាធិបតេយ្យមានចំណងមិត្តភាពជាមួយប្រទេសចិន ប្រទេសកូរ៉េខាងជើង ប្រទេសវៀតណាម ឡាវ រ៉ូមានី យូហ្គោស្លាវី អាល់បានី និងអេហ្ស៊ីប។ ដោយឡែកប្រទេសចិន គឺជាប្រទេសតែមួយគត់ដែលមានសិទ្ធិដើរហើរច្រើនជាងស្ថានទូតនានាប្រចាំនៅកម្ពុជាប្រជាធិបតេយ្យ។ នៅឆ្នាំ១៩៧៨ របបកម្ពុជាប្រជាធិបតេយ្យ បានពង្រីកទំនាក់ទំនងការបរទេសរបស់ខ្លួនជាមួយបណ្តាប្រទេសមួយចំនួនទៀត ដូចជា ប្រទេសថៃ ជប៉ុន សាំងហ្គាពួរ ម៉ាដាហ្គាស្កា កូរ៉េខាងត្បូង ហុងកុង បង់ក្លាដេស និង ចិន ដើម្បីពង្រីកការនាំចេញវិស័យកសិកម្ម និងឧស្សាហកម្ម ហើយខ្មែរក្រហមបាននាំចូលមកវិញនូវគ្រឿងសព្វាវុធ រថក្រោះ និងគ្រឿងចក្រសម្រាប់បម្រើក្នុងវិស័យកសិកម្ម។ លើសពីនេះទៀត ចិនបានជួយជួសជុលផ្លូវរថភ្លើងពីភ្នំពេញទៅកំពង់សោម និងជួយសាងសង់ព្រលានយន្តហោះខេត្តកំពង់ឆ្នាំង។ នៅក្នុងជំពូកនេះ ចិនក៏បានផ្តល់អនុសាសន៍ឲ្យខ្មែរក្រហមធ្វើការចរចា និងឈប់បាញ់មួយជាមួយវៀតណាម ក្នុងពេលដែលខ្មែរក្រហមស្នើចិនឲ្យជួយខ្លួនក្នុងការប្រយុទ្ធប្រឆាំងទល់នឹងវៀតណាម។ កម្ពុជាប្រជាធិបតេយ្យបានច្រានចោលសំណើររបស់ចិន ហើយបានបន្តធ្វើសង្គ្រាមជាមួយវៀតណាម។
នៅខែមករា ឆ្នាំ១៩៧៩ របបកម្ពុជាប្រជាធិបតេយ្យបានចាញ់សង្គ្រាម និងបានបាត់បង់ការគ្រប់គ្រងប្រទេសរហូតដល់បច្ចុប្បន្ន។ ដើម្បីជាជំនួយដល់ការសិក្សាមេរៀននេះ លោក ផេង ពង្សរ៉ាស៊ី បានចាក់បញ្ចាំងខ្សែភាពយន្តឯកសារខ្លីមានចំណងជើង «ទំនាក់ទំនងចិន និងរបប ប៉ុល ពត ខ្មែរក្រហម»។
នៅចុងបញ្ចប់នៃវេទិកាថ្នាក់រៀនចុងសប្តាហ៍ គឺការវាស់ស្ទង់ចំណេះដឹងរបស់សិស្សដែលបានចូលរួមវេទិកានៅថ្ងៃនេះ។ សំណួរចំនួនពីរត្រូវបានសួរទៅកាន់សិស្សគឺ សំណួរទី១) តើប្អូនរៀនបានអ្វីខ្លះអំពីទំនាក់ទំនងការបរទេសកម្ពុជាប្រជាធិបតេយ្យ? សំណួរទី២) តើប្អូនយល់យ៉ាងដូចម្តេចចំពោះទំនាក់ទំនងរវាងកម្ពុជាប្រជាធិបតេយ្យ និងចិន?
ខាងក្រោមនេះ ជាចម្លើយរបស់សិស្សម្នាក់ៗ ៖
១) សុង សាចចក្រ ភេទប្រុស មានអាយុ១៨ គឺជាសិស្សថ្នាក់ទី១២នៃវិទ្យាល័យបឹងព្រះ
ខ្ញុំបានដឹងពីទំនាក់ទំនងយ៉ាងស្និទ្ធស្នាលរវាងកម្ពុជាប្រជាធិបតេយ្យ និងចិន។ ចិនបានជួយជួសជុលផ្លូវរថភ្លើងពីភ្នំពេញទៅកំពង់សោម។ ចិនបានជួយសាងសង់ព្រលានយន្តហោះកំពង់ឆ្នាំង ព្រមទាំងផ្តល់ជំនួយឲ្យកម្ពុជានូវគ្រឿងសព្វាវុធ រថក្រោះ បច្ចេកទេស និងគ្រឿងបរិក្ខាពេទ្យ។ ចំពោះទំនាក់ទំនងរវាងកម្ពុជាប្រជាធិបតេយ្យនិងចិន ខ្ញុំយល់ថាប្រទេសទាំងពីរល្អចំពោះគ្នាទៅវិញទៅមក ប៉ុន្តែមិនល្អទាំងអស់នោះទេ។ មានចំណុចខ្វះខាតមួយចំនួនត្រង់ថា ចិនមិនយល់ស្របក្នុងការបញ្ជួនកងទ័ពរបស់ខ្លួនជួយច្បាំងជាមួយវៀតណាម។ ចិនបានស្នើសុំមកវិញឲ្យកម្ពុជាមានការចរចា និងមានបទឈប់បាញ់គ្នា ប៉ុន្តែ ប៉ុល ពត បានខឹងនិងបានច្រានចោលសំណើរនេះ។ កម្ពុជាប្រជាធិបតេយ្យបានដឹកនាំទ័ពចេញច្បាំងរហូតដល់ចាញ់សង្គ្រាមជាមួយវៀតណាម។
២) មឿន មុន្នីរតនា ភេទស្រី អាយុ១៨ឆ្នាំ គឺជាសិស្សថ្នាក់ទី១២នៃវិទ្យាល័យបឹងព្រះ
បន្ទាប់ពីបានសិក្សាពីមេរៀនដែលលោកគ្រូបានបង្រៀនមក ខ្ញុំបានដឹងថារបបកម្ពុជាប្រជាធិបតេយ្យមានទំនាក់ទំនងកាទូតជាមួយប្រទេសចំនួន៨ និងមានទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសចំនួន៩។ ទំនិញដែលកម្ពុជានាំចេញនាសម័យនោះ រួមមាន ស្រូវ ជ័រ កៅស៊ូ ឈើ និងសរីរាង្គសត្វដ៏កម្រ មានស្បែក ភ្លុក និងស្នូក។ ចំណែកទំនិញដែលនាំចូលមកវិញរួមមាន គ្រឿងសព្វាវុធ រថក្រោះ កាំភ្លើងធំ ម៉ាស៊ីនសម្រាប់ធ្វើស្រែចម្ការ ផលិតផលគីមី និងក្រណាត់។ កម្ពុជាប្រជាធិបតេយ្យទទួលបានជំនួយជាច្រើនពីចិន ហើយទំនាក់ទំនងរវាងកម្ពុជានិងចិនកាន់តែមានភាពស្អិតរមួត។ ចំណែកទំនាក់ទំនងជាមួយកម្ពុជាវៀតណាមកាន់តែអាក្រក់ទៅៗ។ ចិនបានផ្តល់ជំនួយមកកម្ពុជាប្រជាធិបតេយ្យដោយការកសាងព្រលានយន្តហោះនៅកំពង់ឆ្នាំង និងបញ្ជួនអ្នកបច្ចេកទេសមកបង្រៀនដល់កម្ពុជា។ ចំពោះទំនាក់ទំនងរវាងកម្ពុជាប្រជាធិបតេយ្យនិងចិន ខ្ញុំគិតថាល្អ ព្រោះចិនបានជួយដល់ខ្មែរច្រើន។ មួយវិញទៀត ចិន មិនចង់ឲ្យកម្ពុជាមានជម្លោះជាមួយវៀតណាមឡើយ ព្រោះចិនដឹងថាប្រទេសកម្ពុជាមិនអាចយកឈ្នះប្រទេសវៀតណាម។
៣) សាក់ និមល ភេទស្រី អាយុ១៨ឆ្នាំ រៀនថ្នាក់ទី១២C នៃវិទ្យាល័យបឹងព្រះ
ខ្ញុំបានយល់ដឹងអំពីរបប ប៉ុល ពត និងយល់ដឹងពីការរស់នៅរបស់ប្រជាជន។ ខ្មែរក្រហមមានទំនាក់ទំនងជាមួយបណ្តាប្រទេសចំនួន៨។ ចិនបានផ្តល់ជំនួយមកដល់ខ្មែរ ធ្វើឲ្យខ្មែរនិងចិនមានទំនាក់ទំនងល្អនឹងគ្នា។ ខ្មែរបានស្នើសុំកងទ័ពពីចិន ប៉ុន្តែចិនបានពន្យាពេល និងសុំឲ្យមានការចរចា ដែលជាហេតុដែលធ្វើឲ្យខ្មែរក្រហមចាញ់សង្គ្រាម។ ចំពោះទំនាក់ទំនងរវាងកម្ពុជាប្រជាធិបតេយ្យនិងចិន ខ្ញុំយល់ថាចិនបានធ្វើឲ្យខ្មែរក្រហមមានមហិច្ឆិតាលោភលន់ដោយអាងចិននៅពីក្រោយ។
៤) សៅ ជួប ភេទប្រុស អាយុ១៧ឆ្នាំ គឺជាសិស្សថ្នាក់ទី១២A នៃវិទ្យាល័យបឹងព្រះ
ចិនបានផ្ដល់នូវគ្រឿងសព្វាវុធដល់កម្ពុជាដូចជាគ្រាប់ផ្លោង គ្រាប់កាំភ្លើងរាប់តោន ហើយចិនបានផ្តល់កម្លាំងចិត្តឲ្យខ្មែរក្រហមកាន់តែមានទំនុកចិត្តលើខ្លួនឯង។ ចំពោះទំនាក់ទំនងកម្ពុជាចិន គឺចិនបានផ្ដល់នូវការទុកចិត្តចំពោះខ្មែរក្រហមហើយខ្មែរក្រហមក៏បានពេញចិត្តចំពោះជំនួយរបស់ចិនផ្ដល់ឲ្យយ៉ាងច្រើនដែរ។ ខ្មែរក្រហមមានចិនដែលជាអ្នកគាំទ្រ ធ្វើឲ្យខ្មែរក្រហមហ៊ានធ្វើអ្វីៗគ្រប់យ៉ាង។
៥) ឈន់ សីលា ភេទស្រី អាយុ១៧ឆ្នាំ គឺជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យបឹងព្រះ
មេរៀនទំនាក់ទំនងកម្ពុជាចិន ដែលខ្ញុំបានរៀន រួមមាន ឥទ្ធិពលសង្គមរបស់ចិនមកលើកម្ពុជា។ ចិនគឺជាកម្លាំងមួយយ៉ាងសំខាន់សម្រាប់ភាពរឹងមាំនៃរបបកម្ពុជាប្រជាធិបតេយ្យ។ ចិនជួយបានតែខាងអាវុធយុទ្ធភ័ណ្ឌ ប៉ុន្តែចិនមិនបានយកចិត្តទុកដាក់ចំពោះប្រជាជនកម្ពុជាដែលរងគ្រោះឡើយ។
អត្ថបទ ៖ ភា រស្មី បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា