វេទិកាអប់រំចុងសប្តាហ៍ស្តីអំពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» នៅស្រុកអន្លង់វែង

នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ សិស្សានុសិស្សចំនួន៤៣នាក់មកពីវិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ បានចូលរួមវេទិកាថ្នាក់រៀនស្ដីអំពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» រៀបចំដោយមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង។ ការបង្កើតវេទិកាថ្នាក់រៀននេះឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងដល់យុវជនអំពីប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងទំនាក់ទំនងការបរទេស ដើម្បីជំរុញឲ្យមានការចងចាំ ការផ្សះផ្សា និងសន្តិភាពនៅក្នុងសង្គម។

បណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បានចាប់ផ្ដើមវេទិកាប្រវត្ដិសាស្រ្ដផ្ដោតសំខាន់ជាមួយទំនាក់ទំនងការបរទេសក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ លោកបានលើកឡើងថា របបកម្ពុជាប្រជាធិបតេយ្យ មានទំនាក់ទំនងការបរទេសជាមួយ កូរ៉េខាងជើង ឡាវ រ៉ូម៉ានី វៀតណាម យូហ្គោស្លាវី អាល់បានី និង អេហ្ស៊ីប។ របបកម្ពុជាប្រជាធិបតេយ្យបើកស្ថានទូតរបស់ខ្លួននៅ ចិន កូរ៉េខាងជើង វៀតណាម (ត្រឹមខែធ្នូ ឆ្នាំ១៩៧៧) និងឡាវ។ ក្នុងកំឡុងពេលនោះ ក៏មានជនជាតិចិន និងជំនាញការចិនធ្វើការនៅក្នុងប្រទេសកម្ពុជាដែរ។ ចិនបានបញ្ជូនអ្នកបច្ចេកទេស និងទីប្រឹក្សាជាច្រើននាក់មកប្រទេសកម្ពុជា។ បន្ទាប់មកបណ្ឌិត លី សុខឃាង បានលើកយកប្រធានបទទាក់ទងទៅនឹងដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហម។

នៅក្នុងឱកាសនោះ បណ្ឌិត លី សុខឃាង ក៏ចាក់បញ្ចាំងភាពយន្តឯកសារអំពី «តំបន់រំដោះរបស់ខ្មែរក្រហមឆ្នាំ១៩៧៣ និងភាពយន្តគុកទួលស្លែង» ដើម្បីឲ្យសិស្សពិភាក្សាគ្នា។

បន្ទាប់ពីការធ្វើបទបង្ហាញទាក់ទងនឹងខ្លឹមសារសំខាន់ៗអំពីប្រវត្តិសាស្រ្តខ្មែរក្រហមរួច សិស្សានុសិស្សចោទជាសំណួរថា «មេដឹកនាំខ្មែរក្រហមសុទ្ធតែជាអ្នករៀនបានខ្ពង់ខ្ពស់ និងជ្រៅជ្រះ តើហេតុអ្វីបានជាបណ្ដោយឲ្យមានអំពើប្រល័យពូជសាសន៍កើតឡើង? តើរបបកម្ពុជាប្រជាធិបតេយ្យមានទំនាក់ទំនងការទូតជាមួយចិនដូចម្ដេច? ហេតុអ្វីបានជានៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យផ្ដោតសំខាន់ទៅលើវិស័យកសិកម្មតែមួយមុខ? តើរបបអាហារក្នុងរបបខ្មែរ ក្រហមស្មើគ្នាទេពីតំបន់មួយទៅតំបន់មួយទៀត? ហេតុអ្វីបានជាប្រទេសកម្ពុជាចាំបាច់មានទំនាក់ទំនងការទូត? ខ្មែរក្រហមសម្លាប់មនុស្សច្រើនដោយសារមូលហេតុអ្វី?

បន្ទាប់ពីឆ្លើយសំណួររបស់សិស្សរួចហើយ ក្រុមការងារមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែងផ្ដល់ជូនសៀវភៅ «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» និងទស្សនាវដ្ដីស្វែងរកការពិតសម្រាប់ស្រុកអន្លង់វែងដល់សិស្សានុសិស្សដើម្បីជាចំណេះដឹងមូលដ្ឋានទាក់ទងនឹងរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។

នៅចុងបញ្ចប់នៃវេទិកាថា្នក់រៀន សិស្សានុសិស្សបង្ហាញចំណាប់អារម្មណ៍ដូចខាងក្រោម ៖

យួត ថេងហ៊ូរ ភេទប្រុស អាយុ២០ឆ្នាំ គឺជាសិស្សថ្នាក់ទី១២ វិទ្យាល័យហ៊ុនសែន ឧត្តរមានជ័យ បានរៀបរាប់ថា «ខ្ញុំគិតថារបបខ្មែរក្រហមបានធ្វើបាបប្រជាជនកម្ពុជា បានសម្លាប់មនុស្សអស់ជាច្រើន។ ការសិក្សាពីប្រវត្តិសាស្រ្តមួយនេះសំខាន់ ដោយសារបានលើកឡើងពីប្រវត្តិជូរចត់របស់ប្រជាជនខ្មែរដែលបានឆ្លងកាត់របបខ្មែរក្រហម។ ប្រវត្តិសាស្រ្តនេះវាគឺអតីតកាលដ៏អាក្រក់។ ខ្ញុំមិនចង់ឲ្យប្រទេសកម្ពុជាកើតមានសង្គ្រាមទៀតទេ។ របបខ្មែរក្រហមបានប្រមូលកសិផលស្រូវដែលធ្វើបានបញ្ជូនទៅប្រទេសចិនដើម្បីដោះដូរយកគ្រឿងសព្វាវុធ។ ទោះបីយ៉ាងណាខ្ញុំមានការងឿងឆ្ងល់ថាហេតុអ្វីបានជាអង្គការសហប្រជាជាតិមិនចូលរួមជួយប្រទេសកម្ពុជានៅខណៈដែលកម្ពុជាជួបនូវវិបត្តិសង្គ្រាមយ៉ាងធ្ងន់ធ្ងរ។

ភាព ផលឡៃ ភេទស្រី អាយុ១៧ឆ្នាំ លើកឡើងថា «ខ្ញុំពិតជាត្រេកអរដែលបានមកចូលរួមនៅក្នុងវេទិកាថ្នាក់រៀននេះ។ ខ្ញុំទទួលបាននូវចំណេះដឹងកាន់តែច្រើន ជាពិសេស ខ្ញុំអាចយករឿងរ៉ាវប្រវត្តិសាស្រ្តនេះទៅនិយាយប្រាប់បងប្អូន រួមទាំងក្មេងៗជំនាន់ក្រោយៗដែលមិនធ្លាប់បានដឹងពីមុនមកថានៅក្នុងស្រុកអន្លង់វែងមានតំបន់ប្រវត្តិសាស្រ្តបន្សល់ពីសម័យខ្មែរក្រហមជាច្រើនកន្លែង។ ចំពោះទំនាក់ទំនងការទូតជាមួយចិនក្នុងរបបខ្មែរក្រហម ខ្ញុំយល់ថាមានចំណុចវិជ្ជមាន និងអវិជ្ជមាន។ ត្រង់ចំណុចវិជ្ជមាន គឺប្រទេសចិនបានជួយជ្រោមជ្រែងដល់ប្រទេសកម្ពុជាកំឡុងពេលកើតមានសង្គ្រាម។ ចំណុចអវិជ្ជមាន ទោះ​បីជាចិនបានជួយដល់ប្រទេសកម្ពុជាក៏ពិតមែន ប៉ុន្តែគ្មានប្រទេសណាចង់ឃើញប្រទេសដទៃអភិវឌ្ឍន៍ខ្លាំងជាងប្រទេសរបស់ខ្លួនឡើយ។ នៅពេលដែលចិនបញ្ជូនទីប្រឹក្សារាប់ពាន់នាក់មកកម្ពុជា បានធ្វើឲ្យប្រទេសកម្ពុជាកាន់តែវឹកវរ និងធ្វើឲ្យមេដឹកនាំគ្មានភាពជាម្ចាស់ការលើខ្លួនឯង។

អត្ថបទ ៖ មេក វិន បុគ្គលិកមជ្ឈមណ្ឌលឯកសារសន្តិភាពអន្លង់វែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖