នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ សិស្សបឋមសិក្សាចំនួន៥០នាក់ដែលមានជីវភាពខ្វះខាត មកពីសាលាអង្គការតារាម៉ាណា ដែលមានទីតាំងស្ថិតនៅខណ្ឌឫស្សីកែវ ក្រុងភ្នំពេញ បានមកទស្សនកិច្ចនៅបណ្ណាល័យសម្តេចម៉ែ។ សិស្សសាលាទាំងនេះភាគច្រើនត្រូវបានជ្រើសរើសចេញពីក្រុមគ្រួសារដែលមានជីវភាពក្រលំបាក រស់នៅតាមបណ្តោយផ្លូវរថភ្លើង ក្នុងទីក្រុងភ្នំពេញ និងមួយចំនួនទៀតជ្រើសចេញពីក្រុមគ្រួសារដែលមានឪពុកម្តាយធ្វើការនៅតាមរោងចក្រ និងធ្វើជាកម្មករ ដែលគ្មានលទ្ធភាពថែទាំកូន និងបញ្ជូនកូនឲ្យទៅសិក្សារៀនសូត្រ។
បើតាម វណ្ណ វរ:បុត្រ គឺជាគ្រូបង្រៀននៅសាលាអង្គការតារាម៉ាណា ដែលបានដឹកនាំសិស្ស រួមទាំងបុគ្គលិកជនជាតិបារាំង មកទស្សនកិច្ចនៅបណ្ណាល័សម្តេច បានឲ្យដឹងថា សាលាអង្គការតារាម៉ាណា មានកម្រិតសិក្សាត្រឹមថ្នាក់បឋមសិក្សា និងមានសិស្សសរុបទាំងអស់ប្រមាណជាង១០០នាក់។ លោកបន្តថា ក្រៅពីសិក្សាភាសាខ្មែរ សាលាបានផ្តល់ឱកាសឲ្យសិស្សសិក្សាភាសាបារាំង និងបានទៅទស្សនកិច្ចនៅតាមបណ្តាស្ថាប័នសិក្សាស្រាវជ្រាវ និងអប់រំផ្សេងៗ ដើម្បីឲ្យសិស្សបានស្គាល់ និងសិក្សាឈ្វេងយល់បន្ថែម។
យោងតាមច្បាប់ ស្តីពីការអប់រំ នៅប្រទេសកម្ពុជា ត្រង់មាត្រា១៧ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០០៧ បានចែងថា «ការអប់រំចំណេះដឹងទូទៅ» គឺជាការចាំបាច់ដែលធ្វើឲ្យអ្នកសិក្សាមានការរីកចម្រើនចំណេះដឹងសីលធម៌ បុគ្គលិកលក្ខណៈល្អ ដោយលើកកម្ពស់សមត្ថភាពខាងផ្លូវចិត្ត បញ្ញា ឲ្យចេះប្រើចំណេះដឹង និងបំណិនមូលដ្ឋាន។ ការអប់រំចំណេះដឹងទូទៅរួមមាន ៖
-ការអប់រំបឋមសិក្សា ឬ ភូមិសិក្សាទី១ ចាប់ពីថ្នាក់ទី១ (មួយ) ដល់ទី៦ (ប្រាំមួយ) នៃកម្មវិធីអប់រំក្នុងប្រព័ន្ធ ឬការអប់រំកម្រិតសមមូល
-ការអប់រំមធ្យមសិក្សា ឬ ភូមិសិក្សាទី២ ចាប់ពីថ្នាក់ទី៧ (ប្រាំពី) ដល់ថ្នាក់ទី១២ (ដប់ពី) ការអប់រំសិក្សាមានពីរដំណាក់កាល ដំណាក់កាលទី១ (មួយ) មធ្យមសិក្សាបឋមភូមិ ចាប់ពីថ្នាក់ទី៧ (ប្រាំពី) ដល់ទី៩ (ប្រាំបួន) និងដំណាក់កាលទី២ (ពីរ) មធ្យមសិក្សាទុតិយភូមិ ចាប់ពីថ្នាក់ទី១០ (ដប់) ដល់ថ្នាក់ទី១២ (ដប់ពី)។
អត្ថបទ ៖ សោម ប៊ុនថន និពន្ធនាយកទស្សនាវដ្តីស្វែងរកការពិត
រូបថត ៖ ស៊ាង ចិន្តា/មជ្ឈមណ្ឌលឯកសារកម្ពុជា