ចាន់ ដាន ៖ ពិការជើងដោយសារជាន់មីននៅក្បែរព្រំដែនកម្ពុជា-ថៃ

ចាន់ ដាន ភេទប្រុស អាយុ៧៧ឆ្នាំ រស់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ចាន់ ដាន មានស្រុកកំណើតនៅភូមិនីពេជ ឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ កាលពីកុមារ ចាន់ ដាន បានសិក្សារៀនសូត្រ និងបួសរយៈពេល៧ព្រះវស្សានៅវត្តក្នុងភូមិនីពេជ។ មុនពេលរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សហីនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០  ចាន់ ដាន បានសឹក និងចូលធ្វើកងទ័ពបដិវត្តន៍ខ្មែរក្រហមស្ថិតនៅក្នុងព្រៃក្បែរភូមិកំណើតរបស់ខ្លួន។ បន្ទាប់មកនៅឆ្នាំ១៩៧១ និង ឆ្នាំ១៩៧២ ចាន់ ដាន ត្រូវបានខ្មែរក្រហមបញ្ជូនមកវាយជាមួយទាហាន លន់ នល់ ក្នុងយុទ្ធនាការចេនឡាទី១ និងចេនឡាទី២ តាមផ្លូវជាតិលេខ៦ ក្បែរភ្នំសន្ទុក និងកំពង់ថ្ម។ នៅឆ្នាំ១៩៧៣ ចាន់ ដាន ត្រូវបញ្ជូនមកវាយជាមួយ ទាហាន លន់ នល់ នៅក្នុងស្រុកបាធាយ និងស្រុកឧត្តុង្គទៀត។

ចាន់ ដាន អាយុ៧៧ឆ្នាំ រស់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ (ឡុង អូន/មជ្ឈមណ្ឌលឯកសារកម្ពុជា)

ចាប់ពីឆ្នាំ១៩៧៤ និង១៩៧៥ អង្គភាពរបស់ ចាន់ ដាន ត្រូវបានដំឡើងជាកងពលទី១ របស់ភូមិភាគឧត្តរ និងត្រូវចូលវាយសមរភូមិទីក្រុងភ្នំពេញតាមភ្នំប្រសិទ្ធ និងផ្លូវជាតិលេខ៥។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ចាន់ ដាន រួមជាមួយអង្គភាពរបស់ខ្លួនបានចូលមកដល់ទីក្រុងភ្នំពេញតាមផ្លូវជាតិលេខ៥ និងជួបជុំគ្នានៅគល់ស្ពានជ្រោយចង្វារ។ បន្ទាប់មក អង្គភាពរបស់ ចាន់ ដាន បានផ្លាស់ទៅឈរជើងនៅទួលគោក ដើម្បីជួយសម្រួលការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ និងត្រូវខ្មែរក្រហមចាត់តាំងឲ្យដើរបោសសំអាត និងប្រមូលទ្រព្យសម្បត្តិនៅតាមផ្ទះប្រជាជនយកទៅដាក់ក្នុងឃ្លាំង។ រយៈពេលពីបីខែក្រោយមក ខ្មែរក្រហមបានចាត់តាំង ចាន់ ដាន ឲ្យមកធ្វើស្រែនៅម្តុំវត្តឃ្មួញ។ នៅឆ្នាំ១៩៧៦ ចាន់ ដាន ត្រូវបានជ្រើសរើសឲ្យមកបម្រើការងារកងអាកាសនៅពោធិ៍ចិនតុង។ ចាន់ ដាន ធ្លាប់បានចូលរួមដឹកជញ្ជូនកងទ័ពខ្មែរក្រហមទៅរៀននៅប្រទេសចិនចំនួន២ដង គឺដឹកពីពោធិ៍ចិនតុងទៅទីក្រុងប៉េកាំងប្រទេសចិន។ ក្នុងចំណោមកងទ័ពខ្មែរក្រហមដែលបញ្ជូនទៅរៀននៅប្រទេសចិនក៏មានកូនប្រុស អៀង សារី ឈ្មោះ អៀង វុធ ដែរ។

ចាន់ ដាន (រូបខាងស្តាំ) កំពុងផ្តល់បទសម្ភាសន៍អំពីរឿងរ៉ាវជីវិតឆ្លងកាត់របបខ្មែរក្រហមដល់ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង។ (ឡុង អូន/មជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅឆ្នាំ១៩៧៧ ពេលដែលមេដឹកនាំភូមិភាគឧត្តរត្រូវបានចោទប្រកាន់ថាក្បត់អង្គការ និងចាប់ខ្លួន ចាន់ ដាន ត្រូវបានខ្មែរក្រហមបញ្ជូនទៅធ្វើការងារនៅព្រលានយន្តហោះកំពង់ឆ្នាំង។ ពេលនោះ ចាន់ ដាន ត្រូវចាត់តាំងឲ្យយាមកម្មករនារីលាងខ្សាច់ សម្រាប់យកមកសាងសង់ព្រលានយន្តកំពង់ឆ្នាំង។ កន្លែងលាងខ្សាច់នៅក្នុងស្រុកបរិបូណ៌។ មានជំនាញការចិនចំនួនពីរនាក់ប្រចាំការ និងធ្វើការងារនៅទីនោះ។ ពេលកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពវៀតណាមចូលមកដល់ទីក្រុងភ្នំពេញ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ​ចាន់ ដាន និងកងទ័ពខ្មែរក្រហមដទៃទៀតបានភៀសខ្លួនទៅព្រំដែនភាគខាងលិច។ នៅឆ្នាំ១៩៨៥ ចាន់ ដាន បានពិការជើងដោយសារជាន់មីនដែលអង្គភាពរបស់ខ្លួនបានដាក់នៅតាមព្រំដែនកម្ពុជា-ថៃ។

នៅពេលកងទ័ពវៀតណាមដកចេញពីប្រទេសកម្ពុជានៅឆ្នាំ១៩៨៩ អង្គភាពរបស់ ចាន់ ដាន បានមករស់នៅតំបន់សំឡូតវិញ។ រហូតដល់កងកម្លាំងខ្មែរក្រហមធ្វើសមាហរណកម្មចុះចូលជាមួយរាជរដ្ឋាភិបាលកម្ពុជានៅ១៩៩៦ ចាន់ ដាន បានចូលរួមជាមួយអង្គភាពរបស់ គឹម ពៅ និងមករស់នៅក្នុងស្រុកវាលវែងរហូតមកដល់សព្វថ្ងៃ។

អត្ថបទ៖ ធី គីមហុង អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលផ្សះផ្សាវាលវែង

 

អត្ថបទផ្សេងទៀត៖