សិស្សវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ស្ពឺ ចូលរួមវេទិកាថ្នាក់រៀនចុងសប្តាហ៍ ស្ដីអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)

នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ មជ្ឈមណ្ឌលលឯកសារខេត្តកំពង់ចាម បានរៀបវេទិកាថ្នាក់រៀនចុងសប្ដាហ៍ស្តីអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ផ្តោតលើប្រធានបទ ៖ «ការចងចាំជនរងគ្រោះស្លាប់ក្នុងរបបខ្មែរក្រហម និងបទពិសោធន៍មិនអាចបំភ្លេច​បានរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» ដោយមានការចូលរួមពីសិស្សានុ​សិ​ស្ស​ចំនួន៥៥នាក់មកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ស្ពឺ ក្នុងស្រុកចំការលើ។ វេទិកាថ្នាក់រៀន ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ចំណេះដឹងដល់សិស្សានុសិស្សអំពីប្រវត្តិ​សា​ស្រ្ត​​ខ្មែរក្រហម និងស្ដាប់អំពីរឿងរ៉ាវនៃការបាត់បង់សាច់ញាតិជាទីស្រឡាញ់ក្នុងរបបខ្មែរក្រហម ព្រមទាំងបទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។

ជាកិច្ចចាប់ផ្ដើម លោក ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានលើកឡើងអំពីព្រឹត្តិការណ៍នៅថ្ងៃទី២០ ខែឧសភា ដែលជាខែនៃ «ទិវាចងចាំ» ជនរងគ្រោះស្លាប់ក្នុងរបបខ្មែរក្រហមថា ដែលត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំដើម្បីរំឭកដល់អ្នកដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបខ្មែរក្រហម។ ជាកិច្ចបន្ត លោក ស៊ាង ចិន្ដា ចាប់ផ្ដើមធ្វើបទបង្ហាញអំពីប្រវត្តិសាស្ត្រខ្មែរកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដែលបានផ្ដោតសំខាន់ទៅលើព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត រួមមាន ៖ រដ្ឋប្រហាររបស់ លន់ នល់ នៅឆ្នាំ១៩៧០, ការផ្ទុះឡើងនូវសង្រ្គាមរវាងទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហម, ការឡើងកាន់អំណាចរបស់ខ្មែរក្រហម និងការកាប់សម្លាប់ទៅលើប្រជាជន។ បន្ថែមលើនេះ លោក ស៊ាង ចិន្ដា បានចាក់បញ្ចាំងវីដេអូអំពីការជម្លៀសប្រជាជនដោយបង្ខំ និងការធ្វើការងារហួសកម្លាំងនៅតាមការដ្ឋានទំនប់។ ជាចុងបញ្ចប់នៃបទបង្ហាញ លោក ចិន្ដា លើកឡើងអំពីនិយមន័យ និងវិធីសាស្រ្តទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅ និងប្រល័យពូជសាសន៍។

បន្ទាប់ពីបទបង្ហាញបានបញ្ចប់ លោក ស៊ាង ចិន្តា ដឹកនាំសិស្សានុសិស្សពិភាក្សាទៅលើប្រធានបទ ៖ «ការចងចាំជនរងគ្រោះស្លាប់ក្នុងរបបខ្មែរក្រហម និងបទពិសោធន៍មិនអាចបំភ្លេចបានរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» ដោយបានបែងចែកសិស្សានុសិស្សជា១០ក្រុមដើម្បីពិភាក្សា និងផ្លាស់ប្ដូរចំណេះដឹងដែលទទួលពីការរៀនសូត្រ។ ក្រុមនីមួយៗទទួលបានឯកសារ រួមមាន ៖ សៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) បោះពុម្ពជាលើកទី២, ទស្សនាវដ្ដីស្វែងរកការពិត, និងបទសម្ភាសន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមក្នុងខេត្តកំពង់ចាម។ ក្រុមនីមួយៗមានរយៈពេល២០នាទីដើម្បីឡើងធ្វើបទបង្ហាញអំពីជនរងគ្រោះដែលត្រូវបានខ្មែរក្រហមសម្លាប់ បទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងការយល់ដឹងរបស់ខ្លួនអំពីទុក្ខលំបាករបស់ប្រជាជន។

កម្មវិធីពេលរសៀល គឺការចុះទៅកាន់ចេតិយរំឭកសម្រាប់សហគមន៍ដែលស្ថិតនៅកណ្ដាលវាលស្រែក្នុងភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ តុង សុភា អ្នករស់រានមានជីវិតពរបបខ្មែរក្រហម និងជាតំណាងសមាគមន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមក្នុងមូលដ្ឋានភូមិចំការសាមសិប ជួបសិស្សានុសិស្ស និងចែករំលែកព័ត៌មានអំពីទីតាំងសម្លាប់ប្រជាជននៅក្នុងឃុំគគរក្នុងរបបខ្មែរក្រហម, បទពិសោធន៍ និងការបាត់បង់ឳពុកក្នុងរបបខ្មែរក្រហម។ កិច្ចសន្ទនាអន្តរជំនាន់រវាងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងសិស្សានុសិស្សដែលជាក្មេងជំនាន់ក្រោយ គឺជាផ្នែកដ៏សំខាន់មួយដើម្បីឲ្យយុវជន-យុវនារីឈឈ្វេងយល់អំពីបទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។

ឡេន រចនា រៀនថ្នាក់ទី១២នៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ស្ពឺ បង្ហាញទស្សនយល់ឃើញបន្ទាប់ពីបានចូលរួមវេទិកាថ្នាក់រៀនថា «ខ្ញុំពេញចិត្តចំពោះការចំណាយពេលវេលាចុងសប្តាហ៍ដើម្បីចូលរួមវេទិកាថ្នាក់រៀននេះ។ ខ្ញុំទទួលបានចំណេះដឹងថ្មីពីរបបខ្មែរក្រហម និងដឹងបន្ថែមអំពីការរស់នៅរបស់ប្រជាជនខ្មែរក្នុងរបបខ្មែរក្រហមតាមរយៈ បទបង្ហាញរបស់លោកគ្រូ ការស្ដាប់រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងការឃើញជាក់ស្ដែងទីតាំងដែលមានការកាប់សម្លាប់ប្រជាជននាពេលនោះ។ ខ្ញុំពិតជាអាណិតអាសូរដល់ប្រជាជនខ្មែរដែលស្លាប់ទាំងនោះ »។

និត សុខនាថ រៀនថ្នាក់ទី១២នៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ស្ពឺ លើកឡើងថា «ខ្ញុំយល់កាន់តែច្រើនអំពីប្រវត្តិសាស្រ្តខ្មែរក្រហម។ ក្នុងរបបខ្មែរក្រហម ប្រជាជនទទួលរងទុក្ខវេទនា និងការកាប់សម្លាប់។ បទបង្ហាញរបស់លោកគ្រូ បានផ្ដល់ចំណេះដឹងថ្មីៗទាក់ទងនឹង របបខ្មែរក្រហម។ ការចុះទៅកាន់ទីតាំងសម្លាប់ និងជួបជាមួយអ្នករស់រានមានជីវិតគឺពិតជាមានសារសំខាន់ណាស់ដើម្បីបន្ថែមលើមេរៀនដែលខ្ញុំរៀនក្នុងថ្នាក់។ ការចងចាំពីការបាត់បង់ សាច់ញាតិនៅក្នុងរបបខ្មែរក្រហម និងការស្ដាប់រឿងរ៉ាវរបស់អ្នករស់រានមានជីវិត គឺពិតជាសំខាន់សម្រាប់ខ្ញុំដែលជាយុវជនជំនាន់ក្រោយ»។

អ៊ិន ស៊ីនាថ រៀនថ្នាក់ទី១២នៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ស្ពឺ ចែករំលែកអ្វីដែលខ្លួនទទួលបានថា «ខ្ញុំពេញចិត្តចំពោះវេទិកាថ្នាក់រៀននេះ ពីព្រោះខ្ញុំទទួលបានចំណេះដឹងបន្ថែមពីប្រវត្តិសាស្រ្តខែ្មរក្រហម។ ខ្ញុំទើបតែដឹងអំពីសារសំខាន់នៃការចងចាំអ្នកដែលបានស្លាប់ក្នុងរបបខ្មែរក្រហម»។

អត្ថបទ ៖ សាង ចាន់ធូ បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

រូបថត ៖ លី ដេវីត/មជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖