សិស្សវិទ្យាល័យមកពីស្រុកមេមត់ចូលរួមវេទិកាថ្នាក់រៀនស្តីអំពីប្រវត្តិសាស្ត្រខ្មែរក្រហម និងធ្វើទស្សនកិច្ចសិក្សាទៅកាន់តំបន់ប្រវត្តិសាស្ត្រយោធាកោះថ្ម អ៊ិច-១៦

នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្មនៃមជ្ឈ មណ្ឌលឯកសារកម្ពុជាបានរៀបចំវេទិកាថ្នាក់រៀនស្តីអំពីប្រវត្តិសាស្ត្រខ្មែរក្រហម និងដំណើរទស្សនកិច្ចសិក្សាទៅកាន់តំបន់ប្រវត្តិសាស្ត្រយោធាកោះថ្ម អ៊ិច-១៦ ដល់សិស្សវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់ និងវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ដារ ចំនួន៥០នាក់។

វេទិកាថ្នាក់រៀននេះផ្តោតសំខាន់លើការបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជាថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ ដើម្បីវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា៥លាននាក់ឲ្យរួចផុតពីសេចក្តីស្លាប់។

លោក ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្មបានដឹកនាំសិស្សានុសិស្សទស្សនាពិព័រណ៍រូបថតអំពីសង្គ្រាមកាលពីចុងទសវត្សរ៍ឆ្នាំ១៩៦០ រូបថតអំពីរបបខ្មែរក្រហម (១៩៧៥-១៩៧៩) រូបថតអំពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាបន្ទាប់ពីរបបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩ រូបថតអំពីភ័ស្តុតាងឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយរបបខ្មែរក្រហម (១៩​៧៥-១៩៧៩) រូបគំនូរ និងផែនទីបង្ហាញផ្លូវនៃដំណើររបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត៤រូបទៀតធ្វើដំណើរទៅប្រទេសវៀតណាមកាលថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដើម្បីសុំការអន្ត​រាគមន៍កសាងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា វាយផ្តួលរំលំរបបប្រល័យពូជសាស​ន៍ ប៉ុល ពត។

ជាកិច្ចបន្តលោក ឡុង ដានី បានមានប្រសាសសន៍ថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ កន្លងមកនេះ គឺជាខួបលើកទី៤៥ឆ្នាំនៃការបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា (ថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ ដល់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣)។ កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា ឬ (អង្គភាព១២៥) គឺជាកងកម្លាំងប្រដាប់អាវុធដំបូងដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ នៅប្រទេសវៀតណាម ដើម្បីវាយផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ (ឆ្នាំ១៩៧៥ – ឆ្នាំ១៩៧៩) និងសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជាប្រមាណ៥លាននាក់ឲ្យរួចផុតពីសេចក្តីស្លាប់។ កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា មានជនជាតិខ្មែរប្រមាណជាង២០០នាក់បានចូលរួមនៅដំណាក់កាលដំបូង។ ស្ថាបនិកនៃកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា គឺសមមិត្ត ហ៊ុន សែន អតីតប្រធានសេនាធិការ និងជាមេបញ្ជាការកងវរសេនាធំពិសេសនៃតំបន់២១ភូមិភាគបូព៌ានៃរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ប្រចាំនៅភូមិកោះថ្ម ឃុំទន្លូង។ បច្ចុប្បន្នសមមិត្ត ហ៊ុន សែន គឺជាសមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ការកកើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា គឺផ្តើមចេញពីការសម្រេចចិត្តរបស់សមមិត្ត ហ៊ុន សែន ជ្រើសរើសយកការតស៊ូប្រដាប់អាវុធប្រឆាំងនឹងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយបានយកអាយុជីវិតធ្វើជាដើមទុន គឺនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សមមិត្ត ហ៊ុន សែន និងយុទ្ធមិត្ត៤រូបទៀត រួមមាន ៖ (ញឹក ហួន, ស៊ូ គឹមស្រ៊ាង ហៅ សន សាញ់,  នុត ថន និង វ៉ា ប៉ោអ៊ាន) បានសម្រេចចិត្តធ្វើដំណើរចាកចេញពីបន្ទាយកងវរសេនាធំតំបន់២១នៅភូមិកោះថ្មឆ្ពោះទៅប្រទេសវៀតណាមដើម្បីកសាងកម្លាំងប្រដាប់អាវុធវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ការសម្រេចចិត្តធ្វើដំណើរទៅប្រទេសវៀតណាមរបស់សមមិត្ត ហ៊ុន សែន និងយុទ្ធមិត្ត៤រូបត្រូវប្រឈមនឹងគ្រោះថ្នាក់ធំៗដល់អាយុជីវិតមួយចំនួនដូចជា ៖

ទី១) អាចត្រូវស្លាប់ ឬរបួសដោយសារជាន់មីន ពីព្រោះនៅពេលសមមិត្ត ហ៊ុន សែន និងយុទ្ធមិត្ត៤រូបធ្វើដំណើរមកដល់តំបន់ព្រំដែនត្រង់ដើមទ្រយឹងចំណុចអាងដាច់ អ៊ិច-១៦ (X-16) និងឆ្លងចូលទៅក្នុងទឹកដីវៀតណាមនោះ គឺជាតំបន់ចម្ការមីន។

ទី២) អាចត្រូវបានបាញ់សម្លាប់ពីសំណាក់កងទ័ពវៀតណាមនៅខណៈពេលឆ្លងចូលក្នុងទឹកដីវៀតណាមដោយខុសច្បាប់។

ទី៣) អាចត្រូវបានកងទ័ព និងអាជ្ញាធរវៀតណាមចាប់ខ្លួនបញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញ និងត្រូវខ្មែរក្រហមសម្លាប់។

ទី៤) អាចប្រឈមនឹងការធ្វើទារុណកម្ម និងចាប់ដាក់ពន្ធនាគារពីសំណាក់កងទ័ព និងអាជ្ញាធរវៀតណាម។

កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជាបានកើតមុន ទើបអង្គការចាត់តាំងនយោបាយគឺរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាត្រូវបានបង្កើតឡើងតាមក្រោយក្នុងថ្ងៃ២ឆ្នូ ឆ្នាំ១៩៧៨ នៅឃុំជើងឃ្លូ (ឃុំ២ឆ្នូ) ស្រុកស្នួលខេត្តក្រចេះ។ ចាប់ពីខែឧសភា ដល់ចុងខែឆ្នូ ឆ្នាំ១៩៧៨  កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជាបានរីកធំធាត់ និងកើនចំនួនរហូតដល់២៣កងវរសេនាតូច និងប្រមាណ១០០ក្រុមប្រតិបត្តិការប្រដាប់អាវុធ ដែលមានកងកម្លាំងសរុបប្រមាណជាង១ម៉ឺននាក់។ បន្ទាប់មកកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជាបានសហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាមវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត រំដោះប្រជាជនកម្ពុជាប្រមាណ៥លាននាក់ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា បានក្លាយជាកងទ័ពប្រជាជនបដិវត្តន៍នៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា និងរដ្ឋកម្ពុជា (១៩៧៩-១៩៩៣)។ ថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទភាគច្រើនបានប្រសូតចេញពីកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា និងជាកងកម្លាំងស្នូលមានតួនាទីជាប្រតិបត្តិករក្នុងការអនុវត្តគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលនាំឲ្យប្រទេសកម្ពុជាទទួលបានសន្តិភាពទាំងស្រុងនៅថ្ងៃទី២៩ ខែឆ្នូ ឆ្នាំ១៩៩៨។

វេទិកាថ្នាក់រៀនស្តីអំពីប្រវត្តិសាស្ត្រខ្មែរក្រហមបានបញ្ចប់នៅវេលាម៉ោង១១ព្រឹក។ បន្ទាប់មកលោក ឡុង ដានី បានដឹកនាំសិស្សានុសិស្សទៅទស្សនកិច្ចសិក្សានៅតំបន់ប្រវត្តិសាស្ត្រយោធា កោះថ្ម អ៊ិច-១៦ គឺជាទីតាំងដែល សម្តេច ហ៊ុន សែន និងយុទ្ធមិត្តទាំង៤រូបបានធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីសុំការអន្តរាគមន៍កសាងកងកម្លាំងប្រដាប់អាវុធវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្រ្គោះអាយុជីវិតប្រជាជនកម្ពុជាប្រមាណ៥លាននាក់។

អត្ថបទ ៖ ឈុំ រ៉ា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖